ហេតុអ្វី​រដ្ឋាភិបាល​មិន​សុំ​ឲ្យ​សិង្ហបុរី​ចាប់​ខ្លួន​លោក សម រង្ស៊ី? - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Wednesday, March 6, 2013

ហេតុអ្វី​រដ្ឋាភិបាល​មិន​សុំ​ឲ្យ​សិង្ហបុរី​ចាប់​ខ្លួន​លោក សម រង្ស៊ី?





លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា សាល​ក្រម​តុលាការ​កាត់​ទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​មែន​ជា​រឿង​នយោបាយ ហើយ​លោក សម រង្ស៊ី ត្រូវ​តែ​ជាប់​ពន្ធនាគារ។



ការ​អះអាង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី កំពុង​មាន​វត្តមាន​នៅ​ប្រទេស​សិង្ហបុរី ចូល​រួម​កិច្ច​ប្រជុំ​ក្រុមប្រឹក្សា​អ្នក​សេរី​និយម និង​អ្នក​ប្រជាធិបតេយ្យ​អាស៊ាន។ លោក សម រង្ស៊ី នៅ​តែ​បញ្ជាក់​ថា សាលក្រម​តុលាការ​ទីក្រុង​ភ្នំពេញ ជា​លេស​នយោបាយ​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត។

សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​៥ ខែ​មីនា ដែល​មាន​ចំណង​ជើង​ថា “គ្មាន​នរណា​ជឿ​រដ្ឋាភិបាល​លោក ហ៊ុន សែន” អះអាង​ថា រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន បាន​ទះ​កំផ្លៀង​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយសារ​ប្រទេស​ទាំង​នោះ​មិន​បាន​ឃាត់​ខ្លួន​លោក​នៅ​ពេល​លោក​មាន​វត្តមាន​ក្នុង​ប្រទេស​ទាំង​នោះ។

លោក សម រង្ស៊ី បន្ត​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​មាន​វត្តមាន​នៅ​ប្រទេស​មួយ​ចំនួន ដូចជា ថៃ ភូមា ឬ មីយ៉ាន់ម៉ា សិង្ហបុរី ហ្វីលីពីន និង​ម៉ាឡេស៊ី ប៉ុន្តែ​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​នោះ​មិន​បាន​ឃាត់​ខ្លួន​លោក​ឡើយ។ លោក​បន្ត​ថា សមត្ថកិច្ច​នៃ​រដ្ឋាភិបាល​ទាំង​នោះ​មិន​បាន​ចាប់​អារម្មណ៍​នឹង​សាលក្រម​តុលាការ​ក្រុង​ភ្នំពេញ​ឡើយ។ ប្រទេស​ទាំង​នោះ​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ព្រួយ​បារម្ភ​ពី​វត្តមាន​លោក​នៅ​កម្ពុជា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ។

លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កម្ពុជា កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១២​ឆ្នាំ ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន និង​បរិហារកេរ្តិ៍។

អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក​ឧត្ដមសេនីយ៍ ខៀវ សុភ័គ កាល​ពី​ថ្ងៃ​អង្គារ ទី​៥ មីនា មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​មិន​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដទៃ​ទៀត​ឃាត់​ខ្លួន​លោក សម រង្ស៊ី ឡើយ ដោយសារ​តែ​លោក សម រង្ស៊ី មាន​សញ្ជាតិ​បារាំង៖ «តុលាការ​កម្ពុជា លោក​កាត់​ទោស​ឯកឧត្តម្ភ សម រង្ស៊ី ជា​ជនជាតិ​ខ្មែរ​ទេ។ ដីកា​តុលាការ​កម្ពុជា នៅ​តែ​មាន​ជា​ធរមាន នៅ​ពេល​លោក សម រង្ស៊ី ជាន់​ទឹក​ដី​ខ្មែរ»។

ការ​លើក​ឡើង​របស់​លោក ខៀវ សុភ័គ នៅ​ពេល​នេះ ផ្ទុយ​ទៅ​នឹង​ការ​អះអាង​របស់​លោក​ពី​ពេល​កន្លង​មក​ថា រដ្ឋាភិបាល​មាន​គម្រោង​ស្នើ​រដ្ឋាភិបាល​បារាំង ចាប់​ខ្លួន​លោក សម រង្ស៊ី បញ្ជូន​មក​កម្ពុជា។

គេហទំព័រ​របស់​ប៉ូលិស​អន្តរជាតិ (Interpol) មិន​មាន​ព័ត៌មាន​ស្វែង​រក​ចាប់​ខ្លួន លោក សម រង្ស៊ី នោះ​ទេ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អង្គារ បញ្ជាក់​ថា ការ​កាត់​ទោស​លោក សម រង្ស៊ី មិន​មែន​ជា​រឿង​នយោបាយ​ឡើយ។ លោក​បន្ត​ថា លោក សម រង្ស៊ី ត្រូវ​តែ​ជាប់​ពន្ធនាគារ៖ «ទៅ​ដក​បង្គោល​តម្រុយ​ព្រំដែន​ទើប​ជាប់​គុក ហើយ​គេ​ថា បង្គោល​នោះ​ថ្លៃ​ប៉ុន្មាន? វា​អត់​ថ្លៃ​ទេ​បង្គោល តែ​វា​ថ្លៃ​លើ​ផ្លូវ​ច្បាប់ វា​ត្រូវ​តែ​ចូល​គុក»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក សម រង្ស៊ី បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​៦ មីនា។ លោក សម រង្ស៊ី ធ្លាប់​សំដែង​ក្ដី​សង្ឃឹម​ថា លោក​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា បាន ដោយសារ​តែ​សំពាធ​សហគមន៍​អន្តរជាតិ៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages