តុលាការសាលាដំបូងខេត្តព្រះសីហនុ សម្រេចអនុវត្តន៍សាលក្រមបណ្ដោះអាសន្ន ដើម្បីឈូសឆាយដីចម្ការ និងដីភូមិ រុះរើផ្ទះសម្បែងចំនួន ២១គ្រួសារ នៅចំណុចចំរាំង ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ នៅថ្ងៃទី៥ ខែមីនា។
ការចុះអនុវត្តន៍សាលក្រមនេះ ត្រូវមន្ត្រីអង្គការសិទ្ធិមនុស្សរិះគន់ថា ជាការបំពានច្បាប់ ខណៈសាលក្រមនោះមិនទាន់ចូលជាស្ថាពរនៅឡើយ ម្យ៉ាងបណ្ដឹងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃរវាងអ្នកភូមិជាមួយនាយកក្រុមហ៊ុនស្រាបៀលីអូ កំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ។
ផ្ទះថ្ម និងផ្ទះឈើធំៗរួមទាំងដំណាំរបស់អ្នកភូមិ ២១គ្រួសារ ក្នុងចំណុចចំរាំង ក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ត្រូវរុះរើ និងដួលរាបដល់ដី នៅគ្រាដែលសមត្ថកិច្ចចម្រុះបានចុះអនុវត្តន៍រុះរើផ្ទះសម្បែងរបស់អ្នកភូមិ តាមសាលក្រមបណ្ដោះអាសន្នរបស់តុលាការខេត្ត ដើម្បីរឹបអូសយកដីទាំងនោះប្រគល់ឲ្យភាគីម្ខាងទៀតរបស់លោក ជៀម ផែន ជានាយកក្រុមហ៊ុនស្រាបៀលីអូ។
អ្នកភូមិជាង ៤០គ្រួសារ មានទំនាស់ដីធ្លីរ៉ាំរ៉ៃជាមួយនាយកក្រុមហ៊ុនស្រាបៀលីអូ តាំងពីឆ្នាំ២០០៥។ ករណីនេះ ត្រូវបានប្ដឹងផ្តល់ឡើងតុលាការ ហើយត្រូវតុលាការខេត្តព្រះសីហនុ សម្រេចឲ្យលោក ជៀម ផែន ជាអ្នកឈ្នះ កាលពីដើមឆ្នាំ២០១២ ប៉ុន្តែត្រូវអ្នកភូមិដាក់ពាក្យប្ដឹងទាស់ទៅសាលាឧទ្ធរណ៍។
អ្នកភូមិអះអាងថា ដីចម្ការ និងដីលំនៅឋានទំហំជិត ៤០០ហិកតាររបស់ពួកគាត់ ត្រូវបានកាន់កាប់តាំងពីបែកសម័យ ប៉ុល ពត ភ្លាមៗមកម្ល៉េះ។ មកទល់ពេលនេះ មានអ្នកភូមិចំនួន ២១គ្រួសារប៉ុណ្ណោះ ដែលនៅក្រាញននៀលរស់នៅតំបន់នោះ ក្រៅពីនេះ អ្នកភូមិខ្លះសម្រេចលក់ ឬរើចេញពីតំបន់ជម្លោះ ដោយភ័យខ្លាចការគំរាមកំហែងរបស់ក្រុមហ៊ុន។
តំណាងអ្នកភូមិចំរាំង លោកស្រី ហួរ វីណា រៀបរាប់ថា សមត្ថកិច្ចចម្រុះ រួមមានមន្ត្រីកងរាជអាវុធហត្ថ សមត្ថកិច្ច និងមន្ត្រីយោធា ជិត ១០០នាក់ ប្រដាប់ដោយអាវុធ និងដំបងឆក់គ្រប់ដៃ មកចំណុចចំរាំង តាំងពីព្រឹកព្រលឹម និងបានយកគ្រឿងចក្រប្រភេទអាប៊ុល ចំនួន ២គ្រឿង ទៅឈូសឆាយ និងកម្ទេចផ្ទះអ្នកភូមិ ដោយសំអាងលើសាលក្រមបណ្ដោះអាសន្នរបស់តុលាការខេត្ត។
លោកស្រី ហួរ វីណា៖ «វារុះផ្ទះ វាវាយផ្ទះបែកអស់ គេរុះប្រហែលម៉ោង ៧កន្លះ គេយកទាហានមកសុទ្ធតែកាំភ្លើង របស់ឆក់។ ផ្ទះកម្មករផ្សេងៗ ឈូសឆាយវាយក្ដារហើយនេះ គេមានបំណងដឹកឥវ៉ាន់យើងទៅឯណាមិនដឹងទេ មានអ្នកឈឺ មានចាស់ជរា។ យើងអត់មានអីតតាំងបានទេ ព្រោះគេមានសុទ្ធតែកាំភ្លើង សុទ្ធតែអាវុធអីនោះ យើងតតាំងគេម៉េចកើត សម្ដេចបានចេញ សជណ ម្តងហើយ តាំងពីឆ្នាំ២០០៨ ឲ្យដីប្រជាជន ហើយវាមានលុយទៅសូក និងលុប សជណ យើងចេញ»។
តុលាការខេត្តព្រះសីហនុ ធ្លាប់ចេញលិខិតជូនដំណឹងពីការរុះរើផ្ទះអ្នកភូមិចំនួន ៣លើកមកហើយ ប៉ុន្តែមិនមានការចុះអនុវត្តន៍តាមសេចក្តីប្រកាសនោះទេ។ លុះនៅថ្ងៃទី៥ ខែមីនា សមត្ថកិច្ចចម្រុះចុះមកអនុវត្តន៍ដោយមិនបានឲ្យអ្នកភូមិដឹងខ្លួនជាមុន។
អ្នកភូមិម្នាក់ទៀត ឲ្យដឹងស្រដៀងគ្នាដោយបញ្ជាក់ថា កម្លាំងចម្រុះក៏បានដាក់ទីតាំងនោះស្ថិតក្នុងតំបន់ហាមឃាត់ចម្ងាយមួយគីឡូម៉ែត្រ៤ជ្រុង ដោយមិនឲ្យអ្នកភូមិ ឬអ្នកផ្សេងទៀត ចេញចូលផ្ដេសផ្ដាសក្នុងតំបន់នោះទេ។ ស្ត្រី ជាពិសេសកុមារតូចៗដែលរងការឈូសឆាយផ្ទះសម្បែង ត្រូវដាច់បាយពេញមួយថ្ងៃ ជាពិសេសសម្ភារៈ ផ្ទះសម្បែង ចានឆ្នាំ និងឥវ៉ាន់ដែលរុះរើរួច ត្រូវបានដឹកចេញពីតំបន់នោះភ្លាមៗ៖ «ព្រឹកមិញ គាត់យកសាលក្រមបណ្ដោះអាសន្នចុះយកទៅអនុវត្តន៍។ ឧកញ៉ា ម៉ុង ឬទ្ធី គាត់យកបាយទៅឲ្យប្រជាជន ប៉ុន្តែខាងសមត្ថកិច្ចរារាំងមិនឲ្យឧកញ៉ា ម៉ុង យកបាយទៅឲ្យប្រជាជនទេ ហើយប្រជាជនទាំងចាស់ ទាំងក្មេងនៅនោះ កំពុងដាច់បាយ»។
ការចុះអនុវត្តន៍សាលក្រមនេះ ត្រូវបានអ្នកភូមិ និងមន្ត្រីអង្គការសង្គមស៊ីវិល រិះគន់ថា ជាការបំពានច្បាប់ ដោយសំអាងថា សាលក្រមនោះមិនមែនជាសាលក្រមស្ថាពរទេ គ្រាន់ជាសាលក្រមបណ្ដោះអាសន្នប៉ុណ្ណោះ។ ម្យ៉ាង បណ្ដឹងករណីនេះ កំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍។
កាលពីឆ្នាំ២០០៨ ប្រធានតុលាការកំពូល លោក ឌិត មន្ទីរ ធ្លាប់ចេញសេចក្តីណែនាំ ដោយបង្គាប់ឲ្យសាលាដំបូងខេត្ត-ក្រុងទាំងអស់ មិនត្រូវអនុវត្តន៍សាលក្រមបណ្ដោះអាសន្ននោះទេ រង់ចាំរហូតទាល់តែមានជំនុំជម្រះ និងសម្រេចសាលក្រមរបស់តុលាការឲ្យគ្រប់ជាន់ថ្នាក់សិន។
ព្រះរាជអាជ្ញាតុលាការខេត្ត លោក ប៊ូ ប៊ុនហាំង ដែលដឹកនាំការអនុវត្តន៍សាលក្រមរបស់តុលាការ មិនបានអត្ថាធិប្បាយច្រើនជុំវិញការអនុវត្តន៍សាលក្រមនេះទេ តែបញ្ជាក់យ៉ាងខ្លីថា លោកអនុវត្តតាមសាលក្រមរបស់ចៅក្រម។
ជុំវិញបញ្ជានេះ អភិបាលស្រុកស្ទឹងហាវ លោក បាន សារុំ បញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានពិតជាបានចូលរួមការអនុវត្តន៍សាលដីការបស់តុលាការពិតមែន ទៅតាមលិខិតជូនដំណឹងរបស់តុលាការឲ្យចូលរួមសហការជាមួយ។ លោកសុំមិននិយាយច្រើន ទាក់ទងនឹងសំណួរដែលចោទសួរថា តើការអនុវត្តន៍សាលក្រមនោះធ្វើដោយស្របច្បាប់ ឬយ៉ាងណា?៖ «ទេ! ខ្ញុំពិបាកថាដែរ ចាំទៅសួរព្រះរាជអាជ្ញា គេដឹងច្បាប់ដឹងទម្លាប់។ ខ្ញុំរដ្ឋអំណាច មិនបានចូលផ្ទាល់ ខ្ញុំឲ្យអភិបាលរង»។
អ្នកសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក បួន ណារិទ្ធ យល់ឃើញថា ការអនុវត្តន៍សាលក្រមបណ្ដោះអាសន្នរបស់តុលាការ ធ្វើឲ្យប៉ះពាល់ការរស់នៅរបស់អ្នកភូមិ និងហាក់ដូចជាបំបាត់ភស្តុតាងសម្រាប់ទុកបង្ហាញក្នុងជំនុំជម្រះសាលាឧទ្ធរណ៍ នៅគ្រាដែលរឿងក្តីនេះកំពុងស្ថិតក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ។ អង្គការលីកាដូ ក៏ត្រៀមផ្តល់ជំនួយអាហារបន្ទាន់ ដល់ស្ត្រី និងកុមារ នៅតំបន់នោះ និងពិនិត្យផ្លូវច្បាប់ដើម្បីឲ្យអ្នកភូមិមានសិទ្ធិទាមទាររកយុត្តិធម៌ ក្នុងករណីរុះរើផ្ទះរបស់ពួកគាត់៕ប្រភពពី RFA