ប្រធានក្រុមប្រឹក្សាជំនុំជម្រះសវនាការសាលាឧទ្ធរណ៍ លោកចៅក្រម ឃុន លាងម៉េង បានប្រកាសថា ការលើកពេលប្រកាសសាលដីកា គឺដោយសារសំណុំរឿងនេះស្មុគស្មាញ។ បន្ទាប់ពីបានស្ដាប់ការសួរដេញដោលចំពោះជនជាប់ចោទទាំង ៣នាក់ គឺលោក ម៉ម សូណង់ដូ និងអ្នកភូមិប្រម៉ា ២នាក់ នឹងស្ដាប់ដើមបណ្ដឹងរដ្ឋប្បវេណី ៣នាក់ រួមទាំងការវែកញែកលើកំណត់ហេតុចម្លើយជនជាប់ចោទ ៣នាក់ ដែលត្រូវផ្លាស់ប្ដូរជាសាក្សីដាក់បន្ទុកលើលោក ម៉ម សូណង់ដូ រួចមកតំណាងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសន្និដ្ឋានប្ដូរបទចោទលើលោក ម៉ម សូណង់ដូ។
ព្រះរាជអាជ្ញា លោក ហ៊ាន រិទ្ធិ បានសន្និដ្ឋានថា ការចោទប្រកាន់ លោក ម៉ម សូណង់ដូ ដោយចៅក្រមសាលាដំបូង គឺពុំទាន់ត្រឹមត្រូវនៅឡើយ។ ករណីនេះលោកសម្រេចផ្លាស់ប្ដូរបទចោទលើលោក ម៉ម សូណង់ដូ ពីបទឧក្រិដ្ឋ មកជាបទមជ្ឈិមវិញ។ ក្នុងនោះលោក ម៉ម សូណង់ដូ ត្រូវចោទប្រកាន់ពីបទមេគំនិតអោយមានបទល្មើសព្រៃឈើ តាមមាត្រា ៩៧ ចំណុចទី ៦ នៃច្បាប់ព្រៃឈើ និងជ្រៀតជ្រែកមុខងាររាជការសាធារណៈ មានស្ថានទម្ងន់ទោសតាមមាត្រា ៦០៩ និង ៥០៤ នៃក្រមព្រហ្មទណ្ឌ។
ប្រធានវិទ្យុសំបុកឃ្មុំ និងសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែលពាក់អាវដៃខ្លីពណ៌សំបកពងមាន់ មានដាក់ក្រវាត់ក តាមទម្លាប់នៅតែអះអាងថា លោកពុំបានផ្ដួចផ្ដើមគំនិតអោយមានបទល្មើសដូចព្រះរាជអាជ្ញាបានចោទ ប្រកាន់ឡើយ។ យ៉ាងណាលោកមានគំនិតសុទិដ្ឋិនិយមថា ចៅក្រមសាលាឧទ្ធរណ៍នឹងផ្ដល់យុត្តិធម៌ដល់រូបលោក។
នៅសាលាដំបូងរាជធានីភ្នំពេញ លោក ម៉ម សូណង់ដូ ត្រូវចោទពីបទផ្ដើមគំនិតញុះញង់អោយប្រជាពលរដ្ឋកាន់អាវុធប្រឆាំង រាជការ កុបកម្ម ជ្រៀតជ្រែកកិច្ចការសាធារណៈ តាមមាត្រា ២៨ ៤៥៦ ៤៥៧ និង ៤៦៤ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបង្កើតចលនាតំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។ តាមរយៈបទចោទទាំងនេះលោកត្រូវកាត់អោយមានទោស ២០ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀល ។លោក ស សូវាន ជាសហមេធាវីការពារអោយលោក ម៉ម សូណង់ដូ មានប្រសាសន៍ថា ការកែប្រែបទចោទ គឺជាសញ្ញាណល្អមួយសម្រាប់រឿងក្ដីនេះ ក៏ដូចជាកូនក្ដីរបស់លោក។
អ្នកស៊ើបអង្កេតនៃជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មិនខុសពីសវនាករនៅសាលាដំបូងឡើយ លោកសង្កេតឃើញថា ពុំមានចំណុចដែលអាចចោទប្រកាន់លោក ម៉ម សូណង់ដូ ឡើយ។ លោករំពឹងថា ចៅក្រម និងពិចារណាលើកលែងការចោទលើលោក ម៉ម សូណង់ដូ។
ក្នុងសវនាការក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍នៅថ្ងៃទី៦ ខែមីនា បានទទួលយកទៅពិចារណានូវឯកសារវិភាគផ្លូវច្បាប់ដែលបានស្នើឡើងដោយ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ។ ឯកសារនោះបានលើកឡើងពីបទពិសោធន៍នៃការអនុវត្តច្បាប់នៅតាមបណ្ដា ប្រទេសជាច្រើនក្នុងពិភពលោក ពាក់ព័ន្ធនឹងសេរីភាពនៃការបញ្ចេញមតិ និងការចោទប្រកាន់អ្នកសារព័ត៌មាន ដូចប្រធានវិទ្យុសំបុកឃ្មុំលោក ម៉ម សូណង់ដូ៕ប្រភពពី RFA