សហជីពតំណាងកម្មករមួយចំនួនឲ្យដឹងថា ភាគីសហជីពតំណាងកម្មករ ត្រៀមខ្លួនបន្តប្រជុំជជែករឿងប្រាក់ខែអប្បបរមាជាមួយតំណាងថៅកែរោងចក្រកាត់ដេរទៀត ប៉ុន្តែមិនព្រមទទួលយកប្រាក់ខែគោលតិចជាង ១០០ដុល្លារក្នុងមួយខែទេ។
មន្ត្រីសហជីពតំណាងកម្មករបដិសេធមិនទទួលយកប្រាក់ខែគោលចំនួន ៧៥ដុល្លារក្នុងមួយខែ ដែលតំណាងថៅកែរោងចក្រកាត់ដេរមានគម្រោងផ្ដល់ឲ្យកម្មករនោះឡើយ ដោយសារទំនិញលើទីផ្សារមានតម្លៃខ្ពស់។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី មានប្រសាសន៍ថ្ងៃទី៥ មីនា ថា ប្រាក់ខែគោលកម្មករកាត់ដេរចំនួន ៧៥ដុល្លារក្នុងមួយខែនោះមានកម្រិតទាប ហើយនៅមានគម្លាតឆ្ងាយពីការទាមទាររបស់សហជីពដែលសុំប្រាក់ខែគោលចំនួនពី ១០០ ទៅ ១២០ដុល្លារក្នុងមួយខែ។
លោក ជា មុនី៖ «ប្រាក់បៀវត្សរ៍កម្មករមានចំនួន ១២០ដុល្លារក្នុងមួយខែ។ ១២០ នោះគឺឲ្យទៅកម្មករទៅ គាត់ចាយយ៉ាងម៉េចស្រេចតែគាត់ លើធ្វើដំណើរប៉ុន្មាន? ស្នាក់នៅប៉ុន្មាន? លើអាហារថ្ងៃត្រង់ប៉ុន្មាន គឺស្រេចតែគាត់។ បៀវត្សរ៍កម្មករបើក្នុងតម្លៃមួយសមរម្យមិនមានទំនាស់ទេ។ អ្នកវិនិយោគក៏អាចបន្តវិនិយោគបាន កម្មករក៏នៅបន្តធ្វើការបាន»។
អគ្គលេខាធិការសមាគមថៅកែរោងចក្រកាត់ដេរ ហៅជាភាសាអង់គ្លេសថា ហ្សីម៉ាក់ (GMAC) លោក ខេន លូ (Ken Loo) ជាប់រវល់ប្រជុំ មិនឆ្លើយសំណួររបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីឡើយ។ ប៉ុន្តែនៅក្នុងការផ្សាយរបស់ព្រឹត្តបត្រ ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ថ្ងៃទី៥ មីនា បានដកស្រង់សំដីរបស់លោក ខេន លូ បាននិយាយថា សមាគមថៅកែរោងចក្រកាត់ដេរបានជូនដំណឹងជាផ្លូវការទៅរដ្ឋាភិបាល ហើយថា ថៅកែរោងចក្រយល់ព្រមផ្ដល់ប្រាក់ខែគោលឲ្យកម្មកររោងចក្រកាត់ដេរចំនួន ៧៥ដុល្លារក្នុងមួយខែ។ ប្រាក់ខែគោល ៧៥ដុល្លារក្នុងមួយខែនោះ គិតសរុបបញ្ចូលប្រាក់ថែរក្សាសុខភាពចំនួន ៥ដុល្លារ ក្នុងនោះដែរ។
លោក កែន លូ និយាយបន្ថែមថា ប្រាក់ខែគោល ៧៥ដុល្លារនេះ អាចឡើងទៀតបាន បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យបន្ថែម។
ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា លោក សោម អូន ដែលជាសមាជិកគណៈកម្មការប្រឹក្សាការងារ មានប្រសាសន៍ថ្ងៃទី៥ មីនា ថា មកទល់ពេលនេះភាគីសហជីពតំណាងកម្មករមិនទាន់បានទទួលដំណឹងជាផ្លូវការអំពីចំនួនទឹកប្រាក់គោលនោះនៅឡើយទេ។ ប៉ុន្តែនៅក្នុងកិច្ចជំនួបចុងក្រោយជាមួយតំណាងថៅកែរោងចក្រកាត់ដេរ កាលពីថ្ងៃទី២៦ កុម្ភៈ កន្លងទៅ ភាគីសហជីពតំណាងកម្មករទាមទារប្រាក់ខែគោលចំនួន ១០០ដុល្លារក្នុងមួយខែ។ បច្ចុប្បន្នកម្មករកាត់ដេរមានប្រាក់ខែគោលចំនួន ៦១ដុល្លារក្នុងមួយខែ។
លោក សោម អូន៖ «ការប្រជុំនេះមិនមាននោះ និយោជកក៏មិនបានដំឡើងអ្វីលើសពីការប្រជុំកាលពីថ្ងៃទី២៦ កុម្ភៈ កន្លងទៅទេ ហើយភាគីសហជីពបានចុះមកនៅត្រឹម ១០០ ដើម្បីជជែកគ្នា។ GMAC កាលជជែកគ្នា តួលេខផ្លូវការគាត់យល់ព្រមឲ្យតែ ៧២ដុល្លារទេ ហើយ ៧២នោះ គាត់ទារបញ្ចូលប្រាក់ថែរក្សាសុខភាពនេះមកក្នុងប្រាក់ខែគោលដែរ។ ជាគោលការណ៍សហជីពយើងមិនព្រមឲ្យបញ្ចូលប្រាក់សុខភាពក្នុងប្រាក់ខែគោលទេ ពីព្រោះយើងនិយាយតែអំពី Minimum Wage មិននិយាយអំពីលុយអត្ថប្រយោជន៍ផ្សេងៗទេ ប៉ុន្តែយើងចាំមើលតើសមាគមកាត់ដេរគាត់ឡើងប៉ុន្មាន?»។
ប្រភពឯកសារសហជីពកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នប្រទេសកម្ពុជា មានរោងចក្រកាត់ដេរប្រហែល ៤០០រោងចក្រ និងមានកម្មករធ្វើការចំនួនជាង ៦សែននាក់។ ប្រាក់ចំណូលពីវិស័យកាត់ដេរក្នុងឆ្នាំ២០១២ មានចំនួនប្រហែល ៤.៦០០លានដុល្លារ៕ប្រភពពី RFA