ដោយ ខែ សុណង
2013-02-01
លេខ "៩" ដែលជាលេខខ្ពស់ជាងគេនៅក្នុងចំណោមតួលេខរាយ ហើយលេខនេះក៏ត្រូវប្រើប្រាស់ជាគោលសម្រាប់ការរៀបចំក្នុងព្រះរាជ ពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។តើការយកលេខ "៩" ជាគោលនៅក្នុងព្រះរាជពិធី មានហេតុផល និងអត្ថន័យខ្លឹមសារយ៉ាងណាដែរ?
នៅក្នុងព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពអតីតព្រះមហាក្សត្រត្រូវប្រើប្រាស់ លេខ "៩" ជាគោល ឬជាមេគុណ ដោយរាប់ចាប់តាំងពីទង់គ្រប់ប្រភេទ និងចំនួនមនុស្សនៅក្នុងផែននីមួយៗ។
សមាជិកគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ លោក ញឹក ប៊ុនឆៃ បានថ្លែងថា ក្នុងព្រះរាជពិធីនេះ លេខ "៩" គឺជាលេខមួយសំខាន់ដែលត្រូវយកមកប្រើជាគោល ដោយមានជាអាទិ ព្រះសង្ឃ ៩០ អង្គ ដូនជី តាជី អ្នកបួសមុខភ្លើង ទាហាន ប៉ូលិស ប៉េអិម តំណាងនាម៉ឺនសព្វមុខមន្ត្រី ត្រូវបានរៀបចំក្នុងចំនួន ៩០នាក់។ រីឯអ្នកកាន់ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រក៏មានមនុស្សចំនួន ៩ នាក់ដែរ។
លោកបញ្ជាក់ថា អ្នកដែលមានតួនាទីនៅក្នុងផែនដង្ហែទាំង ១១ សរុបចំនួន ៤.៩៩៥នាក់។
ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងជន្មាយុ ៩០ព្រះវស្សា។ យ៉ាងណាក៏ដោយការកំណត់យកលេខ "៩" ជាគោល ឬជាមេគុណ សម្រាប់ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសពនោះ គឺទាក់ទងទៅនឹងព្រះជន្មរបស់ព្រះអង្គយ៉ាងជាក់ច្បាស់។
ប្រធានមូលនិធិកេរដំណែលខ្មែរ លោកបណ្ឌិត ចិន្ត ច័ន្ទរតនា បានពន្យល់ថា ចំពោះរឿងរ៉ាវដែលគេយកលេខ "៩" ជាគោលនេះ ដោយសារតែនៅពេលព្រះអង្គយាងចូលទិវង្គតនោះ គឺព្រះអង្គមានព្រះជន្ម ៨៩ យាងចូល ៩០ ព្រះវស្សា ដូច្នេះទើបមានការកំណត់យកលេខ "៩" ជាគោល ហើយការកំណត់យកលេខដែលគោរពទៅតាមព្រះជន្មាយុរបស់ព្រះមហាក្សត្រចូល ទិវង្គតនេះ គឺជាការកំណត់យកដ៏ជាក់លាក់មិនអាចប្រកែកបានដោយមានឯកសារ និងទំនៀមទម្លាប់នៃការរៀបចំព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងរបស់ព្រះមហាក្សត្រអង្គមុនៗ។
លោកបណ្ឌិត ចិន្ត ច័ន្ទរតនា មានប្រសាសន៍ថា ការរៀបចំព្រះរាជពិធីដង្ហែព្រះបរមសពដែលយកលេខ "៩" ជាមេគុណនេះ ក៏ជាការលើព្រះកិត្តិនាមរបស់ផងអង្គផងដែរ។ ជាងនេះទៅទៀត គឺជាការដើម្បីសម្ដែងការដឹងគុណដ៏ថ្លៃថ្លាចំពោះស្នាព្រះហស្តរបស់ ព្រះអង្គដែលព្រះអង្គបានយកព្រះហរទ័យទុកដាក់ចំពោះជាតិ និងប្រជានុរាស្ត្រកាលពីព្រះអង្គនៅមានព្រះជន្មនៅឡើយនោះ។
យ៉ាងណាក៏ដោយនៅក្នុងការរៀបចំពិធីដង្ហែដែលយកលេខ "៩" ជាគោលនេះ អ្នកស្រាវជ្រាវវប្បធម៌ ឬទំនៀមទម្លាប់ខ្មែរនោះបានរកឃើញថា ពលរដ្ឋខ្មែរតាំងពីបុរាណកាលមកតែងមានជំនឿ និងនិយមចូលចិត្តទៅលើលេខសេស គឺមានដូចជាលេខ ១ លេខ ៣ លេខ ៥ លេខ ៧ និងលេខ ៩។
សាស្ត្រាចារ្យផ្នែកអរិយធម៌ខ្មែរនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រ សិល្បៈ លោក ព្រាប ចាន់ម៉ារ៉ា អះអាងថា លេខ "៩" គឺជាលេខថ្នាក់កំពូលដែលខ្ពស់ជាងគេ ដូច្នេះវាសាកសមនិងកិត្តិនាមរបស់ព្រះអង្គដែលជាព្រះមហាក្សត្រ។
សម្រាប់ព្រះរាជពិធី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៣ គេប៉ាន់ប្រមាណថា និងមានមហាជនគ្រប់ស្រទាប់ វណ្ណៈ ដែលរួមមានតំណាងប្រជាពលរដ្ឋទាំង ២៤ខេត្ត រាជធានី ដែលបានអញ្ជើញចូលរួមជាផ្លូវការ និងប្រជាពលរដ្ឋដែលពុំបានអញ្ជើញជាផ្លូវការ ចូលរួមយ៉ាងអ៊ឹកធឹករាប់សែននាក់។
បន្ទាប់ពីដង្ហែព្រះបរមសពព្រះមហាវីរក្សត្រ ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី១ កុម្ភៈ មក ចេញពីព្រះបរមរាជវាំងមក ព្រះបរមសពនឹងត្រូវតម្កល់នៅលើព្រះមេរុរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ វេលាម៉ោង ៦ និង ៣០នាទីយប់ទើបរៀបចំព្រះរាជពិធីថ្វាយព្រះភ្លើង៕ប្រភពពី RFA