ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​របស់​​ព្រះមហា​វីរក្សត្រ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, February 1, 2013

ព្រះ​រាជ​ជីវប្រវត្តិ​សង្ខេប​របស់​​ព្រះមហា​វីរក្សត្រ

2013-02-01
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ជា​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ ដែល​មាន​គេ​ទទួល​ស្គាល់​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ថា​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចំរើន​ផង និង​អន្តរាយ​ផង គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ ដល់​ទសវត្សរ៍​១៩៧០។

RFA/Sok Serey
ពិធី​បដិសណ្ឋារកិច្ច​ទទួល​ស្វាគមន៍​អតីត​ ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ នរោត្តម សីហនុ និង​ព្រះរាជ​អគ្គមហេសី មុនីនាថ សីហនុ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១១
ប្រទេស​កម្ពុជា តាំង​ពី​បុរាណកាល​មក​រហូត​ដល់​សព្វ​ថ្ងៃ តែង​តែ​ប្រកាន់​យក​នូវ​របប​រាជា​និយម។ ប្រការ​នេះ​ហើយ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គេ​ឃើញ​មាន​ព្រះ​មហាក្សត្រ​បាន​ឡើង​សោយរាជ្យ​ បន្ត​រាជវង្ស​របស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដើម្បី​គ្រប់គ្រង​ប្រទេស។
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក៏​ជា​អតីត​ព្រះ​មហាក្សត្រ​មួយ​អង្គ​ក្នុង​ចំណោម​ព្រះ​មហាក្សត្រ​ខ្មែរ​ជា​ ច្រើន​អង្គ​ទៀត​ដែល​ធ្លាប់​បាន​គ្រង​រាជ្យ​សម្បត្តិ​ពី​មុន​មក។
ព្រះ​រាជា​អង្គ​នេះ​ក្នុង​សម័យ​កាល​ដែល​ទ្រង់​គ្រប់គ្រង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​១៩៦០ គឺ​មាន​ប្រជាប្រិយ​ខ្លាំង​ណាស់ ដោយ​មាន​ប្រជារាស្ត្រ​ខ្មែរ​ប្រុស​ស្រី ចាស់​ក្មេង​បាន​គាំទ្រ រហូត​ដល់​នាំ​គ្នា​ហៅ​ព្រះអង្គ​ថា «សម្ដេច​ឪ»។
ការ​ថ្វាយ​ព្រះ​បរម​ងារ ឬ​ហៅ​យ៉ាង​ដូច្នោះ ពីព្រោះ​តែ​គេ​បាន​ឃើញ​ការ​ដឹក​នាំ​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រទេស និង​ប្រជារាស្ត្រ​នៅ​ក្នុង​សម័យ​នោះ មាន​សេចក្ដី​សុខ សន្ដិភាព មាន​ឯករាជ្យ អព្យាក្រឹត មាន​សេចក្ដី​ថ្លៃថ្នូរ មិន​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​ដទៃ​ជាដើម។
អ្នកស្រី ជា វណ្ណាត អតីត​នាយិកា​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម បច្ចុប្បន្ន​ជា​អ្នក​វិភាគ​ឯករាជ្យ និង​ធ្លាប់​ជា​អ្នក​បាន​ឆ្លង​កាត់​ក្រោម​ការ​គ្រប់គ្រង​ប្រទេស​របស់​ ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ក្នុង​សម័យ​ទសវត្សរ៍​ទី​៦០ គឺ​កម្ពុជា ហាក់​បី​ដូច​ជា​កោះ​សន្តិភាព​មួយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មាន​មោទនភាព​ ខ្លួន​ឯង​ខ្លាំង​ណាស់ ពី​ព្រោះ​បាន​រស់​នៅ​ក្នុង​ប្រទេស​មួយ​មិន​មាន​ភ្លើង​សង្គ្រាម ហើយ​ព្រះមហាក្សត្រ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ដល់​ប្រជារាស្ត្រ​មិន​រើស​មុខ។
អ្នកស្រី ជា វណ្ណាត៖ «ហើយ​សកម្មភាព​របស់​លោក​មួយ​ចំនួន​ហ្នឹង លោក​ធ្វើ​ច្រើន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ចុងកាត់មាត់ញក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បាក់បប​មក​គាំទ្រ​ស្រឡាញ់​ព្រះអង្គ​ហ្នឹង។ ហើយ​ព្រះ​អង្គ​ហ្នឹង​ទៀត ក៏​ឃើញ​មាន​ការ​ថ្លឹងថ្លែង​ឲ្យ​មាន​តុល្យភាព​រវាង​ការ​លូតលាស់​ផ្នែក​ សេដ្ឋកិច្ច និង​ការ​លូតលាស់​ផ្នែក​ខាង​ផ្លូវ​ធម៌។ ដូច​ថា លោក​កាន់​ព្រះផ្នួស ឬ​បួស ហើយ​ក្រៅ​ពី​បួស​ហ្នឹង យាង​ទៅ​កាន់​សីល ហៅ​ថា សមាធិ​អី​អ៊ីចឹង ដើម្បី​ឲ្យ​មាន​លំនឹង​ផ្លូវ​ចិត្ត ផ្លូវ​កាយ ក្នុង​នាម​ព្រះ​អង្គ​ជា​បុគ្គល​អ្នក​ដឹកនាំ​ផង ក្នុង​នាម​ជា​ប្រទេស​ផង»
ប្រការ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ដែល​ប្រជារាស្ត្រ​ខ្មែរ​បាន​ គាំទ្រ និង​ស្រឡាញ់​ព្រះ​មហាក្សត្រ​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ គឺ​ដោយសារ​គេ​ឃើញ​ព្រះអង្គ​បាន​ប្រឹងប្រែង​បំពេញ​ភារកិច្ច​តស៊ូ​ទាមទារ​ ឯករាជ្យ​ពី​ពួក​អាណានិគម​និយម​បារាំង ក្នុង​អំឡុង​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​១៩៥៣។
ក្រោយ​ពី​បាន​ទាមទារ​ដោយ​ពុំ​មាន​ប្រើ​កម្លាំង​ទ័ព​ប្រយុទ្ធ​គ្នា​នោះ ពួក​អាណានិគម​និយម​បារាំង បាន​ព្រមព្រៀង​ប្រគល់​ឯករាជ្យ​ទាំង​ស្រុង​មក​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​តាម​ច្បាប់​ដែល​មាន​ចុះ​សន្ធិ​សញ្ញា​នៅ​ ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣។ ក្នុង​ពេល​នោះ​ឯង​ដែល​ធ្វើ​ឲ្យ​ព្រះ​កិត្តិនាម​របស់​ព្រះអង្គ​កាត់​តែ​ល្បី​ រន្ទឺ​នៅ​ក្នុង​ប្រទេស​ផង និង​នៅ​លើ​ឆាក​អន្តរជាតិ​ផង។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ ដែល​ជា​អតីត​និស្សិត និង​ជា​អតីត​សិល្បករ​ចម្រៀង​អាយ៉ៃ​ឆ្លើយ​ឆ្លង​នៅ​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្នុង​កាល​ដែល​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គ្រប់គ្រង​ប្រទេស​កម្ពុជា នា​សម័យ​ទសវត្សរ៍​ទី​៦០ នោះ បាន​ឃើញ​ថា ការ​រស់​នៅ​របស់​គាត់​ជា​ប្រជារាស្ត្រ និង​ការ​រស់​នៅ​របស់​នាហ្មឺន ឬ​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់ ហាក់​ដូច​ជា​ត្រូវ​សំណុំ ឬ​ស៊ី​ចង្វាក់​គ្នា ដែល​ជា​ការ​ជំរុញ​ឲ្យ​ការ​គ្រប់គ្រង​ប្រទេស​របស់​ព្រះ​មហាក្សត្រ​នា​ពេល​នោះ ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ណាស់។
ប្រជាពលរដ្ឋ​រូប​នោះ​បាន​ប្រាប់​បន្ថែម​ពី​របៀប​គ្រប់គ្រង​ប្រទេស​ត្រូវ​សំណុំ​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហនុ យ៉ាង​ដូច្នេះ៖ «ត្រូវ ​សំណុំ​ដូច​ថា មន្ត្រី​រាជការ ប្រសិន​បាន​ធ្វើ​គ្រូបង្រៀន ឬ​ក៏​ទាហាន ប៉ូលិស អ្នក​ដែល​មាន​ក្របខ័ណ្ឌ​នៅ​ក្នុង​រដ្ឋាភិបាល គឺ​អត់​មាន​ពិបាក​នៅ​ក្នុង​គ្រួសារ​អី​ទេ ពីព្រោះ​គ្រូ​បង្រៀន​ទាហាន ឬ​មេ​ទាហាន មេ​ប៉ូលិស​ហ្នឹង គឺ​មាន​ប្រាក់​ខែ​រស់​ត្រឹមត្រូវ ហើយ​ថ្លៃថ្នូរ​ទៀត។ មន្ត្រី​រាជការ​នៅ​ពេល​នោះ វា​ស៊ី​ចង្វាក់​គ្នា​នៅ​ក្នុង​កសិកម្ម ឧស្សាហកម្ម​អី។ ឧបមា​ថា ប្រជារាស្ត្រ​ធ្វើ​ស្រូវ​បាន ១០០​ថាំង ហើយ​ត្រូវ​ហូប​អស់​តែ ៣០​ថាំង​ទេ ដូច្នេះ​ត្រូវ​លក់ ៧០​ថាំង ហើយ​អាច​សង់​បាន​ផ្ទះ ឬ​អាច​ទិញ​មាស ទិញ​អី​អ៊ីចឹង​ទៅ។ ឯ​ផលានុផល​ក៏​អ៊ីចឹង​ដែរ ដូច​ពោត សណ្ដែក ចេក ល្ង អី​គេ​មាន​ទីផ្សារ​ទៅ​លក់ គឺ​ថា គេ​ដឹង​តម្លៃ​ទៅ​លក់​បាន​ប៉ុណ្ណេះៗ។ ដូច្នេះ​ឃើញ​គុណ​សម្បត្តិ​របស់​ព្រះអង្គ ១៦​ឆ្នាំ គឺ​ល្អ​មែន​ទែន​នៅ​ពេល​ហ្នឹង​នោះ​ណា»
ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​អង្គ​នេះ គឺ​ជា​ព្រះ​រាជបុត្រ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សុរាម្រិត និង​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន សិរិវឌ្ឍនា។ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២។
ពេល​ដែល​ព្រះអង្គ​មាន​ព្រះជន្ម ១៨​ព្រះ​វស្សា ក្រុមប្រឹក្សា​ព្រះរាជបល័្លង្ក​ក្នុង​សម័យ​នោះ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជា​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ កម្ពុជា។ ប៉ុន្តែ​បាន​ជាង ១០​ឆ្នាំ ក៏​ដាក់​រាជ្យ​ថ្វាយ​ព្រះ​បិតា​ព្រះអង្គ​វិញ ហើយ​ពេល​នោះ​ព្រះអង្គ​ក៏​បាន​ទទួល​ព្រះ​បរម​ងារ​ថា «សម្ដេច​ព្រះ​ឧបយុវរាជ»។
ចាប់​ពី​ពេល​នោះ​មក​ទ្រង់​ក៏​បាន​បង្កើត​នូវ​ចលនា​មួយ​ហៅ​ថា «សង្គមរាស្ត្រនិយម» គឺ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៥ ដែល​មាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​ខ្មែរ​នៅ​ពេល​នោះ ហើយ​បាន​នាំ​គ្នា​បោះ​ឆ្នោត​ថ្វាយ​ដើម្បី​ឲ្យ​ព្រះអង្គ​ធ្វើ​ជា​ព្រះ​ប្រមុខ ​រដ្ឋ​ដឹក​នាំ​ប្រទេស​កម្ពុជា។
ការ​ផ្ដល់​ព្រះ​កិត្តិយស​ទំនុក​ទុក​ចិត្ត​ពី​សំណាក់​ប្រជារាស្ត្រ​បាន​ ធ្វើ​ឲ្យ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ប្រឹងប្រែង​បញ្ចេញ​ស្នា​ព្រះហស្ត​ក្នុង​ការ​កសាង​ជាតិ​មាតុភូមិ។
ស្នា​ព្រះហស្ត​ដែល​លេច​ធ្លោ​ជាង​គេ ហើយ​ដែល​ប្រជាពលរដ្ឋ​ពោល​សរសើរ​គុណ​សម្បត្តិ​របស់​ព្រះអង្គ​នោះ គឺ​ការ​ទាមទារ​ឯករាជ្យ​រំដោះ​ប្រទេស​ចេញ​ពី​នឹម​ត្រួតត្រា​អាណានិគម​និយម​ បារាំង កាល​ពី​ឆ្នាំ​១៩៥៣ នោះ​ឯង។ គោល​នយោបាយ​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​នា​សម័យ​នោះ​ថ្វាយ​ ព្រះ​បរម​នាម​ព្រះអង្គ​បន្ថែម​ទៀត​ថា «ព្រះ​មហា​វីរបុរស​ជាតិ និង​ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ» ពី​ព្រោះ​ទ្រង់​បាន​រក្សា​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។
បើ​ទោះ​បី​ជា​មាន​ការ​លើក​សរសើរ​នូវ​គុណ​សម្បត្តិ​របស់​ព្រះ​ករុណា​ព្រះ​ បាទ​សម្ដេច នរោត្តម សីហនុ យ៉ាង​នេះ​ក៏​ដោយ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ក៏​មាន​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ធំៗ​ជា​ច្រើន​នាក់​ទៀត ដែល​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ព្រះអង្គ​ក្នុង​សម័យ​នោះ​មិន​បាន​ពេញ​ ចិត្ត និង​គោល​នយោបាយ​ដឹក​នាំ​ប្រទេស​របស់​ព្រះអង្គ​ទេ ពិសេស​គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​១៩៧០។ ក្នុង​ពេល​នោះ​គេ​ឃើញ​ថា ព្រះអង្គ​បាន​ដើរ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ប្រជារាស្ត្រ បណ្ដោយ​ឲ្យ​ជន​បរទេស​មាន​វៀតណាម ជា​ដើម​ចូល​មក​លុក​លុយ​ប្រទេស​កម្ពុជា។
ការ​ថ្នាំងថ្នាក់​ផ្ទុយ​គំនិត​គ្នា​នោះ​រហូត​ដល់​មាន​ធ្វើ​រដ្ឋ​ប្រហារ​ ដែល​ដឹក​នាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ និង​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ដើម្បី​ទម្លាក់​ព្រះអង្គ​ចេញ​ពី​តំណែង​ព្រះ​ប្រមុខ​រដ្ឋ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០។
ចាប់​តាំង​ពី​ពេល​នោះ​មក វិបត្តិ​នយោបាយ​របស់​អ្នក​ដឹក​នាំ​ប្រទេស​កម្ពុជា ដែល​គេ​ដៅ​យ៉ាង​សំខាន់​ទៅ​លើ​សម្ដេច​ព្រះ នរោត្តម សីហនុ ពេល​នោះ​ថា បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ធ្លាក់​ទៅ​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ។
គុណ​វិបត្តិ​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គោរព​ស្រឡាញ់​ ព្រះអង្គ​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​រហូត​ដល់​អ្នក​ខ្លះ​គេ​លែង​មាន​ជំនឿ ​ទៅ​លើ​ទ្រង់​ទៀត។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​គ្រប់គ្រង​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ ព្រះ នរោត្តម សីហនុ និង​ធ្លាប់​ជា​អ្នក​គាំទ្រ​ព្រះ​អង្គ​មួយ​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា សម្ដេច​ឪ​លោក​មាន​កំហុស​ធ្ងន់ គឺ​ត្រង់​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​រត់​ចូល​ព្រៃ ដែល​ហៅ​គេ​ហៅ​តាម​ភាសា​បារាំង ថា ម៉ាគីៗ (Marquis) ដើម្បី​ធ្វើ​សង្គ្រាម​ដណ្ដើម​អំណាច​ថ្វាយ​ព្រះអង្គ បន្ទាប់​ពី​លោក លន់ នល់ បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ទ្រង់​មក។
ប្រជាពលរដ្ឋ​រូប​នោះ​បាន​បន្ថែម​ថា ការ​ពន្យុះ​ឲ្យ​ធ្វើ​សង្គ្រាម​របស់​សម្ដេច នរោត្តម សីហនុ ក្នុង​ពេល​នោះ បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កម្ពុជា កាន់​តែ​ធ្លាក់​ជ្រៅ​ទៅៗ​ក្នុង​សង្គ្រាម​ប្រយុទ្ធ​តតាំង​ច្បាំង​គ្នា​នឹង​ ជាតិ​សាសន៍​ឯង​ផង ជាមួយ​បរទេស​ផង រហូត​ដល់​មាន​កើត​ជា​ក្រុម​ខ្មែរ​ក្រហម ឬ​ក្រុម ប៉ុល ពត ដែល​នាំ​ឲ្យ​មាន​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជា​ច្រើន​លាន​នាក់ ហើយ​ប្រទេស​ជាតិ​ក៏​ត្រូវ​លិចលង់​អន្តរាយ​រាប​ដល់​ដី។
ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ សេង សយ៖ «នាំ​គ្នា​ទៅ​ម៉ាគី ម៉ាគី រហូត​ដល់ លន់ នល់ គាត់​អត់​មាន​លទ្ធភាព​ទេ បើ​រាស្ត្រ​ទៅ​អស់​ហើយ សូម្បី​អាមេរិកាំង អ្នក​មាន​លុយ​មាន​កប៉ាល់ហោះ មាន​គ្រាប់​បេ​យ៉ាង​ណា​ក៏ដោយ ក៏​អត់​ឈ្នះ​កម្លាំង​ប្រជារាស្ត្រ​ដែរ ព្រោះ​សម្ដេច​តា​លោក​អំពាវនាវ។ ទាំង​គេ​ទាំង​ខ្ញុំ​ពេល​ហ្នឹង​ក្រុម​គ្រូ​អាយ៉ៃ​ហ្នឹង​រស់​បាន​តែ​ខ្ញុំ​ទេ ប៉ុន្តែ​គ្នា​ខ្ញុំ​ដូច​ជា​លោក​គ្រូ ស្មៀន យ៉ុន អីៗ អ្នក​ល្បីៗ​ទៅ​បាន​ចូល​ទៅ​ច្រៀង​ដាក់ រ៉ាឌីយូ (វិទ្យុ) ប៉ុល ពត គាត់​ក៏​បាន​ស្លាប់​អស់។ បើ​សិន​ជា​ប្រជារាស្ត្រ​យល់​ដឹង​កុំ​ស្រឡាញ់​សម្ដេច​តា​ពេក មិន​ជា​មាន​ការ​ស្លាប់​រង្គាល​របៀប​ហ្នឹង​ទេ»
ទោះ​បី​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​របស់​ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ យ៉ាង​នេះ​ក៏​ដោយ ប៉ុន្តែ​ចំណែក​ក្រុម​ខ្មែរ​ក្រហម ឬ​ក្រុម ប៉ុល ពត បាន​សំដែង​ក្ដី​អបអរ​ចំពោះ​ព្រះអង្គ​ទៅ​វិញ ពីព្រោះ​គេ​បាន​ឃើញ​ថា នយោបាយ​អព្យាក្រឹត​របស់​ទ្រង់​យ៉ាង​ហោច​ណាស់​បាន​ជួយ​បញ្ចៀស​ប្រទេស​កម្ពុជា ឲ្យ​រួច​ផុត​ពី​ភ្លើង​សង្គ្រាម​បាន ១៥​ឆ្នាំ​ដែរ។
នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ស្ដីពី​ប្រវត្តិសាស្ត្រ​កម្ពុជា ថ្មីៗ​នេះ ដែល​និពន្ធ​ដោយ​លោក ខៀវ សំផន អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​សរសេរ​ថា សម្ដេច​ព្រះ នរោត្តម សីហនុ បាន​បញ្ចៀស​ភ្លើង​សង្គ្រាម ១៥​ឆ្នាំ​នោះ គឺ​លោក​បាន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​មិន​តិច​ទេ។
អត្ថបទ​ដដែល​បាន​បន្ត​ថា រី​ឯ​គ្រោះ​មហន្តរាយ​ដែល​កើត​មាន​ឡើង​នៅ​ពេល​នោះ គឺ​ជា​ព្យុះ​សង្ឃរា​នៃ​សង្គ្រាម​ត្រជាក់​របស់​ប្រទេស​មហា​អំណាច និង​សង្គ្រាម​វៀតណាម មាន​កម្លាំង​ខ្លាំងក្លា​ពេក​ដែល​ហួស​ពី​សមត្ថភាព​របស់​ព្រះអង្គ​មិន​អាច​ ទប់ទល់​បាន។
ក្រៅ​ពី​មាន​ការ​សរសើរ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម អំពី​គុណ​សម្បត្តិ​បញ្ចៀស​សង្គ្រាម​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​នោះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​បាន​សរសើរ​ព្រះអង្គ​ថា គឺ​ជា​អ្នក​ដឹកនាំ​ប្រទេស​មួយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្ដា​អ្នក​ដឹកនាំ​ ប្រទេស​ដទៃ​នៅ​ក្នុង​សកល​លោក។ លក្ខណៈ​ខុស​ប្លែក​នោះ គឺ​ព្រះអង្គ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​ហើយ ប៉ុន្តែ​ទ្រង់​នៅ​តែ​មាន​មធ្យោបាយ​អាច​ធ្វើ​ឲ្យ​ខ្លួន​ព្រះអង្គ​បាន​វិល​ ត្រឡប់​មក​គ្រង​រាជ្យ​នៅ​ប្រទេស​កម្ពុជា សារ​ជា​ថ្មី​វិញ​បាន​កាល​ពី​ឆ្នាំ​១៩៩៣។
ប្រជាពលរដ្ឋ​ដែល​សរសើរ​នោះ​បាន​បញ្ជាក់​ទៀត​ថា បើ​គេ​ងាក​ទៅ​មើល​អ្នក​ដឹកនាំ​ក្នុង​បណ្ដា​ប្រទេស​ផ្សេងៗ​ក្នុង​សកលលោក ដូចជា​នៅ​អារ៉ាប់ ជា​ដើម​នោះ តែ​កាល​ណា​ប្រជាជន​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​ហើយ គឺ​កម្រ​ឃើញ​វិល​ត្រឡប់​មក​កាន់​តំណែង​វិញ​ទេ៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages