ដោយ ទេព សុរ៉ាវី
2013-02-01
ព្រះរាជពិធីដង្ហែព្រះបរមសពព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានចាប់ផ្ដើមនៅម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១ ខែកុម្ភៈ។ព្រះបរមសពព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែចេញពីព្រះរាជវាំង និងដាក់តម្កល់នៅវាលព្រះបរមមេរុ មុននឹងថ្វាយព្រះភ្លើង នៅថ្ងៃទី៤ ខែកុម្ភៈ ខាងមុខ។ ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរពីចម្ងាយ មកអង្គុយអមសងខាងផ្លូវនៃក្បួនដង្ហែប្រវែងជាង ៦គីឡូម៉ែត្រ ដើម្បីជាការជូនដំណើរព្រះបរមរតនកោដ្ឋជាលើកចុងក្រោយ។
ក្បួនដង្ហែព្រះបរមសព ដោយអមនឹងការថ្វាយស័ង្ខរបស់ក្រុមបារគូ និងការបាញ់កាំភ្លើងធំ ១០១ណាត់ ត្រូវបានធ្វើតាមការព្រាងទុករបស់គណៈកម្មាធិការជាតិរៀបចំព្រះរាជ ពិធីបុណ្យ កាលពីវេលាម៉ោង ៨ និង ៣០នាទី ព្រឹកថ្ងៃទី១ ខែកុម្ភៈ។
ព្រះបរមមញ្ជូសា (មឈូស) ត្រូវបានរំកិលពីព្រះទីន័ងមហាមន្ទីរ (កន្លែងតម្កល់សពក្នុងព្រះរាជវាំង) តាមព្រះទីន័ងរំកិលព្រះបរមសព និងត្រូវបានរំកិលយឺតៗ តាមសង្វាក់ចេញពីរាជវាំងតាមទ្វារជ័យ ទៅតម្កល់លើរាជរថបុស្បុក តុបតែងជារូបនាគរាជ ឋិតនៅមុខព្រះអង្គដងកើ។
ក្នុងពិធីរំកិលព្រះបរមមញ្ជូសា គេឃើញមានប្រជាពលរដ្ឋខ្លះអង្គុយផ្ទាល់ដី ក្រាបសំពះតាំងពីទ្វារជ័យ រហូតដល់រាជទីន័ងបុស្បុកដែលតម្កល់ព្រះបរមមញ្ជូសា។
ព្រះសង្ឃចំនួន ៩០អង្គ នៅតែបន្តសូត្រធម៌បង្សុកូល ភ្លេងស័ង្ខរបស់ក្រុមបារគូ នៅតែបន្លឺកាំភ្លើងធំ ១២គ្រឿង ដែលដាក់តម្រៀបជាជួរ នៅជិតព្រះអង្គដងកើ ក៏ត្រូវបានបាញ់ជាលើកទី១ ម្ដងមួយៗចំនួន ១០១ណាត់ នៅគ្រាដែលព្រះរាជទីន័ងបុស្បុកដង្ហែចេញពីមុខព្រះបរមរាជវាំង ឆ្ពោះទៅកាន់វត្តភ្នំ បន្តទៅវិមានឯករាជ្យ និងបន្តទៅកាន់វាលព្រះមេរុ។
ព្រះបរមរតនកោដ្ឋ អមដោយព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តី ដង្ហែដោយជិះព្រះទីន័ង និងថ្មើរជើង និងមានប្រជាពលរដ្ឋរាប់សែននាក់អង្គុយអមសងខាងផ្លូវជិត ៦គីឡូម៉ែត្រ លើកដៃប្រណម ខ្លះមានកាន់ធូប ទៀន ផ្កាភ្ញី មានរូបព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ខ្លះយំសោកសៅ ដោយមានការរំភើបក្ដុកក្ដួលក្នុងចិត្ត។ ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្លះដួលសន្លប់ ដោយអត់ងងុយ និងអង្គុយក្រោមកម្ដៅថ្ងៃក្ដៅ។
ចំពោះការការពារសុវត្ថិភាព ត្រូវបានសមត្ថកិច្ច កម្លាំងប៉េអិម និងកម្លាំងកងការពារអង្គរក្សជាច្រើន ត្រូវដាក់ពង្រាយខ្វាត់ខ្វែងគ្រប់ច្រកចេញចូលយ៉ាងតឹងរ៉ឹង។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាជបុត្រាមានភារៈបួសមុខភ្លើង និងត្រូវអង្គុយលើទីន័ងរថយន្តហែខាងមុខព្រះរាជទីន័ងបុស្បុក។
ព្រះរាជបុត្រីរបស់ព្រះមហាវីរក្សត្រ មានព្រះរាម បុប្ឆា ទេវី និងព្រះរាជបុត្រី នរោត្តម អរុណរស្មី គង់លើទីន័ងរថយន្តបាចលាជជាហូរហែតាមក្បួនដង្ហែ។ មានមនុស្ស ៤នាក់ ឈរអមព្រះបរមមញ្ជូសា ក្នុងនោះមាន ២នាក់ ជាអង្គក្សត្រ និងបារគូ ២រូប។
ក្បួនដង្ហែព្រះបរមសពមានចែកជាផែនចំនួន ១១ ហើយផែននីមួយៗមានមនុស្សចំនួន ៩០រូប រួមមានផែនតំណាងមន្ត្រីរាជការ ផែនសិស្សានុសិស្ស ផែនប្រជាពលរដ្ឋ ទាហាន កងរាជអាវុធហត្ថ នគរបាលជាតិ ក្រុមតំណាងរាស្ត្រ យុវជនកាយឫទ្ធិ ជនជាតិដើមភាគតិច តំណាងជនជាតិចាម តំណាងជនជាតិចិន ជនជាតិវៀតណាម ព្រះសង្ឃ ដូនជី តាអាចារ្យជាដើម។
ពិធីបង្សុកូលត្រូវធ្វើចំនួន ៤កន្លែងជាបន្តបន្ទាប់ នៅត្រង់រូបសំណាក់តេជោមាស តេជោយ៉ត នៅខាងកើតវត្តភ្នំ នៅមុខវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅខាងលិចវិមានឯករាជ្យ មុននឹងឆ្ពោះមកកាន់វាលព្រះបរមមេរុ។
ព្រះរាជទីន័ងបុស្បុក បានដង្ហែមកដល់ព្រះបរមមេរុ នៅវេលាម៉ោង ១២ និង៣០នាទីថ្ងៃត្រង់ និងរៀបចំពិធីរំកិលទៅកាន់ព្រះមហាបញ្ចា ៩ថ្នាក់ ក្នុងព្រះបរមមេរុ។
មុននឹងរំកិលព្រះបរមមញ្ជូសាព្រះបរមរតនកោដ្ឋ ត្រូវបានដង្ហែប្រទក្សិណជុំវិញព្រះមេរុទៅតាមប្រពៃណីទំនៀមទម្លាប់។ កាំភ្លើងធំត្រូវបាញ់ចំនួន ១០១ណាត់ជាលើកទី២។ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី សម្ដេចម៉ែ និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនទៀត ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីដង្ហែប្រទក្សិណនោះ។
ក្រៅពីព្រះរាជវង្សានុវង្ស និងមន្ត្រីសព្វមុខមន្ត្រីកម្ពុជា ចូលរួមដង្ហែ និងគោរពព្រះបរមសព មន្ត្រីជាន់ខ្ពស់ តំណាងប្រទេសជាមិត្តនានាមួយចំនួន ក៏បានអញ្ជើញចូលរួមគោរពព្រះបរមសពដែរ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊ឹម ហយ អាយុ ៥៥ឆ្នាំ ដែលចូលរួមអង្គុយចាំដង្ហែព្រះបរមសពរបស់ព្រះមហាវីរក្សត្រយល់ឃើញ ថា ការដង្ហែព្រះបរមសពនេះជាថ្ងៃចុងក្រោយ ដែលប្រជានុរាស្រ្តរបស់ព្រះអង្គបានជូនដំណើរព្រះអង្គទៅឋានសុគតិភព៖ «យើង គាំទ្រស្ដេចដល់ពេលគាត់ចូលទិវង្គត ស្តាយ ព្រោះអីគាត់នៅជាមួយយើងតាំងពីណាពីណីមក ហើយថ្ងៃនេះជាថ្ងៃចុងក្រោយហើយ»។
ស្របពេលនៃពិធីបុណ្យដង្ហែ និងថ្វាយព្រះភ្លើងដល់ព្រះបរមរតនកោដ្ឋនោះ គេឃើញមានក្រុមយុវជនស្ម័គ្រចិត្តចុះចែកនំបុ័ង បាយ និងទឹក ដោយឥតគិតថ្លៃ ជូនពលរដ្ឋដែលបានចូលរួម។
តែទោះជាយ៉ាងណា យុវជន វ៉ាន វុន ដែលឋិតក្នុងក្រុមយុវជនស្ម័គ្រចិត្តបញ្ជាក់ថា អំណោយបានមកពីមនុស្សធម៌ទាំងនោះ មិនអាចគ្រប់តម្រូវការរបស់ពលរដ្ឋដែលចូលរួមបានទេ ដោយសារតែមានមនុស្សជាច្រើនបានមកកកកុញ។ ភាគច្រើនពលរដ្ឋដែលចូលរួមទាំងនោះជាពលរដ្ឋក្រីក្រ និងមកពីតាមជនបទ៖ «យើងបានជំនួយពីសប្បុរសជនយើង គឺដើម្បីចែកជូនប្រជាពលរដ្ឋ គឺគាត់មកហ្នឹងគាត់ក្ដៅ គាត់ហត់ហេវ គឺគាត់ត្រូវការទឹក អ៊ីចឹងយើងយកទឹកចែកជូនពួកគាត់ដែលត្រូវការទឹក។ជំនួយហ្នឹងបានមក ពីសប្បុរសជនគាត់ជួយជាទឹក ជាបាយ នំប៉័ង ជួនកាលអ្នកខ្លះ ១០ ឬ ២០ ទៅ ៣០កេស»។
រសៀលក្នុងថ្ងៃដដែលនោះ គឺឃើញមានការបើកឲ្យប្រជាពលរដ្ឋចូលថ្វាយបង្គំព្រះបរមសពនៅក្នុង ទីលានព្រះបរមមេរុ។ ចំណែកនៅពេលយប់ មាននិមន្តព្រះសង្ឃចំនួន ៣២អង្គ ទាំងខាងគណៈមហានិកាយ និងគណៈធម្មយុត្តិនិកាយ សូត្រព្រះធម្ម និងមានអុជប្រទីបជ្វាលានៅក្នុងព្រះបរមមេរុ និងបរិវេណជុំវិញ និងមានអុជកាំជ្រួចភ្ញីទៀន។
ដំណើរការនៃព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ
ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ទៅតម្កល់នៅព្រះបរមមេរុ ដើម្បីថ្វាយព្រះភ្លើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ ដែលមានពិធីដង្ហែយ៉ាងអធិកអធម។ ក្នុងនោះ ចំនួនមន្ត្រីអ្នកមុខអ្នកការ រួមទាំងប្រជាពលរដ្ឋចូលរួមពិធីដង្ហែមានចំនួនជាង ៤.៩០០នាក់។ប្រភពពី RFA