ដោយ ទីន ហ្សាការីយ៉ា និង សួន សុផលមុន្នី
2013-02-04
អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន ឲ្យដឹងនៅថ្ងៃទី៤ កុម្ភៈ ថា នៅថ្ងៃព្រះរាជពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ ដោះលែងអ្នកទោសចំនួន ៤០៥នាក់ ក្នុងនោះមានស្ត្រីចំនួន ៦៤នាក់ នៅទូទាំងប្រទេសកម្ពុជា។
អ្នកទោសដែលត្រូវសុំព្រះរាជទានការលើក លែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ នាទីលានព្រះបរមមេរុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
ប្រភេទអ្នកទោសដែលត្រូវព្រះមហាក្សត្រព្រះរាជទានការលើកលែងទោស នោះ គឺអ្នកទោសដែលជាប់គុកចំនួន ២ ភាគ ៣ នៃទោសដែលគេជាប់គុកនោះ។
ក្នុងចំណោមអ្នកទោស ៤០៥នាក់ដែលត្រូវប្រទានការលើកលែងទោសនេះ មានទណ្ឌិតចំនួន ១០៤នាក់ នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ត្រូវបានគេដោះលែង និងបន្ធូរបន្ថយទោស។
តំណាងអយ្យការ និងមន្ត្រីពន្ធនាគារបានឲ្យដឹងថា ក្នុងចំណោមអ្នកទោស ១០៤នាក់ មាន ៧១នាក់ នៅខេត្តបន្ទាយមានជ័យ អ្នកទោស ២៣នាក់ នៅខេត្តបាត់ដំបង និងមានអ្នកទោសចំនួន ១០នាក់ នៅក្នុងខេត្តប៉ៃលិន។ ការដោះលែងនិងបន្ធូរបន្ថយទោសនេះ បានធ្វើឡើងស្របគ្នាជាមួយអ្នកទោសជាច្រើនរយនាក់ទៀតដែលជាប់នៅ បណ្ដាពន្ធនាគារក្នុងប្រទេសកម្ពុជា។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន ថ្លែងនៅថ្ងៃទី៤ ខែកុម្ភៈ ថា ទណ្ឌិតដែលត្រូវលើកលែងទោស និងបន្ធូរបន្ថយទោសនៅខេត្តបាត់ដំបង បានបញ្ជូនទៅទីក្រុងភ្នំពេញ៖ «ក្នុង ពិធីថ្វាយព្រះភ្លើង យើងបានព្រះរាជក្រឹត្យលើកលែង និងបន្ធូរបន្ថយចំនួន ២៣នាក់ លើកលែង ១០នាក់ ស្រី ៣នាក់ អ្នកដែលបានការបន្ធូរបន្ថយ ១២ខែ ៩នាក់ អ្នកបានការបន្ធូរបន្ថយ ៩ខែ ៣នាក់ អ្នកបានការបន្ធូរបន្ថយ ៦ខែ ១នាក់ ហ្នឹងសម្រាប់បុណ្យថ្វាយព្រះភ្លើង»។
ប្រធានពន្ធនាគារខេត្តប៉ៃលិន លោក នូវ ធឿង បានថ្លែងថា នៅខេត្តប៉ៃលិន មានអ្នកទោសចំនួន ១០នាក់ ត្រូវបានប្រកាសលើកលែងទោសដែរ។ ក្នុងចំណោម ១០នាក់មានស្ត្រី ៣នាក់។ ចំណែកនៅខេត្តបន្ទាយមានជ័យ មានអ្នកទោសរហូតដល់ទៅ ៧១នាក់ ដែលទទួលបានការលើកលែងទោស ដែលចំនួននេះច្រើនជាងគេ។
ព្រះរាជក្រឹត្យព្រះមហាក្សត្រចេញផ្សាយកាលពីដើមសប្ដាហ៍មុនបាន បង្ហាញថា នៅក្នុងព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្ដេច ព្រះ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ មានអ្នកទោសចំនួនជិត ៥០០នាក់ ត្រូវដោះលែង និងបន្ធូរបន្ថយទោស។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យដាច់ដោយឡែក មួយ ព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ជនជាតិថៃ ពីរនាក់ ដែលជាសកម្មជនក្រុមអាវលឿងថៃ ដូចគ្នាដែរ៕ប្រភពពី RFA