ដោយ ទេព សុរ៉ាវី
2013-02-04
អនុប្រធានគណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរម សព លោក ញឹក ប៊ុនឆៃ បញ្ជាក់ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ថា ព្រះបរមមេរុដែលតម្កល់ព្រះបរមមញ្ជូសា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នឹងត្រូវរក្សាទុកប្រៀបដូចជាសារមន្ទីរ ក្រោយពីព្រះរាជពិធីថ្វាយព្រះភ្លើងរួច។
១-កុម្ភៈ-២០១៣៖ ព្រះបរមមេរុតម្កល់ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
លោក ញឹក ប៊ុនឆៃ៖ «អត់មានរុះទេ ចង់ឲ្យប្រជាពលរដ្ឋចូលមើល ព្រោះប្រជាពលរដ្ឋឥឡូវលោកមិនបានចូលទាំងអស់ទេ អ៊ីចឹងអាចនឹងចប់ហ្នឹង អាចបើកឲ្យបងប្អូនប្រជាពលរដ្ឋបានចូលទៅមើលទុកសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទៅទស្សនា»។
គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព សម្រេចសាងសង់ព្រះបរមមេរុសម្រាប់ធ្វើព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព នៅក្នុងបរិវេណវាលព្រះមេរុខាងជើងជាប់ព្រះបរមរាជវាំង និងនៅខាងមុខសារមន្ទីរជាតិលើផ្ទៃដីទំហំមួយហិកតារ ដោយចំណាយថវិកាជាង ១លានដុល្លារ។
ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសាងព្រះរូបសំណាករបស់ព្រះបរមសពសម្ដេច នរោត្តម សីហនុ មានកម្ពស់ ៤ម៉ែត្រ និងមានជើងទម្រកម្ពស់ ៣ម៉ែត្រ ដែលសរុបទាំងអស់មានកម្ពស់ ៧ម៉ែត្រ ឋិតនៅជិតនាគបាញ់ទឹកក្បែរវិមានឯករាជ្យ៕ប្រភពពី RFA