ដោយ កែវពេជ្រ មេត្តា
2013-02-03
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរបានឲ្យដឹងថា ព្រះមហាក្សត្រដែលគ្រប់គ្រងប្រទេសកម្ពុជា តាំងពីសម័យបុរាណរហូតដល់បច្ចុប្បន្ន តែកាលណាទ្រង់ចូលព្រះទិវង្គត ពេលនោះគឺតែងតែមានការប្រារព្ធព្រះរាជពិធីបុណ្យព្រះបរមសពទៅតាម ព្រះរាជប្បវេណី (ប្រពៃណី) របស់ព្រះមហាក្សត្រ។រីឯចំពោះប្រវត្តិព្រះរាជពិធីបុណ្យព្រះបរមសពនេះ សម្រាប់ព្រះមហាក្សត្រខ្មែរកាលពីសម័យមុនអង្គរក្ដី ឬក្នុងសម័យអង្គរក្ដី គេពុំឃើញមានឯកសារណាមួយបន្សល់ទុកទេ។ ប៉ុន្តែមានឯកសារមួយចំនួនដែលនិយាយអំពីព្រះរាជប្បវេណីនេះនៅក្រោយ សម័យអង្គរ។
តួយ៉ាងដូចជានៅក្នុងឯកសារមួយដែលផ្ដល់ឲ្យដោយមូលនិធិកេរដំណែល ខ្មែរបានចែងអំពីព្រះរាជពិធីបុណ្យព្រះបរមសពរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា។
ឯកសារនោះគឺគេបានបកប្រែចេញពីភាសាថៃ ដោយបញ្ជាក់ថា ព្រះសិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ទ្រង់បានចូលទិវង្គតនៅរាជធានីភ្នំពេញ ចតុមុខមង្គល នៅថ្ងៃទី៩ ខែសីហា គ.ស ១៩២៧ និងក្នុងព្រះជន្មាយុ ៨៧ព្រះវស្សា។
នៅក្នុងសម័យនោះមានរៀបចំព្រះរាជពិធីជាច្រើន ដូចជានៅថ្ងៃទី១ នៃការសោយព្រះទិវង្គតរបស់ព្រះអង្គ គឺមានព្រះរាជពិធីចំអាសទឹក ដើម្បីសំអាតព្រះបរមសព។ បន្ទាប់មកគេយកផែនមាសទៅគ្របព្រះភ័ក្រ្ត ដែលមានចារឹកអក្សរពីអាយតនៈ៦ (បញ្ជាក់ជាភាសាបាលី ដែលរួមមាន ភ្នែក ច្រមុះ ត្រចៀក អណ្ដាត កាយ និងមនោ)។ ក្រៅពីនេះទៀត ព្រះញាតិវង្សានុវង្សបានយកប្រាក់ដែលគ្របពីលើដោយផែនមាសមកផ្ដិត ព្រះភ័ក្ដ្រ ហើយយកសំពត់ប្រាក់គ្របលើព្រះបរមសព។
ឯកសារដដែលបានបញ្ជាក់ទៀតថា នៅថ្ងៃបន្ទាប់គឺថ្ងៃទី២ ក្នុងវេលាថ្ងៃត្រង់គេក៏បានរៀបចំព្រះរាជពិធីមួយទៀត គឺទ្រង់គ្រឿងអលង្ការផ្សេងៗថ្វាយព្រះបរមសព ឬគេហៅតាមព្រះរាជប្បវេណីថា «ទ្រង់គ្រឿងព្រះមហាសុកាំ»។
ចំពោះគ្រឿងព្រះមហាសុកាំនេះ មានដូចជា សំពត់ប្រាក់ប្រវែងពីរម៉ែត្រសម្រាប់ក្រាលថ្វាយពីក្រោម និង ៤ម៉ែត្រទៀត សម្រាប់គ្របពីលើព្រះបរមសព និងសំពត់ព្រែ (សំពត់អំបោះ) ដែលមានដាំត្បូងទទឹម។ ក្រៅពីនេះទៀត គឺមានសង្វារមាស (ខ្សែពាក់ឆៀង) ដែលមានដាំត្បូងពេជ្រពីរ ជាយសំពត់មាស១ ឥន្ទធនូ ឬធ្នូមាសមួយ ខ្សែទ្រនាប់មាស ១វល័យ (កង) ព្រះកមាស ២វល័យ ព្រះបាទមាស ២ ប្រដាប់ឆ្លងព្រះបាទមាស ១គូ ព្រះទម្រង់មាសដាំមរកតឈុត ១ បារ៉ត ៨តម្លឹង ជាមួយនឹងមាសមួយផែនទម្ងន់ ១តម្លឹង សម្រាប់ដាក់ក្នុងព្រះឱស្ឋ (ក្នុងមាត់) ព្រះបរមសព ហើយនិងរបាំងមុខសម្រាប់បាំងព្រះភ័ក្រ្ត។
នៅក្នុងឯកសារដដែលនោះ បានបញ្ជាក់ថា គ្រឿងព្រះមហាសុកាំដែលគេបំពាក់ថ្វាយព្រះបរមសពព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា ដែលទ្រង់សុគត ក្នុងគ្រិស្តសករាជ ១៩២៧ នោះ គឺមានតម្លៃជាទឹកប្រាក់ដែលគេគិតជារូបិយវត្ថុ ឬប្រាក់របស់ប្រទេសបារាំង មានចំនួន ១០.០០០ហ្វ្រង់។
ឯកសារដដែលបានឲ្យដឹងទៀតថា គ្រឿងព្រះមហាសុកាំ ឬគ្រឿងអលង្ការទាំងប៉ុន្មាន ដែលគេបានដាក់ថ្វាយព្រះបរមសពនោះ ប៉ុន្តែនៅពេលដែលគេថ្វាយព្រះភ្លើង ឬបូជាព្រះបរមសព គឺគេនឹងសុំព្រះរាជអនុញ្ញាតដកចេញមកវិញ ដើម្បីយកទៅសាងជាព្រះពុទ្ធរូបមួយអង្គ ដើម្បីថ្វាយព្រះរាជកុសលដល់ព្រះករុណាព្រះបរមកោដ្ឋ។
ក្រោយពីបានរៀបចំព្រះរាជពិធីទ្រង់គ្រឿងព្រះសុកាំ បន្ទាប់មកទៀត គឺមានរៀបចំព្រះរាជពិធី ១ទៀត គឺសុំយាងព្រះបរមសពថ្វាយបង្គំព្រះពុទ្ធរូប។ ក្រោយពីកម្មវិធីនេះចប់ គេក៏រៀបចំរុំខ្ចប់ព្រះបរមសពដោយកំណាត់សំពត់ស និងសំពត់ព្រែ។ រុំរួចរាល់ហើយក្រុមភូសាមាលា (អ្នកថែរក្សាគ្រឿងតែងកាយព្រះមហាក្សត្រ) បានសុំយាងព្រះបរមសពដាក់ចូលទៅក្នុងព្រះបរមកោដ្ឋមាស។
ឯកសារដដែលបានឲ្យដឹងទៀតថា ក្រោយពីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ សោយទិវង្គតបាន ១ខែ ពេលនោះព្រះមហាក្សត្រអង្គថ្មីដែលស្នងរាជបន្តបានថ្វាយព្រះមរណនាម ដល់ព្រះបរមសពថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ និងជានាយកមូលនិធិកេរដំណែលខ្មែរ។ លោកបានមានប្រសាសន៍ថា ការថ្វាយព្រះមរណនាមដល់ព្រះបរមសពព្រះមហាក្សត្រដែលទ្រង់ចូល ទិវង្គតហើយនោះ គឺគេធ្វើទៅតាមព្រះរាជប្បវេណីពីបុរាណ ដើម្បីផ្សាភ្ជាប់ទៅនឹងជំនឿមួយក្នុងសម័យនោះថា ព្រះមរណនាមនោះ គឺនឹងបានទៅចាប់កំណើតក្នុងស្ថានខ្ពង់ខ្ពស់ គឺស្ថានព្រះអាទិទេព៖ «គឺថា មានព្រះមហាក្សត្រជាច្រើនអង្គដែលលោកបានសោយទិវង្គតទៅហើយមានព្រះ មរណនាម តែងតែភ្ជាប់ទៅនឹងជាមួយព្រះនាមរបស់ព្រះអាទិទេពជានិច្ច»។
នៅក្នុងឯកសារដែលនិយាយអំពីការរៀបចំព្រះរាជពិធីបុណ្យព្រះបរម សពព្រះមហាក្សត្រក្នុងសម័យមុន គឺព្រះករុណា ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ឬ ព្រះស៊ីសុវត្ថិ គឺក្នុងសម័យនោះគេបានតម្កល់ព្រះបរមសពទុកអស់រយៈពេល ៧ខែ ទើបរៀបចំថ្វាយព្រះភ្លើង។
នៅពេលដែលធ្វើព្រះរាជពិធីដង្ហែព្រះបរមសពទៅកាន់ព្រះមេរុដ្ឋាន ឬកន្លែងថ្វាយព្រះភ្លើងក្នុងសម័យនោះ គឺគេតម្កល់ព្រះបរមសពនៅក្នុងកោដ្ឋមាសដែលមានកម្ពស់ជិត ៣ម៉ែត្រ (២,៨០ម៉ែត្រ)។ នៅក្នុងឱកាសនោះ គឺមានការចូលរួមពីសំណាក់ប្រជារាស្ត្រជាច្រើន ព្រមទាំងមន្ត្រីរាជការក្នុងសំលៀកបំពាក់ពណ៌ស ដើម្បីចូលរួមព្រះមរណទុក្ខ។
ក្រៅពីនេះទៀត គឺមានក្រុមស្ត្រីចំនួន ២០នាក់ ក្នុងសម្លៀកបំពាក់ពណ៌ស ហើយនិងកោរសក់ បាននាំគ្នាសូត្របទទំនួញ ដែលតាក់តែងថ្វាយដល់ព្រះបរមសព គឺរៀបរាប់អំពីសកម្មភាពផ្សេងៗរបស់ព្រះមហាក្សត្រកាលដែលព្រះអង្គនៅ មានជីវិតគង់នៅ ហើយនិងក្ដីអាឡោះអាល័យរបស់ប្រជាជាតិ។ ការសូត្របទទំនួញនេះ ឬគេហៅម្យ៉ាងទៀតថា ស្ត្រីយំយាមព្រះបរមសព។
សម្រាប់ព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាក្សត្រខ្មែរក្នុង សម័យបច្ចុប្បន្ន ដូចជាឥឡូវនេះ ដែលរាជរដ្ឋាភិបាល និងប្រជារាស្ត្រខ្មែរកំពុងតែត្រៀមនឹងធ្វើពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ឬ ព្រះមរណនាម ថា ព្រះបរមរតនកោដ្ឋ គេឃើញមានធ្វើព្រះរាជពិធីតាមព្រះរាជប្បវេណីផងដែរ ដូចជាស្ត្រីយំយាមព្រះបរមសពជាដើម។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ បានឲ្យដឹងថា ព្រះរាជប្បវេណីនៃព្រះរាជពិធីបុណ្យព្រះបរមសពរបស់ព្រះមហាក្សត្រ ក្នុងសម័យមុន លោកធ្វើបែបណានោះ ចំពោះព្រះរាជពិធីបុណ្យព្រះបរមសពព្រះបរមរតនកោដ្ឋក្នុងសម័យនេះ ក៏ធ្វើដូចគ្នាដែរ៖ «ក្បួនចេញពីវាំង ក្បួនដើរជុំវិញភ្នំពេញអីទាំងអស់ហ្នឹង គឺរៀបចំដូចគ្នាទេ គ្រាន់តែថា ចំពោះព្រះករុណាព្រះមហាវីរក្សត្រហ៊ឹកហ៊ាក់ជាងក្នុងការរៀបចំព្រះ វាលមេរុហ្នឹង ដោយសារថា មានបច្ចេកទេសបច្ចុប្បន្ន មិនមែនដូចបច្ចេកទេសមុនៗតែប៉ុណ្ណឹងទេ។ ក្រៅពីហ្នឹងគឺក្បួនអីទាំងអស់ហ្នឹង គឺយកទៅតាមក្បួនបុរមបុរាណ»។
ទោះជាយ៉ាងនេះក្តី មានមតិខ្លះបានលើកឡើងថា ព្រះរាជពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋអាចមានកន្លែងខ្លះមិនដូចនឹងព្រះរាជពិធីព្រះ បរមសពក្នុងសម័យបុរាណទេ ជាពិសេសគឺនៅត្រង់អន្លើទុកដាក់ព្រះបរមសពទៅក្នុងកោដ្ឋមាស ដោយហេតុថា ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ទ្រង់បានចូលទិវង្គតនៅឯប្រទេសចិន ហើយពេលនោះគេបានរំកិលព្រះបរមសពដាក់ទៅក្នុងក្ដារមឈូសគឺមិនមែន ដាក់ក្នុងកោដ្ឋមាសទេ។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរ និងជានាយកមូលនិធិកេរដំណែលខ្មែរលោកបានមានប្រសាសន៍ថា លោកមិនបានដឹងថាតើគេរៀបចំទុកដាក់ព្រះបរមសពព្រះមហាវីរក្សត្រ យ៉ាងនោះទេ។ ប៉ុន្តែការសន្និដ្ឋានរបស់លោក គឺប្រសិនបើគេរៀបចំព្រះបរមរតនកោដ្ឋសាជាថ្មី ដោយដាក់ទៅក្នុងកោដ្ឋមាសនោះ គឺអាចនឹងធ្វើឲ្យរំខានដល់ព្រះបរមសព។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា៖ «ក៏ដូចជារំខានដល់ព្រះ វិញ្ញាណក្ខន្ធរបស់ព្រះអង្គដែរ គឺគេប្រយ័ត្នប្រយែងណាស់។ គេប៉ះពាល់ព្រះសពហ្នឹង គឺតិចបំផុត បើសិនថា គេមិនអាចប៉ះបាន គឺគេមិនប៉ះតែម្ដង សូម្បីតែមនុស្សសាមញ្ញហ្នឹង ក៏គេប្រកាន់ពីរឿងសពហ្នឹងដែរ។ អត់មានទៅរុំរើសពហ្នឹងថាចង់ដូរសពយកទៅដាក់មឈូសថ្មីអីអត់ទេ»។
លោកបានឲ្យដឹងដែរថា ទោះជាយ៉ាងណាក៏ដោយ ការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសពព្រះមហាវីរក្សត្រ គេឃើញមានដូចគ្នាច្រើននឹងព្រះរាជប្បវេណីពីបុរាណ ដូចជាការរៀបចំកន្លែងព្រះមេរុទីឈាបនដ្ឋានសម្រាប់ថ្វាយព្រះភ្លើង ព្រះបរមសពជាដើម គឺបានធ្វើនៅទិសឦសាន ដូចគ្នានឹងសម័យមុនដែរ។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា នាយកមូលនិធិកេរដំណែលខ្មែរ បានបន្ថែមថា ការជ្រើសរើសទិសឦសានធ្វើជាទីកន្លែងថ្វាយព្រះភ្លើងនោះ គឺដោយសារផ្អែកលើជំនឿថា ជាទិសរបស់ព្រះឥសូរ ដែលព្រះរាជប្បវេណីមួយជាប់ទាក់ទងនឹងព្រហ្មញ្ញសាសនា។
លោកបណ្ឌិត ចិន្ដ ច័ន្ទរតនា៖ «អ៊ីចឹងហើយបានថា ទិសឦសាន គឺជាទិសដែលសំខាន់សម្រាប់ព្រហ្មញ្ញសាសនា បានន័យថា ជាទិសសម្រាប់សេចក្ដីស្លាប់ក៏បានដែរ គឺគេថ្វាយព្រះភ្លើង ហើយ បន្ទាប់ពីថ្វាយព្រះភ្លើងហើយ បានរើសព្រះអដ្ឋិរបស់ព្រះអង្គហ្នឹងយកមកដាក់ក្នុងកោដ្ឋ ១ទៀតគឺកោដ្ឋមាស គឺដើម្បីឲ្យតម្លៃព្រះមហាក្សត្រនៅសម័យនោះ»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ព្រះរាជពិធីបុណ្យព្រះបរមសពក្នុងព្រះរាជប្បវេណីនៃព្រះមហាក្សត្រ កម្ពុជា ដែលបានធ្វើតៗជំនាន់តាំងពីដើមរៀងមករហូតដល់សព្វថ្ងៃនេះ គេត្រូវតែរក្សាទុកជាវប្បធម៌របស់ជាតិខ្មែរមួយ។ ដោយហេតុថា ព្រះរាជប្បវេណីនេះគឺមានសារសំខាន់ដើម្បីបង្ហាញដល់ជាតិ និងអន្តរជាតិ ឲ្យបានដឹងអំពីវប្បធម៌ និងអរិយធម៌ខ្មែរដ៏សម្បូរបែបដែលមានមកតាំងពីយូរលង់ណាស់មកហើយ៕ប្រភពពី RFA