ព្រះ​មហាក្សត្រ​និង​សម្ដេច​ម៉ែ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​​រតន​កោដ្ឋ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, February 4, 2013

ព្រះ​មហាក្សត្រ​និង​សម្ដេច​ម៉ែ​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​​រតន​កោដ្ឋ

2013-02-04
ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​សម្ដេច​ព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ បាន​ថ្វាយ​ព្រះ​ភ្លើង​ផ្ទាល់​ព្រះហស្ត​ដល់​ព្រះបរមសព ព្រះ​បរម​រតន​កោដ្ឋ កាល​ពី​វេលា​ម៉ោង ៦ និង ៣០​នាទី​យប់ ថ្ងៃ​ទី៤ ខែ​កុម្ភៈ។

RFA/Sochivy
ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ នៅ​យប់​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៣។

មាន​នាម៉ឺន​សព្វ​មុខ​មន្ត្រី យោធា ស៊ីវិល មន្ត្រី​រាជធានី-ខេត្ត រួម​ទាំង​ឥស្សរៈ​បរទេស​ជាន់​ខ្ពស់​ជាច្រើន​រូប បាន​ចូល​ថ្វាយ​បង្គំ​ព្រះបរមសព​ជា​គ្រា​ចុង​ក្រោយ មុន​ពិធី​ថ្វាយ​ព្រះ​ភ្លើង។ ប្រជាពលរដ្ឋ​រាប់​សែន​នាក់ ក្នុង​ទឹក​មុខ​ក្រៀមក្រោះ ខ្លះ​យំ​សោក​សង្រេង​ស្ដាយ​ស្រណោះ​ព្រះបរមសព មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្រាប​បង្គំ​លា​ព្រះ​បរម​រតន​កោដ្ឋ​ជា​លើក​ ចុង​ក្រោយ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​នៅ​ពេល​យប់​នោះ​ទេ។
ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ព្រះ​បរម​រតន​កោដ្ឋ បាន​ប្រព្រឹត្ត​ទៅ​ដោយ​អម​នឹង​ការ​ថ្វាយ​ស័ង្ខ​របស់​ក្រុម​បារគូ ការ​បាញ់​កាំភ្លើង​ធំ ១០១​ណាត់ ភ្លេង​ពិណពាទ្យ ភ្លេង​ក្លងឆ្នៈ ក្រុម​ភ្លេង​ត្រែ​ទ័ព និង​កង​កិត្តិយស​នៃ​កង​យោធា​ទាំង​អស់ ថ្វាយ​ប្រគំ​កំដរ​ព្រមៗ​គ្នា​កាល​ពី​វេលា​ម៉ោង ៦ និង ៣០​នាទី​យប់ ថ្ងៃ​ទី៤ ខែ​កុម្ភៈ។
មុន​នឹង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​រតន​កោដ្ឋ ក្រុម​បារគូ​នៃ​ព្រះបរមរាជវាំង​មួយ​ក្រុម បាន​ធ្វើ​ពិធី​ដង្ហែ​ព្រះ​ភ្លើង​ចេញ​ពី​ព្រះបរមរាជវាំង ដើម្បី​ទៅ​រក្សា​ទុក​នៅ​ព្រះ​បរម​បញ្ចា តាំង​ពី​ម៉ោង ១១ និង ៣០​នាទី ថ្ងៃ​ត្រង់ សម្រាប់​ថ្វាយ​ក្នុង​ពិធី​បូជា​ព្រះ​បរម​រតន​កោដ្ឋ។
ព្រះ​ភ្លើង​សម្រាប់​ថ្វាយ​ព្រះបរមសព ត្រូវ​បាន​ក្រុម​បារគូ​ត្រៀម​ទុក​តាំង​ពី​សប្ដាហ៍​មុន ដែល​បាន​ធ្វើ​ពិធី​សុំ​ព្រះ​ភ្លើង​ពី​ព្រះ​សូរ្យសែង ឬ​កម្តៅ​ព្រះអាទិត្យ។ ក្នុង​ពិធី​សុំ​ព្រះ​ភ្លើង ក្រុម​បារគូ​បាន​ដាក់​កំណាត់​ខ្លឹម​ចន្ទន៍​ក្រស្នា​តូចៗ​ជា​ឈើ​ក្រអូប​នៅ​ពី ​ក្រោម​កែវ​ពង្រីក រហូត​ទាល់​តែ​កម្ទេច​ឈើ​នោះ​ឆេះ​ចេញ​ជា​អណ្ដាត​ភ្លើង ទើប​ក្រុម​បារគូ​យក​ទៀន​ទៅ​អុជ​ចម្លង​យក​ភ្លើង​នោះ​ទៅ​រក្សា​ទុក​សម្រាប់​ ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព។ ពិធី​សុំ​ព្រះ​សូរ្យសែង​នេះ គេ​ឃើញ​មាន​តាំង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ហ្លួង​សោយរាជ្យ​ពី​ជំនាន់​មុនៗ។
នៅ​ពេល​យប់ ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​រតន​កោដ្ឋ ជា​វេន​ចូល​ក្រាប​ថ្វាយ​បង្គំ​លា​ចុង​ក្រោយ​របស់​នាម៉ឺន​សព្វ​មុខ​មន្ត្រី យោធា ស៊ីវិល មន្ត្រី​រាជធានី-ខេត្ត ព្រះរាជវង្សានុវង្ស រួម​ទាំង​ឥស្សរៈ​បរទេស​ជាន់​ខ្ពស់។ រីឯ​ប្រជាពលរដ្ឋ​សាមញ្ញ​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ថ្វាយ​បង្គំ​ព្រះបរមសព​ រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​នោះ ត្រូវ​បាន​ហាមឃាត់​ចំ​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​តែ​ម្តង ដោយ​សមត្ថកិច្ច​បាន​ដាក់​បារ៉ាស់​ជាច្រើន​ថ្នាក់ រារាំង​រលក​មហាជន​មិន​ឲ្យ​សម្រុក​ចូល​ក្នុង​បរិវេណ​ព្រះ​បរម​មេរុ​នោះ​ទេ ដោយ​សម្អាង​ថា ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ដល់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់ និង​អ្នក​មុខ​អ្នក​ការ​ជាច្រើន​រយ​នាក់ ដែល​បាន​ចូល​រួម​ក្នុង​ពិធី។
តែ​ទោះ​ជា​យ៉ាង​ណា ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះបរមសព ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​គោរព​ព្រះ​បរម​រតន​កោដ្ឋ នៅ​ពេល​ព្រឹក​ពី​ម៉ោង ៧ ដល់​ម៉ោង ៩។ ការ​ចូល​ថ្វាយ​បង្គំ​ប្រញាប់​ឲ្យ​ទាន់​វេលា​បិទ​សម្រាប់​ត្រៀម​កន្លែង​ក្នុង ​ពិធី​ពេល​យប់​នោះ ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ដែល​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​តាន់​តាប់​តាំង​ពី​ ព្រហាម មិន​បាន​ក្រាប​ថ្វាយ​បង្គំ​ព្រះបរមសព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់ ដោយ​សារ​តែ​ចំនួន​មនុស្ស​ច្រើន​ពេក ពួក​គាត់​បាន​ត្រឹម​តែ​អនុញ្ញាត​ឲ្យ​ដើរ​ឆ្លង​កាត់​មើល​ព្រះ​បរម​មេរុ ជា​ទី​តម្កល់​ព្រះ​បរម​មញ្ជូសា រួច​ក៏​ចេញ​មក​វិញ​ដោយ​មិន​អស់​ចិត្ត។
បទ​ចំរៀង​ជា​ព្រះរាជ​និពន្ធ​ផ្ទាល់​ព្រះបរមសព​ព្រះបាទ នរោត្តម សីហនុ ដែល​មាន​ចំណង​ជើង​ថា លា​ហើយ​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស ហ្គូដបាយ ខេមបូឌា (Good Bye Cambodia) ត្រូវ​បាន​បង្ហោះ​ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសបុក (Facebook) និង​ចាក់​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាច្រើន ចំ​ថ្ងៃ​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព។
ព្រះអង្គ​បាន​និពន្ធ​បទ​នេះ​តាំង​ពី​ក្នុង​ទសវត្សរ៍​៩០ មក​ម្លេះ ប៉ុន្តែ​ទើប​តែ​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​នៅ​គ្រា​ដែល​អត្ថន័យ​បទ​ ចំរៀង​ហាក់​ដូច​ជា​ព្រះរាជ​បណ្ដាំ​ចុង​ក្រោយ​នៃ​ព្រះជន្ម​សង្ឃា​របស់​ ព្រះអង្គ។
តាម​អត្ថន័យ​បទ​ចំរៀង​ព្រះបរមសព​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ សន្យា​ថា​ទោះ​ជា​ព្រះអង្គ​ក្ស័យ​សង្ខារ ក៏​នៅ​តែ​បម្រើ​ការពារ​អ្នក ដែល "អ្នក" ក្នុង​អត្ថន័យ​បទ​ចំរៀង សំដៅ​ទៅ​លើ​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ។ បទ​ចំរៀង​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ព្រះអង្គ​នៅ​តែ​ស្មោះត្រង់ និង​ស្រឡាញ់​ប្រជានុរាស្ត្រ​ជា​រៀង​រហូត។
ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និង​ជា​ព្រះរាជ​បុត្រា​របស់​ព្រះបាទ នរោត្តម សីហនុ បាន​បួង​សួង​ឲ្យ​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ទ្រង់​ទៅ​គ្រង​រាជ​សម្បត្តិ​នៅ​ ឋាន​សួគ៌ និង​សូម​ឲ្យ​ទ្រង់​នៅ​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា ជា​រៀង​ដរាប។
ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបរមសព ព្រះមហាក្សត្រ​ក៏​បាន​ប្រទាន​ការ​លើក​លែង​ទោស​ដល់​អ្នក​ទោស​ចំនួន ៤០៥​នាក់ នៅ​ទូទាំង​ប្រទេស ដើម្បី​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះរាជ​បិតា​របស់​ទ្រង់។ អ្នក​ទោស ៤០៥​នាក់ មាន​ស្រី​ប្រុស និង​ជន​ពិការ​ផង​នោះ បាន​ពាក់​អាវ​មាន​រូប​ព្រះ​ឆាយាល័ក្ខណ៍​របស់​ព្រះបរមសព ព្រះករុណា ព្រះបាទ នរោត្តម សីហនុ និង​បាន​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​ព្រះ​ភ្លើង។ ព្រះមហាក្សត្រ បាន​ប្រទាន​ព្រះរាជ​អំណោយ និង​ថ្វាយ​លិខិត​លើក​លែង​ទោស​ដល់​ពួក​គេ ក្នុង​ពិធី​នោះ​តែ​ម្តង។
ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ព្រះ​កន្សែង និង​បាន​ទត​ព្រះ​ភ័ក្ដ្រ​ព្រះបរមសព​ជា​លើក​ចុង​ក្រោយ មុន​នឹង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះបរមសព​នៅ​លើ​បញ្ចា ៩​ថ្នាក់។ ព្រះរាជ​ពិធី​នោះ មាន​ការ​អុជ​ប្រទីប​ជ្វាលា និង​មាន​ព្រះរាជវង្សានុវង្ស ក្សត្រា ១​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម រណឫទ្ធិ និង​យុវ័ន ៩០​រូប បួស​មុខ​ភ្លើង ថ្វាយ​ព្រះបរមសព។ ចំពោះ​ការ​រើស​ព្រះ​បរម​អដ្ឋិ នឹង​ត្រូវ​ធ្វើ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី៥ ខែ​កុម្ភៈ៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages