វិបត្តិ​ថវិកា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, February 11, 2013

វិបត្តិ​ថវិកា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម


2013-02-11
វិបត្តិ​ថវិកា​សម្រាប់​សាលាក្ដី​ខ្មែរក្រហម នៅ​តែ​ជា​បញ្ហា​ដដែល​រហូត​មក​ដល់​ពេល​នេះ បើ​ទោះ​ជា​ដូច្នេះ​ក្ដី មិន​ទាន់​មាន​មន្ត្រី ឬ​បុគ្គលិក​ណា​មួយ​ដើរ​ចេញ​រក​ការងារ​ផ្សេង​ធ្វើ ដូច​ការ​ព្រមាន​ក្នុង​ពេល​ថ្មីៗ​នេះ​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​ក្រុម​បុគ្គលិក​នៅ​តែ​រក្សា​ជំហរ​ផ្អាក​ការងារ​នេះ​ដដែល។

RFA/Sok Serey
ប្រជាពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ ក្រហម​មក​ពី​ខេត្ត​កំពត និង​ខេត្ត​កំពង់ចាម ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​សាលាក្ដី​ខ្មែរ​ក្រហម នៅ​សាល​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០។

សាលាក្ដី​ខ្មែរ​ក្រហម​នៅ​តែ​គ្មាន​ចម្លើយ​ពី​ម្ចាស់​ជំនួយ​អំពី​ថវិកា​សម្រាប់​ទ្រទ្រង់​ដំណើរ​ការ​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០១៣។
អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ កុម្ភៈ ថា រហូត​មក​ដល់​ពេល​នេះ មន្ត្រី និង​បុគ្គលិក​ខាង​ភាគី​ខ្មែរ នៅ​តែ​រង់ចាំ​ដំណឹង​ពី​ម្ចាស់​ជំនួយ​ដែល​កំពុង​ពិនិត្យ​ពិចារណា​លើ​គម្រោង​ ស្នើសុំ​ថវិកា៖ «មិន​ទាន់​បាន​ទទួល​ការ​សន្យា​ផ្ដល់​ជំនួយ​ណា​មួយ​ពី​ប្រទេស​ម្ចាស់​ជំនួយ​ នៅ​ឡើយ​ទេ ក្រៅ​អំពី​ការ​ផ្ដល់​បដិភាគ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ១.៨ លាន​ដុល្លារ​អាមេរិក ហើយ​និង​ប្រទេស​អាល្លឺម៉ង់ ចំនួន ៧​សែន​ដុល្លារ​អាមេរិក។ អ៊ីចឹង​គឺ​យើង​ត្រូវ​ការ​ថវិកា​ចំនួន ៧​លាន​ដុល្លារ​អាមេរិក»
គម្រោង​ស្នើ​សុំ​នោះ​ត្រូវ​បាន​ដាក់​ជូន​ក្រុម​ប្រទេស​អ្នក​ផ្ដល់​ជំនួយ​តាំង​ពី​ដើម​ឆ្នាំ​២០១៣ មក។
ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ ទី​៨ កុម្ភៈ លោក​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ក៏​បាន​លើក​អំពី​បញ្ហា​ថវិកា​នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ ជូន​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា​ដែរ គឺ​លោក វីល្លៀម ថត (William Todd)។
មន្ត្រី​នាំ​ពាក្យ និង​អនុ​ប្រធាន​អង្គភាព​ព័ត៌មាន​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឯក ថា មាន​ប្រសាសន៍​ថា នៅ​ក្នុង​ជំនួប​នោះ ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក វីល្លៀម ថត មិន​ទាន់​បាន​បង្ហាញ​ចេតនា​ណា​មួយ​ជួយ​ដល់​ភាគី​កម្ពុជា ក្នុង​រឿង​ថវិកា​នេះ​ទេ ដោយ​គ្រាន់​តែ​ជំរុញ​ឱ្យ​មាន​ជំនួប​ជា​មួយ​ក្រុម​ប្រទេស​ដែល​មាន​សមាន​ចិត្ត ដែល​ហៅ​ថា មិត្ត​សាលាក្ដី​កូន​កាត់​ខ្មែរ​អន្តរជាតិ។
លោក ឯក ថា៖ «ពេល​នេះ​គាត់​អត់​ទាន់​មាន​យោបល់​អី​ថា ជួយ ឬ​មិន​ជួយ​នៅ​ឡើយ​ទេ។ គាត់​ចង់​ឃើញ​ជួប​ជា​មួយ​មិត្ត​របស់​សាលាក្ដី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ ក្រហម​កំពូលៗ ដើម្បី​ស្វែង​រក​ថវិកា»
កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ​នេះ ក្រុម​មន្ត្រី និង​បុគ្គលិក​ខាង​ភាគី​ខ្មែរ​ បាន​ដាក់​លិខិត​មួយ​ទៅ​ផ្នែក​រដ្ឋបាល​នៃ​សាលាក្ដី​ខ្មែរក្រហម ដោយ​ស្វែង​រក​ដំណឹង​អំពី​ប្រាក់​ខែ​របស់​ពួក​គាត់ ដែល​មិន​ទាន់​បាន​ទទួល​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១២ មក។
ថ្មីៗ​នេះ​ដែរ ផ្នែក​រដ្ឋបាល​សាលាក្ដី បាន​ឆ្លើយ​តប​វិញ​ថា ប្រាក់​ខែ​សម្រាប់​ខែ​ធ្នូ​នោះ យឺតយ៉ាវ​ព្រោះ​តែ​បញ្ហា​បច្ចេកទេស​បញ្ជូន​សាច់​ប្រាក់​មក​កម្ពុជា​យឺត។ រី​ឯ​ប្រាក់​ខែ​សម្រាប់​ខែ​មករា ឆ្នាំ​២០១៣ គឺ​ដោយ​សារ​តែ​មិន​ទាន់​មាន​ប្រទេស​ណា​មួយ​សន្យា​ផ្ដល់​លុយ​នៅ​ឡើយ។
អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​ថា ប្រាក់​ខែ​យឺតយ៉ាវ ឬ​ការ​ធ្វើ​ការងារ​ក្នុង​ពេល​គ្មាន​ប្រាក់​ខែ ពិត​ជា​ប៉ះពាល់​ខ្លាំង​ដល់​សតិអារម្មណ៍ និង​ជីវភាព​គ្រួសារ។
ស្រប​ពេល​នោះ​ដែរ ក្រុម​បុគ្គលិក និង​មន្ត្រី​ខាង​ភាគី​ខ្មែរ​ធ្លាប់​ព្រមាន​ជា​មុន​ថា ប្រសិន​បើ​ពួក​គាត់​មិន​មាន​ចម្លើយ​ជា​វិជ្ជមាន​ណា​មួយ​ទេ ពួក​គាត់​នឹង​ពិចារណា​ផ្អាក​ការងារ​ពី​សាលាក្ដី​ខ្មែរក្រហម ដោយ​រក​ការងារ​ផ្សេង​ធ្វើ ដើម្បី​ដោះស្រាយ​ជីវភាព។
លោក នេត្រ ភក្ត្រា បញ្ជាក់​ថា ជំហរ​របស់​បុគ្គលិក​នៅ​តែ​រក្សា​ដដែល៖ «ខ្ញុំ ​មិន​ទាន់​អាច​ប៉ាន់​ស្មាន​ថា តើ​គោល​ជំហរ​របស់​មន្ត្រី​បុគ្គលិក​ទាំង ២៨៧​នាក់ ដែល​ពួក​គាត់​មិន​ទាន់​បាន​ប្រាក់​ខែ​តាំង​ពី​ខែ​ធ្នូ រហូត​មក​ដល់​ពេល​នេះ ចាប់​តាំង​ពី​អ្នក​បើកបរ​រហូត​ដល់​ចៅក្រម​ហ្នឹង គាត់​នឹង​ចាត់​វិធានការ​យ៉ាង​ណា​បន្ត​ទៀត​ទេ ដោយ​កំពុង​តែ​ទន្ទឹង​រង់ចាំ​ចម្លើយ ហើយ​យើង​នឹង​ដឹង​ពី​ជំហរ​ពិត​ប្រាកដ​ហ្នឹង​នៅ​ក្នុង​សប្ដាហ៍​ខាង​មុខ​ទៀត»
សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​ការ​ថវិកា​ជាង ៤០​លាន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ដំណើរ​ការ​កាត់​ក្ដី​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម នៅ​ឆ្នាំ​២០១៣។ ក្នុង​នោះ ភាគី​កម្ពុជា ត្រូវ​ការ​ថវិកា​ជាង ៩​លាន​ដុល្លារ។
សាលាក្ដី​ខ្មែរ​ក្រហម​ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ជំនុំជម្រះ​ក្ដី​អតីត​ មេដឹកនាំ​ខ្មែរក្រហម ពី​ឆ្នាំ​២០០៦ មក​បាន​ចំណាយ​លុយ​ជាង ១០០​សហរដ្ឋ​អាមេរិក​ហើយ។ ថវិកា​ដែល​បាន​មក​នោះ គឺ​បាន​ទទួល​ពី​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ​ធំៗ មួយ​ចំនួន ដូច​ជា​ប្រទេស​ជប៉ុន សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស អូស្ត្រាលី បារាំង និង​អាល្លឺម៉ង់។
សាលាក្ដី​កូន​កាត់​ខ្មែរ​អន្តរជាតិ​មួយ​នេះ កាល​ពី​ដើម​ឆ្នាំ​២០១២ បាន​សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គុក​ទួល​ស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម ០០១ ឱ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។
បច្ចុប្បន្ន​នេះ សាលាក្ដី​កំពុង​ជំនុំជម្រះ​លើ​សំណុំ​រឿង​លេខ ០០២ ដែល​មាន​ជន​ជាប់​ចោទ​ ដែល​មាន​វ័យ​ជរា​ចំនួន ៣​រូប គឺ​ជន​ជាប់​ចោទ នួន ជា អៀង សារី និង ខៀវ សំផន ទាក់ទង​នឹង​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ២​នាក់ ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩។
បញ្ហា​អស់​ថវិកា​នៅ​សាលាក្ដី​ខ្មែរក្រហម សម្រាប់​ដំណើរការ​ជំនុំជម្រះ​រឿង​ក្ដី​អតីត​មេដឹកនាំ​ទាំង​នេះ តែង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ ជា​ពិសេស​ខាង​ភាគី​ខ្មែរ។ ក៏​ប៉ុន្តែ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​បន្ថែម​ថា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​បុគ្គលិក​ណា​មួយ​សុំ​ផ្អាក​ការងារ​ទៅ​រក​ចំណូល​តាម​ការងារ​ ផ្សេង​នៅ​ឡើយ​ទេ ដោយ​ទុក​ពេល​វេលា​ឱ្យ​ផ្នែក​រដ្ឋបាល​ធ្វើ​ការ​ជា​មួយ​ក្រុម​ម្ចាស់​ជំនួយ​ មួយ​រយៈ​ទៀត​សិន៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages