ដោយ ទីន ហ្សាការីយ៉ា
2013-02-11
ប្រធានក្រុមហ៊ុនអចលនទ្រព្យភាពីម៉ិច ជាភរិយាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា និងជាតំណាងក្រុមហ៊ុនស៊ូកាគូ អភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចម្រូងចម្រាស បានផ្ដល់អាំងប៉ាវ ជាទ្រង់ទ្រាយធំដល់កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលជា ច្រើននាក់ក្នុងថ្ងៃចូលឆ្នាំចិន។
កងកម្លាំងអាជ្ញាធរកំពុងចោមរោមវាយទាត់ ធាក់យុវជនម្នាក់ដែលប្រឆាំងនឹងការកម្ទេចផ្ទះអ្នកបឹងកក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១។
ការផ្ដល់អាំងប៉ាវ ដល់កងកម្លាំងចម្រុះជាទ្រង់ទ្រាយធំមួយរបស់អ្នកស្រី ជឹង សុភាព ជាម្ចាស់ក្រុមហ៊ុនភាពីម៉ិច (Pheapimex) នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម នេះ ជាការឆ្លុះបញ្ចាំងអំពីកងកម្លាំងចម្រុះរបស់រដ្ឋាភិបាល ស្ថិតនៅក្រោមឥទ្ធិពលអ្នកជំនួញដ៏ធំមួយនៅកម្ពុជា។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកវិភាគ បានលើកឡើងថា ការផ្ដល់អាំងប៉ាវជាទ្រង់ទ្រាយធំហើយ បើកចំហរបស់ប្រធានក្រុមហ៊ុនភាពីម៉ិច គឺអ្នកស្រី ជឹង សុភាព ហៅ យាយភូ ដែលជាភរិយារបស់លោក ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា ដែលលោកជាតំណាងក្រុមហ៊ុនស៊ូកាគូ (Shukaku) អភិវឌ្ឍន៍តំបន់បឹងកក់ដ៏ចម្រូងចម្រាសមិនទាន់ដោះស្រាយចេញនៅឡើយ រវាងប្រជាពលរដ្ឋនោះ ថាជាការឆ្លុះបញ្ចាំងអំពីឥទ្ធិពលរបស់ខ្លួន។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត បានអះអាងថា កាលពីថ្ងៃអាទិត្យ ទី១០ កុម្ភៈ អ្នកស្រី ជឹង សុភាព បានផ្ដល់អាំងប៉ាវ ដែលអាំងប៉ាវនីមួយៗ មានលុយនៅក្នុងនោះចន្លោះពី ៣ម៉ឺន ទៅ ៥ម៉ឺនរៀល ទៅឲ្យកងកម្លាំងរដ្ឋាលភិបាលជាង ១ពាន់នាក់។
លោក អំ សំអាត បញ្ជាក់ថា ប្រសិនបើការផ្ដល់អាំងប៉ាវនេះ ក្នុងគោលបំណងលើកទឹកចិត្តដល់កងកម្លាំងនោះ គេត្រូវផ្ដល់ជូនដល់កងកម្លាំងនៅទូទាំងប្រទេសមិនផ្ដល់តែមួយក្រុម ដូច្នេះទេ។
មានទឡ្ហីករណ៍ជាច្រើនដែលក្រុមមន្ត្រីសិទ្ធិមនុស្ស និងក្រុមអ្នកវិភាគបានលើកឡើងពីភាពមិនប្រក្រតីក្នុងការផ្ដល់ អាំងប៉ាវ របស់ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏មានឥទ្ធិពលទៅឲ្យក្រុមសមត្ថកិច្ច កងកម្លាំងចម្រុះនេះ ដោយសារថា ការផ្ដល់អាំងប៉ាវនេះ ជាប់ទាក់ទងនឹងទំនាស់ផលប្រយោជន៍ ពោលគឺនៅពេលក្រុមហ៊ុនបណ្ដេញចេញប្រជាពលរដ្ឋនៅតំបន់បឹងកក់កន្លងមក គេសង្កេតឃើញកងកម្លាំងសមត្ថកិច្ចទាំងនោះជាអ្នកចេញមុខការពារឲ្យ ក្រុមហ៊ុនស៊ូកាគូ ដែលទាក់ទងលោក ឡាវ ម៉េងឃីន ដែរនោះ រហូតដល់កងកម្លាំងបានប្រើអំពើហិង្សាដល់ប្រជាពលរដ្ឋថែមទៀត។
ម្យ៉ាងវិញទៀត ក្រុមហ៊ុនភាពីម៉ិច របស់អ្នកស្រី ជឹង សុភាព ឬហៅ យាយភូ នោះបានទទួលដីសម្បទានសេដ្ឋកិច្ចនៅខែត្រពោធិ៍សាត់ និងខែត្រកំពង់ឆ្នាំង ជាង ៣១៥.០០០ហិកតារ។ ដែលផ្ទៃដីទាំងនេះមួយចំនួនប៉ះពាល់ទៅលើដីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមានការតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែប្រជាពលរដ្ឋប្រឈមមុខខ្លាំង និងក្រុមសមត្ថកិច្ចដែលទៅយាមការពារដីឲ្យក្រុមហ៊ុន។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយនៅថ្ងៃទី១១ កុម្ភៈ បានស្រង់សំដីមន្ត្រីកងរាជអាវុធជាច្រើននាក់ បានទៅទទួលអាំងប៉ាវ ពីអ្នកស្រី ជឹង សុភាព នៅគេហដ្ឋានផ្ទាល់របស់គាត់នៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី១០ កុម្ភៈ។
មន្ត្រីកងរាជអាវុធហត្ថនោះបានឲ្យដឹងថា ការផ្ដល់អាំងប៉ាវនេះ ជាការដឹងគុណដល់ក្រុមសមត្ថកិច្ច ពីព្រោះថា សមត្ថកិច្ចពួកគាត់ជួយអ្នកស្រី ជឹង សុភាព នៅពេលមានបញ្ហា មិនថា នៅក្រុងភ្នំពេញ ឬនៅតាមបណ្ដាខែត្រនោះទេ។ លោកបញ្ជាក់ថា អ្នកស្រី ជឹង សុភាព ស្រលាញ់ចូលចិត្តមន្ត្រីកងរាជអាវុធហត្ថប្រដាប់អាវុធ ពីព្រោះថា គាត់ដឹងថា ក្រុមសមត្ថកិច្ចទាំងនោះ អាចជួយការពារអ្នកស្រីបាន។
ប្រជាពលរដ្ឋឈ្មោះ សុភា បានផ្ញើអ៊ីម៉ែលមកវិទ្យុអាស៊ីសេរី នៅថ្ងៃទី១១ កុម្ភៈ ដោយមានភ្ជាប់ទាំងរូបថតមន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលដែរនោះថា នៅក្នុងអំឡុងពេលចូលឆ្នាំចិន ថ្ងៃទី២ ឆ្នំានេះ និងដូចឆ្នាំមុនៗដែរនោះ លោកតែងតែឃើញសមត្ថកិច្ចចម្រុះជិះម៉ូតូប្រសាចទាំងហ្វូងៗ ធ្វើដំណើរទៅកាន់ផ្ទះឧកញ៉ាៗ ឬគេហដ្ឋានមន្ត្រីជាន់ខ្ពស់ដែលមានជាប់សែស្រឡាយចិន ដើម្បីទទួលអំាងប៉ាវ មានន័យថា ក្រដាសកញ្ចប់ក្រហម ឬស្រោមសំបុត្រក្រហម ដែលមានលុយនៅក្នុងនោះ។
ប្រភពបានបន្តថា ការផ្ដល់ និងទទួលអំាងប៉ាវ មិនមែនជាអំពើមិនល្អទេ តែបើសិនជាកងកម្លាំងចម្រុះទាំងនោះ ទទួលបានប្រាក់បៀវត្សរ៍សមរម្យប្រសើរជាង។ លោកបញ្ជាក់ថា ធម្មតាមនុស្សក៏គិតពីកិត្តិយសដែរ មិនដើរសុំលុយគេតាមផ្ទះទាំងហ្វូងៗដូចហែកឋិនក្នុងនាមពួកគេជា មន្ត្រីរាជការ។ បរទេសមើលមកក៏មិនសូវជាល្អភ្នែកដែរ។ លោកបន្តថា លោកមិនបន្ទោសសមត្ថកិច្ចទេ តែលោកបញ្ជាក់ថា បើក្រពះឃ្លានហើយ បញ្ហាដែលត្រូវគិតមុន គឺបញ្ហាក្រពះ មិនមែនសេចក្ដីថ្លៃថ្នូរទេ។
ទាក់ទងនិងបញ្ហានេះ អនុប្រធានក្រុមស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត បានសង្កត់ធ្ងន់ថា ការផ្ដល់អាំងប៉ាវ ដល់កងរាជអាវុធហត្ថនេះ ជាការសូកប៉ាន់ ឬយ៉ាងណា?
លោក ចាន់ សុវ៉េត អះអាងថា កងកម្លាំងត្រូវតែស្ថិតនៅក្នុងភាពឯករាជ្យរបស់ខ្លួន និងស្ថិតនៅក្រោមមេបញ្ជាការរបស់ខ្លួនដែលជាកងកម្លាំងរបស់ រដ្ឋាភិបាល ធ្វើការដើម្បីការពារផលប្រយោជន៍សាធារណៈមិនមែនស្ថិតនៅក្រោមឥទ្ធិពល របស់ក្រុមឈ្មួញអ្នកមានអំណាចទេ។
ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការផ្ដល់អាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិន វៀតណាម ជាការសម្ដែងនូវទឹកចិត្តមនុស្សធម៌។
បន្ថែមពីលើនេះទៀត ក្រុមមន្ត្រីសិទ្ធិមនុស្សបានលើកឡើងថា មន្ត្រីកងរាជអាវុធហត្ថមួយចំនួនធ្វើការស្ថិតនៅក្រោមឥទ្ធិពលអ្នក មានអំណាចធ្វើការដើម្បីការពារអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ម្យ៉ាងវិញទៀត ការផ្ដល់អាំងប៉ាវ ជូនកងកម្លាំងសមត្ថកិច្ចដូច្នេះ ជាសារមួយដើម្បីបង្ហាញដល់សាធារណជន ពិសេសក្រុមអ្នកដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូ និងក្រុមហ៊ុនភាពីម៉ិចនោះថា ក្រុមទាំងពីរនេះជាក្រុមហ៊ុនដែលមានអំណាច ហើយគេអាចប្រើប្រាស់កងកម្លាំងប្រដាប់អាវុធដើម្បីការពារផលប្រយោជន៍ ក្រុមហ៊ុននៅពេលណាក៏បាន។
ភ្ជាប់នឹងបញ្ហានេះ ក្រុមសិទ្ធិមនុស្សបានលើកជាឧទាហរណ៍ជាក់ស្ដែងដែលមិនទាន់មានដំណោះ ស្រាយនៅឡើយនៅតំបន់បឹងកក់ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីជាង ១២ហិកតារឲ្យអ្នកភូមិបឹងកក់ក្ដី ប៉ុន្តែបញ្ហានេះក្រុមហ៊ុន ឬអាជ្ញាធរមិនទាន់បែងចែក ឬបង្ហាញទីតាំងច្បាស់ជូនប្រជាពលរដ្ឋនៅឡើយ។
ជារឿយៗនៅពេលអ្នកភូមិធ្វើការតវ៉ាគេកត់សម្គាល់ឃើញក្រុម សមត្ថកិច្ចតែងតែបង្ក្រាបប្រជាពលរដ្ឋរហូតគិតតាំងពីឆ្នាំ២០០៧ មក បន្ទាប់ពីរដ្ឋាភិបាលបានផ្ដល់ដីតំបន់បឹងកក់ សម្រាប់ឲ្យក្រុមហ៊ុនស៊ូកាគូអភិវឌ្ឍន៍នោះ។
ម្យ៉ាងវិញទៀតអ្នកវិភាគបានពន្យល់ថា ម្ចាស់ក្រុមហ៊ុនឯកជនធ្វើដូច្នេះជាការបង្ហាញអំពីឥទ្ធិពល និងសក្ដានុពលរបស់ខ្លួនឲ្យសាធារណជនឃើញកាន់តែច្បាស់ថែមទៀតថា គេមានទំនាក់ទំនងជិតស្និទ្ធនឹងកងកម្លាំងប្រដាប់អាវុធ ហើយគេអាចប្រើកងកម្លាំងទាំងនោះនៅពេលណាក៏បាន។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា ការផ្ដល់អាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិននេះ ជាការផ្សារភ្ជាប់វប្បធម៌ចិនដល់កម្ពុជា ប៉ុន្តែការផ្ដល់អាំងប៉ាវ ដល់កងកម្លាំងប្រដាប់អាវុធដូច្នេះ មិនមែនជាការផ្ដល់ក្នុងន័យមនុស្សធម៌ទាំងស្រុងនោះទេ តែជាការផ្ដល់តាមបែបការទិញទឹកចិត្ត។
លើសពីនេះទៀត ទាំងអ្នកវិភាគ ទាំងក្រុមសិទ្ធិមនុស្ស បានលើកហេតុផលថា កងកម្លាំងចម្រុះទាំងអស់ជារបស់ជាតិ ដូច្នេះបើក្រុមហ៊ុន ឬបុគ្គលអ្នកមានអំណាចទាំងនោះចង់ផ្ដល់អំណោយណាមួយដល់កងកម្លាំង គេត្រូវផ្ដល់ជាកញ្ចប់ទៅឲ្យរដ្ឋាភិបាល ឬឲ្យតាមរយៈស្ថាប័នរបស់ពួកគេជារួម។ ហើយការធ្វើដូច្នេះ ជាការបញ្ជាក់ឲ្យឃើញថា កងកម្លាំងមួយចំនួននោះការពារផលប្រយោជន៍ក្រុមហ៊ុនជាធំ ជាជាងបម្រើផលប្រយោជន៍សាធារណៈ៕ប្រភពពី RFA