ដោយ សុខ សេរី
2013-02-21
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចម៉ែ គ្រោងគង់នៅទីក្រុងប៉េកាំង ប្រទេសចិននោះ រយៈពេល ២ ឬ ៣សប្ដាហ៍ ហើយព្រះអង្គគ្រោងយាងមកប្រទេសកម្ពុជាវិញ ក្រោយពីបានពិនិត្យព្រះរាជសុខភាពរួចហើយ។
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន និងប្រធានសភាជាតិ លោក ហេង សំរិន បានអញ្ជើញទៅជូនព្រះរាជដំណើរយាងចាកចេញពីមាតុប្រទេសរបស់ព្រះមហាក្សត្រ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្តែគេមិនបានឃើញវត្តមានរបស់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភានៅទីនោះឡើយ។
ក្រៅពីនេះក៏មានសមាជិករាជវង្សានុវង្សបានយាងទៅជូនព្រះរាជដំណើរយាងនោះដែរ មានដូចជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ព្រះអង្គម្ចាស់ នរោត្តម ជីវន្តមុនីរក្ស ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រី ជាដើម។
អតីតលេខាធិការផ្ទាល់របស់ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលប្រាប់អ្នកកាសែតនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថា ការយាងចាកចេញរបស់ព្រះករុណាព្រះមហាក្សត្រនៅពេលនេះ គឺរឿងឯកជនសុទ្ធសាធ មិនជាប់ទាក់ទងនឹងរឿងនយោបាយទេ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ដល់ពេលដែលលោកត្រូវយាងទៅវិញ ដើម្បីពិនិត្យពីសុខភាពលោក។ … ខ្ញុំអត់ដឹងទេ ប៉ុន្តែតាមកម្មវិធីព្រះអង្គត្រូវយាងវិវត្តន៍មកស្រុកខ្មែរវិញ។ … នេះជាឯកជន លោកយាងទៅជាឯកជន ដូច្នេះអត់មានអ្វីជាផ្លូវការ ជាទស្សនកិច្ចជាផ្លូវការក្នុងការពង្រឹងមិត្តភាពរវាងខ្មែរ និងចិនទេ ប៉ុន្តែពេលណាមិត្តភក្ដិជួបគ្នាម្តងៗ គឺតែងតែពង្រឹងនូវមិត្តភាពហ្នឹងហើយ»។
ចំណែកឯអ្នកវិភាគឯករាជ្យ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា គ្រូពេទ្យចិន បានផ្តល់ការព្យាបាលពិសេស និងការជឿទុក្ខចិត្តពិសេស ថ្វាយព្រះមហាក្សត្រខ្មែរក្នុងការពិនិត្យព្រះរាជសុខភាព៖ «ព្រះអង្គបន្តនូវទំនាក់ទំនងអ្វីដែលឪបានធ្វើ។ ទី២ គឺបង្ហាញអំពីអសមត្ថភាពរបស់សុខាភិបាលនៅកម្ពុជា នៅកម្ពុជាហ្នឹង យើងគិតមើលថា សូម្បីតែសម្ដេចស្រុកខ្មែរក៏លែងជឿលើសុខាភិបាលយើងហើយ ទៅពឹងចិនហើយ បាត់បង់ជំនឿ ហេតុអ្វីក៏មិនពង្រឹងសុខាភិបាលយើងបែរជាថ្នាក់ដឹកនាំ តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ថ្នាក់លើមែនទែនទៅប្រទេសកាន់តែមាន...។ អ្នកក្រមែនទែនទៅអត់ព្យាបាលនៅស្រុកខ្មែរអាហ្នឹងបង្ហាញពីភាពមិនមានការរីកចំរើននៅក្នុងវិស័យសុខាភិបាល។ ទី៣ យើងឃើញថា ពេលបោះឆ្នោតជិតមកដល់ហើយ ដូច្នេះទេព្រះអង្គមិនចង់ទាក់ទិននឹងរឿងនយោបាយ។ យើងដឹងហើយថា នយោបាយពេលបច្ចុប្បន្ននេះកំពុងតែក្តៅគគុកមែនទែន»។
គេបានកត់សំគាល់ថា ការយាងចាកចេញរបស់ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី និងសម្ដេចម៉ែ ទៅទីក្រុងប៉េកាំង ប្រទេសចិន នៅពេលនេះ គឺជាលើកដំបូងក្នុងរយៈពេល ៥ខែកន្លងមកនេះ ក្រោយពីការយាងទៅទីក្រុងប៉េកាំងកន្លងមក ដើម្បីយាងព្រះបរមសព នៃព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ មករាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ។
កន្លងមក មន្ត្រីជាន់ខ្ពស់ចិន បានបញ្ជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងចិន នៅតែរឹងមាំ និងស៊ីជំរៅគ្រប់ជ្រុងជ្រោយដដែល ទោះបីជាព្រះមហាវីរក្សត្របានយាងចូលទិវង្គតក៏ដោយ៕
http://www.rfa.org/khmer/news/social-economy/king-goes-to-china-02212013050708.html