មូលហេតុ​ដែល​តម្រូវ​ឲ្យ​មាន​រូប​សត្វ​និង​ព្រៃ​ភ្នំ​ក្នុង​ក្បួន​ដង្ហែ​ព្រះ​បរម​សព - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, January 31, 2013

មូលហេតុ​ដែល​តម្រូវ​ឲ្យ​មាន​រូប​សត្វ​និង​ព្រៃ​ភ្នំ​ក្នុង​ក្បួន​ដង្ហែ​ព្រះ​បរម​សព

2013-01-31
ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ ឬ​ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ ​​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ។ ក្បួន​ដង្ហែ​នោះ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា នឹង​មាន​មនុស្ស​ចូល​រួម​ប្រមាណ​ជិត ២​លាន​នាក់ ក្នុង​នោះ​ក៏​មាន​ទាំង​រូប​សត្វ​ចតុប្បាទ បក្សា​បក្សី ព្រៃ​ភ្នំ​មក​ហែហម​ជាមួយ​ដែរ។

RFA/Tin Zakariya
រូប​សត្វ​ព្រៃ​ព្រឹក្សា​ដែល​គេ​រៀបចំ​ក្នុង​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ ឆ្នាំ​២០១៣។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ទើប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​ បុណ្យ​តម្រូវ​ឲ្យ​មាន​រូប​សត្វ​ព្រៃភ្នំ​ចូល​ដង្ហែ​នៅ​ក្នុង​ក្បួន​ព្រះ​បរម ​រតន​កោដ្ឋ​យ៉ាង​ដូច្នេះ?
ចំពោះ​អត្ថន័យ​ដែល​ដង្ហែ​សត្វ និង​ព្រៃ​ភ្នំ​ក្នុង​ហ្វូង​ក្បួន​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ ត្រូវ​បាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​នេះ ពន្យល់​ថា រូប​សត្វ​ព្រៃ​ភ្នំ​ដែល​ត្រូវ​ដង្ហែ​នោះ ជា​ការ​និមិត្ត ឬ​ស​បញ្ជាក់​ថា មិន​ត្រឹមតែ​មនុស្ស​នោះ​ទេ​ដែល​សោកស្ដាយ និង​ដង្ហែ​ក្បួន​ព្រះ​បរម​សព សូម្បី​ធម្មជាតិ មាន​ព្រៃភ្នំ សត្វ​សាហាវ ចតុប្បាត សត្វ​ស្លាប​នានា ក៏​មាន​ការ​ស្ដាយ​ស្រណោះ និង​ចូល​រួម​ដង្ហែ​ក្បួន​ផង​ដែរ។
លោក ខៀវ កាញារីទ្ធ៖ «ប្រពៃណី​ព្រះ​ករុណា​សោយ​រាជ្យ​សម្បត្តិ​នេះ លោក​គឺ​ជា​ម្ចាស់​ទឹក​ដី​លើ​ព្រៃ​ព្រឹក្សា មនុស្សា​ទាំង​ឡាយ អ៊ីចឹង​ដល់​ពេល​ហែ​នឹង​មនុស្ស​ត្រូវ​មាន​ពលរដ្ឋ​ហើយ តែ​ក៏​ត្រូវ​មាន​សត្វ​ដែរ ព្រោះ​លោក​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​ម្ចាស់​ព្រៃ​ព្រឹក្សា​ទាំង​អស់ អ៊ីចឹង​បាន​គេ​ត្រូវ​មាន​សត្វ​ត្រូវ​ដង្ហែ»
ប្រទេស​កម្ពុជា ធ្លាប់​បាន​ប្រារព្ធ​នូវ​ពិធី​បុណ្យ​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​ជា​ហ្លួង​ សោយ​រាជ្យ​សម្បត្តិ​ពី​ជំនាន់​មុនៗ រួម​មាន​ហ្លួង​ពញាយ៉ាត ហ្លួង​ស៊ីសុវត្ថិ ហ្លួង​អង្គឌួង និង​ហ្លួង​នរោត្តម ជា​ដើម។ ក៏​ប៉ុន្តែ​មន្ត្រី​ព្រះ​បរម​រាជវាំង​បញ្ជាក់​ថា ឯកសារ​ពាក់ព័ន្ធ​នៃ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​អតីត​ព្រះ​មហាក្សត្រ​ទាំង​នោះ មិន​ត្រូវ​បាន​បន្សល់​ទុក​ជា​ឯកសារ​ឲ្យ​ដល់​ក្មេង​ជំនាន់​ក្រោយ​សិក្សា​ពី​ ក្បួន​ខ្នាត ប្រពៃណី​បុណ្យ​ព្រះ​បរម​សព​ព្រះ​មហាក្សត្រ ឬ​អតីត​ព្រះមហាក្សត្រ​ទេ។
រដ្ឋមន្ត្រី​ព្រះ​បរម​រាជវាំង សម្ដេច​ចៅហ្វាវាំង គង់ សំអុល និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​​ព្រះរាជ​ពិធី​ បុណ្យ​ព្រះ​បរម​សព ធ្លាប់​មាន​ប្រសាសន៍​ថា អ្វី​ដែល​កម្ពុជា នៅ​សេស​សល់​បច្ចុប្បន្ន ទុក​ជា​ឯកសារ​ជាក់លាក់ មាន​ទាំង​សំណេរ និង​ជា​វីដេអូ​ផង​នោះ គឺ​មាន​តែ​ការ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​របស់​ហ្លួង នរោត្តម សុរាម្រិត ត្រូវ​ជា​ព្រះរាជ​បិតា​របស់​ព្រះ​ករុណា ព្រះបាទ នរោត្តម សីហនុ ប៉ុណ្ណោះ។
ដោយ​មាន​ឯកសារ​ជាក់​លាក់​នេះ ទើប​ខាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​សម្រេច​ យក​លំអាន​នៃ​ពិធី​បុណ្យ​នោះ​មក​រៀប​ចំ​ថ្វាយ​ព្រះ​បរម​សព​ព្រះ​មហា​ វីរក្សត្រ​សម្ដេច​ព្រះ នរោត្តម សីហនុ ដោយមានដង្ហែរក្បួនជាសត្វ និងថ្វាយព្រះភ្លើងនៅវាលមេរុដូចគ្នា។
លោក ខៀវ កាញារីទ្ធ សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រះ​រាជពិធី​បុណ្យ​ព្រះ​បរម​សព​ពន្យល់​ថា តាម​ប្រពៃណី​ការ​ធ្លាប់​សោយរាជ្យ​សម្បត្តិ​របស់​ព្រះ​មហា​វីរក្សត្រ​សម្ដេច​ ព្រះ នរោត្តម សីហនុ គឺ​ព្រះអង្គ​ជា​ម្ចាស់​លើ​ទឹក​ដី​ព្រៃ​ព្រឹក្សា មនុស្សា​ទាំង​ឡាយ ដូច្នេះ​ទាំង​មនុស្ស សត្វ​ព្រៃ​ភ្នំ​ទាំង​នោះ​ត្រូវ​ដង្ហែ​ព្រះ​បរម​សព​របស់​ព្រះអង្គ។
ទោះ​ជា​យ៉ាង​ណា ក្បួន​ដង្ហែ​ជា​រូប​សត្វ​នោះ​មិន​ត្រូវ​បាន​គេ​យក​សត្វ​ពិត​មក​ដង្ហែ​ទេ ដោយ​ត្រូវ​ជំនួស​ជា​ការ​គូរ ឬ​ឆ្លាក់​ជា​រូប​ដំរី សេះ និង​រូប​សត្វ​ផ្សេងៗ ទៅ​តាម​ការ​កំណត់ មាន​ទាំង​រូប​ព្រៃ និង​ភ្នំ​ដាក់​លើ​រថយន្ត​សម្រាប់​ដង្ហែ ហើយ​ក្នុង​នោះ​ក៏​មាន​មនុស្ស​តែង​ធ្វើ​ជា​ហនុមាន និង​យក្ស​ដង្ហែ​អម​ជាមួយ​ដែរ។
លោក ខៀវ កាញារីទ្ធ៖ «ក្នុង​រូប​នោះ​គេ​អត់​មាន​ហែ​ឆ្ងាយ ដូច្នេះ​គេ​ធ្វើ​សត្វ​ហើយ​ដាក់​កង់​អូស។ លើក​នេះ​ប្រហែល​យើង​ដាក់​ឡាន មាន​តាំង​ជា​ព្រៃ មាន​សត្វ​នេះ​សត្វ​នោះ ហើយ​សត្វ​ដែល​យើង​ឃើញ​មាន​នោះ​មាន​ដំរី សេះ ហើយ​គេ​មាន​ហនុមាន​តែង​តួ​ជិះ​លើ​ដំរី មាន​យក្ស​ទៅ​ដង្ហែ​ទៅ»
បើ​គេ​សិក្សា​ទៅ​តាម​ទេវកថា​វិញ វា​មាន​ការ​ស្រដៀង​គ្នា​ខ្លះ​ទៅ​នឹង​អំណះអំណាង​របស់​មន្ត្រី​គណៈកម្មាធិការ​ ជាតិ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព។ តែ​វា​មាន​លក្ខណៈ​ខុស​គ្នា​ខ្លះ​ត្រង់​ថា នៅ​ក្នុង​ទេវកថា ការ​ដង្ហែ​ក្បួន​នោះ​មិន​មាន​រូប​ព្រៃ និង​ភ្នំ គឺ​មាន​តែ​រូប​សត្វ​នៅ​ក្នុង​ទេពកថា ឬ​ជា​ពពួក​សត្វ​ជា​យាន​របស់​ព្រះ ដូច​ជា​ប្រភេទ​សត្វ​រាជ​សីហ៍ ដំរី ខ្លា ក្នុង​រឿង​ព្រះឥន្ទ្រ ព្រះព្រហ្ម ព្រះឥសូរ ព្រះនរាយ ដែល​ឋិត​នៅ​ភ្នំ​ព្រះ​សុមេរុ ឬ​ឋានសួគ៌។
សាស្ត្រាចារ្យ​ផ្នែក​អរិយធម៌​ខ្មែរ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​ សិល្បៈ លោក ព្រាប ចាន់ម៉ារ៉ា ពន្យល់​ថា ការ​រៀបចំ​ព្រះ​បរម​សព​ថ្វាយ​ស្ដេច​ពី​ជំនាន់​មុន គេ​ធ្វើ​ឡើង​ដោយ​រៀបចំ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជានុរាស្ត្រ​គ្រប់​ មន្ត្រី​នា​ម៉ឺន និង​មាន​ការ​ដង្ហែ​រូប​សត្វ​មាន​ក្នុង​រឿង​ព្រះ មាន​មនុស្ស​ស្លៀក​សម្លៀក​បំពាក់​ដូច​ជា​អ្នក​រាំ​របាំ ដែល​គេ​ចាត់​ទុក​ថា រូប​ទេពនិករ ឬ​ជា​ពពួក​ទេវតា​ដែល​មក​ពី​ភ្នំ​ព្រះ​សុមេរុ។
លោក ព្រាប ចាន់ម៉ារ៉ា បញ្ជាក់​ថា ការ​ដង្ហែ​ក្បួន​ព្រះ​បរម​សព​ថ្វាយ​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហនុ ដោយ​មាន​រូប​សត្វ ព្រៃ​ភ្នំ​ទៅ​វាល​ព្រះ​មេរុ​នោះ គឺ​មាន​អត្ថន័យ​តែ​មួយ​ទៅ​នឹង​ការ​រៀបចំ​ដង្ហែ​ព្រះ​បរម​សព​ពី​ជំនាន់​មុន ដែល​គេ​មាន​ជំនឿ​ថា ពពួក​សត្វ​ទេព ឬ​យាន​របស់​ព្រះ​ដែល​ចុះ​មក​ពី​ឋានសួគ៌ នឹង​មក​ហែហម​ព្រះ​បរម​សព​របស់​ព្រះអង្គ​ទៅ​វាល​ព្រះ​មេរុ ដែល​វាល​ព្រះ​មេរុ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ភ្នំ​ព្រះ​សុមេរុ ជា​ទី​ឋានសួគ៌ ឬ​ឋាន​សុគតិភព។
លោក ព្រាប ចាន់ម៉ារ៉ា៖ «ជា​សត្វ​រាជ​សីហ៍ ដំរី ខ្លា ជា​សត្វ​ដែល​ទាក់ទង​នឹង​ទេព គឺ​មក​ហែ​ព្រះ​បរម​សព​មក​កាន់​ព្រះ​មេរុ គឺ​ភ្នំ​ព្រះ​សុមេរុ​ហ្នឹង ដូច្នេះ​សត្វ​មក​ពី​នោះ​គឺ​ឋាន​ទេព លំនៅ​របស់​ទេព មក​ហែហម​ទៅ។ ប៉ុន្តែ​ឥឡូវ​ឮ​ថា ធ្វើ​រូប​សត្វ​សព្វ​បែប​យ៉ាង រូប​ព្រៃ​ព្រឹក្សា ដោយសារ​តែ​មហាក្សត្រ​គាត់​សោយរាជ្យ គាត់​គ្រប់គ្រង​មនុស្ស សត្វ ទឹក​ដី ព្រៃ​ព្រឹក្សា​ទាំង​អស់ ដូច្នេះ​ហើយ​គេ​យក​រឿង​នេះ​មក​ដាក់​ហែ​ដែរ ថ្មី​គេ​ធ្វើ​អ៊ីចឹង។ ន័យ​ដើម​វា​គឺ​អ៊ីចេះ គឺ​សត្វ​ទាំង​ឡាយ​ដែល​យក​មក​ហែ​ហ្នឹង គឺ​ច្រើន​ជាង​សត្វ​ក្នុង​ទេវកថា រាជ​រថ​បុស្បុក​ហ្នឹង ក៏​ត្រូវ​ដាក់​ទេពនិករ​នៅ​លើ​អី​ហ្នឹង ចង់​ឲ្យ​ព្រះ​បរម​សព​ទៅ​សោយ​សុខ​ក្នុង​សុគតិភព»
ទោះ​ជា​យ៉ាង​ណា អតីត​លេខា​ផ្ទាល់​មហា​វីរក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បញ្ជាក់​ថា ព្រះអង្គ​មិន​បាន​ដឹង​ពី​អត្ថន័យ​នៃ​ការ​ដាក់​ដង្ហែ​ក្បួន​សត្វ​ព្រៃ​ភ្នំ​ តាម​ព្រះ​បរម​សព​របស់​ព្រះ​ករុណា​ព្រះ​បាទ នរោត្តម សីហនុ ទេ។ តែ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ទស្សនៈ​ថា ការ​ដង្ហែ​ប្រមូល​ទាំង​សត្វ ទាំង​មនុស្ស មាន​ព្រៃ​ភ្នំ​មក​ហែហម​នោះ ជា​ការ​រំលឹក​នូវ​វិញ្ញាណក្ខន្ធ​ដ៏​ធំ​ថ្វាយ​ព្រះ​បរម​សព​ព្រះ​កុរណា​ ព្រះបាទ នរោត្តម សីហនុ ដែល​ធ្លាប់​មាន​ព្រះទ័យ​ស្រលាញ់​ប្រជានុរាស្ត្រ ការពារ​សត្វ និង​ព្រៃ​ភ្នំ។
ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ជា​ការ​មួយ​ប្រសើរ​ដែរ ព្រោះ​នោះ​គឺ​ជា​រំលឹក​ព្រះ​មហា​វីរក្សត្រ​លោក​រក្សា​ព្រៃ​ឈើ​នៅ​ស្រុក​ ខ្មែរ ហើយ​លោក​រក្សា​នូវ​សត្វ​ព្រៃ​ដែល​ជា​សត្វ​លោក»
តាម​កម្មវិធី​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១ កុម្ភៈ នឹង​មាន​ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរម​រតន​កោដ្ឋ ចាប់​ផ្ដើម​ពី​មុខ​ព្រះ​បរម​រាជវាំង រហូត​ដល់​វិថី​បក្សី​ចាំ​ក្រុង សំដៅ​វត្ត​ភ្នំ ហើយ​ពី​វត្ត​ភ្នំ មក​តាម​ផ្លូវ​ព្រះ​នរោត្តម មក​វិមាន​ឯករាជ្យ ហើយ​បត់​តាម​មហាវិថី​ព្រះ​នរោត្តម សីហនុ មក​ទិស​ខាង​កើត ឆ្ពោះ​ទៅ​ដល់​ផ្លូវ​សុធារស បត់​ឆ្វេង​មក​កាន់​ព្រះបរមរាជវាំង ចូល​ទៅ​ព្រះ​មេរុ មាន​ចម្ងាយ​ជាង ៦​គីឡូ​ម៉ែត្រ។
នៅ​ក្នុង​ព្រះរាជ​ពិធី​ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ នឹង​មាន​កង​កម្លាំង​ចម្រុះ​ជាង ១​ម៉ឺន ១​ពាន់​នាក់ ដើម្បី​ការពារ​សុវត្ថិភាព រឹត​បន្តឹង​សន្តិសុខ និង​របៀប​រៀបរយ៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages