ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​នឹង​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, January 26, 2013

ថ្នាក់​ដឹក​នាំ​ប្រទេស​មួយ​ចំនួន​នឹង​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង

2013-01-26
ក្រសួង​ការ​បរទេស​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​អំពី​ថ្នាក់​ដឹកនាំ​បរទេស ដែល​នឹង​អញ្ជើញ​ចូល​រួម​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

RFA/Sek Bandith

២៥-មករា-២០១៣៖ ព្រះ​មេរុ​ត្រៀម​សម្រាប់​តម្កល់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣។

ក៏ប៉ុន្តែ ក្នុង​បញ្ជី​ឈ្មោះ​ថ្នាក់​ដឹក​នាំ​នោះ គេ​មិន​ឃើញ​មាន​វត្តមាន​ថ្នាក់​ដឹក​នាំ​ប្រទេស​កូរ៉េខាងជើង ដែល​ធ្លាប់​ជា​មិត្ត​ជិតស្និទ្ធ​របស់​ព្រះ​មហា​វីរក្សត្រ និង​សែ​រាជ​វង្សានុវង្ស​បរទេស ទេ លើក​លែង​តែ​សែ​រាជវង្ស​ប្រទេស​ជប៉ុន តែ​ប៉ុណ្ណោះ។
សេចក្ដី​ជូន​ដំណឹង​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី២៥ មករា បាន​បង្ហាញ​ថា មក​ដល់​ពេល​នេះ​មាន​ថ្នាក់​ដឹកនាំ​បរទេស​ជិត ១៥​ប្រទេស ដែល​នឹង​អញ្ជើញ​ចូល​រួម​ពិធី​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ។
ថ្នាក់​ដឹកនាំ​ទាំង​នោះ មាន​ដូច​ជា៖
-លោក ជា ឈីងលីន (Jia Qinglin) ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រទេស​ចិន។
-ប្រធានាធិបតី​ប្រទេស​បារាំង លោក ហ្សង់ម៉ាក អៃរ៉ូល (Jean-Marc Ayraul)។
-លោក ង្វៀន តាំងយុង (Nguyen Tan Dung) នាយក​រដ្ឋមន្ត្រី​ប្រទេស​វៀតណាម។
-អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yinggluck Shinawatra) នាយក​រដ្ឋមន្ត្រី​ប្រទេស​ថៃ។
-លោក ថងស៊ីន ថាំម៉ាវង់ (Thongsing Thammavong) នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ។
-លោក ជេចូម៉ារ ប៊ីណាយ (Jejomar C. Binay) អនុ​ប្រធានាធិបតី​ហ្វីលីពីន។
-ព្រះអង្គម្ចាស់ អាគីស៊ីណូ (Prince Akishino) នៃ​ប្រទេស​ជប៉ុន។
-លោក ថាមែន សានមូហ្គា រ៉ាថណាម (Thaman Shamugaratman) ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ប្រទេស​សិង្ហបុរី។
-លោក ប៉េទីន ដាតូ ស៊ូយ៉ស ហាជី អូស្មាន (Pehin Dato Suoi Haji Osman) រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ប្រទេស​ប្រ៊ុយណេ​ដារូសាឡាម។
-លោក​សេនា​ប្រមុខ​ទ័ព​ជើង​អាកាស ដ្យូកូ ស៊ូយ៉ាន់តូ រដ្ឋមន្ត្រី​កិច្ចការ​នយោបាយ ច្បាប់ និង​សន្តិសុខ​ឥណ្ឌូណេស៊ី។
-លោក ទីន ណាំង ថេន (Tin Naing Thein) ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​ការិយាល័យ​ប្រធានាធិបតី​ប្រទេស​មីយ៉ាន់ម៉ា (ភូមា)។
-លោក ហា គុមលូល (HA Kum-Loul) ប្រធាន​សេនាធិការ​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង និង​លោក ចន សេនឌឺសាន់ (John Sanderson) ឧត្ដម​សេនីយ៍​ឯក​ប្រទេស​អូស្ត្រាលី។
ក្រៅពី​នេះ មិន​មាន​ឈ្មោះ​ថ្នាក់​ដឹក​នាំ​ប្រទេស​ផ្សេង​ទៀត ជាពិសេស​ប្រទេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក្នុង​បញ្ជី​នេះ​ទេ។
សេចក្ដី​ជូន​ដំណឹង​បាន​បញ្ជាក់​ថា ចំពោះ​ថ្នាក់​ដឹកនាំ​ចិន និង​បារាំង និង​រួម​ទាំង​ព្រះអង្គម្ចាស់​មាន​សែ​រាជវង្ស​ជប៉ុន គឺ​ជា​ភ្ញៀវ​ពិសេស ដែល​នឹង​ត្រូវ​ទទួល​បដិសណ្ឋារកិច្ច​ដោយ​សម្ដេច​ម៉ែ និង​ព្រះមហាក្សត្រ​ផ្ទាល់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ មាន​បន្ទូល​នៅ​ថ្ងៃ​ទី២៦ មករា ថា នេះ​ជា​ប្រពៃណី​របស់​ព្រះ​ករុណា​ព្រះមហាក្សត្រ និង​អតីត​ព្រះករុណា ព្រះ​មហា​វីរក្សត្រ ក្នុង​ការ​ទទួល​ភ្ញៀវ​កិត្តិយស​ជាន់​ខ្ពស់ ដែល​អញ្ជើញ​មក​ទស្សនកិច្ច​ស្រុក​ខ្មែរ ជាពិសេស​ថ្នាក់​ដឹកនាំ​ប្រទេស​ចិន សែ​រាជវង្ស​ជប៉ុន ដែល​មាន​ចំណង​ជិតស្និទ្ធ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «ចំពោះ​រាជ​វង្ស​ជប៉ុន ដោយ​សារ​ថា​រាជវង្ស​ជប៉ុន និង​ព្រះករុណា ព្រះ​មហា​វីរក្សត្រ ហើយ​និង​ព្រះ​ករុណា ព្រះ​មហាក្សត្រ បច្ចុប្បន្ន​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ។ ជាមួយ​រាជវង្ស​ដទៃ​ទៀត យើង​អត់​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ។ ហេតុ​ដូច្នេះ ក្នុង​ឱកាស​រៀបចំ​បុណ្យ​ព្រះបរមសព​របស់​ព្រះករុណា ព្រះ​មហា​វីរក្សត្រ ច្បាស់​ហើយ​ថា​ព្រះ​ករុណា ព្រះ​មហាក្សត្រី ព្រះ​រាជ​មាតា​ជាតិ​ខ្មែរ លោក​នឹង​ទទួល​ភ្ញៀវ​កិត្តិយស​ទាំង​អស់ ជាពិសេស​ប្រទេស​ចិន ផង ខាង​រាជវង្ស​ជប៉ុន លោក​នឹង​ទទួល​លោក​នាយក​រដ្ឋមន្ត្រី​បារាំង ដែរ លោក ហ្សង់ម៉ាក អៃរ៉ូល»
ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ បាន​យាង​សោយ​ទិវង្គត ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១២ នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ហើយ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង ព្រះបរមសព​ព្រះអង្គ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ខាង​មុខ​នេះ៕ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages