ដោយ ដែន អយុធ្យា
2013-01-25
គណបក្សប្រឆាំង និងសង្គមស៊ីវិល ផ្ញើអនុសាសន៍ច្រើនចំណុចជូនស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) កែប្រែបទបញ្ជា និងនីតិវិធីបោះឆ្នោត ដើម្បីជំរុញឲ្យការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មានយុត្តិធម៌ និងត្រឹមត្រូវ។បញ្ហានេះ មន្ត្រី គ.ជ.ប បញ្ជាក់ថា អនុសាសន៍ទាំងនោះត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងដាក់មក គ.ជ.ប យ៉ាងយូរត្រឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៣។
មន្ត្រីអង្គការខុមហ្វ្រែល (Comfrel) បានឲ្យដឹងថា សង្គមស៊ីវិលច្រើនស្ថាប័ន បានលើកយកអនុសាសន៍ចំនួន ១៦ចំណុច ដាក់ជូនស្ថាប័ន គ.ជ.ប ដើម្បីកែលំអ ដើម្បីជំរុញឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិ ទី៥ ឆ្នាំ២០១៣ មានដំណើរការល្អ។
អ្នកស្រី គង់ រ៉ាវីន ជាមន្ត្រីសម្របសម្រួលផ្នែកអង្កេតអង្គការខុមហ្វ្រែល មានប្រសាសន៍នៅថ្ងៃទី២៤ ខែមករា ថា អនុសាសន៍ដែលក្រុមអង្គការសង្គមស៊ីវិលស្នើឲ្យ គ.ជ.ប កែសម្រួលមានដូចជា ស្នើសុំបង្កើតគណៈកម្មការជ្រើសរើស ឬត្រួតពិនិត្យការតែងតាំងសមាជិករៀបចំការបោះឆ្នោតតាមខេត្ត ឬឃុំ-សង្កាត់ ត្រូវឲ្យមានតំណាង គ.ជ.ប និងតំណាងបក្សនយោបាយមានអាសនៈក្នុងរដ្ឋសភាចូលរួម ត្រូវអនុញ្ញាតឲ្យគណបក្សនយោបាយធ្វើការឃោសនានៅតាមសាធារណៈ ឬទីផ្សារ ឲ្យមានការសម្របសម្រួលពីអាជ្ញាធរ ហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនគ្មានស្លាកលេខ ឬស្លាកលេខក្លែងក្លាយ។ មន្ត្រីរាជការស៊ីវិល មន្ត្រីប្រដាប់អាវុធ និងមន្ត្រីតុលាការ មិនត្រូវឲ្យចូលរួមសកម្មភាពឃោសនានោះទេ។
អ្នកស្រីបន្ថែមថា ស្ថាប័ន គ.ជ.ប ត្រូវយករបាយការណ៍ចំណូលចំណាយរបស់គណបក្សនយោបាយក្នុងពេលឃោសនាបោះ ឆ្នោត ដាក់បង្ហាញលើគេហទំព័រ គ.ជ.ប ឲ្យដឹងជាសាធារណៈ និងស្នើឲ្យគ្រប់គណបក្សនយោបាយ ត្រូវផ្ញើរបាយការណ៍ចំណូលចំណាយឲ្យបានត្រឹមត្រូវ។ ជាងនេះទៀត គ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ក៏ត្រូវស្នើឲ្យបើកចំហទ្វារ ឬបង្អួច ដែលអាចមើលឃើញសកម្មភាពរាប់សន្លឹកឆ្នោត និងអនុញ្ញាតឲ្យតំណាងគណបក្សនយោបាយឈរពីក្រោយលេខាធិការនៃការិយាល័យ បោះឆ្នោតជាដើម។
បញ្ហានេះ សម្រាប់មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឲ្យ គ.ជ.ប ពង្រឹងសកម្មភាពការងារក្នុងអំឡុងពេលបោះឆ្នោតតំណាងរាស្ត្រនីតិកាល ទី៥ ឲ្យប្រព្រឹត្តទៅដោយសេរី និងមានយុត្តិធម៌ស្របតាមបទដ្ឋានអន្តរជាតិ។
លោក គួយ ប៊ុនរឿន សមាជិកសភាគណបក្ស សម រង្ស៊ី និងជាតំណាងឲ្យគណបក្សសង្គ្រោះជាតិ។ លោកឲ្យដឹងថា អនុសាសន៍ដែលបក្សប្រឆាំងស្នើឲ្យស្ថាប័ន គ .ជ.ប ទទួលយកអនុសាសន៍របស់លោកសាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya P.Subedi) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ដាក់បញ្ចូលនៅក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣។
លោកសង្កត់ធ្ងន់ថា ដើម្បីឲ្យដំណើរការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ មានយុត្តិធម៌ ស្ថាប័ន គ.ជ.ប គួរអនុវត្តការងាររបស់ខ្លួនឲ្យបានស្មើភាពរវាងគ្រប់គណបក្សនយោបាយ និងបក្សកាន់អំណាចចូលរួមបោះឆ្នោត។
យ៉ាងនេះក្តី មន្ត្រីបក្សប្រឆាំងរូបនេះ ក៏បានកោតសរសើរថ្នាក់ដឹកនាំស្ថាប័ន គ.ជ.ប ដែលបានខិតខំធ្វើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះឡើង។ ប៉ុន្តែយល់ថា នៅមានចំណុចខ្វះខាតជាច្រើន ដែលមិនអាចធានាឲ្យដំណើរការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅឡើយទេ ទាមទារឲ្យ គ.ជ.ប កែលំអថែមទៀត។
លោកបណ្ឌិត សុរិយា ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា បានចេញរបាយការណ៍ឆ្នាំ២០១២ របស់ខ្លួនបង្ហាញថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្មើភាព ដែលគ្រប់គណបក្សនយោបាយ និងប្រជាពលរដ្ឋ អាចទទួលយកបាន ជាកត្តាដ៏សំខាន់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយសមធម៌។
ទោះយ៉ាងណា លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប មានប្រសាសន៍ថា គ.ជ.ប ស្វាគមន៍រាល់ការផ្តល់អនុសាសន៍ជាលាយលក្ខណ៍អក្សរពីគ្រប់គណបក្ស នយោបាយ និងសង្គមស៊ីវិល ផ្ញើមកស្ថាប័ន គ.ជ.ប។ រាល់អនុសាសន៍ដែល គ.ជ.ប ទទួលបាន លោក ទេព នីថា បញ្ជាក់ថា នឹងត្រូវលើកយកមកពិភាក្សាទល់មុខគ្នារវាងម្ចាស់សាមី និងមន្ត្រី គ.ជ.ប ក្រោយថ្ងៃទី២៤ ខែមករា បន្ទាប់ពី គ.ជ.ប ពិនិត្យអនុសាសន៍ទាំងនោះរួចរាល់។
លោកបណ្ឌិត ហង្ស ពុទ្ធា ជានាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា និកហ្វិច (NICFEC)។ លោកបញ្ជាក់ថា ដើម្បីឲ្យការបោះឆ្នោតអាណត្តិទី៥ មានយុត្តិធម៌ និងត្រឹមត្រូវ អាចឲ្យគ្រប់ភាគីពាក់ព័ន្ធទទួលយកបាន គ.ជ.ប ត្រូវតែទទួលយកអនុសាសន៍កែលំអចំណុចខ្វះខាតរបស់សង្គមស៊ីវិល ឬបក្សនយោបាយផ្តល់ជូន បញ្ចូលក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតរបស់ខ្លួនឲ្យបានច្រើន។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣។
ការផ្តល់ប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣។ រីឯការឃោសនាបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។
បញ្ជីឈ្មោះបោះឆ្នោតផ្លូវការសម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ មានអ្នកបោះឆ្នោត ៩.៦៧៥.៤៥៣នាក់ ក្នុងនោះមានស្ត្រី ៥.០៨១.៨៤៣នាក់។ ការបោះឆ្នោតសភានីតិកាលទី៥ មានការិយាល័យបោះឆ្នោតសរុបចំនួន ១៩.០០៩ការិយាល័យទូទាំងប្រទេស៕ប្រភពពី RFA