ដោយ សុ ជីវី
2013-01-23
តំណាងអង្គការមិនមែនរដ្ឋាភិបាលចំនួនបួន បានជួបជុំគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធ ទី២៣ ខែមករា នេះ។ ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ បានផ្សព្វផ្សាយពីរបាយការណ៍ទាក់ទិននឹងស្ថានភាពសិទ្ធិដីធ្លី សិទ្ធិលំនៅឋាន និងសកម្មជនដីធ្លីសម្រាប់ឆ្នាំ២០១២។ស្របគ្នានេះ ក៏បានលើកឡើងនូវសំណើមួយចំនួន ដើម្បីដាក់ជូនរដ្ឋាភិបាលអោយពិចារណាដោះស្រាយបញ្ហាដែលជាជំហានត្រូវ អនុវត្តសម្រាប់អនាគតទាក់ទិននឹងគោលនយោបាយដីធ្លី។
អង្គការមិនមែនរដ្ឋាភិបាល ធ្វើការងារទាក់ទងនឹងសិទ្ធិមនុស្ស ជាពិសេសសិទ្ធិដីធ្លី ស្នើរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន និងបញ្ឈប់ការចោទប្រកាន់សកម្មជនដីធ្លីដាក់ពន្ធនាគារ។
ការស្នើរបស់អង្គការមិនមែនរដ្ឋាភិបាល ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមករា ស្ដីពីរបាយការណ៍ទាក់ទិននឹងស្ថានភាពដីធ្លី សិទ្ធិលំនៅឋាន និងសកម្មជនដីធ្លី សម្រាប់ឆ្នាំ២០១២ និងជំហានទៅមុខ។
សំណើ ១៤ចំណុចរបស់អង្គការមិនមែនរដ្ឋាភិបាលទាំងនោះរួមមាន បញ្ឈប់ការបណ្ដេញចេញដោយបង្ខំ ធានាឲ្យមានដំណោះស្រាយចំពោះបញ្ហាដីធ្លីគ្រប់ប្រភេទ រាល់ការផ្ដល់សំណងត្រូវមានយុត្តិធម៌ ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី បញ្ឈប់ការរារាំងសកម្មភាពតវ៉ាអហិង្សា ដោះលែងសកម្មជនដីធ្លីដែលកំពុងជាប់ពន្ធនាគារ មានអ្នកស្រី យ៉ោម បុប្ផា ជាដើម និងអនុវត្តគោលនយោបាយជាតិស្ដីពីលំនៅឋាន ដែលបានព្រាងតាំងពីឆ្នាំ២០០៦ មក។
អនុប្រធានផ្នែកដីធ្លីរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ការចាប់ជនរងគ្រោះ ឬសកម្មជនដីធ្លីដាក់ពន្ធនាគារបានកើនឡើងនៅក្នុងឆ្នាំ២០១២ កន្លងទៅ ហើយគោលនយោបាយដោះស្រាយដីធ្លីរបស់រដ្ឋាភិបាល បូករួមទាំងការចុះវាស់វែងដីធ្លីរបស់ក្រុមនិស្សិតស្ម័គ្រចិត្ត គឺនៅមិនទាន់ចំគោលដៅទាំងស្រុងនៅឡើយ ជាពិសេសដីធ្លីដែលកំពុងមានជម្លោះ។
របាយការណ៍របស់ក្រុមអង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ មក យ៉ាងហោចណាស់ប្រជាជនចំនួន ៧០ម៉ឺននាក់ ទូទាំងប្រទេស រងផលប៉ះពាល់ពីការចាប់យកដី និងការរើលំនៅឋានដោយបង្ខំ។ ក្នុងនោះប្រហែល ១០% នៃប្រជាជននៅរាជធានីភ្នំពេញ គឺប្រហែល ១៤ម៉ឺន ៥ពាន់នាក់ ត្រូវបានបណ្ដេញចេញ។ ដោយឡែកនៅចុងឆ្នាំ២០១១ ប្រជាជនជិត ៤ម៉ឺននាក់ ស្ថិតក្រោមការគំរាមកំហែងភ្លាមៗនៃការបណ្ដេញចេញ។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត មានប្រសាសន៍ថា មានភាពចាំបាច់គ្រប់ភាគី ជាពិសេសរដ្ឋាភិបាលត្រូវកែលំអស្ថានភាពនៃប្រជាជនងាយរងគ្រោះបំផុតនៅ កម្ពុជា ទាក់ទិននឹងការកាន់កាប់ដី៖ «គឺជាប្រការសំខាន់បំផុតដែល យើងត្រូវមើលឃើញវឌ្ឍនភាពនៅក្នុងវិស័យទាំងនេះនៅកម្ពុជា។ បច្ចុប្បន្នភាព គ្មានដីធ្លីត្រូវបានប៉ាន់ស្មានថាមានពី ២០-២៥% ក្នុងចំណោមចំនួនប្រជាជនសរុប»។
ទោះបីជាការចាប់យកដី គឺជាបញ្ហាសំខាន់ខ្លាំងក្ដី ក៏នៅមានការបារម្ភអំពីផលប៉ះពាល់នៃការវិនិយោគបរទេសធំនៅក្នុង វិស័យកសិកម្ម តាមរយៈការផ្ដល់សម្បទានដីសេដ្ឋកិច្ច។
លេខាធិការប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា លោក សួន ប៊ុនសក្តិ មានប្រសាសន៍ថា រដ្ឋាភិបាលបានអនុវត្តវិធានការមួយចំនួនរួចមកហើយចំពោះការកាត់ បន្ថយបញ្ហាដែលចោទដោយសារការផ្ដល់ដីសម្បទាន។ លោកថា តទៅថ្ងៃមុខ ក៏ទាមទារអោយរដ្ឋបាលស្វែងរកមធ្យោបាយសមស្រប ដែលអាចទទួលបានអត្ថប្រយោជន៍ទាំងពលរដ្ឋ និងអ្នកវិនិយោគ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ជាទូទៅការស្នើរបស់អង្គការមិនមែនរដ្ឋាភិបាល គឺជាអ្វីដែលរដ្ឋាភិបាលកំពុងអនុវត្ត និងកែលំអអោយកាន់តែប្រសើរ។ ទាក់ទិននឹងការដោះលែងសកម្មជន ឬអ្នកជាប់ចោទដោយសារជម្លោះដីធ្លី លោក ផៃ ស៊ីផាន បញ្ជាក់ថា គឺជាតួនាទីរបស់តុលាការ។
នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ការសិក្សារបស់អង្គការមិនមែនរដ្ឋាភិបាលបានរកឃើញដែរថា ចំនួននៃការតវ៉ាក្នុងរឿងជម្លោះដីធ្លី តែងតែធ្លាក់ចុះនៅរៀងរាល់រយៈពេលមួយឆ្នាំមុនការបោះឆ្នោតជាតិ ចូលមកដល់។ នោះក៏ដោយសារតែដំណោះស្រាយតែងត្រូវផ្ដល់អោយជាញឹកញយនៅពេលមាន ជម្លោះដីធ្លី។
បើទោះជាយ៉ាងណា ក្រុមអង្គការមិនមែនរដ្ឋាភិបាលបានទទួលស្គាល់ថា គំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាល ដោយរួមទាំងកំណែទម្រង់ដីធ្លី និងបទបញ្ជាលេខ០១ គឺមានអត្ថប្រយោជន៍ និងទាន់ពេល ប៉ុន្តែមានបញ្ហាប្រឈមក្នុងការអនុវត្ត។ ក្នុងនោះ ការកាប់ឆ្ការដីដាំដំណាំ និងការទន្ទ្រានយកដីដោយក្រុមហ៊ុននៅតែកើតឡើង ចំណែកជនជាតិដើមភាគតិចក៏កំពុងជួបប្រទះការលំបាក៕ប្រភពពី RFA