បក្ស​ប្រឆាំង​រិះគន់​សភា​ថា​ពុំ​មាន​ឆន្ទៈ​តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, January 25, 2013

បក្ស​ប្រឆាំង​រិះគន់​សភា​ថា​ពុំ​មាន​ឆន្ទៈ​តែង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

2013-01-23
ក្រោយ​ពី​ការ​ស្នើ​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ត្រូវ​ បរាជ័យ ដោយ​ការ​បដិសេធ​របស់​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា​មក មន្ត្រី​គណបក្ស សម រង្ស៊ី នៅ​ថ្ងៃ​ទី២៣ មករា ហៅ​ការ​ទាត់​ចោល​នូវ​សំណើ​របស់​ខ្លួន​នោះ​ថា គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​គ្មាន​ឆន្ទៈ​នយោបាយ​របស់​គណៈកម្មការ​មួយ​នេះ ក្នុង​ការ​ធានា​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី​នោះ​ទេ។
RFA/Sok Serey
តំណាង​រាស្ត្រ​គណបក្ស​សម​រង្ស៊ី លោក យឹម សុវណ្ណ



មន្ត្រី​គណបក្ស សម រង្ស៊ី ហៅ​ការ​ច្រាន​ចោល​សំណើ​សេចក្ដី​ស្នើ​ច្បាប់​របស់​ខ្លួន​ទៅ​រដ្ឋសភា ស្ដីពី​សិទ្ធិ​សេរី​ទទួល​បាន​ព័ត៌មាន​ថា គណៈកម្មការ​នៃ​រដ្ឋសភា​មាន​ចារិត​រឹតត្បិត និង​ពុំ​មាន​ឆន្ទៈ​នយោបាយ ដើម្បី​តាក់​តែង​ច្បាប់​នេះ​ឲ្យ​ចេញ​ជា​រូបរាង ដែល​អាច​ធានា​ការពារ និង​បម្រើ​ឲ្យ​ផល​ប្រយោជន៍​សាធារណៈ​បាន។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ចាត់​ទុក​ការ​បដិសេធ​របស់​គណៈកម្មការ​នៃ​រដ្ឋសភា ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​តាក់​តែង​លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ថា គឺ​ជា​លេស​ដើម្បី​បន្ត​ទុក​ឲ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មាន​ពេល​វេលា​ គ្រប់គ្រាន់ ក្នុង​ការ​អនុវត្ត​អំពើ​ពុក​រលួយ​បន្ត​ប៉ុណ្ណោះ។
លោក​គិត​ថា ប្រសិន​បើ​គណៈកម្មការ​នៃ​រដ្ឋសភា រក​ឃើញ​ថា សេចក្ដី​ស្នើ​ច្បាប់​របស់​បក្ស​ប្រឆាំង​នេះ នៅ​មាន​ចន្លោះ​ប្រហោង គេ​គួរ​បង្កើត​យន្តការ​ដើម្បី​ដោះស្រាយ ដើម្បី​ប្រាកដ​ថា​គណៈកម្មការ​នៃ​រដ្ឋសភា ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​តាក់​តែង​គោល​នយោបាយ​នេះ ជា​ជាង​ការ​ច្រាន​ចោល​ដោយ​ពុំ​មាន​មូលដ្ឋាន៖ «អ៊ីចឹង សរុប​សេចក្ដី​មក គណបក្ស​កាន់​អំណាច​ពុំ​មាន​ឆន្ទៈ ហើយ​ប្រើប្រាស់​នូវ​លេស​ហេតុផល​ផ្សេងៗ លេស​ផ្សេងៗ ដើម្បី​ពន្យារ​ការ​អនុវត្ត​ច្បាប់​នេះ ហើយ​បើក​ផ្លូវ​ឲ្យ​អំពើ​ពុក​រលួយ​ហ្នឹង​កាន់​តែ​ជ្រាលជ្រៅៗ​នៅ​ក្នុង​សង្គម​ ខ្មែរ»
ការ​បញ្ជាក់​របស់​លោក យឹម សុវណ្ណ នេះ ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ទី២២ មករា នៅ​វិមាន​រដ្ឋសភា។ ក្នុង​កិច្ច​ប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក ឈាង វុន គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា និង​ដោយ​មាន​ការ​ចូល​រួម​ពី​គណៈកម្មការ​ជំនាញ ៨​ផ្សេង​ទៀត ដែល​ពុំ​ទទួល​យក​ដើម្បី​តាក់​តែង​ជា​គោល​នយោបាយ​នោះ ដោយ​ចាត់​ទុក​ថា សេចក្ដី​ស្នើ​ច្បាប់​នេះ ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​គតិយុត្តិ​ដទៃ​ទៀត។
លោក ឈាង វុន មាន​ប្រសាសន៍​ថា ក្រោយ​ពី​គណៈកម្មការ​ជំនាញ​ទាំង​៩ ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​នេះ រក​ឃើញ​ថា​មាន​ឃ្លា និង​ពាក្យពេចន៍​មួយ​ចំនួន មាន​ភាព​ចម្រូងចម្រាស និង​ពុំ​ត្រឹមត្រូវ ដែល​ពុំ​ចាំបាច់​តម្រូវ​ឲ្យ​លើក​យក​ទៅ​ពិភាក្សា​ក្នុង​របៀបវារៈ​នៃ​សម័យ​ ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា​នោះ​ទេ។
លោក​បន្ត​ថា អ្វី​ដែល​ពុំ​ចាំបាច់​បន្ថែម​ទៀត​នោះ គឺ​រដ្ឋាភិបាល​បាន​បង្កើត​យន្តការ​ឆ្លើយ​តប​ជា​ហូរហែ តាម​រយៈ​មន្ត្រី​នាំ​ពាក្យ​នៅ​តាម​អង្គភាព​និមួយៗ ដែល​ស្រប​ទៅ​នឹង​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ៖ «ធ្វើ​ការ​សិក្សា​ទៅ យើង​បាន​ជម្រាប​គាត់​ថា ដោយ​សារ​សេចក្ដី​ពង្រាង​ស្នើ​ហ្នឹង​ណាស់ ទី​មួយ វា​ខុស​នឹង​ទម្រង់ និង​ច្បាប់​ផ្សេងៗ​ទៀត។ ទី​ពីរ ច្បាប់​នោះ​បង្កើត​ស្នងការ​មួយ​គេ​ហៅ​ស្នងការ​ព័ត៌មាន​មួយ ដែល​មាន​សិទ្ធិ​អំណាច​កំពូល​ណាស់ គាត់​សរសេរ​អ៊ីចឹង​អ្ហា ហើយ​មាន​សិទ្ធិ​តុលាការ​ផង»
វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​លើ​បញ្ហា​នេះ ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២៣ មករា។
លោក សុក សំអឿន នាយក​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ឲ្យ​ដឹង​ថា ជា​ចាំបាច់​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​អនុវត្ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជា​ផ្នែក​មួយ​ដែល​ពុំ​អាច​ខ្វះ​បាន។ លោក​បន្ត​ថា ចំណែក​ប្រទេស​កម្ពុជា ថ្វី​ត្បិត​មាន​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន​យ៉ាង​ណា​ក្ដី ក៏ប៉ុន្តែ​កម្រិត​នៃ​ការ​អនុវត្ត​លើ​ផ្នែក​នេះ នៅ​ពុំ​ទាន់​អាច​បម្រើ​ផល​ប្រយោជន៍​ឲ្យ​បាន​ទូលំទូលាយ​ជា​សាធារណៈ​នៅ​ឡើយ​ ទេ។
លោក សុក សំអឿន៖ «និយាយ​រួម យើង​ឃើញ​មាន​នៅ​ក្នុង​ច្បាប់​របប​សារព័ត៌មាន មាន​ខ្លះ ក៏ប៉ុន្តែ​គ្រាន់​តែ​នៅ​ក្នុង​ច្បាប់​របប​សារព័ត៌មាន​ហ្នឹង វា​អត់​ទាន់​គ្រប់​គ្រាន់។ វា​អត់​ទាន់​គ្រប់គ្រាន់​ម៉េច អត់​ទាន់​គ្រប់គ្រាន់​ត្រង់​ថា​ឲ្យ​អំណាច​ការ​សម្រេច​ប្រគល់​ព័ត៌មាន​ហ្នឹង វា​លើ​ប្រធាន​ស្ថាប័ន ហើយ​អ្នក​ដែល​សុំ គឺ​បាន​ទាល់​អ្នក​កាសែត ដល់​ប្រជាពលរដ្ឋ​ជា​ទូទៅ​អត់​បាន»
ការ​ទទួល​បាន​ព័ត៌មាន​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រក​ឃើញ​ថា នៅ​តែ​មាន​ការ​ប្រឈម​ខ្ពស់​នៅ​ឡើយ ដើម្បី​ទទួល​បាន​ព័ត៌មាន​ដោយ​សេរី និង​តម្លាភាព បើ​ទោះ​ជា​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ខ្លួន​បាន​បំពេញ​កាតព្វកិច្ច​ពេញលេញ តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​អ្នក​នាំ​ពាក្យ​នៅ​តាម​អង្គភាព​របស់​រដ្ឋ​ក្ដី៕​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages