ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, November 19, 2012

ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក

2012-11-19
ថ្វី​ត្បិត​តែ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ពិត​មែន ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា ក៏​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​មហា​អំណាច គឺ​សហរដ្ឋ​អាមេរិក តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ដែរ។
                                                                                                 Photo: Wikipedia.org
                                                                                                                                ទង់ជាតិ​របស់​សហរដ្ឋ​អាមេរិក
ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-​អាមេរិក និង​អាស៊ី​បូព៌ា ក្នុង​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២១ នៅ​ប្រទេស​កម្ពុជា​នេះ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត។
ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា គឺ​មាន​ចំណង​មិត្តភាព​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទោះ​បី​ជា​ទំនាក់ទំនង​នេះ​នៅ​ពេល​ខ្លះ​មាន​ការ​ប្រេះឆា​នឹង​គ្នា​ក្ដី ប៉ុន្តែ​ប្រទេស​កម្ពុជា នៅ​តែ​រក​ច្រក​រក្សា​ទំនាក់ទំនង​ការទូត​នេះ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។
សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មួយ​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ផ្សេងៗ ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ អ្វី​ដែល​ជា​កត្តា​សំខាន់​នោះ សហរដ្ឋ​អាមេរិក​ជា​ប្រទេស​មួយ​ជំរុញ​កម្ពុជា ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស របប​ប្រជាធិបតេយ្យ ទប់​ស្កាត់​អំពើ​ភេរវកម្ម កាត់​បន្ថយ​អំពើ​ពុករលួយ និង​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជាដើម។
អ្នក​ប្រវត្តិសាស្ត្រ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា បន្ទាប់​ពី​ប្រទេស​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​អាណានិគម​និយម​បារាំង នៅ​ឆ្នាំ​១៩៥៣ ហើយ​នៅ​ឆ្នាំ​១៩៥៤ អាមេរិក​បាន​មក​ដាក់​ទូត​នៅ​កម្ពុជា។
អ្នក​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត រស់ ចន្រ្ទាបុត្រ មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​១៩៥៥ ក្នុង​របប​សង្គម​រាស្ត្រ​និយម​នោះ ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទទួល​ស្គាល់​ប្រទេស​ចិន ប្រជាមានិត ជា​ប្រទេស​ចិន​តែមួយ។ ប៉ុន្តែ​នៅ​ពេល​នោះ ទំនាក់ទំនង​សហរដ្ឋអាមេរិក​ហាក់​ដូច​ជា​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​បន្តិច​ម្ដងៗ រហូត​ដល់​កម្ពុជា មាន​គំនាប​ពី​អាមេរិក​ផ្នែក​ជំនួយ​អាវុធ គឺ​កម្ពុជា​មិន​អាច​យក​ជំនួយ​អាវុធ​របស់​អាមេរិក ទៅ​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ទេ ដូចជា​ថៃ ជាដើម។
លោក​បណ្ឌិត រស់ ចន្រ្ទាបុត្រ បាន​ពន្យល់​ថា គោលនយោបាយ​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​អព្យាក្រឹត ដែល​មិន​ចូល​ជាមួយ​ប្រទេស​សេរី ហើយ​ក៏​មិន​ចូល​ជាមួយ​ប្រទេស​កុម្មុយនិស្ត​ដែរ។
នៅ​ចន្លោះ​ឆ្នាំ​១៩៥៥ ឆ្នាំ​១៩៦៣ សហរដ្ឋអាមេរិក​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជិត ៤១០​លាន​ដុល្លារ និង​ជួយ​ដល់​វិស័យ​កងទ័ព​ជាង ៨៣​លាន​ដុល្លារ​អាមេរិក។ ជំនួយ​ទាំង​នេះ​សម្រាប់​ស្ដារ​ប្រទេស​កម្ពុជា ឡើង​វិញ ក្រោយ​ពី​សង្គ្រាម​ត្រជាក់ និង​បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ក្នុង​នោះ​ជួយ​លើក​កម្ពស់​ខាង​ផ្នែក​សន្តិសុខ​ផ្ទៃ​ក្នុង ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ និង​កសាង​កំពង់ផែ​ក្រុង​ព្រះសីហនុ។
កម្ពុជា​និង​សហរដ្ឋ​អាមេរិក ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​នឹង​គ្នា​មិន​ល្អ នៅ​ដើម​ឆ្នាំ​១៩៦០ រហូត​ដល់​ផ្ដាច់​ទំនាក់ទំនង​ការទូត​នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​១៩៦៥។ តែ​នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៦៩ សហរដ្ឋ​អាមេរិក ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ជា​ថ្មី បន្ត​រហូត​នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ រហូត​ដល់​ឆ្នាំ​១៩៧៥។
អាមេរិក​បាន​ផ្ដល់​ជំនួយ​ជាង ១​លាន​ដុល្លារ​ដល់​វិស័យ​កងទ័ព និង​ផ្ដល់​ជំនួយ​ចំនួន ៥០៣​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍន៍​​សេដ្ឋកិច្ច នៅ​ខណៈ​កម្ពុជា មាន​សង្គ្រាម​នៅ​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥។ ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ នៅ​ក្នុង​របប​ខ្មែរ​ក្រហម មិន​ថា អាមេរិក ឬ​ស្ថានទូត​ដទៃ​ទៀត គឺ​គេ​ដក​ទូត​ចេញ​ពី​ទីក្រុង​ភ្នំពេញ ទាំង​អស់​នៅ​ក្នុង​របប​កាប់​សម្លាប់​នោះ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ លោក​បណ្ឌិត រស់ ចន្រ្ទាបុត្រ បាន​អះអាង​ថា លោក​សេនាប្រមុខ លន់ នល់ មាន​នយោបាយ​ទំនោរ​ទៅ​សហរដ្ឋ​អាមេរិក​ខ្លាំង នៅ​ក្នុង​របប​សាធារណរដ្ឋ​ខ្មែរ។ លោក​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​របស់​លោក​សេនា​ប្រមុខ លន់ នល់ ដើរ​តាម​គោលនយោបាយ​របស់​សហរដ្ឋអាមេរិក។
ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក ចាប់​ផ្ដើម​មាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​ឡើង​វិញ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ គឺ​នៅ​ក្រោយ​ពី​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១។ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ជា​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ប្រជាជាតិ​កម្ពុជា ដែល​នាំ​មក​នូវ​ការ​បើក​ចំហ​ផ្នែក​សេដ្ឋកិច្ច ការ​គោរព​សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ពិសេស​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង។
អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​ឲ្យ​ដឹង​ថា ទំនាក់ទំនង​សហរដ្ឋ​អាមេរិក និង​កម្ពុជា បាន​ផ្ដល់​ផលប្រយោជន៍​បី​សំខាន់ៗ​ដល់​កម្ពុជា។ ទី​១ ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​បោះ​ឆ្នោត​ទៅ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ទី​២ អាមេរិក​បាន​កសាង​ផ្លូវ​ជាតិ​លេខ ៤ និង​ទី​៣ អាមេរិក​តែងតែ​ផ្ដល់​ជួយ​ដល់​កម្ពុជា ពិសេស​អាមេរិក​បាន​បើក​ច្រក​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​កម្ពុជា គឺ​ជា​ការ​នាំ​សំលៀក​បំពាក់​ទៅ​កាន់​សហរដ្ឋអាមេរិក ដោយ​គ្មាន​យក​ពន្ធ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ វិស័យ​​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​​ផ្ដល់​ការងារ​​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ប្រមាណ ១,៧​លាន​នាក់។ ទីផ្សារ​សំខាន់​​នៃ​ការ​នាំ​ចេញ​សំលៀក​បំពាក់​កម្ពុជា ទៅ​កាន់​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។
ថ្វី​ត្បិត​​ឆ្នាំ​២០០៥ កូតា​របស់​សហរដ្ឋ​អាមេរិក បាន​បញ្ចប់ ប៉ុន្តែ​ផលិត​ផល​សំលៀក​បំពាក់​របស់​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​រួច​ជា​ស្រេច​​នៅ​ក្នុង​ទីផ្សារ​អាមេរិក។ ប្រការ​នេះ​ជា​កិត្តិនាម​ដ៏​សំខាន់​បំផុត​ដែល​ក្រុមហ៊ុន​​កាត់​ដេរ​នៅ​ កម្ពុជា បាន​កសាង​ឡើង​​ជាមួយ​អតិថិជន​នៅ​អាមេរិក ជា​ពិសេស​អ្នក​បញ្ជា​ទិញ​ធំៗ។
នៅ​ក្នុង​បរិបទ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន ដែល​ក្នុង​មួយ​ឆ្នាំៗ រដ្ឋាភិបាល​ទទួល​ជំនួយ​ពី​ចិន រាប់​រយ​លាន​ដុល្លារ សម្រាប់​មក​កសាង​សេដ្ឋកិច្ច​ជាតិ។ បញ្ហា​នេះ​ក្រុម​អ្នក​វិភាគ​បាន​ពន្យល់​ថា នៅ​ខណៈ​ដែល​ចិន ចាប់​ដៃ​ជាមួយ​កម្ពុជា អាមេរិក​ក៏​មាន​គោលនយោបាយ​រឹត​ចំណង​ការទូត​ជាមួយ​កម្ពុជា ខ្លាំង​ដែរ។
ប្រទេស​អំណាច​ទាំង​ពីរ គឺ​សហរដ្ឋអាមេរិក និង​ចិន ជា​ប្រទេស​ផ្ដល់​ប្រភព​ជំនួយ​ដ៏​សំខាន់​ដល់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​គេ​មើល​ឃើញ​ថា ការ​ជួយ​របស់​ប្រទេស​ទាំង​ពីរ​នេះ មាន​លក្ខណៈ​ខុស​គ្នា​សហរដ្ឋ​អាមេរិក ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា តែ​ទាមទារ​លក្ខណៈ ដូច​ជា​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស កាត់​បន្ថយ​អំពើ​ពុករលួយ​ជាដើម។ រី​ឯ​ចិន​វិញ ផ្ដល់​ជំនួយ​ដល់​កម្ពុជា គ្មាន​លក្ខខណ្ឌ​ទេ តែ​ចិន មក​បណ្ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ដូចជា​ការ​ជីក​រុក​រក​រ៉ែ ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ដើម។
អ្នក​វិភាគ​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី បាន​ពន្យល់​ថា សព្វថ្ងៃ​ប្រទេស​ចិន បាន​ផ្ដល់​ជំនួយ​ច្រើន​ដល់​កម្ពុជា។ បញ្ហា​នេះ ចិន​អាច​មាន​ឥទ្ធិពល​លើ​កម្ពុជា ច្រើន​ជាង​សហរដ្ឋ​អាមេរិក ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយ​ចំនួន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក ដូចជា ថៃ ហ្វីលីពីន និង​វៀតណាម ជាដើម។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ថា អាមេរិក​នៅ​តែ​មាន​ឥទ្ធិពល​ច្រើន​លើ​កម្ពុជា។ ទី​១ ឥទ្ធិពល​ទីផ្សារ ទី​២ ឥទ្ធិពល​ទំនាក់ទំនង​ការបរទេស ទី​៣ ឥទ្ធិពល​ជំនួយ ទី​៤ ការ​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក​ចូល ដោយសារ​កម្ពុជា មាន​អំណោយ​ផល​ធម្មជាតិ។ ប្រការ​នេះ​កម្ពុជា ក៏​ត្រូវ​ការ​អាមេរិក រី​ឯ​អាមេរិក​ក៏​ត្រូវ​ការ​កម្ពុជា។
ដោយ​ឡែក​ប្រភព​ជំនួយ​វិញ ទោះ​បី​ជា​ចិន ផ្ដល់​ជំនួយ​ឲ្យ​កម្ពុជា គ្មាន​ចំណង​ក្ដី ប៉ុន្តែ​ជំនួយ​អាមេរិក មាន​ប្រសិទ្ធភាព​ដល់​កម្ពុជា​ជាង ពីព្រោះ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក មាន​គោលដៅ និង​ទិសដៅ​ច្បាស់លាស់​សម្រាប់​ជួយ​ដល់​កម្ពុជា និង​ការ​តាម​ដាន​ជំនួយ​អំពី​ប្រសិទ្ធភាព​នៃ​ជំនួយ​នោះ។
បច្ចុប្បន្ន​នេះ កម្ពុជា​នៅ​ជំពាក់​បំណុល​សហរដ្ឋអាមេរិក​ប្រមាណ ៤០០​លាន​ដុល្លារ​អាមរិក។ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ក្នុង​គោលបំណង​សំខាន់ ដើម្បី​សុំ​ឲ្យ​អាមេរិក​លុប​ចោល​បំណុល​នេះ ដែល​កម្ពុជា អះអាង​ថា បំណុល​នេះ កម្ពុជា​បាន​ជំពាក់​សហរដ្ឋ​អាមេរិក​នៅ​ទសវត្ស​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គ្រប់គ្រង​ដោយ​សេនាប្រមុខ លន់ នល់ តែ​ត្រូវ​បាន​សហរដ្ឋអាមេរិក បដិសេធ​ចំពោះ​សំណើ​នេះ៕ ​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages