ដោយ ម៉ម មុនីរតន៍
2012-08-09
នេះគឺជាលើកទីមួយហើយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយបំភ្លឺពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម នៅក្នុងសភាចាប់តាំងពីលោកធ្វើជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំមក។ការឆ្លើយសំណួររបស់បក្សជំទាស់នេះ គេសង្កេតឃើញថា លោក ហ៊ុន សែន ប្រើប្រាស់វេទិកាសភាវាយលុកទៅលើបក្សប្រឆាំងជាជាងបើកឲ្យសួរ ឆ្លើយមួយសំណួរម្ដងៗ ដូចសភានៃប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនដែលធ្លាប់បានធ្វើ កន្លងមក។
ដូចមន្ត្រីបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនរំពឹងទុកថា សភាដែលរងការរិះគន់ថាជាសភាប្រថាប់ត្រាសម្រាប់រដ្ឋាភិបាល ដែលមកពីបក្សប្រជាជនដូចគ្នានោះ លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា បានប្រកាសការពារនូវវិធានផ្ទៃក្នុងរបស់ខ្លួនមុនបើកវេទិកាថា លោក ហេង សំរិន នឹងមិនអនុញ្ញាតិឲ្យមានការសួរដេញដោលពីបក្សប្រឆាំងក្នុងរឿង ព្រំដែនជាមួយលោក ហ៊ុន សែន នោះទេ។
លោក ហេង សំរិន៖ «ទោះបីជាយ៉ាងក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះ មិនអាចបើកលទ្ធភាពឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ជូនអង្គសភាជ្រាបថា ព្រឹកនេះខ្ញុំមិនអនុញ្ញាតិឲ្យមានការជជែកដេញដោល ឬឲ្យមានការបោះឆ្នោតប្រភេទណាមួយបានឡើយ»។
មុនឆ្លើយបំភ្លឺនូវសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញមកពីគណបក្ស សម រង្ស៊ី នៅថ្ងៃទី៩ ខែសីហា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ព្រមានមន្ត្រីបក្សប្រឆាំងជាមុនថា ការសម្រេចដើរចេញពីសភាណាមួយរបស់លោក សុន ឆ័យ និងមន្ត្រីបក្ស សម រង្ស៊ី មួយចំនួនទៀត គឺជារឿងដ៏អាម៉ាស់មួយ។ ក្នុងន័យនេះ លោក ហ៊ុន សែន ចំអកថា ការចាកចេញពីរដ្ឋសភាគឺជាទម្លាប់របស់បក្សប្រឆាំងក្នុងពេលប្រជុំ ម្តងៗ នៅពេលណាដែលមន្ត្រីបក្សយល់ថាមិនគួរឲ្យស្ដាប់នោះ។
លោក ហ៊ុន សែន៖ «មុនខ្ញុំបន្ត ខ្ញុំគួរតែនិយាយឲ្យហើយ ពីព្រោះខ្ញុំបារម្ភក្រែងលោឯកឧត្តម សុន ឆ័យ ចាកចេញពីអង្គប្រជុំ។ បើខ្ញុំនិយាយពីក្រោយខ្នងរបស់ឯកឧត្តម សុន ឆ័យ គឺយើងពិតជាមានការលំបាក។ ឯកឧត្ដម សុន ឆ័យ នឹងអាចចោទប្រកាន់ខ្ញុំ។ ឥឡូវ តើឯកឧត្ដម សុន ឆ័យ ជានរណា យើងគួរតែអាចយល់គ្នាឲ្យបានច្បាស់ទៅលើបញ្ហានេះ»។
ការព្រមានទុកជាមុនរបស់នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ហាក់ដឹងថា វាគឺមិនចំទៅនឹងអ្វីដែលមន្ត្រីបក្សប្រឆាំងពេញចិត្តនោះទេ។ ទោះជាបែបណា យន្តការរបស់ប្រមុខរដ្ឋាភិបាលនេះ គឺជាមធ្យោបាយមួយដែលអាចជួយធ្វើឲ្យមន្ត្រីរបស់គណបក្ស សម រង្ស៊ី យ៉ាងហោចណាស់៨រួប ស៊ូទ្រាំស្ដាប់ការបកស្រាយរបស់លោក ហ៊ុន សែន រហូតដល់ចប់ បើទោះជាខ្លួនមិនពេញចិត្តយ៉ាងណាក្ដី។
ក្នុងសម័យប្រជុំសភា លោក ហ៊ុន សែន បញ្ជាក់ថា លោកនឹងមិនទុកឲ្យលោក សុន ឆ័យ រួចខ្លួននោះឡើយ នេះមានន័យថា លោកនាយករដ្ឋមន្ត្រីបានត្រៀមខ្លួនរួចជាស្រេចក្នុងការបកស្រាយទៅ នឹងអ្វីដែលលោក សុន ឆ័យ គឃ្លើនឲ្យលោក ហ៊ុន សែន ឆ្លើយបំភ្លឺក្នុងរឿងព្រំដែន ដែលជាចំណុចក្ដៅគគុកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានអ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ គឺលោក សុន ឆ័យ ថាលោកនឹងទម្លុះទម្លាយឯកសារសម្ងាត់ ការទំនាក់ទំនងរវាងលោក និងលោក សុន ឆ័យ បើអ្នកតំណាងរាស្ត្ររូបនេះនៅតែបន្តមិនទទួលស្គាល់ចំពោះ សម្ព័ន្ធភាពក្នុងអតីត ដែលលោក ហ៊ុន សែន ចាត់ទុកថាជាទំនាក់ទំនងដ៏ស៊ីជម្រៅនោះ។
លោក ហ៊ុន សែន៖ «ប៉ុន្តែថ្ងៃក្រោយនេះជាសម្រង់ខ្សែអាត់ ដែលខ្ញុំសូមផ្សាយជូនដើម្បីចៀសវាង ព្រោះអម្បាញ់មិញ ឯកឧត្ដមបានគ្រវីក្បាលរួចទៅហើយ តែខ្ញុំមិនអាចទុកឲ្យឯកឧត្ដមគ្រវីក្បាលទេ។ ថ្ងៃនេះ យើងត្រូវនិយាយគ្នាឲ្យច្បាស់បន្ទាប់ពីការផ្ទុះអាវុធថ្ងៃ៥ ថ្ងៃ៦ ខែកក្កដា ពេលនោះគឺតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រមូលក្រុមបងប្អូនអ្នកតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច និងអ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា មួយចំនួនមកកាន់សណ្ឋាគារ។ ខ្ញុំមិនច្បាស់សណ្ឋាគារមួយណាទេ តែប្រហែលខេមបូឌីយ៉ាណា ហើយ។ នៅយប់ប្រហែលម៉ោង១០កន្លះយប់ ប្អូនបានទូរស័ព្ទទៅសួរបង តើថាឲ្យប្រយ័ត្ន សូមបញ្ជាក់សួរអានេះឡើងវិញ ចាំមើលអានេះទៅបានហើយ ដើម្បីបញ្ជាក់អះអាង យើងកុំគ្រវីក្បាល ព្រោះមានទាំងខ្សែអាត់ថតសំឡេងនៅក្នុងនេះ។ នេះគឺឌីស ប្អូនបានសួរបង តើឲ្យខ្ញុំទៅជាមួយគេ ឬយ៉ាងណា ហើយប្អូនបានទាំងផ្ដល់យោបល់ឲ្យបងថែមទៀតថា បើសិនជាទៅយើងអាចដឹងរឿងរបស់គេ»។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមគិតថា រូបភាពដែលលោក ហ៊ុន សែន ប្រើប្រាស់នៅពេលនេះទៅលើបក្សប្រឆាំង គឺជារឿងគំនុំផ្នែកនយោបាយ ដោយប្រើប្រាស់វេទិកាសភាវាយលុកធ្ងន់ៗទៅលើបក្សជំទាស់មួយនេះថា ជាការសងសឹកប៉ុណ្ណោះ។
ទោះជាបែបណា នៅក្នុងសម័យប្រជុំសភាពេញអង្គដែលលោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះពេញមួយព្រឹក នៅថ្ងៃទី៩ ខែសីហា លោកបានប្រើភាសាដែលតែងហៅលោក សុន ឆ័យ ថាជាឯកឧត្ដមមកជាប្អូនវិញ ក្នុងន័យថាលោក ហ៊ុន សែន អះអាងថានោះក៏ព្រោះតែលោក សុន ឆ័យ ជាមនុស្សដែលធ្លាប់ទំនាក់ទំនងជាមួយលោកយ៉ាងស្អិតល្មួតក្នុងអតីត កាល។
លោក សុន ឆ័យ ជាម្ចាស់សំណួរដែលតែងគ្រវីក្បាលនៅក្នុងសម័យប្រជុំសភាជាសញ្ញា បង្ហាញថា បដិសេធទៅនឹងការថ្លែងរបស់ប្រមុខរដ្ឋាភិបាលនោះ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្រៅអង្គប្រជុំថា នេះជារឿងចំឡែកសម្រាប់លោក ហ៊ុន សែន ប្រើប្រាស់វេទិកានេះមកជាមនុស្សដែលស្និទ្ធស្នាលនិងគ្នាទៅវិញ។
យ៉ាងណាក៏ដោយ លោក សុន ឆ័យ ចាត់ទុកថា ប្រការនេះគឺជាការទើសទាល់របស់លោក ហ៊ុន សែន ប៉ុណ្ណោះ។
លោក សុន ឆ័យ៖ «ថ្ងៃនេះគាត់ដូចជាដូររឿងរបស់គាត់។ គាត់ថាខ្ញុំឲ្យយោបល់គាត់ បានហើយ ដោយសារអាការឲ្យយោបល់គាត់ហ្នឹងហើយ បានជាគាត់អាចសន្និដ្ឋានថាអ៊ីចឹង។ អាហ្នឹង យើងឃើញមានការថយ ដោយសារគាត់និយាយចំពោះមុខ ខ្ញុំមានការលំបាក ហើយមានការផ្លាស់ប្ដូរខ្លឹមសារដែលគាត់ធ្លាប់មានការចោទប្រកាន់ពី មុនមក»។
ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពីការប្រើប្រាស់វោហារសាស្ត្រដោយសម្ដីគ្រោតគ្រាត ឬជាសារគំរាម ដូចជាថាអាមឹងជាដើមទៅកាន់ដៃគូដែលលោកគិតថាជាគូបដិបក្ខហើយ នោះ។ ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន តែងឆ្លៀតលើកយកពីសៅវតារសាច់ញាតិក្រុមគ្រួសារ ភ្ជាប់ទៅនឹងវិធីដែលលោកតែងថ្លែងជារៀងរាល់លើកថែមទៀត។ បញ្ហានេះត្រូវបានក្រុមអ្នកវិភាគគិតថា វាផ្ទុយទៅនឹងអ្វីដែលមេដឹកនាំក្នុងពិភពលោកគេពុំធ្លាប់បានធ្វើ នោះទេ ជាពិសេសមេដឹកនាំប្រទេសមហាអំណាច ដូចជាសហរដ្ឋអាមេរិក និងបារាំង ជាដើម។
សម័យប្រជុំពេញអង្គសភា ដែលជាការឆ្លើយសំណួរទាក់ទងនឹងបញ្ហាព្រំដែននេះ លោក សុន ឆ័យ អះអាងថា លោកត្រូវបានគេបំបិទសិទ្ធិក្នុងការនិយាយស្តី ដោយរួមទាំងឧបករណ៍បំពង់សំឡេងក្នុងរដ្ឋសភា ក៏ត្រូវបានគេបំបិទដែរ៕ប្រភពពី RFA