ដោយ ម៉ម មុនីរតន៍
2012-08-10
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រលោក សឺន ស៊ូប៊ែរ ប្រតិកម្មទៅនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម ហើយថានេះគឺជាការគេចវេះចំពោះការទទួលខុសត្រូវក្នុង ប្រវត្តិសាស្ត្រ។ការអះអាងបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានភ្ជាប់ព្រះនាមរបស់ព្រះអង្គក្នុងរឿងព្រំដែនម្ដងជាពីរម្ដង នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី៩ ខែសីហា។
ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រចាត់ទុកថា ការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រទៅនឹងបញ្ហាព្រំដែនម្ដង ហើយម្ដងទៀតនោះ គឺជារឿងអយុត្តិធម៌ចំពោះព្រះអង្គ។
លោក សឺន ស៊ូប៊ែរ ឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោកហៅការថ្លែងរបស់ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីថ្ងៃទី៩ ខែសីហា ក្នុងកិច្ចប្រជុំពិសេសរបស់សភាថា គឺជាប្រការដែលមិនអាចទទួលយកបាននោះទេ។ លោក សឺន ស៊ូប៊ែរ អះអាងថា ព្រះនរោត្តម សីហនុ គឺជាក្សត្រដែលមានភក្ដីភាពបំផុត ចំពោះបូរណភាពទឹកដី។ ក្នុងន័យនេះលោកថា ក្នុងឋានៈប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន គួរទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រនេះ ជាជាងភ្ជាប់បញ្ហាពីមួយទៅមួយ។
ការប្រតិកម្មរបស់លោក សឺន ស៊ូប៊ែរ នៅពេលនេះកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ស្រាយបំភ្លឺសំណួររបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ ខាងគណបក្ស សម រង្ស៊ី ក្នុងរឿងបោះបង្គោលព្រំដែនគោកជាមួយប្រទេសវៀតណាម កាលពីថ្ងៃទី៩ ខែសីហា នៅក្នុងកិច្ចប្រជុំសភា។
ការប្រើពេលវេលាឆ្លើយសំណួរអ្នកតំណាងរាស្ត្ររបស់បក្សប្រឆាំង ជាង៥ម៉ោងនៅក្នុងសភា លោក ហ៊ុន សែន ចាត់ទុកអ្នកដែលព្យាយាមចោទប្រកាន់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស ប្រជាជន ថាធ្វើឲ្យបាត់បង់ទឹកដីទៅលើប្រទេសវៀតណាម នោះ គឺគោលបំណងសំខាន់ចង់វាយប្រហារទៅលើព្រះមហាវីរក្សត្រប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានហៅអ្នករិះគន់បែបនេះថា ជាក្រុមកាកសំណល់ពីសម័យសាធារណរដ្ឋ ហើយមានចេតនាចង់ផ្ដួលរំលំរដ្ឋាភិបាលដូចក្នុងអតីតកាល។
ព្រះអង្គម្ចាស់ធម្មិកោ ទីប្រឹក្សាព្រះមហាក្សត្រ ព្រះអង្គហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយជុំវិញចេតនា នៃការព្យាយាមភ្ជាប់ព្រះនាមព្រះមហាវីរក្សត្រក្នុងរឿងព្រំដែននេះ ក៏ប៉ុន្តែព្រះអង្គម្ចាស់ធម្មិកោ ស្ដីបន្ទោសថា ការបង្កើតឲ្យមានភាពសាំញ៉ាំ និងជំងឺរ៉ាំរ៉ៃក្នុងរឿងព្រំដែនសម្រាប់កម្ពុជានេះ គឺជាកំហុសដែលកើតចេញពីរដ្ឋាភិបាល ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ដែលមិនប្រើប្រាស់អំណាចកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីបញ្ចប់សន្ធិសញ្ញាទសវត្សរ៍ឆ្នាំ៨០ ដែលកាលនោះ របបរដ្ឋកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បក្សប្រជាជន បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយប្រទេសវៀតណាម ក្នុងរឿងព្រំដែននោះ។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេ ជុំវិញបញ្ហានេះពីមន្ត្រីរដ្ឋាភិបាល នៅថ្ងៃទី១០ ខែសីហា។
យ៉ាងនេះក្ដី លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ លោកចាត់ទុកថានេះទំនងជាចំណុចខ្សោយរបស់លោក ហ៊ុន សែន ដែលប្រើប្រាស់ព្រះនាមព្រះមហាវីរក្សត្រធ្វើជាខែល ក្នុងការបង្ហាញចំពោះភាពចម្រូងចម្រាសពីបញ្ហាព្រំដែនកម្ពុជា និងវៀតណាមនោះ៕ប្រភពពី RFA