សាក្សី​បញ្ជាក់​ជា​ថ្មី​ថា​លោក ហោ ណាំហុង ជា​ប្រធាន​មន្ទីរ ប-៣២ នៅ​បឹង​ត្របែក - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, August 10, 2012

សាក្សី​បញ្ជាក់​ជា​ថ្មី​ថា​លោក ហោ ណាំហុង ជា​ប្រធាន​មន្ទីរ ប-៣២ នៅ​បឹង​ត្របែក

2012-08-10
សាលាក្ដី​ខ្មែរ​ក្រហម​ផ្អាក​ការ​ស្ដាប់​ចម្លើយ​សាក្សី​ឈ្មោះ អុង ថុងហឿង សម្រាប់​សវនាការ​លើក​ទី​៩៣ របស់​ខ្លួន​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ សីហា។

RFA/Sok Serey
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​មុន​ពេល​ចាក​ចេញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១១។



នៅ​ក្នុង​សវនាការ សាក្សី អុង ថុងហឿង ជម្រាប​អង្គ​ជំនុំជម្រះ​ថា លោក ហោ ណាំហុង ជា​ប្រធាន​មន្ទីរ ប-៣២ នៅ​បឹង​ត្របែក ឬ​ហៅ​ថា មន្ទីរ​បឹង​ត្របែក នៅ​ក្រុង​ភ្នំពេញ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។
ការ​ថ្លែង​របស់​សាក្សី អុង ថុងហឿង អំពី​តួនាទី​របស់​លោក ហោ ណាំហុង គឺ​ជា​ការ​បញ្ជាក់​ថ្មី​មួយ​ទៀត ដែល​ធ្វើ​ឡើង​បន្ទាប់​ពី​មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា គឺ​លោក អានឌ្រូ អ៊ីអានូហ៊្សី (Andrew Ianuzzi) លើក​យក​រឿង​នេះ​មក​សួរ​បញ្ជាក់​សាក្សី​ជា​ថ្មី​ម្ដង​ទៀត។
លោក អានឌ្រូ អ៊ីអានូហ៊្សី៖ «មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ពិភាក្សា​ ជា​មួយ​លោក ហើយ​លោក​បាន​ប្រាប់​គាត់​ថា ហោ ណាំហុង គឺ​ជា​អ្នក​គ្រប់គ្រង​ក្រុម​មួយ​នៅ ប-៣២។ តើ​អ៊ីចឹង​មែន​ឬ​ទេ?»
លោក អុង ថុងហឿង៖ «បាទ! ខ្ញុំ​បញ្ជាក់​ផង​ដែរ​ថា គាត់​ជា​ខ្មែរ​មក​ពី​បរទេស​ដូច​ខ្ញុំ ពួក​យើង​ខ្ញុំ ហើយ​គេ​ចាត់​តាំង​គាត់​ជា​ប្រធាន ប-៣២ ពេល​ខ្ញុំ​មក​ពី​ដី​ក្រហម​វិញ»
សាក្សី អុង ថុងហឿង គឺ​ជា​អតីត​បញ្ញាជន​មួយ​រូប​ក្នុង​ចំណោម​បញ្ញាជន​ជា​ច្រើន​ផ្សេង​ទៀត ដែល​បាន​វិល​ត្រឡប់​មក​ពី​បរទេស​វិញ ហើយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​បញ្ជូន​ទៅ​ហាត់​លត់​ដំ​ជំរំ​ដី​ក្រហម នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។
សាក្សី​បន្ត​ថា នៅ​រយៈ​ពេល​ពីរ ឬ​បី​ខែ​ចុង​ក្រោយ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក​ត្រូវ​បាន​ខ្មែរ​ក្រហម​បញ្ជូន​ទៅ​មន្ទីរ ប-៣២ នៅ​បឹង​ត្របែក។ ពេល​នោះ​ហើយ ដែល​គាត់​ដឹង​ថា លោក ហោ ណាំហុង មាន​ឈ្មោះ​បដិវត្ត​ថា យ៉ែម ជា​ប្រធាន​នៅ​ទី​នោះ ក្នុង​គណៈកម្មការ​មួយ ដែល​មាន​សមាជិក​៥​នាក់។
បើ​ទោះ​ជា​ដូច្នេះ​ក្ដី សាក្សី អុង ថុងហឿង ថ្លែង​ថា លោក​មិន​ជឿ​ថា​លោក ហោ ណាំហុង ជា​កម្មាភិបាល​ខ្មែរ​ក្រហម​ទេ៖ «ប៉ុន្តែ ​ដើម្បី​ឱ្យ​ច្បាស់​កន្លែង​ហ្នឹង ខ្ញុំ​និយាយ​ដើម្បី​កុំ​ឱ្យ​មាន​ការ​សង្ស័យ ហើយ​ខ្ញុំ​មិន​មែន​និយាយ​នេះ គឺ​ជា​ការ​ដែល​ខ្ញុំ​យល់។ ខ្ញុំ​មិន​យល់​ថា លោក ហោ ណាំហុង ជា​កម្មាភិបាល​របស់​ខ្មែរ​ក្រហម​ទេ។ ខ្ញុំ​គ្មាន​ឯកសារ​ថា លោក ហោ ណាំហុង នេះ​ជា​បក្ខជន​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ទេ។ ខ្ញុំ​មិន​ជឿ​ថា សម័យ​នោះ​គាត់​ដឹង​ថា មាន S-21 ទេ។ អា​ហ្នឹង​ជា​ការ​ជំនឿ​របស់​ខ្ញុំ»
នៅ​មន្ទីរ​បឹង​ត្របែក ត្រូវ​បាន​សាក្សី​ឱ្យ​ដឹង​ថា ជា​កន្លែង​សម្រាប់​អប់រំ និង​លត់​ដំ​និស្សិត​បញ្ញាជន ដែល​បាន​វិល​ត្រឡប់​មក​ពី​បរទេស នៅ​ឆ្នាំ​១៩៧៥ ក្នុង​បំណង​ជួយ​កសាង​ប្រទេស​ឡើង​វិញ បន្ទាប់​ពី​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​សង្គ្រាម​៥​ឆ្នាំ។ និស្សិត​បញ្ញាជន​ទាំង​នោះ​ជា​ច្រើន​នាក់ ត្រូវ​បាន​សាក្សី​បញ្ជាក់​ថា បាន​បាត់​ខ្លួន​ពី​មន្ទីរ​នោះ លើក​លែង​តែ​លោក ហោ ណាំហុង និង​លោក ចាន់ យូរ៉ាន់ នៅ​បម្រើ​អង្គការ។ ក៏​ប៉ុន្តែ លោក អុង ថុងហឿង បញ្ជាក់​ថា ពេល​លោក​មក​ដល់​មន្ទីរ​បឹង​ត្របែក លែង​មាន​ការ​បាត់​ខ្លួន​ទៀត។ លោក​ថា ជំរំ​បឹង​ត្របែក ពេល​ដឹក​នាំ​ដោយ​ឈ្មោះ សាវន ភាគហួត ហើយ​និង ឯក ជីវិត ប្រៀប​ដូច​ជា​នរក។
ចំណោទ​បញ្ហា​តួនាទី​របស់​លោក ហោ ណាំហុង ទទួល​ខុស​ត្រូវ​មន្ទីរ ប-៣២ នៅ​បឹង​ត្របែក ក្នុង​របប​ខ្មែរ​ក្រហម ត្រូវ​បាន​ក្រុម​មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ឱ្យ​ជន​ជាប់​ចោទ នួន ជា លើក​មក​ចោទ​សួរ​សាក្សី​ក្នុង​សវនាការ​ជា​រឿយៗ។
កាល​ពី​ថ្ងៃ​ទី​២ សីហា លោក ហោ ណាំហុង បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ខ្លី​មួយ​ថា ក្នុង​នាម​លោក​ជា​អ្នក​ទោស​ម្នាក់​នៅ​ជំរំ​បឹង​ត្របែក លោក​បាត់​បង់​ប្អូន​ស្រី ២​នាក់ ប្អូន​ថ្លៃ ក្មួយ និង​សហការី​ជា​ច្រើន​នាក់។ លោក​មិន​បាន​បដិសេធ​អំពី​តួនាទី​នៅ​ទី​នោះ​ទេ។ ក៏​ប៉ុន្តែ លោក​ធ្លាប់​ឈ្នះ​ក្ដី​នៅ​តុលាការ លើ​ការ​ចោទ​ប្រកាន់​នេះ៕        ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages