ទស្សនៈ​ជុំវិញ​ការ​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, August 10, 2012

ទស្សនៈ​ជុំវិញ​ការ​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន

2012-08-09
ពលរដ្ឋ​ទូទៅ និស្សិត សហជីព​កម្មករ និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​សាទរ​ចំពោះ​ការ​ចូល​ទៅ​បំភ្លឺ​ នៅ​សភា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​សាធារណ​រដ្ឋ​វៀតណាម។

ពួក​គេ​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា មាន​សារសំខាន់​ចំពោះ​ការ​លាត​ត្រដាង​ពី​បញ្ហា​ប្រទេស​ជាតិ ដែល​គេ​តែង​មាន​ចម្ងល់។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​នៅ​មាន​មតិ​រិះ​គន់​ចំពោះ​ខ្លឹមសារ​នៃ​ការ​ចូល​ទៅ​បំភ្លឺ​នេះ។
ការ​ចូល​ទៅ​បំភ្លឺ​នៅ​សភា​ជា​លើក​ទី១ របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​ជា​រឿង​ដែល​ជា​ទី​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ​កម្ពុជា ដោយ​ពួក​គេ​បញ្ជាក់​ថា នេះ​ជា​ការ​ល្អ​មួយ ដែល​គេ​បាន​ប្រើ​ប្រាស់​មធ្យោបាយ​សន្តិវិធី​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ចោទ​ឡើង ជាពិសេស​ពី​បញ្ហា​ព្រំ​ដែន។ ប៉ុន្តែ​ក៏​មាន​ទស្សនៈ​មួយ​ចំនួន​ហៅ​ការ​បំភ្លឺ​នោះ​ថា នៅ​ពុំ​ទាន់​អាច​អោយ​អស់​ចម្ងល់​ឡើយ ដោយ​សំអាង​ថា នោះ​គ្រាន់​តែ​ជា​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​តែ​ម្ខាង។
នៅ​តាម​ផ្ទះ តាម​ទី​សាធារណៈ​មួយ​ចំនួន តាម​តៀម​លក់​ម្ហូប​អាហារ តៀម​កាហ្វេ ការិយាល័យ​នានា និង​មន្ទីរ​ក្រសួង​ជា​ច្រើន​គេ​បាន​តាម​ដាន​ការ​បំភ្លឺ​របស់​នាយក​ រដ្ឋមន្ត្រី​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ ឬ​តាម​វិទ្យុ។ ពួក​គេ​ភាគ​ច្រើន​បាន​ចំណាយ​ពេល​ជាង ៥​ម៉ោង ដើម្បី​ស្ដាប់​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាំង​ពី​ដើម​ដល់​ចប់។
និស្សិត​នៃ​សកលវិទ្យាល័យ​បៀល​ប្រាយ​យុវតី សុខ ហ៊ុយ បាន​និយាយ​ដោយ​ខ្លី​ថា ការ​ចូល​ទៅ​បំភ្លឺ​របស់​នាយករដ្ឋមន្ត្រី គឺ​មាន​ប្រយោជន៍។ នោះ​គឺ​ជា​ការ​បង្ហាញ​ពី​រឿងរ៉ាវ​ដែល​ពលរដ្ឋ​ចង់​ដឹង។
យុវតី សុខ ហ៊ុយ៖ «វា​មាន​សារៈសំខាន់​ណាស់​ព្រោះ​ទាក់​ទង​គ្នា​រឿង​ព្រំដែន។ គឺ​ជា​រឿង​ប្រទេស​ជាតិ​ទាក់​ទង​នឹង​ដី​យើង​ប៉ុន្មាន​អ៊ីចឹង»។
ដូចគ្នា​នេះ​ដែរ​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ម្នាក់ បាន​អោយ​ដឹង​ថា នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ពលរដ្ឋ​ពិចារណា​ថា តើ​គេ​គួរ​បន្ត​គាំទ្រ​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត ឬ​មិន​គាំ​ទ្រ?
សំឡេង៖ «ព្រោះ​គាត់​ជា​នាយក​រដ្ឋមន្ត្រី ពេល​ប្រជាជន​មាន​ការ​ងឿង​ឆ្ងល់ គាត់​ទៅ​ឆ្លើយ​បំភ្លឺ។ អីចឹង​បើ​យើង​ប្រជាជន​យើង​ស្ដាប់​ថា ឥឡូវ​គាត់​ឯកភាព​ថា​ត្រឹម​ត្រូវ ហ្នឹង​ល្អ​ហើយ ប្រជាជន​នឹង​គាំទ្រ​គាត់​ទៀត​អ៊ីចឹង​ណាស់»។
ទាក់ទិន​ទៅ​ដល់​ខ្លឹមសារ​នៃ​ការ​បំភ្លឺ​របស់​លោក​នាយករដ្ឋមន្ត្រី នោះ​វិញ មតិ​មួយ​ចំនួន​បាន​ចាត់​ទុក​ថា គ្រាន់​ជា​ការ​អះអាង​ដែល​គេ​ពិបាក​នឹង​ជឿ​ជាក់ ដ្បិត​ថា​នោះ​គឺ​ជា​ការ​អះអាង​តែ​ម្ខាង។
និស្សិត​ដែល​ទើប​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មាន​វិទ្យា យុវជន ផុន សែន បាន​លើក​ឡើង​ថា បើ​ស្ដាប់​តែ​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី តែ​ម្នាក់ គេ​ពិបាក​នឹង​វាយ​តម្លៃ​ថា តើ​ការពិត​នោះ​វា​យ៉ាង​ណា?
យុវជន​ដដែល​បន្ត​ថា នៅ​តាម​ព្រំ​ដែន ជាពិសេស​ក្នុង​ខេត្ត​ស្វាយ​រៀង ដែល​គេ​ធ្លាប់​រស់​នៅ គឺ​មាន​បញ្ហា​ចោទ​ពី​ការ​បាត់​បង់​ដី​តាម​ព្រំដែន ដោយ​សារ​តែ​ការ​ចូល​មក​ទិញ​ដី​ស្រែ ចម្ការ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ពី​សំណាក់​ពលរដ្ឋ​វៀតណាម។
យុវជន ផុន សែន៖ «គ្រាន់​តែ​ជា​ការ​ដឹង​មួយ​ដែល​ចេញ​ពី​មាត់​នាយក​ រដ្ឋមន្ត្រី។ ប៉ុន្តែ​ក្នុង​អារម្មណ៍​របស់​ខ្លួន សម្រាប់​ខ្ញុំ​ផ្ទាល់​គឺ​អ្វី​ដែល​ចេញ​ពី​មាត់​នាយក​រដ្ឋមន្ត្រី គឺ​យើង​មិន​អាច​ដឹង​ថា ការពិត​នៅ​ព្រំដែន​ហ្នឹង​វា​អ៊ីចឹង​មែន​ដែរ​អត់? ខ្ញុំ​ចង់​ទៅ​មើល​ដោយ​ផ្ទាល់​នៅ​ព្រំដែន។ ទៅ​អោយ​ឃើញ​បង្គោល​ណា​នៅ​ណា ទឹក​ដី​ណា​ត្រឹម​ណា?»។
យុវជន​ម្នាក់​ទៀត​បាន​និយាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា លោក​ពុំ​អស់​ចិត្ត​ចំពោះ​ការ​បំភ្លឺ​នោះ​ទេ គឺ​គួរ​តែ​បើក​អោយ​មាន​ការ​បញ្ជាក់​បន្ថែម​ពី​ម្ចាស់​សំណួរ ឬ​ពី​អ្នក​តំណាង​រាស្ត្រ​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ការ​អះអាង​របស់​លោក​នាយក​ រដ្ឋមន្ត្រី។
សំឡេង៖ «ខ្ញុំ​ត្រូវការ​អោយ​មាន​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ អោយ​មាន​ការ​អះអាង​ពី​គណបក្ស​ប្រឆាំង ដើម្បី​អោយ​មាន​តម្លាភាព ដើម្បី​ឆ្លុះ​បញ្ចាំង​អោយ​ពលរដ្ឋ​បាន​ឃើញ​ច្បាស់​ថា ការ​ធ្វើ​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​នឹង​មាន​តម្លាភាព​យ៉ាង​ម៉េច?»។
ការ​រិះ​គន់​ទៅ​លើ​ខ្លឹម​សារ​នៃ​ការ​បំភ្លឺ​ពី​បញ្ហា​ព្រំ​ដែន​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ក៏​បាន​កើត​មាន​ដែរ​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet)។ ប្រិយមិត្ត​អ្នក​អាន​ព័ត៌មាន​តាម​គេហទំព័រ​របស់​វិទ្យុ​អាស៊ីសេរី​មួយ​ចំនួន បាន​ចាត់​ទុក​ថា លោក​នាយករដ្ឋមន្ត្រី​ពុំ​បាន​ឆ្លើយ​ចំ​ទៅ​នឹង​ប្រធានបទ​ដែល​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​បាន​ចោទ​សួរ​ឡើយ និង​ថា ជា​របៀប​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ។ ជា​មួយ​គ្នា​នេះ​ក៏​បាន​ជំរុញ​អោយ​មាន​ការ​បំភ្លឺ​ណា​មួយ​របស់​តំណាង​ រដ្ឋាភិបាល គួរ​ជា​ការ​សួរ​ដេញ​ដោល ដែល​មិន​មែន​អាន​របាយការណ៍។
បើ​ទោះ​ជា​យ៉ាង​ណា​ប្រធាន​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក សោម អូន បាន​ចាត់​ទុក​ការ​បំភ្លឺ​នោះ​គឺ​ជា​ព័ត៌មាន​ថ្មី និង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ទៅ​វិញ​ទេ។ លោក សោម អូន បន្ត​ថា តាម​រយៈ​ព័ត៌មាន​ទាំង​នោះ នឹង​បាន​ជា​ការពិចារណា​សម្រាប់​ពលរដ្ឋ​ទូទៅ។
លោក សោម អូន៖ «វា​ជា​ព័ត៌មាន​សំខាន់ ដែល​យើង​អាច​ស្វែង​យល់​អោយ​បាន​ពី​ប្រវត្តិ​ បញ្ហា​ផែនទី​ទាំង​អស់​ហ្នឹង វា​ពាក់ព័ន្ធ ជា​មរតក​មួយ ដែល​បាន​លាត​ត្រដាង​ហើយ​យើង​អាច​ស្វែងយល់»។
មិន​ខុស​គ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​សាទរ​ចំពោះ​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ។ ប៉ុន្តែ​លោក អ៊ូ វីរៈ ក៏​បាន​រិះ​គន់​រដ្ឋសភា​កម្ពុជា​ថា បាន​ផ្ដល់​សិទ្ធិ​អំណាច​ច្រើន​ដល់​តំណាង​រដ្ឋាភិបាល និង​បាន​ធ្វើ​អោយ​មើល​ឃើញ​ថា រដ្ឋ​សភា​ពុំ​មាន​សិទ្ធិ​អំណាច​អ្វី​នៅ​ចំពោះ​មុខ​ប្រមុខ​រដ្ឋាភិបាល។
លោក អ៊ូ វីរៈ៖ «ឆ្លុះ​បញ្ចាំង​ថា សភា​គឺ​មិន​បាន​អនុញ្ញាត​អោយ​គណបក្ស​ប្រឆាំង​បញ្ចេញ​យោបល់ ​ឬមួយ​សភា​ហ្នឹង​ពុំ​ បាន​បំពេញ​តួនាទី​អោយ​ត្រឹម​ត្រូវ​ នៅ​ឡើយ​ទេ​​ហើយ​ហាក់​គ្រាន់​តែ​ជា​វេទិកា​សម្រាប់​គណបក្ស​កាន់​អំណាច​គាត់​ ធ្វើ​អី​ស្រេច​នឹង​ចិត្ត»។
ជា​មួយ​គ្នា ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ក៏​បាន​ស្នើ​អោយ​រដ្ឋសភា​កម្ពុជា គួរ​តែ​យក​រៀន​សូត្រ​បន្ថែម​ទៀត​ពី​គំរូ​នៃ​ការ​អនុវត្ត​របស់​រដ្ឋ​សភា​នៃ​ ចក្រភព​អង់គ្លេស ដែល​កម្ពុជា បាន​យក​ជា​គំរូ​តាម​ទៅ​តាម​ទ្រឹស្ដី​ហើយ​នោះ៕

ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages