លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​ព្រំដែន​និង​ការ​ដោះដូរ​ទឹក​ដី​ជាមួយ​វៀតណាម - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, August 10, 2012

លោក ហ៊ុន សែន ឆ្លើយ​បំភ្លឺ​ពី​ព្រំដែន​និង​ការ​ដោះដូរ​ទឹក​ដី​ជាមួយ​វៀតណាម

2012-08-09
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​មក​ឆ្លើយ​បំភ្លឺ​លើ​បញ្ហា​បោះ​បង្គោល​ព្រំដែន និង​ការ​ដោះដូរ​ភូមិ​មួយ​ចំនួន​នៅ​តាម​ព្រំដែន រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ដែល​គ្រោង​ធ្វើ​នា​ពេល​ខាង​មុខ​នេះ។
RFA/Sok Serey
ផែនទី​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​នៅ​សភា​ជាតិ ស្ដីពី​ទីតាំង​ដោះដូរ​ភូមិ និង​ដី​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ខេត្ត​កំពង់ចាម ជាដើម កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។


ការ​ឆ្លើយ​បំភ្លឺ​នេះ គឺ​លោក ហ៊ុន សែន បាន​ចំណាយ​រយៈពេល​៦ម៉ោង​នៅ​ក្នុង​សភា​ជាតិ ដោយ​មាន​ការ​បញ្ចាំង​បង្ហាញ​រូបភាព​ផែនទី​ដែន​ទឹក និង​ដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម និង​របប​លោក​សេនា​ប្រមុខ លន់ នល់។
នៅ​មុន​លោក​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​ឆ្លើយ​បំភ្លឺ​នោះ ប្រធាន​សភា​ជាតិ​លោក ហេង សំរិន បាន​ប្រកាស​ព្រមាន​ថា វេទិកា​នេះ​មិន​មែន​ជា​វេទិកា​សួរ​ដេញដោល​ទេ ហើយ​ក៏​មិន​មែន​ជា​ការ​បោះ​ឆ្នោត​ដែរ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា ផែនការ​ដោះដូរ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នៅ​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ជាមួយ​ប្រទេស​វៀតណាម ខាង​មុខ​នេះ គឺ​មិន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​បាត់​បង់​ទឹក​ដី ដូច​ការ​ចោទ​ប្រកាន់​របស់​គណបក្ស សម រង្ស៊ី កន្លង​មក​នោះ​ទេ។
រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​កំពុង​តែ​អនុវត្ត​តាម​សន្ធិសញ្ញា​ បំពេញ​បន្ថែម ឆ្នាំ​២០០៥ កន្លង​ទៅ​នេះ ដែល​បាន​ផ្អែក​លើ​គោលការណ៍​ច្បាប់​ជាតិ និង​អន្តរជាតិ យោង​តាម​ផែនទី​ដែល​បាន​តម្កល់​ទុក​នៅ​ឯ​អង្គការ​សហប្រជាជាតិ ឆ្នាំ​១៩៦៤ កន្លង​មក។
ផ្ទៃ​ដី​សរុប​ដែល​កម្ពុជា​បាន​ឡូយ​ចូល​ប្រទេស​វៀតណាម គឺ​មាន​ចំនួន ៩១៦​ហិកតារ ចំណែក​ឯ​ផ្ទៃ​ដី​សរុប​ដែល​វៀតណាម​ឡូយ​ចូល​កម្ពុជា គឺ​មាន​ចំនួន ២.១៦០​ហិកតារ។ ដូច្នេះ​ហើយ កម្ពុជា និង​វៀតណាម ចាំ​បាច់​ត្រូវ​តែ​ដោះដូរ​ភូមិ ឬ​កាត់​ដី​មួយ​ចំនួន ដើម្បី​ទូទាត់​ឲ្យ​ស្មើ​គ្នា​នា​ពេល​ខាង​មុខ។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​សម្ដី​ធ្ងន់ៗ និង​ម៉ឺងម៉ាត់​ថា ការ​ចោទ​ប្រកាន់​របស់​គណបក្ស សម រង្ស៊ី កន្លង​មក​ថា លោក​ជា​ជន​ក្បត់​ជាតិ និង​លក់​ទឹក​ដី​ឲ្យ​វៀតណាម នោះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដែល​ចាំ​បាច់​ឲ្យ​លោក​ចេញ​មុខ​មក​បកស្រាយ​ឲ្យ​បាន​ដឹង​ឭ​ជា​សាធារណៈ៖ «រដ្ឋាភិបាល ​នៃ​ប្រទេស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ធ្វើ​អនុសារណៈ​នៃ​ការ​យោគយល់​គ្នា​មួយ ចុះ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១១ ស្ដីពី​ការ​កែ​សម្រួល​ខ្សែ​ព្រំដែន​គោក នៅ​តំបន់​ដែល​នៅ​សេសសល់​មួយ​ចំនួន។ ក្រុម​ជំនាញ​ចម្រុះ​នឹង​ត្រូវ​ចុះ​សិក្សា​លំអិត​មុន​នឹង​ការ​ដោះដូរ​គ្នា​ ស្មើ​ទៅ​ស្មើ​មក ទៅ​តាម​លក្ខណៈ​ភូមិ​សាស្ត្រ និង​ស្ថានភាព​ដី ដោយ​យក​ខ្សែ​គូស​ចម្លង​ពី​ផែនទី​ខ្នាត ១​លើ​១០០​ពាន់ របស់​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន មក​លើ​ផែន​ទី UTM ធ្វើ​ជា​គោល ស្រប​តាម​ការ​អនុញ្ញាតិ​នៃ​សន្ធិសញ្ញា​បំពេញ​បន្ថែម។ គោលការណ៍​សំខាន់​នៅ​ទី​នេះ គឺ​ធានា​ឲ្យ​បាន​ដាច់​ខាត​ថា កម្ពុជា​នឹង​មិន​ខាត​បង់ ឬ​បាត់​បង់​ដី​ឡើយ សូម្បី​តែ​មួយ​ម៉ែត្រ​ក្រឡា​ក៏​ដោយ។ វា​ជា​ការ​ដោះដូរ​ស្មើ​ទៅ​ស្មើ​មក ពោល​គឺ​មួយ​ហិកតារ​ទៅ គឺ​ត្រូវ​បាន​មួយ​ហិកតារ​មក​វិញ»
លោក​មិន​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ផែនការ​ដោះដូរ​ភូមិ​អន្លង់ជ្រៃ និង​ភូមិ​ថ្លុកត្រាច នោះ និង​ការ​កាត់​ទូទាត់​ទឹក​ដី​ជាមួយ​ប្រទេស​វៀតណាម នោះ នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា​ទេ។
ទាក់​ទង​នឹង​ការ​ឆ្លើយ​បំភ្លឺ​យ៉ាង​វែង និង​ពិស្ដារ​នេះ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា លោក​មិន​ធានា​ថា​ចម្លើយ​នេះ​ត្រូវ​បាន​ពេញ​ចិត្ត ឬ​ពេញ​លេញ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​លោក​មិន​មាន​ឱកាស​សាកសួរ​ដេញដោល​ចំណុច​សង្ស័យ​មួយ​ចំនួន ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «បញ្ហា​បាត់​បង់​ភូមិ​នេះ មិន​មែន​ជា​រឿង​លេង​សើច​ទេ ហើយ​មិន​មែន​ជា​រឿង​ប្រឌិត​នោះ​ដែរ។ ថ្ងៃ​នេះ​យើង​សូម​កោត​សរសើរ​នាយក​រដ្ឋមន្ត្រី ដែល​បាន​បង្ហាញ​អំពី​ទីតាំង​ដែល​បាត់​បង់​មែន។ ដី​មួយ​ចំនួន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មិន​ទាន់​បាន​ផ្តល់​ពី​វៀតណាម​មក​វិញ​នៅ​ឡើយ​ទេ ដោយ​មាន​ការ​ដោះដូរ​ជា​នយោបាយ​ដោះដូរ​ហ្នឹង។ ដូច្នេះ​វា​អត់​មាន​ជា​រឿង​អី​ជា​ការ​ប្រឌិត ចោទ​ប្រកាន់​ខុស​ទេ»
របាយការណ៍​ជា​ផ្លូវការ​អាន​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ដី​ដែល​កម្ពុជា​ឡូយ​ចូល​ប្រទេស​វៀតណាម សរុប​ចំនួន ៩១៦​ហិកតារ និង​វៀតណាម​ឡូយ​ចូល​មក​ប្រទេស​កម្ពុជា សរុប​ចំនួន ២.១៦០​ហិកតារ​នោះ គឺ​មាន​នៅ​ខេត្ត​កំពង់ចាម កម្ពុជា​ឡូយ​ចូល​វៀតណាម ចំនួន​៣៨៥​ហិកតារ និង​វៀតណាម ឡូយ​ចូល​កម្ពុជា ចំនួន​៨២៥​ហិកតារ។
នៅ​ខេត្ត​ស្វាយរៀង កម្ពុជា​ឡូយ​ចូល​វៀតណាម ចំនួន​២៨៩​ហិកតារ និង​វៀតណាម​ឡូយ​ចូល​កម្ពុជា ចំនួន​១.១០០​ហិកតារ។ នៅ​ខេត្ត​ព្រៃវែង កម្ពុជា​ឡូយ​ចូល​វៀតណាម ចំនួន​៥៤​ហិកតារ និង​វៀតណាម​ឡូយ​ចូល​កម្ពុជា ចំនួន​ជាង​៣០​ហិកតារ។
នៅ​ខេត្ត​តាកែវ កម្ពុជា​ឡូយ​ចូល​វៀតណាម ចំនួន​ជាង​១៥៩​ហិកតារ និង​វៀតណាម​ឡូយ​ចូល​កម្ពុជា ចំនួន​ជាង​១៥១​ហិកតារ។ នៅ​ខេត្ត​កំពត កម្ពុជា​ឡូយ​ចូល​វៀតណាម ចំនួន​ជាង​២៩​ហិកតារ និង​វៀតណាម​ឡូយ​ចូល​កម្ពុជា ចំនួន​៥៣​ហិកតារ។
ខេត្ត​ដែល​កម្ពុជា និង​វៀតណាម បាន​ឯកភាព​ដោះដូរ​ទឹក​ដី​ខាង​មុខ​នេះ មាន​ដូច​ជា​ខេត្ត​កំពង់ចាម ខេត្ត​កំពត និង​ខេត្ត​តាកែវ ជាដើម។ ចំណែក​ឯ​ខេត្ត​ស្វាយរៀង និង​ខេត្ត​មួយ​ចំនួន​ទៀត កំពុង​តែ​ស្ថិត​ក្នុង​ការ​ចរចា​គ្នា​នៅ​ឡើយ៕
ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages