គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ថ្មី​របស់​លោក​សម រង្ស៊ី និង​លោក​ កឹម សុខា - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, August 9, 2012

គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ថ្មី​របស់​លោក​សម រង្ស៊ី និង​លោក​ កឹម សុខា

ហេង រស្មី
គណបក្ស​សិទ្ឋិ​មនុស្ស និង​គណ​បក្ស​សម រង្ស៊ី​បាន​ព្រម​ព្រៀង​គ្នា​​បង្កើត​ទៅ​ជា​គណ​បក្ស​ថ្មី​មួយ​ឈ្មោះ​គណ​បក្ស​ សង្គ្រោះ​ជាតិ​សម្រាប់​ការ​ចូល​រួម​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ ក៏​ប៉ុន្តែ​មន្ត្រី​គណ​បក្ស​គ្រប់​គ្រង​អំណាច​បាន​ប្រកាស​យ៉ាង​មោទនភាព​ថា​ គណបក្ស​ថ្មី​នេះ​នឹង​មិន​អាច​យក​ជ័យ​ជម្នះ​លើ​គណ​បក្ស​គ្រប់​គ្រង​អំណាច​ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ដែល​បាន​ត្រួត​ត្រា​កម្ពុជា​អស់​រយៈ​ពេល​ជិត​៣០​ឆ្នាំ​នោះ​ទេ។
គណ​បក្ស​សង្គ្រោះ​ជាតិ​​ដែលទើប​នឹង​​បង្កើត​ឡើង​ដោយ​គណ​បក្ស​ប្រឆាំង​ទាំង​ ពីរ​នេះ​គ្រោង​នឹង​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​នៅ​ក្នុង​អំឡុង​ខែ​សី​ហា​ នេះ។ ហើយ​លោក​សម រង្ស៊ី​ ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន ចំណែក​អនុ​ប្រធាន​មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​

យោង​តាម​សេច​ក្តី​សម្រេច​នៅ​ទី​ក្រុងម៉ានីល​ប្រទេស​ហ្វីលីពីន​លោក​កឹម សុខា​ទំនង​ជា​ត្រូវ​បាន​តែង​តាំង​ជា​អនុ​ប្រធាន ហើយ​រចនា​សម្ព័ន្ឋ​គណបក្ស​ថ្មី​នេះ​ចែក​ចេញ​ជា​បី​ គឺ​គណៈកម្មាធិកា​និត្តិបញ្ញត្តិ គណៈកម្មាធិការប្រតិបត្តិ​ និង គណៈកម្មាធិការ​វិន័យ។​ចំណែក​រូប​សញ្ញា​របស់​គណ​បក្ស​មិន​ទាន់​បាន​សម្រេច​នៅ ​ឡើយ​ទេ ហើយ​​គណ​បក្ស​ទាំង​ពីរ​កំពុង​ពិភាក្សា។​

លោក កឹម សុខា​ប្រធាន​គណ​បក្ស​សិទ្ឋិ​មនុស្ស​បាន​បា្រប់​វីអូអេ​ពី​ទី​ក្រុង​វ៉ា​ស៊ីន ​តោន​សហរដ្ឋ​អាមេរិក​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ​នេះ​អាច​សង្ឃឹម​ថា​នឹង​អាច​យក​ជ័យ​ជន្នះ​លើ​គណ​បក្ស​ គ្រប់​គ្រង​អំណាច​របស់​លោក​ហ៊ុន សែន បាន។​

លោក​បាន​បញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ន​បាន​ធ្លាក់​ទៅ​មាត់​រណ្តៅ​គ្រោះ​ថ្នាក់។ រណ្តៅ​គ្រោះ​ថ្នាក់​ដែល​លោក​កឹម សុខាចង់​​និយាយនោះ គឺ​សំដៅ​ទៅ​លើ​បូរណ​ភាព​ទឹក​ដី​ និង​ អធិបតេយ្យ​ភាព​ ដែល​មាន​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម​ចូល​មក​កម្ពុជា​តាម​តែ​អំពើ​ចិត្ត​ ការវិល​ថយ​ក្រោយ​នៃ​របប​ប្រជាធិ​បតេយ្យ​ទៅ​រក​អំណាច​ផ្តាច់ការ​ អំពើ​ពុក​រលួយ បញ្ហា​រំលោភ​ដី​ធ្លី​ និង​ភាព​ក្រី​ក្រ​ដែល​រដ្ឋាភិបាល​សព្វ​ថ្ងៃ​មិន​អាច​ដោះ​ស្រាយ​បាន។​

«យួន​ចូល​មក​ស្រុក​ខ្មែរ​តាម​ចិត្ត ចូល​មក​មិន​មែន​ត្រិម​តែ​ចូល​មក​ធម្មតា​ទេ​គឺ​គេ​ទទួល​បាន​ដី បាន​ព្រៃ បាន​រ៉ែ​ បាន​បឹង បាន​បួរ​ទៀត។ នេះ​ហើយ​ជា​គ្រោះ​ថ្មាក់​ទី​១ ដែល​យើង​ធ្លាប់​ឃើញ​ប្រវត្តិសាស្ត្រ​ថា ពេល​បរទេស​ចូល​មក​ស្រុក​ខ្មែរ​កាន់​តែ​ច្រើន​ទី​បំផុត​គេ​បាន​យក​ដី​យើង​អស់ ​ដូច​កម្ពុជា​ក្រោម​អញ្ចឹង»។

លោក​យឹម សុវណ្ណ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​គណបក្ស​ដែល​ទើប​នឹង​ បង្កើត​ថ្មី​នេះ​នឹង​តៀម​កម្លាំង​ទទួល​អ្នក​ប្រជា​ធិ​បតេយ្យ​ថ្មីៗ​ដែល​មាន​ បំណង​មក​ចូល​រួម​។​

លោក​បាន​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​លើស​លប់​នាពេល​ខាង​មុខ​នេះ។​

«គណ​បក្ស​ថ្មី​ហ្នឹង​គឺ​ជា​គោល​បំណង​របស់​ប្រជា​ពលរដ្ឋ​ហើយ​ជា​តំរូវ​ការ​ ចាំ​បាច់​របស់​ប្រទេស​ជាតិ​ដើម្បី​កែ​ទម្រង់​ដើម្បី​ត​ស៊ូ​មតិ​នៅ​ក្នុ​ការ​ ផ្លាស់​ប្តូរ​មេដឹក​នាំ​បច្ចុប្បន្ន​ក៏​ដូច​ជា​ការ​ផា្លស់​ប្តូរ​កែ​ទម្រង់​ របៀប​របប​ធ្វើ​ការ​របស់​រដ្ឋា​ភិបាល​នា​ពេល​បច្ចុប្បន្ន​ដែល​យើង​ឃើញ​ថា​មាន ​វិបត្តិ​ដ៏​ច្រើន​ដែល​មិន​អាច​ដោះ​ស្រាយ​ចេញ»​។​

លោក​ជាម យៀប ដែល​ជា​អ្នក​តំណាង​រាស្ត្រ និង​ជា​សមា​ជិក​គណ​កម្មាធិការ​នាយក​នៃ​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​និយាយ​ ចំអក​​ថា បើ​ទោះ​បី​ជា​មានការ​រួបរួម​រវាង​គណ​បក្ស​ដទៃៗ​ផ្សេង​ទៀត​ជា​មួយ​នឹង​គណ​ បក្ស​ថ្មី​របស់​លោក​កឹម សុខា និង​លោក​សម​ រង្ស៊ី​ក៏​មិន​អាច​យក​ជ័យ​ជម្នះ​លើ​គណបក្ស​គ្រប់​គ្រង​អំណាច​បាន​ដែរ។​ លោក​បាន​បញ្ជាក់​ថា​ពាក្យ​ថា សង្គ្រោះ​ជាតិ​គឺ​ជា​ពាក្យ​ហួស​សម័យ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ប្រើ​ ប្រាស់​ដើម្បី​សង្គ្រោះ​ពល​រដ្ឋ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។​

«មិន​ត្រឹម​តែ​ពីរ​គណ​បក្ស​ដែល​ត្រូវ​រួម​គ្នាទេ គណបក្ស​ដែល​នៅ​ក្រៅ​គណបក្ស​ប្រជា​ជន​កម្ពុជា​ទាំង​អស់​នោះ​រួម​គ្នាទាំង​អស់ ​ក៏​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ក៏​គ្មាន​ការ​ព្រួយ​បារម្ភ ឬ​ក៏​ភិត​ភ័យ​ឬ​ក៏​ក្រែង​ចាញ់​ទេ​ពី​ព្រោះ​ត្រូវ​តែ​អនុវត្ត​​កង្កែប​ក៏​ ប្រឹង ពស់​ក៏​ប្រឹង​នេះ គឺ​ថា​គេ​ក៏​ប្រឹង​យើង​ខ្ញុំ​ក៏​ប្រឹង​ដែរ»។​

កាល​ពី​ថ្ងៃ​ទី​១៦​និង​១៧​ខែ​កក្កដា​កន្លង​ទៅ​នេះ​គណ​បក្ស​សម រង្ស៊ី និង​គណ​បក្ស​សិទ្ឋិ​មនុស្ស​បាន​ជួប​ប្រជុំ​គ្នា​ចំនួន​ពីរ​ថ្ងៃ​នៅ​ទី​ក្រុង ​ម៉ានីល​ប្រទេស​ហ្វីលីពីន​ដោយ​បាន​សម្រេច​បង្កើត​គណបក្ស​ថ្មី​មួយ​ក៏​ ប៉ុន្តែ​ពេល​នោះ​នៅ​មិន​ទាន់​បាន​សម្រេច​ឈ្មោះ​ផ្លូវ​ការ​នៅ​ឡើយ។

ការ​សម្រេច​ដាក់​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លួវ​ការ​នេះ​បាន​ធ្វើ​ឡើង ​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​សហរដ្ឋ​អា​មេរិក​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​ត្រូវ​ ជា​យប់​ថ្ងៃ​អង្គារ​ក្នុង​ប្រទេស​កម្ពុជា។​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ​កឹម សុខា៕ ប្រភពពី VOA

Post Bottom Ad

Responsive Ads Here

Pages