អ្នក​ឃ្លាំ​មើល៖ ការ​មិន​គោរព​សិទ្ធិ​មនុស្ស​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Sunday, July 8, 2012

អ្នក​ឃ្លាំ​មើល៖ ការ​មិន​គោរព​សិទ្ធិ​មនុស្ស​នៅ​បន្ត​កើត​មាន​ក្នុង​សង្គម​កម្ពុជា


2012-07-08
ក្រុម​អ្នក​វិភាគ​បញ្ហា​សង្គម​គិត​ថា សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន​ដែល​ប្រទេស​ជា​សមាជិក​កំពុង​តែ​បន្ត​ពិភាក្សា និង​ឆ្លង​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា នេះ នឹង​ពុំ​អាច​ធានា​បាន​ពី​ប្រសិទ្ធភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំ​មើល​លើ​សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ ចាត់​ទុក​ថា​ សូម្បី​តែ​កម្ពុជា ខ្លួន​ឯង​ក៏​នៅ​តែ​ខកខាន​នៅ​ឡើយ​​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទៅ​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ បើ​ទោះ​ជា​មាន​សេចក្ដី​ប្រកាស​ជា​សកល​ស្ដី​ពី​សិទ្ធិ​មនុស្ស​ដែល​កំណត់​ដោយ​កិច្ច​ព្រម​ព្រាង​សន្តិភាព​ទីក្រុង​ប៉ារីស យ៉ាង​ណា​ក្ដី។
តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​នៅ​តែ​ជា​ឧបសគ្គ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​ការ​គោរព​សិទ្ធិមនុស្ស?
ក្រុម​អ្នក​ឃ្លាំមើល​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ហៅ​សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​ ដែល​គេ​កំពុង​ពិភាក្សា​នៅ​ឡើយ ឬ​បើ​ទោះ​បី​ឈាន​ទៅ​ដល់​ការ​អនុម័ត​ជា​ផ្លូវ​ការ​ក៏ដោយ ក៏​ច្បាប់​នេះ​នឹង​ពុំ​មាន​ឥទ្ធិពល​ណា​មួយ​ដែល​អាច​គ្រប់​ដណ្ដប់​ដល់​វិធានការ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ពេញ​លេញ​នោះ​ទេ។
ហេតុផល​ដែល​នាំ​ឲ្យ​មាន​ការ​អះអាង​បែប​នេះ ដោយសារ​គេ​មើល​ឃើញ​ថា ខណៈ​កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ គេ​ឃើញ​មាន​ការ​ឆ្លើយ​តប​តិច​តួច​ណាស់​ក្នុង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​សន្ធិសញ្ញា​នានា​ដែល​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស​នេះ។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម។ លោក​គិត​ថា ប្រទេស​កម្ពុជា មិន​មែន​ជា​​គំរូ​ល្អ​សម្រាប់​បណ្ដា​ប្រទេស​នៃ​សមាជិក​អាស៊ាន​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​​នោះ​ទេ។ លោក​គិត​ថា កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ជា​ច្រើន​បន្ថែម​ទៀត​បើ​ប្រៀប​ទៅ​នឹង​ប្រទេស​ដែល​​រីក​លូត​លាស់​ផ្នែក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន ដូច​ជា​ប្រទេស​ថៃ ជាដើម។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​អ្នក​វិភាគ​ឯករាជ្យ។ លោក​បង្ហាញ​កង្វល់​ថា សេចក្ដី​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​អាស៊ាន​នេះ​ទំនង​​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ធានា​ពី​កាតព្វកិច្ច និង​ប្រសិទ្ធភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​កម្ពុជា​នៅ​តែ​ខកខាន​នៅ​ឡើយ​ក្នុង​ការ​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​បាន​ធានា​ថា ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​ដោយ​សេរី ឬ​ការ​ប្រឆាំង​នូវ​អ្វី​ដែល​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​រួម។
លោក ឡៅ ម៉ុងហៃ៖ «ខ្ញុំ​ព្រួយ​បារម្ភ​បំផុត​គឺ​សេចក្ដី​ថ្លែងការណ៍​នោះ​វា​មាន និយាម ឬ​ក៏​ការពារ​ធានា​សិទ្ធិ​មនុស្ស​ទាប​ជាង ហើយ​តិច​ជាង​អ្វីៗ​ដែល​ជា​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា»
លោក អំ សំអាត អ្នក​គ្រប់​គ្រង់​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)។ លោក​ចាត់​ទុក​ថា មាន​ហេតុផល​មួយ​ចំនួន​ដែល​ជា​ឫស​គល់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស គឺ​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ច្បាប់​ការ​ពារ​សម្រាប់​អ្នក​មាន​អំណាច ឬ​ជន​មាន​ឥទ្ធិ​ពល និង​យន្តការ​របស់​រដ្ឋ​នៃ​ការ​គ្រប់​គ្រង​រដ្ឋបាល​សាធារណៈ​នៅ​តែ​ពុំ​ទាន់​​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។
លោក អំ សំអាត៖ «មូលហេតុ​ដែល​មាន​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​យើង គឺ​ទី​មួយ​កើត​ចេញ​អំ​ពី​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល។ ក្រៅ​ពី​ហ្នឹង​ការ​រឹតត្បិត​ទៅ​លើ​ផ្នែក​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​ដូច​ជា​ការ​ជួប​ជុំ​ការ​ប្រមូល​ផ្ដុំ»
លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ឯករាជ្យ​ជាន់​ខ្ពស់​នៃ​ក្រុម​អ្នក​ស្រាវជ្រាវ (Advance Research consultant Team= ART)។ លោក​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បើ​ទោះ​ជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដែល​គិត​ថា មាន​ភាព​ប្រសើរ​ផ្នែក​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​ដូច​ជា​ប្រទេស​​ថៃ និង​ឥណ្ឌូនេស៊ី យ៉ាង​ណា​ក្ដី តែ​ថា​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​ហាក់​ដើរ​បញ្ច្រាស​ទិស​ទៅ​វិញ។
លោក កែម ឡី៖ «ទោះ​បី​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​៤ ដែល​ខ្ញុំ​សង្កេត​នៅ​ក្នុង​បណ្ដា​ប្រជាជាតិ​អាស៊ាន បន្ទាប់​ពី​ថៃ បន្ទាប់​ពី​ឥណ្ឌូនេស៊ី បន្ទាប់​ពី​ហ្វីលីពីន ម៉ាឡេស៊ី​អី​ក៏ដោយ ក៏​ប៉ុន្តែ​ស្ថាន​ភាព​ហាក់​បី​ដូច​ដើរ​បី​ជំ​ហា​ន​​ទៅ​មុខ​បួន​ជំហាន​មក​​ក្រោយ​ពីរ​ជំហាន​ទៅ​មុខ​បី​ជំហាន​មក​ក្រោយ​យ៉ាងម៉េច​មិន​ដឹង​ទេ​ខ្មែរ​យើង»
វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​អា​អាម៉េរិកាំង​មួយ​ឈ្មោះ​ថា ហ្រ្វីឌឹម ហៅស៍ (Freedom House) បាន​ចេញ​ផ្សាយ​​របាយការណ៍​របស់​ខ្លួន​​​ប្រចាំ​ឆ្នាំ​២០១២ អំពី​សង្គម​ជាតិ​សាសន៍​ដែល​គាប់​សង្កត់​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក។ នៅ​ក្នុង​របាយការណ៍​នោះ គេ​បាន​បង្ហាញ​ពី​ការ​ស្រាវជ្រាវ​លើ​ប្រទេស​ចំនួន​១៨៥។ ក្នុង​នោះ ហ្រ្វីឌឹម ហៅស៍ រក​ឃើញ​ថា ប្រទេស​កម្ពុជា នៅ​តែ​ជា​ប្រទេស​​​ដែល​មិន​ទាន់​សេរី​នៅ​ឡើយ។
ការ​ស្រាវជ្រាវ​នេះ​ក្នុង​ន័យ​ដើម្បី​ពិនិត្យ​លើ​សិទ្ធិ​នយោបាយ និង​សេរីភាព​ផ្នែក​ស៊ីវិល​ដែល​ឆ្នាំ​២០១២ ស្ថានភាព​នេះ​កំពុង​ធ្វើ​ដំណើរ​ថយ​ក្រោយ។ ហ្វ្រីឌឹម ហៅស៍ ឲ្យ​​ដឹង​ថា ប្រទេស​ដែល​ពលរដ្ឋ​មាន​សិទ្ធិ និង​សេរីភាព​ពេញលេញ បាន​ពិន្ទុ​លេខ ១ រី​ឯ​ពិន្ទុ​លេខ ៧ ជា​ប្រទេស​គាប​សង្កត់ រឹតត្បិត​ខ្លាំង​ជាង​គេ។ ក្នុង​ចំណោម​នោះ​ប្រទេស​កម្ពុជា បាន​ពិន្ទុ​លេខ ៦ ខាង​សិទ្ធិ​នយោបាយ និង​លេខ ៥ ខាង​សេរីភាព​ស៊ីវិល។
កត្តា​ចាំបាច់​ដែល​នាំ​ឲ្យ​មាន​​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស ឬ​​ហៅ​ថា សន្ធិសញ្ញា​អន្តរជាតិ​នោះ គឺ​បន្ទាប់​ពី​រក​ឃើញ​ថា ការ​សម្លាប់​រង្គាល និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ក្រោយ​ពី​មាន​វិបត្តិ​សង្គ្រាម​លោក​លើក​ទី​២ រួច​មក។ បណ្ដា​ប្រទេស​នៅ​ក្នុង​ពិភពលោក​បាន​អនុម័ត​យក​សេចក្ដី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​​ក្នុង​ឆ្នាំ​១៩៤៨ ដើម្បី​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​តទៅ​ទៀត។
កម្ពុជា​ក៏​បាន​ជាប់​កាតព្វកិច្ច​ក្នុង​ការ​អនុម័ត​យក​សេចក្ដី​ប្រកាស​ជា​សកល​នេះ ដើម្បី​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ព្រោះ​កម្ពុជា​ក៏​ធ្លាប់​មាន​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ ដែល​ធ្វើ​ឲ្យ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ត្រូវ​បាត់​បង់​សិទ្ធិ​សេរីភាព​ការ​សម្លាប់​រង្គាល និង​មាន​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ។
បើ​ទោះ​ជា​ក្របខ័ណ្ឌ​ច្បាប់​​បាន​កំណត់​យក​គោលការណ៍​ដូច​ដែល​មាន​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស​បែប​នេះ​ក្ដី តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើ​ផ្នែក​នេះ​​រក​ឃើញ​ថា ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ដើរ​ថយក្រោយ​មួយ​ជំហាន​យ៉ាង​ឆ្ងាយ​ដែល​ជា​ការ​បារម្ភ​យ៉ាង​ខ្លាំង។
មន្ត្រី​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត កត់​សំគាល់​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​បន្ត​ញ៉ាំញី​កាន់​តែ​ខ្លាំង​ដូច​ជា​ក្នុង​ឆ្នាំ​២០១២ លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន​ត្រូវ​គេ​បាញ់​សម្លាប់​ក្នុង​ខេត្ត​កោះកុង កម្មការិនី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ត្រូវ​រង​ការ​បាញ់​ប្រហារ និង​កុមារី​នៅ​ខេត្ត​ក្រចេះ បាន​ស្លាប់​ភ្លាមៗ បន្ទាប់​ពី​កង​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​បង្ក្រាប​ដោយ​ហិង្សា​ក្នុង​ជម្លោះ​ដីធ្លី។
សង្គម​ស៊ីវិល​ចាត់​ទុក​ថា និទណ្ឌភាព ឬ​ភាព​គ្មាន​ទោស​ពៃ​ចំពោះ​អ្នក​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ដោយ​ជ្រក​ក្រោម​ផ្លាក​អភិវឌ្ឍន៍ ជា​មនុស្ស​ដែល​ស្និទ្ធនឹង​រដ្ឋាភិបាល និង​ជន​ដៃដល់​ដែល​មាន​អំណាច​តែង​រួច​ខ្លួន​ពី​​សំណាញ់​ច្បាប់។
លោក អំ សំអាត ថ្លែង​ថា ដើម្បី​ធានា​ឲ្យ​​ប្រទេស​មួយ​​មាន​នីតិរដ្ឋ​ពោល គឺ​យក​ច្បាប់​ជា​មូលដ្ឋាន លុះ​ត្រា​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល និង​ធ្វើ​ការ​ដោយ​ឯករាជ្យ៖«ដើម្បី​ឲ្យ​មាន​ការ​ធានា​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ក៏​ដូច​ជា​ការ​លើក​ស្ទួយ​វិស័យ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ សំខាន់​បំផុត​វា​ទាក់​ទង​នឹង​ប្រព័ន្ធ​តុលាការ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា»
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​ចេញ​ផ្សាយ​ដោយ​ភ្ជាប់​នូវ​របាយការណ៍​មួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឲ្យ​ដឹង​ថា អំពើ​​ពុក​រលួយ​គឺ​ជា​មូល​ហេតុ​ក្នុង​ចំណោម​ហេតុផល​​ផ្សេង​ទៀត​ដែល​ជា​មុខ​សញ្ញា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ អង្គការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី ១៦៤ ក្នុង​ចំណោម​ប្រទេស ១៨៣ នៅ​លើ​ពិភព​លោក​ដែល​មាន​អំពើ​ពុករលួយ។
បើ​ទោះ​ជា​​បែប​នេះ​ក្ដី​គេហទំព័រ​របស់​រដ្ឋាភិបាល​ស្ដី​ពី​សេចក្ដី​ព្រាង​នៃ​សិទ្ធិ​មនុស្ស​អាស៊ាន ដែល​បង្ហោះ​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឲ្យ​ដឹង​ថា បេសកកម្ម​នៃ​អន្តររដ្ឋាភិបាល​កំពុង​តែ​ធ្វើ​សេចក្ដី​ព្រាង​សេចក្ដី​នៃ​ប្រកាស​ស្ដីពី​សិទ្ធិ​មនុស្ស​ដែល​នឹង​ត្រូវ​ដាក់​ចូល​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា។ ផ្អែក​តាម​ធម្មនុញ្ញ​នេះ អាស៊ាន​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិ​មនុស្ស។
ក៏​ប៉ុន្តែ​ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ តាម​បណ្ដាញ​សង្គម ឬ​ហៅ​ថា Facebook កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា របាយការណ៍​ស្ដី​ពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឆ្នាំ​២០១១។ របាយការណ៍​នោះ​រក​ឃើញ​ថា ស្ថាប័ន​ការពារ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​ពុំ​មាន​ការ​ប្រជុំ​ទៀង​ទាត់ ឬ​ដំណើរការ​ប្រកប​ដោយ​តម្លាភាព​ឡើយ។ សហរដ្ឋ​អាមេរិក​លើក​ឡើង​ទៀត​ថា គណៈកម្មាធិការ​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ប៉ិនប្រសប់​ក្នុង​ការ​ធ្វើ​របាយការណ៍​សម្រាប់​កិច្ច​ប្រជុំ​ជា​អន្តរជាតិ​នានា ស្ដី​ពី​សិទ្ធិ​មនុស្ស។ ក៏​ប៉ុន្តែ​ស្ថាប័ន​របស់​រដ្ឋ​មួយ​នេះ​ខក​ខាន​ពុំ​ដែល​បាន​ស៊ើប​អង្កេត​ពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ដោយ​ឯករាជ្យ​ឡើយ។
វិទ្យុ​អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ចំ​ពោះ​បញ្ហា​នេះ​ជា​ច្រើន​ថ្ងៃ​ពី​លោក ឱម យ៉ិនទៀត ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តែ​លោក​បញ្ជាក់​ថា ជាប់​រវល់។ ចំណែក​មន្ត្រី​របស់​រដ្ឋាភិបាល​ផ្សេង​ទៀត​ឆ្លើយ​តប​ថា ពុំ​អាច​អត្ថាធិប្បាយ​បាន​ទេ។
យ៉ាង​ណា​ក៏​ដោយ លោក អំ សំអាត​ ថ្លែង​ថា ដើម្បី​ធានា​ឲ្យ​​ប្រទេស​មួយ​​មាន​នីតិរដ្ឋ ពោល​គឺ​យក​ច្បាប់​ជា​មូលដ្ឋាន ឬ​ថា​ការ​គោរព​សិទ្ធិ​មនុស្ស​ត្រូវ​បាន​អនុវត្ត​នោះ លុះ​ត្រា​តែ​ប្រព័ន្ធ​យុត្តិធម៌​មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​របស់​រដ្ឋាភិបាល និង​ធ្វើ​ការ​ដោយ​ឯករាជ្យ៕
ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages