ដោយ ជិន ជេដ្ឋា
2012-07-10
អង្គការសិទ្ធិមនុស្ស និងសាធារណៈជនជាច្រើន បានរិះគន់ចំពោះតុលាការខេត្តកោះកុង ថា មិនមានភាពឯករាជ្យ និងពុំមានឆន្ទៈក្នុងការលុបបំបាត់នូវវប្បធម៌និទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជាឡើយ។
ការចោទប្រកាន់នេះធ្វើឡើងក្រោយពីមានការដោះលែងយ៉ាងតក់ក្រហល់ទៅលើជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ប៊ុន សុខា និងបក្សពួកចំនួន ២នាក់ទៀត កាលពីព្រឹកថ្ងៃទី៩ ខែកក្កដា។
សាធារណជន និងមន្ត្រីអង្គការសិទ្ធិមនុស្សប្រចាំខេត្តកោះកុង បានសម្ដែងការខកចិត្តចំពោះសាលាដំបូងខេត្តកោះកុង ដែលបានលាក់បាំងព័ត៌មាន និងសម្រង់សាលក្រមសម្រេចទោសរបស់ឧត្ដមសេនីយ៍ផ្កាយពីរឈ្មោះ ប៊ុន សុខា និងបក្សពួក២នាក់ឲ្យរួចខ្លួន នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបក្សពួក ត្រូវបានចាប់ខ្លួននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១២ ហើយតុលាការខេត្តកោះកុង បានដាក់បទចោទប្រើអាវុធគំរាម និងអំពើហិង្សាទាំងកម្រោលទៅលើជនរងគ្រោះឈ្មោះ សេង ថៃរ័ត្ន និងសន្តិសុខសណ្ឋាគារកោះកុងស៊ីធី ម្នាក់ បណ្ដាលឲ្យរងរបួសជាទម្ងន់។
មន្ត្រីសម្របសម្រួល នៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា លោកបានព្យាយាមជជីកសួរព័ត៌មានជុំវិញការដោះលែងជនជាប់ចោទទាំងបីនាក់ ទៅក្រឡាបញ្ជីដែលកាន់សំណុំរឿងនេះផ្ទាល់ ប៉ុន្តែមិនត្រូវបានគេឆ្លើយតបអ្វីឡើយ។
លោកបន្តថា ចៅក្រមជម្រះក្ដីហាក់មានអាថ៌កំបាំងអ្វីមួយ ព្រោះការប្រកាសធ្វើឡើងតាំងពីព្រឹកព្រលឹម ហើយមានតែជនជាប់ចោទក្នុងពេលប្រកាសសាលក្រមនោះប៉ុណ្ណោះ៖ «ការដោះលែងនេះ គឺសង្គមស៊ីវិលមានការសោកស្ដាយ នៅពេលដែលគាត់ដោះលែងនេះ បានន័យថា គាត់បង្ហាញនូវភាពខ្សោយ ធ្វើឲ្យសាធារណជននឹងអស់ជំនឿទុកចិត្ត ប្រព័ន្ធតុលាការគ្រាន់តែជាឧបករណ៍អ្នកមានអំណាច មិនបានជួយការពារសិទ្ធិរបស់ប្រជាពលរដ្ឋទេ»។
ស្រដៀងគ្នានឹងការលើកឡើងនេះ លោក នាង បូរ៉ាទីណូ មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តកោះកុង។ លោកមានប្រសាសន៍ថា តាមច្បាប់ ការប្រកាសសាលក្រមទៅលើករណីអ្វីមួយ គឺមិនត្រូវបានលាក់បាំង និងប្រកាសយ៉ាងតក់ក្រហល់ដូច្នេះឡើយ៖ «ការដោះលែងដោយភាពតក់ក្រហល់ហ្នឹង អាចមានភាពមិនប្រក្រតីនៅក្នុងរឿង ដោយសារតែតាំងពីដំណាក់កាលជម្រះរហូតមកដល់ដំណាក់កាលនៃការដោះលែងហ្នឹង គឺស្ថាប័នតុលាការព្យាយាមលាក់ព័ត៌មានមិនឲ្យសាធារណជន និងប្រជាពលរដ្ឋបានដឹងលឺទេ»។
លោកបញ្ជាក់ថា ការប្រកាសសាលក្រមយ៉ាងតក់ក្រហល់របស់តុលាការខេត្តកោះកុង នាពេលនេះ អាចរងនូវសម្ពាធពីអ្នកមានអំណាច ព្រោះប្រធានជំនុំជម្រះក្ដី សម្រេចលើកពេលប្រកាសសាលក្រម ដោយមិនកំណត់ពេលច្បាស់លាស់ឡើយ។
ចៅក្រមជម្រះក្ដី នៃសាលាដំបូងខេត្តកោះកុង លោក ហួន ម៉ានី មានប្រសាសន៍ថា តាមអំណាចនៃសាលក្រម គឺបានសម្រេចដាក់ទណ្ឌកម្មលោក ប៊ុន សុខា រយៈពេល៣ឆ្នាំ និងកូនចៅ២នាក់ ក្នុងម្នាក់កាត់ឲ្យជាប់ទោស២ឆ្នាំកន្លះ ប៉ុន្តែអនុវត្តនៅក្នុងពន្ធនាគារតែរយៈពេល ២ខែ ១៥ថ្ងៃ ប៉ុណ្ណោះ ហើយអ្នកទាំងបីត្រូវដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
លោក ហួន ម៉ានី៖ «យើងយកស្ថានសម្រាលទោសរបស់គាត់តាមមាត្រា៩៣ ដោយហេតុថា ជនរងគ្រោះសុំដកពាក្យបណ្ដឹងវិញទាំងអស់សុំឲ្យតុលាការបន្ធូរបន្ថយទោសហ្នឹង។ ទាក់ទងនឹងការអនុវត្តក្នុងសាលក្រមរបស់គាត់ គឺជាសាលក្រមនៅមានអនុភាពដដែល ពេលណាដែលគាត់ប្រព្រឹត្តបទល្មើសក្នុងរយៈពេលប្រាំឆ្នាំហ្នឹង គឺបទល្មើសត្រូវផ្ដន្ទាទោសត្រូវបូកអាបីឆ្នាំនៅក្នុងសាលក្រមហ្នឹង ជាមួយផង ព្រោះអាហ្នឹងច្បាប់សាកល្បង៥ឆ្នាំ»។
ក្រុមអ្នកច្បាប់ជាច្រើនបានពន្យល់ថា ព្រះរាជអាជ្ញាមានសិទ្ធិប្ដឹងឧទ្ធរណ៍ បើទោះបីជាជនរងគ្រោះដកពាក្យបណ្ដឹងយ៉ាងណាក្ដី ប៉ុន្តែនៅក្នុងសំណុំរឿងជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ព្រះរាជអាជ្ញាសម្រេចមិនប្ដឹងឧទ្ធរណ៍ ដោយចាត់ទុកសាលក្រមរបស់ចៅក្រមជំនុំជម្រះជាបានការ។
មេធាវីនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោក លី កុសល មានប្រសាសន៍ថា តាមផ្លូវច្បាប់ ការប្រកាសសាលក្រមត្រូវកំណត់ពេលវេលាច្បាស់លាស់ និងប្រកាសជាសាធារណៈ ដើម្បីងាយស្រួលដល់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលពាក់ព័ន្ធបានចូលស្ដាប់សេចក្ដីសម្រេចរបស់ចៅក្រម៖«ព្រះរាជអាជ្ញាគឺជាបណ្ដឹងអាជ្ញា អីចឹងគាត់ព្រះរាជអាជ្ញាជាអ្នកត្រួតពិនិត្យនៅលើរាល់បណ្ដឹងព្រហ្មទណ្ឌដែលកើតឡើងទាំងអស់ហ្នឹង។ គាត់នៅតែមានសិទ្ធិប្ដឹង ទោះបីជាជនរងគ្រោះហ្នឹងដកពាក្យប្ដឹង ក៏ប៉ុន្តែតំណាងអយ្យការនៅតែដំណើរការរឿងក្ដី»។
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា បានសង្កេតឃើញថា បញ្ហានិទ្ទណ្ឌភាព ឬភាពរួចទោសនៅកម្ពុជា នៅតែបន្តកើតមានជាបន្តបន្ទាប់ ដូចជា ករណីអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បាញ់កម្មការិនីឲ្យរងរបួស នៅខេត្តស្វាយរៀង និងករណីអាជ្ញាធរប្រើអាវុធបង្ក្រាបក្នុងព្រឹត្តិការបង្ក្រាបក្រុមប្រជាពលរដ្ឋនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ដែលរដ្ឋាភិបាលចោទថា ចង់បង្កើតតំបន់អបគមន៍ បណ្ដាលឲ្យក្មេងស្រីម្នាក់ស្លាប់ជាដើម។
ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាលធ្លាប់អះអាងថា តុលាការកម្ពុជា គឺជាប្រព័ន្ធយុត្តិធម៌ ឯករាជ្យ មិនស្ថិតនៅក្រោមអំណាចគណបក្សនយោបាយ ឬអ្នកមានអំណាចណាឡើយ៕