ដោយ ដែន អយុធ្យា
2012-07-11
សមត្ថកិច្ចប្រដាប់ដោយដំបង និងខែល បានប្រើហិង្សាវាយសកម្មជនសហជីពកម្មករម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងអំឡុងពេលបុរសរូបនេះតាមឃ្លាំមើលតំណាងកម្មកររោងចក្រ តៃណាន ដង្ហែញត្តិដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីក្បែរវិមានឯករាជ្យ។
សមត្ថកិច្ចរដ្ឋាភិបាលរាប់រយនាក់ប្រដាប់ដោយដំបងឆក់ កាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងខែល នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា បានរារាំងក្បួនដង្ហែកូដកម្មអហិង្សារបស់កម្មកររោងចក្រ តៃណាន និងបានវាយឲ្យមន្ត្រីសហជីពម្នាក់រងរបួសធ្ងន់។
លោកស្រី យ៉ាង សុភ័ណ្ឌ ជាប្រធានសម្ព័ន្ធសហជីពកម្ពុជា។ លោកស្រីបានឲ្យដឹងថា បន្ទាប់ពីតំណាងកម្មកររោងចក្រ តៃណាន ចំនួន ១០នាក់ បានដើរហែក្បួនយកញត្តិពីទីលានសេរីភាពប្រគល់ជូនមន្ត្រីខុទ្ទកាល័យលោក ហ៊ុន សែន នៅម៉ោងជិត ១០ព្រឹក ថ្ងៃទី១១ ខែកក្កដា នាមុខវត្តបទុមវតី មានកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់ប្រដាក់ដោយដំបងឆក់ និងខែល បានមកវាយបង្ក្រាបតំណាងកម្មករ និងមេដឹកនាំសហជីពទាំងកំរោល បណ្ដាលឲ្យមន្ត្រីសហជីពម្នាក់របួសធ្ងន់។ ភ្លាមៗសមត្ថកិច្ចបាននាំខ្លួនមន្ត្រីសហជីពដែលមានរបួសបែកភ្នែកខាងស្ដាំហូរឈាមស្រោចខ្លួន បញ្ជូនតាមរថយន្តទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ មិនបញ្ជូនទៅមន្ទីរពេទ្យទេ។
លោកស្រី យ៉ាង សុភ័ណ្ឌ បានថ្កោលទោសចំពោះទង្វើអមនុស្សធម៌របស់សមត្ថកិច្ចរដ្ឋាភិបាល និងស្នើឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។
សកម្មភាពប្រើហិង្សារបស់កម្លាំងសមត្ថកិច្ចទៅលើមន្ត្រីសម្ព័ន្ធសហជីពកម្ពុជា បានកើតមានតែប៉ុន្មានម៉ោងមុនដំណើរមកដល់របស់លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក មកកម្ពុជា ដើម្បីចូលរួមវេទិកាប្រជុំអាស៊ាន។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានដឹកនាំកម្មកររោងចក្រ តៃណាន ជួបជុំគ្នានៅទីលានសេរីភាព ព្រឹកថ្ងៃទី១១ ខែកក្កដា ដើម្បីស្នើរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានចាត់ទុកសកម្មភាពប្រើហិង្សារបស់សមត្ថកិច្ចថា ឈានទៅរករបៀបដឹកនាំបែបផ្ដាច់ការ និងបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោកថា ក្នុងនាមជាប្រទេសដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន មិនគួរសមត្ថកិច្ចរដ្ឋាភិបាលធ្វើទង្វើហិង្សាមកលើកម្មករ ឬមន្ត្រីសហជីពដែលស្វែងរកកិច្ចអន្តរាគមន៍ពីប្រមុខដឹកនាំផ្ដល់យុត្តិធម៌ជូនកម្មករ ដែលត្រូវថៅកែរំលោភបំពានសិទ្ធិការងារ បែរជាត្រូវបង្ក្រាបនោះទេ។
ជនរងគ្រោះឈ្មោះ រ៉ុង បញ្ញា ជាមន្ត្រីសម្ព័ន្ធសហជីពកម្ពុជា ដែលសមត្ថកិច្ចវាយឲ្យបែកចិញ្ចើមហូរឈាមពេញផ្ទៃមុខ មុនពេលសមត្ថកិច្ចបញ្ជូនខ្លួន បានទទូចឲ្យថ្នាក់ដឹកនាំបណ្ដាប្រទេសមកចូលរួមប្រជុំវេទិកាអាស៊ាន ឲ្យជួយរកយុត្តិធម៌ និងជួយលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា។
រហូតមកដល់ម៉ោង ៤ និង ៣០នាទី ល្ងាចថ្ងៃទី១១ ខែកក្កដា ជនរងគ្រោះឈ្មោះ រ៉ុង បញ្ញា សមត្ថកិច្ចមិនទាន់ដោះលែងចេញពីស្នងការនគរបាលរាជធានីភ្នំពេញ នៅឡើយទេ។
កម្លាំងចម្រុះរាប់រយនាក់ដែលរារាំងក្រុមកម្មកររោងចក្រ តៃណាន មិនឲ្យហែក្បួនយកញត្តិដាក់ជូនខុទ្ទកាល័យលោក ហ៊ុន សែន ដឹកនាំដោយលោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ។
លោក ទូច ណារ៉ុថ បានគំរាមចាប់ខ្លួនលោក រ៉ុង ឈុន បើមានៈដឹកនាំក្បួនកម្មកររាប់ពាន់នាក់ចេញពីទីលានសេរីភាព ឆ្ពោះទៅខុទ្ទកាល័យលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដោយមិនស្ដាប់បម្រាមអាជ្ញាធរនោះ។
បន្ទាប់ពីកិច្ចចរចារវាងសមត្ថកិច្ច និងមេដឹកនាំសហជីពកម្មករ លោក ទូច ណារ៉ុថ បានអនុញ្ញាត្តិឲ្យលោក រ៉ុង ឈុន ដឹកនាំតំណាងកម្មករប្រមាណ ១០នាក់ ដង្ហែយកញត្តិដាក់ជូនខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ជំនួសដើរហែក្បួនមានមនុស្សច្រើន។
ទោះយ៉ាងណា បន្ទាប់ពីតំណាងកម្មកររោងចក្រ តៃណាន បានដាក់ញត្តិជូនមន្ត្រីខុទ្ទកាល័យនៅក្រោមដើមពោធិ៍ មុខវត្តបទុមវតី នៅវេលាម៉ោងជិត ១០ព្រឹក ស្រាប់តែមានកម្លាំងសមត្ថកិច្ចប្រដាប់ដោយដំបង និងខែល មករុញច្រានវាយបង្ក្រាបដោយហិង្សាទៅលើតំណាងកម្មករ ដែលកំពុងអង្គុយសំរាកក្រោមដើមពោធិ៍ ដោយចោទតំណាងកម្មករថា បានប្រើហិង្សាដាក់សមត្ថកិច្ចទៅវិញ។
ព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា កម្មករ កម្មការិនី រោងចក្រ តៃណាន ជាង ១ពាន់នាក់ ក្នុងចំណោមកម្មករជាង ៤ពាន់នាក់ បានមកប្រមូលផ្ដុំគ្នានៅទីលានសេរីភាព ដើម្បីសម្តែងកង្វល់ និងស្នើឲ្យលោក ហ៊ុន សែន ជួយដោះស្រាយប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ដែលថៅកែគេចមិនទទួលខុសត្រូវ។
ក្រុមកម្មករបានឲ្យដឹងថា ពួកគេបានធ្វើកូដកម្មអហិង្សាពីថ្ងៃទី២៥ ខែមិថុនា មកម្ល៉េះ ដោយសារថៅកែរោងចក្រ បានប្ដូរឈ្មោះរោងចក្រពី តាយ យៀន មករោងចក្រ តៃណាន ប៉ុន្តែមិនបានផ្តល់សំណងជូនកម្មករឲ្យស្របតាមច្បាប់ស្តីពីការងារទេ។
យ៉ាងណាក៏ដោយ ក្រុមកម្មកររោងចក្រ តៃណាន បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ទៅថៅកែរោងចក្រ ឲ្យផ្ដល់ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេឲ្យស្របតាមច្បាប់ការងារ ក្នុងករណីថៅកែបានប្ដូរឈ្មោះក្រុមហ៊ុន។