នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដក​​ដី​សម្បទាន​ដែល​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Friday, June 15, 2012

នាយករដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដក​​ដី​សម្បទាន​ដែល​ប៉ះពាល់​ដល់​ដី​ពលរដ្ឋ

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​១៤ មិថុនា ឆ្នាំ​២០១២ ប្រកាស​កែ​ទម្រង់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​ថ្មី​ទៀត នៅ​គ្រា​ដែល​រដ្ឋាភិបាល​រក​ឃើញ​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បាត់​បង់​ដី​ស្រែ​ចំការ និង​ផ្ទះ​សំបែង ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​មិន​បាន​ចុះ​វាស់វែង​ឲ្យ​បាន​ត្រឹមត្រូវ​ជា​ មុន​កន្លង​មក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល រាជធានី​ភ្នំពេញ។


ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ របាយការណ៍​នៅ​ពាក់​កណ្ដាល​អាណត្តិ​ឆ្នាំ​២០១១ ស្ដីពី​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២១០២ បាន​ប្រកាស​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ដក​ហូត ឬ​កាត់​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ដីស្រែ និង​ចំការ​កន្លង​មក។
ការ​កាត់ និង​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ គឺ​ទុក​បែង​ចែក​ឲ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ខាត​ដីធ្លី និង​បាត់បង់​ដី​ស្រែ​ចំការ​កន្លង​មក។
បទបញ្ជា​នេះ​គឺ​ជា​ចំហ និង​ជា​វិធានការ​មួយ​ទៀត​ក្រោយ​ពី​លោក ហ៊ុន សែន បាន​ប្រកាស​វិធានការ​រួច​ម្ដង​ហើយ កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ បញ្ជា​ឲ្យ​លោក ច័ន្ទ សារុន ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះអាសន្ន​ឲ្យ​ក្រុមហ៊ុន​ឯកជន ​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ចាត់ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ហើយ​លោក​ចាត់​ទុក​ថា វិធានការ​នេះ​មិន​មែន​ជា​យុទ្ធនាការ​ទាក់ទាញ​សន្លឹក​ឆ្នោត​ទេ។
លោក ហ៊ុន សែន៖ «រឿង​លោក​ឯង​ធ្វើ​អត្ថាធិប្បាយ​ជា​សិទ្ធិ​របស់​លោក​ឯង (គណបក្ស​ប្រឆាំង) តែ​នេះ​ជា​សិទ្ធិ​អំណាច​ក្នុង​តំណែង​របស់​ខ្ញុំ បើ ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ប្រជាជន​បាន​ដី​ហើយ ឯ​ចំពោះ NGO និង​បក្ស​ប្រឆាំង​អាច​ត្រឹម​ផ្ដល់​អនុសាសន៍​តែ​គ្មាន​សិទ្ធិ សិទ្ធិ​សំរេច​នៅ​ឯ​ណោះ (ហ៊ុន សែន)»
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​កំពុង​តែ​ចុះ​ទៅ​ត្រួត​ពិនិត្យ និង​សិក្សា​រឿង​នេះ​ហើយ៖ «គ្រប់​កន្លែង​ណា​ទាំង​អស់​ដែល​មាន​ដី​សម្បទាន​ សេដ្ឋកិច្ច​ហ្នឹង គឺ​កាត់​ទាំង​អស់។ កន្លង​មក​ចេះ​តែ​មាន​បញ្ហា​ដីធ្លី​ឲ្យ​បញ្ចប់​បញ្ហា​នេះ​នៅ​លើ ១៨​ខេត្ត។ យើង​មិន​ទាន់​ដឹង​ប្រជាជន​ពិត​ប្រាកដ កាល​ណា​យើង​ដឹង​ប្រជាជន​ពិត​ប្រាកដ យើង​បែងចែក​ដី​ទៅ​តាម​ហ្នឹង»
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាងរាស្ត្រ បាន​មាន​ប្រសាសន៍​ថា កន្លង​មក​ប្រជាពលរដ្ឋ​ជាង ១​លាន​នាក់ បាន​រង​ការ​ឈឺ​ចាប់​ដោយសារ​ការ​បាត់បង់​ដី​ស្រែ​ចំការ ដោយសារ​តែ​ក្រុមហ៊ុន​ឯកជន​រឹប​យក​ជា​កម្មសិទ្ធិ។
លោក យឹម សុវណ្ណ៖ «ជា​ការ​ចាំបាច់​ដែល​ត្រូវ​តែ​ផ្ដល់​រឹប​អូស​ពី​ ប្រជាពលរដ្ឋ ប្រគល់​សង​ប្រជាពលរដ្ឋ​វិញ។ គណបក្ស សម រង្ស៊ី បាន​ទាមទារ​ម្ដង​ហើយ​ម្ដង​ទៀត កុំ​ឲ្យ​រឹប​អូស​ដីធ្លី​ប្រជាពលរដ្ឋ ម្យ៉ាង​វិញ​ទៀត​គឺ​ត្រូវ​តែ​បញ្ឈប់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុម​បរទេស និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស»
កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​ជិត ២០ ស្មើ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​សរុប​ជាង ១​លាន​ហិកតារ នៅ​ខេត្ត​ចំនួន ១៧ នៅ​ទូទាំង​ប្រទេស​កម្ពុជា។
ក្រុមហ៊ុន​ឯកជន​ទាំង​នោះ​មក​ពី​ប្រទេស​ចិន វៀតណាម កូរ៉េ​ខាង​ត្បូង ថៃ ម៉ាឡេស៊ី ឥណ្ឌា និង​ប្រទេស​សិង្ហបុរី៕

ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages