ភ្នំពេញៈ នៅក្នុងសន្និសីទសង្គមស៊ីវិល ឯករាជ្យមួយ
កាលពីថ្ងៃម្សិលមិញ សមាជិកគណៈកម្មការដឹកនាំថ្នាក់តំបន់ជាច្រើន
បានប្រកាសពីបញ្ហាការទន្ទ្រានដណ្តើមកាន់កាប់ដីប្រជាជន
និងលក្ខខណ្ឌការងារដ៏អាក្រក់ របស់ពលករចំណាកស្រុកថា ជាបញ្ហា
ដែលអាចនឹងត្រូវលើកឡើង ជាមួយមេដឹកនាំអាស៊ាន
ដែលនឹងមកចូលរួមប្រជុំ នៅសប្តាហ៍ក្រោយ។
លោក Sinapan Samy Dorai សមាជិកគណៈកម្មការម្នាក់
ដែលមកពីប្រទេសសិង្ហបុរី បានថ្លែងថា រដ្ឋាភិបាល
មានការភ័យខ្លាចនឹងសង្គមស៊ីវិល។ លោកបានគូសបញ្ជាក់ថា៖
«អ្នកមានអំណាច និងទ្រព្យធនដែលជានិច្ចកាល
ពាក់ព័ន្ធនឹងរដ្ឋាភិបាលបានបំពានប្រព័ន្ធច្បាប់
ដើម្បីរក្សាឋានៈរបស់ពួកគេផ្នែកនយោបាយ ហើយពិតណាស់
ដើម្បីទ្រព្យសម្បត្តិពួកគេ»។ លោកបន្តថា៖
«ពួកគេខ្លាចសង្គមស៊ីវិល លើកឡើងពីបញ្ហានេះ
និងលាតត្រដាងពីអំពើពុករលួយក្នុងការដឹកនាំរបស់ពួកគេ»។
លោកបានចោទសួរថា៖ «អ្នកណានៅពីក្រោយការជួញដូរ គ្រឿងញៀន ស្ត្រី
និងកុមារនោះ?
ពួកយើងភាគច្រើនបានដឹងហើយ»។
លោកបាន Sinapan Samy Dorai បន្តថា អាស៊ាន ត្រូវតែដោះស្រាយបញ្ហាដីធ្លី និងសិទ្ធិរបស់ពលករចំណាកស្រុក។
លោកបន្តទៀតថា៖ «ពុំមានប្រទេសណាមួយ
ក្នុងចំណោមប្រទេសអាស៊ានទាំង ១០
ទទួលស្គាល់ពលករចំណាកស្រុកនៅក្រោមច្បាប់ការងាររបស់ពួកគេឡើយ»។
តំណាងអង្គការសង្គមស៊ីវិល មកពីប្រទេសអាស៊ានទាំង
១០និងអ្នកពាក់ព័ន្ធប្រមាណជា ៩០០ នាក់ បានជួបប្រជុំគ្នា
នៅក្នុងសន្និសីទសង្គមស៊ីវិលអាស៊ានវេទិកាប្រជាជនអាស៊ាន ឆ្នាំ២០១២
ធ្វើឡើងរយៈពេល ៣ ថ្ងៃ ដែលចាប់ផ្តើមកាលពីម្សិលមិញ
នៅសណ្ឋាគារLucky Star ក្នុងរាជធានីភ្នំពេញ។
តំណាងអង្គការសង្គមស៊ីវិលទាំងនេះ ក៏បានលើកឡើងផងដែរថា
បណ្តារដ្ឋាភិបាល នៅក្នុងប្រទេសនៃសមាគមអាស៊ាន
មិនសូវឲ្យតម្លៃទៅលើអង្គការសង្គមស៊ីវិលដែលធ្វើការជួយគាំពារ
ប្រជាពលរដ្ឋពិតប្រាកដ និងរួមចំណែកយ៉ាងសំខាន់ សស្រាក់សស្រាំ
នៅក្នុងដំណើរការអភិវឌ្ឍសង្គមនោះទេ។
លោកស្រី ធីតា ឃឹស នាយិកាអង្គការស៊ីលីកា និងជាសមាជិកគណៈកម្មាធិការ
នៃសន្និសីទនេះ បានមានប្រសាសន៍ថា វេទិកានេះ
អង្គការសង្គមស៊ីវិលមកពីប្រទេសអាស៊ានទាំង១០
នឹងចែករំលែកបទពិសោធពីគ្នាទៅវិញទៅមក
ប្រមូលបញ្ហាដែលកំពុងប្រឈមទាំងឡាយ
ដើម្បីចងក្រងជាអនុសាសន៍ដាក់ជូនទៅប្រមុខរដ្ឋាភិបាលដែលនឹងមកចូល
រួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍ក្រោយ
ដើម្បីធ្វើការដោះស្រាយ។ លោកស្រី ធីតា ឃឹស
បានមានប្រសាសន៍ថា៖«តួនាទីរបស់អង្គការសង្គមស៊ីវិល
នៅមិនទាន់ច្បាស់លាស់
ហើយរដ្ឋាភិបាលពុំបានគិតឲ្យបានដិតដល់ពីបញ្ហាប្រឈម
ទៅដល់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលនោះទេ»។
រដ្ឋាភិបាលកម្ពុជា បានជ្រើសតាំងអង្គការសង្គមស៊ីវិល
ដែលគេមិនសូវស្គាល់ឈ្មោះឲ្យធ្វើជាតំណាងអង្គការសង្គមស៊ីវិល
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយនេះរួចមកហើយ
ក្តី។ ប៉ុន្តែ លោកស្រី ធីតា ឃឹស បានថ្លែងថា អង្គការសង្គមស៊ីវិល
ដែលធ្វើការបម្រើប្រជាពលរដ្ឋពិតប្រាកដក្នុងប្រទេសកម្ពុជា
មិនទទួលស្គាល់តំណាងដែលជ្រើសតាំងដោយរដ្ឋាភិបាលនោះទេ
ហើយនឹងរួមគ្នាជាមួយអង្គការសង្គមស៊ីវិលមកពីបណ្តាប្រទេសអាស៊ាន
ដើម្បីដាក់អនុសាសន៍ដែលនឹងរកឃើញ នៅក្នុងសន្និសីទរយៈពេល ៣
ថ្ងៃនេះ ទៅប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១០
ទៅតាមលទ្ធភាពដែលអាចធ្វើបាន។
រដ្ឋាភិបាលកម្ពុជា ក៏បានរៀបចំវេទិកាសង្គមស៊ីវិល
ដែលមានឈ្មោះស្រដៀងគ្នានេះមួយផងដែរ នៅសាលសន្និសីទចតុមុខ
ដែលបានចាប់ផ្តើម កាលពីថ្ងៃពុធ និងបញ្ចប់កាលពីថ្ងៃម្សិលមិញ។
អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា បានបដិសេធមិនធ្វើអធិប្បាយទេ។
រឿងរ៉ាវពាក់ព័ន្ធនឹងអាស៊ាននេះដែរ កាលពីម្សិលមិញ
បញ្ជាការកងកម្លាំងការពារជាតិអាស៊ាន
បានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបតិ្តការទ្វេភាគី
និងពហុភាគី ដើម្បីទប់ស្កាត់ការគំរាមកំហែងឆ្លងកាត់ព្រំដែន
ដែលកំពុងកើតឡើងនៅក្នុងតំបន់។
ថ្លែងនៅសន្និសីទសារព័ត៌មាន
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅសណ្ឋាគារ អាំងទែរកុងទីណង់តាល់
នៅរាជធានីភ្នំពេញ លោក ប៉ុល សារឿន
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា
ប្រទេសសមាជិកអាស៊ាន នឹងបន្តផ្តោតលើកិច្ចសហប្រតិបតិ្តការ
ស្តីពីបញ្ហាគ្រោះមហន្តរាយធម្មជាតិ សន្តិសុខផ្ទៃសមុទ្រ
ក្រុមឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន និងសកម្មភាពភេរវករ។
លោកបានបញ្ជាក់ថា៖
«ឆ្លើយតបនឹងការគំរាមកំហែងដែលកំពុងកើតឡើងសព្វថ្ងៃនេះ
ដែលកាន់តែស្មុគស្មាញ និងពិបាកព្យាករទុក
យើងបានអនុវត្តសកម្មភាពរួមគ្នាដែលមានគោលដៅពង្រឹងកិច្ចសហ
ប្រតិបតិ្តការ»៕ CR/TK
រាយការណ៍បន្ថែម វង្ស សុខេង និង សូ វិសាល