PPP-ភ្នំពេញៈ សមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ី
បានលើកគ្នាដើរចេញពីការបោះឆ្នោតជ្រើសរើសសមាជិកក្នុងគណៈកម្មការ
ព្រឹទ្ធសភាកាលពីថ្ងៃពុធ បន្ទាប់ការបោះឆ្នោតជុំទី១
បេក្ខភាពពីបក្សប្រឆាំង នៅក្នុងគណៈកម្មការចំនួន
២មិនទទួលបានគាំទ្រពីបក្សកាន់អំណាចសោះ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច
មានសមាជិកលើសលប់នៅក្នុងព្រឹទ្ធសភាហើយបានដាក់តំណាង
មកពីគណបក្សខ្លួន សម្រាប់អាសនៈ៥ ក្នុងគណៈកម្មការនីមួយៗ
នៃគណៈកម្មការព្រឹទ្ធសភាទាំង៩។
គណបក្សសមរង្ស៊ី បានសង្ឃឹមថា
សមាជិកគណបក្សខ្លួននឹងត្រូវបានបោះឆ្នោតឲ្យធ្វើជាសមាជិកក្នុង
គណៈកម្មការយ៉ាងតិច ២ ក្នុង ព្រឹទ្ធសភា ប៉ុន្តែ ពួកគេបានខកចិត្ត
ក្នុងការបោះឆ្នោតជុំទី១
បើទោះជាគណបក្សប្រជាជនមានសមាជិកគ្រប់ចំនួនក៏ដោយ។
នៅមុនពេលបោះឆ្នោតជុំទី ២ លោក គង់
គាំប្រធានស្តីទីគណបក្សសមរង្ស៊ី
និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសមរង្ស៊ីទាំង១០រូបបានដើរចេញពី
កិច្ចប្រជុំ
ដោយមិនរង់ចាំពិនិត្យមើលការបោះឆ្នោតគាំទ្របេក្ខភាពលោកគង់ គាំ
និងលោកស្រី កែ សុវណ្ណរតន៍ ជាសមាជិកក្នុងគណៈកម្មការពីរនោះទេ។
ថ្លែងនៅខាងក្រៅសាលប្រជុំ លោក គង់ គាំ បានអះអាងថា
លទ្ធផលនេះបានធ្វើឲ្យគណៈកម្មការព្រឹទ្ធសភាជាគណៈកម្មការគ្មាន ន័យ
ហើយលោកជឿជាក់ថា ចំនួនអាសនៈក្នុងគណៈកម្មការនីមួយៗគួរពង្រីក
ដើម្បីអនុញ្ញាតឲ្យគណបក្សប្រឆាំងមានតំណាងក្នុងគណៈកម្មការ នីមួយៗ។
លោកបានបន្តថា៖ «និយាយឲ្យខ្លី គោលបំណងរបស់សភា
គឺធានាថាស្ថាប័ននីតិប្បញ្ញតិ្តទាំង២
ត្រូវគ្រប់គ្រងដោយគណបក្សតែមួយ។ គណបក្សប្រជាជនកម្ពុជាបើកឲ្យយើងឈរ
ប៉ុន្តែ ពួកគេបានបោះឆ្នោតបំផ្លាញយើង»។
លោក ជាម យៀប តំណាងរាស្រ្តពីគណបក្សប្រជាជនកម្ពុជា លើកឡើងថា
ការបោះឆ្នោតគឺស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកថា៖
«ចំនួនអាសនៈប្រគល់ឲ្យផ្អែកតាមលទ្ធផលនៃការបោះឆ្នោត។
វាជាលទិ្ធប្រជាធិបតេយ្យ
មិនមែនជារដ្ឋដែលមានគណបក្សតែមួយនោះទេ»។
លោក ជាម យៀប បានបន្តថា៖«ប្រសិនបើគណបក្ស សម រង្ស៊ី
ចង់ដឹកនាំស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភា គណបក្ស សម រង្ស៊ី
ត្រូវព្យាយាមយកឈ្នះគណបក្សប្រជាជនកម្ពុជា ជាមុនសិន»។
អ្នកស្រី Laura Thornton
នាយកវិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា បានថ្លែងថា
អ្នកស្រីមិនភ្ញាក់ផ្អើលនឹងលទ្ធផលទាំងនេះទេ។ អ្នកស្រីជឿជាក់ថា
គណបក្សប្រជាជនកម្ពុជា
បានបកស្រាយការកើនឡើងនូវចំនួនអាសនៈរបស់ខ្លួន
ក្នុងការបោះឆ្នោតឆ្នាំ ២០០៨
ដែលជាសិទិ្ធអំណាចគ្របដណ្តប់លើការធ្វើសេចក្តីសម្រេច។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការឃ្លាំមើលការបោះឆ្នោត
Comfrel បានថ្លែងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសមរង្ស៊ី
គួរចែករំលែកអំណាចរួមគ្នាក្នុងស្ថាប័នកំពូលរបស់ជាតិដូចប្រទេស
ប្រជាធិបតេយ្យនៅលើពិភពលោក។
លោកអះអាងថា គណបក្សសមរង្ស៊ី ជាគណបក្សធំទី២
គួរទទួលតំណែងក្នុងរចនាសម្ព័ន្ធរបស់ព្រឹទ្ធសភា
ឬតំណែងក្នុងគណៈកម្មការព្រឹទ្ធសភា។
លោក គល់ បញ្ញា បានបញ្ជាក់បន្ថែមទៀតថា៖
«ការបោះឆ្នោតនេះមិនត្រឹមត្រូវទេ
ព្រោះលទ្ធផលបោះឆ្នោតព្រឹទ្ធសភាបានមកពីបញ្ជីគណបក្ស
តើបោះឆ្នោតរបៀបណា? អ្វីដែលគណបក្សប្រាប់ គេនឹងធ្វើតាម»៕ TK