ថ្ងៃនេះ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ កម្ពុជា (អ.វ.ត.ក) បានសម្រេចផ្តន្ទាទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដាក់ពន្ធនាគារអស់មួយជីវិត ជាទោសអតិបរមា ដែលមានចែងក្នុងច្បាប់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩។
ដោយបានទទួលយកបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា
អង្គជំនុំជម្រះតុលាការកំពូលសម្រេចបដិសេធចោលការផ្តន្ទាទោសដាក់
ពន្ធនាគារ ៣៥ឆ្នាំ របស់អង្គជំនុំជម្រះសាលាដំបូង ចុះថ្ងៃទី២៦ ខែកក្កដា
ឆ្នាំ២០១០
ហើយមតិភាគច្រើនលើសលប់របស់អង្គជំនុំជម្រះតុលាការកំពូលក៏បានបដិសេធ
ចោលសេចកី្តសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងក្នុងការសងសំណងចំពោះ
ការរំលោភលើសិទិ្ធរបស់ កាំង ហ្កេកអ៊ាវ
ដោយសារការឃុំខ្លួនខុសនីតិវិធីច្បាប់ដោយតុលាការយោធាកម្ពុជាចាប់តាំង
ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៩ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧។
អង្គជំនុំជម្រះតុលាការកំពូលបានបដិសេធចោលបណ្តឹងសាទុក្ខរបស់ កាំង
ហ្កេកអ៊ាវ ដែលបានលើកឡើងថា
ខ្លួនមិនសិ្ថតនៅក្នុងយុត្តាធិការលើរូបបុគ្គលរបស់តុលាការទេ។
អង្គជំនុំជម្រះតុលាការកំពូលសម្រេចថា
ចំពោះបញ្ហាថាតើជនជាប់ចោទគឺជាមេដឹកនាំជាន់ខ្ពស់មួយរូប
ឬជាជនមួយរូបក្នុងចំណោមជនទាំងឡាយដែលទទួលខុសត្រូវខ្ពស់បំផុត
ដែរឬយ៉ាងណានោះ
គឺជាសេចក្តីសម្រេចផ្តាច់មុខផ្នែកគោលការណ៍ណែនាំរបស់សហចៅក្រម
ស៊ើបអង្កេតនិងសហព្រះរាជអាជ្ញាដែលជាអ្នកទទួលខុសត្រូវ។
អង្គជំនុំជម្រះ
តុលាការកំពូលសម្រេចថា
អង្គជំនុំជម្រះសាលាដំបូងបានផ្តល់ទម្ងន់មិនសមហេតុផលចំពោះ
ស្ថានសម្រាលទោស
និងមិនបានផ្តល់ទម្ងន់ឲ្យបានគ្រប់គ្រាន់ចំពោះស្ថានទម្ងន់
នៃឧក្រិដ្ឋកម្ម និងស្ថានទម្ងន់ទោស នៅក្នុងការសម្រេចផ្តន្ទាទោសនោះទេ។
ពាក់ព័ន្ធនឹងកត្តាស្ថានទម្ងន់ទោស
អង្គជំនុំជម្រះតុលាការកំពូលកត់សម្គាល់ឃើញថា
ជនជាប់ចោទមានតួនាទីជាមេដឹកនាំធំជាងគេនៅមន្ទីរ ស២១
ហើយជនជាប់ចោទបានបំពានតួនាទីរបស់ខ្លួន ដោយបានបង្ហាត់បង្រៀន បញ្ជា
និងគ្រប់គ្រង ទៅលើបុគ្គលិកក្នុងការធើ្វទារុណកម្មជាប្រព័ន្ធ
និងការសម្លាប់អ្នកទោសដែលត្រូវបានចាត់ទុកថាជាសត្រូវរបស់របបកម្ពុជា
ប្រជាធិបតេយ្យ តាមរយៈការបង្ហាញ
“ការខិតខំប្រឹងប្រែងបំពេញភារកិច្ចដើម្បីធើ្វឲ្យមន្ទីរ ស២១
ដំណើរការទៅបានយ៉ាងរលូន” ដែលជា
“ទីកន្លែងសម្លាប់មនុស្សដ៏ធំដោយមានការរៀបចំ”។
អង្គជំនុំជម្រះ
បានកត់សម្គាល់ថា ចំនួនមនុស្សស្លាប់ដ៏ច្រើនដែល កាំង ហ្កេកអ៊ាវ
ជាអ្នកទទួលខុសត្រូវនោះ (ជាអប្បបរមា ១២.២៧២ នាក់)
ព្រមទាំងរយៈពេលដ៏វែងនៃបទឧក្រិដ្ឋដែលបានប្រព្រឹត្ត (ជាងបីឆ្នាំ)
គឺពិតជាធ្វើឲ្យសំណុំរឿងនេះជាសំណុំរឿងមួយដែលមានលក្ខណៈធ្ងន់ធ្ងរ
ជាងគេបំផុតនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។
អង្គជំនុំជម្រះក៏បានយល់ឃើញផងដែរថា
ការពិតដែលថាជនជាប់ចោទមិនមែនជាជនកំពូលនៃខ្សែបណ្តាញបញ្ជានៅក្នុងរបប
កម្ពុជាប្រជាធិបតេយ្យ
មិនអាចធ្វើជាយុត្តិកម្មក្នុងការកាត់បន្ថយទោសនោះបានទេ ហើយថា
មិនមានវិធានណាមួយដែលចែងអំពីកម្រិតនៃការផ្តន្ទាទោសខ្ពស់បំផុត
ចំពោះចារីដែលត្រូវបានចាត់ទុកជាជនកំពូលនៃខ្សែបណ្តាញបញ្ជានោះទេ។
សំឡេង
ភាគច្រើនលើសលប់ (ជំទាស់ដោយចៅក្រម Klonowiecka-Milart និងចៅក្រម
Jayasinghe) យល់ឃើញទៀតថា
អង្គជំនុំជម្រះសាលាដំបូងមានកំហុសក្នុងការបកស្រាយយុត្តិសាស្ត្រ
ពាក់ព័ន្ធរបស់តុលាការអន្តរជាតិ ឲ្យមានខ្លឹមសារថា
ការរំលោភបំពានទៅលើសិទ្ធិរបស់ជនជាប់ចោទគប្បីត្រូវទទួលបានការទូទាត់
ពី អ.វ.ត.ក ទោះបីជាមិនមែនជាការរំលោភបំពានរបស់ អ.វ.ត.ក
និងទោះបីជាមិនមានការរំលោភលើកិច្ចដំណើរការនីតិវិធីក៏ដោយ។
អង្គជំនុំជម្រះសាលាដំបូងគួរតែបានបដិសេធសំណសុំសំណងរបស់ជនជាប់ចោទ
រួចទៅហើយ ដោយសារតែការពុំមានស្ថានភាពទាំងពីរនេះ។
ចៅក្រម
Klonowiecka-Milart និងចៅក្រម Jayasinghe យល់ឃើញថា
ការផ្តល់សំណងគឺជាការទទួលខុសត្រូវរបស់ អ.វ.ត.ក ហើយថា ការផ្តល់ឲ្យ កាំង
ហ្កេកអ៊ាវ
នូវសំណងដោយការកាត់បន្ថយទោសពីការដាក់ពន្ធនាគារអស់មួយជីវិតមកនៅ
ត្រឹមការដាក់ពន្ធនាគារមានកំណត់រយៈពេលត្រឹម ៣០ឆ្នាំ គឺជាការសមស្រប។
អង្គជំនុំជម្រះ
តុលាការកំពូលក៏បានយល់ព្រមតាមបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញា
មួយផ្នែក
ដែលបានស្នើសុំឲ្យសម្រេចអំពីពិរុទ្ធភាពពីបទល្មើសច្រើនអំពី
បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ នៅក្នុងសំអាងហេតុរបស់ខ្លួន
អង្គជំនុំជម្រះតុលាការកំពូលបានលើកឡើងថា
អង្គជំនុំជម្រះសាលាដំបូងមានកំហុសលើអង្គច្បាប់
ដោយបានដាក់បញ្ចូលនូវឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាក់លាក់ទៅក្នុង
ឧក្រិដ្ឋកម្មនៃការធ្វើទុក្ខបុកម្នេញ
ជំនួសឲ្យការសម្រេចអំពីពិរុទ្ធភាពរបស់ កាំង ហ្កេកអ៊ាវ
ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិទាំងអស់ដែលតុលាការបានរកឃើញថាគាត់
ជាអ្នកទទួលខុសត្រូវ។ អាស្រ័យហេតុនេះ
អង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់ការសម្រេចអំពីពិរុទ្ធភាព
ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃការធ្វើទុក្ខបុកម្នេញ
និងបានបញ្ចូលការសម្រេចអំពីពិរុទ្ធភាពបន្ថែមទៀតពីបទឧក្រិដ្ឋកម្ម
ប្រឆាំងមនុស្សជាតិនៃការសម្លាប់រង្គាល
(រួមបញ្ចូលទាំងការធ្វើមនុស្សឃាត) ការធ្វើឲ្យទៅជាទាសករ
ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម
ព្រមទាំងអំពើអមនុស្សធម៌ផ្សេងទៀត។
អង្គជំនុំជម្រះតុលាការកំពូល
ក៏បានយល់ព្រមតាមបណ្តឹងសាទុក្ខ
ដែលធ្វើឡើងដោយអ្នកដាក់ពាក្យបណ្តឹងសុំតាំងខ្លួន
ជាដើមបណ្តឹងរដ្ឋប្បវេណីចំនួន ១០ នាក់
ដែលពាក្យសុំរបស់ពួកគាត់ត្រូវបានអង្គជំនុំជម្រះសាលាដំបូងបដិសេធចោល
នៅក្នុងសាលក្រម។
ម្ចាស់បណ្តឹងសាទុក្ខជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់នេះបានបង្ហាញ
ភស្តុតាងបន្ថែមនៅក្នុងពាក្យសុំរបស់ខ្លួននៅពេលប្តឹងសាទុក្ខ
ហេតុដូច្នេះហើយពួកគាត់ត្រូវបានទទួលស្គាល់ថាជាដើមបណ្តឹងរដ្ឋប្បវេណី
នៅក្នុងសំណុំរឿង ០០១។
អង្គជំនុំជម្រះតុលាការកំពូលក៏បាន
ធ្វើសេចក្តីសម្រេចលើបណ្តឹងសាទុក្ខ
ដែលធ្វើឡើងដោយដើមបណ្តឹងរដ្ឋប្បវេណីទាំងឡាយពាក់ព័ន្ធនឹងសេចក្តី
សម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង
លើសំណើរបស់ពួកគាត់សុំសំណងសមូហភាពនិងសំណងផ្លូវចិត្តផងដែរ។
អង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់សេចក្តីសម្រេចរបស់
អង្គជំនុំជម្រះសាលាដំបូងដែលសម្រេចចងក្រង
និងចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ អ.វ.ត.ក
នូវរាល់សេចក្តីថ្លែងសុំអភ័យទោស
និងការទទួលស្គាល់ការទទួលខុសត្រូវដែលបានធ្វើឡើងដោយ កាំង ហ្កេកអ៊ាវ
នៅក្នុងអំឡុងពេលដំណើរការសវនាការ
រួមទាំងនៅដំណាក់កាលប្តឹងសាទុក្ខផងដែរ។
រាល់សំណើសុំទាមទារសំណងរបស់ដើមបណ្តឹងរដ្ឋប្បវេណីផ្សេងទៀតទាំងអស់
ត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចបដិសេធចោល
ដោយសារតែសំណើសុំទាមទារទាំងនោះនឹងមិនអាចបង្ខំឲ្យអនុវត្តបាន ឬ
ដើម្បីអនុវត្តសំណើសុំទាមទារទាំងនោះបាន
ពួកគាត់នឹងត្រូវការជាចាំបាច់នូវធនធានហិរញ្ញវត្ថុរបស់ កាំង ហ្កេកអ៊ាវ
ដែលជាជនក្រីក្រ ឬតម្រូវឲ្យមានការបង្គាប់ទៅរដ្ឋកម្ពុជា។
សេចក្តី
សង្ខេបនៃសាលដីកាលើបណ្តឹងសាទុក្ខ
ដែលត្រូវបានប្រកាសនៅក្នុងសវនាការជាសាធារណៈនាថ្ងៃនេះ
មាននៅលើគេហទំព័រជាផ្លូវការរបស់តុលាការ (www.eccc.gov.kh)។ សាលដីកាលើបណ្តឹងសាទុក្ខទាំងមូលនឹងត្រូវបានផ្សព្វផ្សាយនៅពេលសមស្របខាងមុខ។