កំពង់ឆ្នាំងៈ អ្នកភូមិឡពាង ៥ នាក់
ក្នុងចំណោម ៨ នាក់ បានចូលទៅបំភ្លឺ ទៅតាមការកោះហៅរបស់តុលាការ
កាលពីម្សិលមិញ ករណីដែលពួកគេ បានដាក់ពាក្យប្តឹងក្រុមហ៊ុន KDC
របស់លោកស្រី ជា ខេង ភរិយា លោកស៊ុយ សែម
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយចោទថា ក្រុមហ៊ុននេះ
បានទន្ទ្រានកាន់កាប់ដី ១៤៥ ហិកតារបស់ពួកគេ។
លោក
ចន្ទ សុវ៉េត ប្រធានក្រុមស៊ើបអង្កេត អង្គការសិទ្ធិមនុស្សអាដហុក
ដែលឃ្លាំមើលចំណាត់ការនៅតុលាការបានថ្លែងថា អ្នកភូមិឡពាង ៥ នាក់
ត្រូវបានកោះឲ្យចូលខ្លួន ក្នុងតុលាការ ដោយចៅក្រម ២ រូប និងថា
អ្នកភូមិមួយចំនួនទៀត ដែលជាដើមបណ្តឹងដែរ
នឹងត្រូវកោះហៅនាពេលបន្ទាប់។
លោកបានគូសបញ្ជាក់ថា៖«អ្នកភូមិលើកសម្អាងហេតុផល
និងបង្ហាញឯកសារកម្មសិទ្ធិដីធ្លីរបស់ពួកគេ ទៅតុលាការ
ដែលបញ្ជាក់ថា ពួកគេពុំបានលក់ដីទៅឲ្យក្រុមហ៊ុន
ដូចអ្វីដែលក្រុមហ៊ុន បានអះអាងនោះទេ»។ អ្នកភូមិឡពាង
បានដាក់ពាក្យបណ្តឹង ប្តឹងទៅតុលាការ តាំងពីឆ្នាំ ២០១១។
លោក
ដឹម ចន្ទ តំណាងអ្នកភូមិម្នាក់ ដែលបានចូលទៅបំភ្លឺនៅតុលាការ
បានថ្លែងថា លោកបានរស់នៅលើដី ១,៥ ហិកតារបស់លោក រយៈពេល ១៣
ឆ្នាំមកហើយ ហើយលោកមានភស្តុតាងគ្រប់គ្រាន់ បញ្ជាក់ថា
លោកនៅតែជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីនោះ។
លោកបន្តថា៖«ខ្ញុំពិតជាពុំបានលក់ទៅឲ្យក្រុមហ៊ុនទេ
ហើយខ្ញុំពុំបានទទួលប្រាក់អ្វីពីក្រុមហ៊ុនឡើយសូម្បីតែមួយរៀល។
ដូច្នេះហើយ
បានជាយើងប្រមូលគ្នាដាក់ពាក្យបណ្តឹងក្រុមហ៊ុនទៅតុលាការ»។
លោក
ផេង រ៉ុម តំណាងអ្នកភូមិមួយរូបទៀតបានថ្លែងថា ៖«យើងសង្ឃឹមថា
តុលាការ នឹងរកយុត្តិធម៌ឲ្យយើង។
យើងគ្រាន់តែចង់បានដីយើងត្រឡប់មកវិញ ដើម្បីរស់នៅដូចពីមុន»។
លោក
ចៅក្រម សាន សុផាត ដែលបានកោះហៅអ្នកភូមិ ២ រូបទៅឆ្លើយបំភ្លឺ
បានថ្លែងថា តុលាការ
បានចោទសំណួរឲ្យពួកគេបង្ហាញអំណះអំណាងការពារដីរបស់ពួកគេរៀងៗ
ខ្លួន នៅមុនពេលជំនុំជម្រះ។ លោកថ្លែងថា៖«ទាំងភាគីអ្នកភូមិ
និងតំណាងក្រុមហ៊ុន ត្រូវចូលខ្លួន នៅតុលាការ។ ពួកគេមានមូលហេតុ
និងអំណះអំណាង ដើម្បីបង្ហាញក្នុងតុលាការ
ហើយតុលាការនឹងកោះហៅពួកគេនៅពេលក្រោយទៀត»៕ CR