ថ្ងៃ ៧ មករា បំភ្លេច​វីរភាព បន្ត​ការ​លាប​ពណ៌​ខ្មែរ​ក្រោម - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Monday, January 16, 2012

ថ្ងៃ ៧ មករា បំភ្លេច​វីរភាព បន្ត​ការ​លាប​ពណ៌​ខ្មែរ​ក្រោម

ដោយ តាំង សារ៉ាដា

2012-01-07
ក្រុម​អ្នក​នយោបាយ​ប្រឆាំង និង​សហគមន៍​ខ្មែរ​ក្រោម​នៅ​ឯ​នាយ​សមុទ្រ បាន​ចាត់​ទុក​ថា ថ្ងៃ​រំដោះ ៧ មករា គឺ​ជា​ថ្ងៃ​ឈ្លាន​របស់​កង​ទ័ព​វៀតណាម​មក​លើ​ទឹក​ដី​កម្ពុជា​ពិត​ប្រាកដ ព្រម​ទាំង​ចោទ​ថា កង​ទ័ព​ខ្មែរ​ក្រោម​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​លើ​ទឹក​ដី​ខ្មែរ​នា​ពេល​ នោះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​រំលឹក​ដល់​បញ្ហា​នេះ។

RFA/Quoc Viet
ប៉ូលិស​កម្ពុជា​បង្ក្រាប​ព្រះ​សង្ឃ​ខ្មែរ​ ក្រោម​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម ប្រចាំកម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០០៧
ផ្ទុយ​ទៅ​វិញ ក្រុម​មេ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​ថា អ្នក​ដែល​បន្ទោស​ថ្ងៃ ៧ មករា គឺ​ជា​អ្នក​ដែល​បន្ទោស​លើ​ខ្លួន​ឯង​ប៉ុណ្ណោះ។
រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​រំលឹក​ដល់​គុណ​របស់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ ថា​ជា​អ្នក​ជួយ​សង្គ្រោះ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​ សាសន៍​ខ្មែរ​ក្រហម។ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា ការ​វាយ​សម្រុក​របស់​កង​ទ័ព​វៀតណាម​មក​លើ​កម្ពុជា គឺ​ជា​ការ​ឆក់​យក​ឱកាស​ដាក់​នឹម​ត្រួតត្រា​អាណានិគម​មក​លើ​ពល​រដ្ឋ​ខ្មែរ និង​ដើម្បី​ឆក់​យក​ធន​ធាន​ធម្មជាតិ រួម​ទាំង​ដី​ខ្មែរ​នៅ​ព្រំដែន​តែ​ប៉ុណ្ណោះ។
ចំណែក​លោក ថាច់ ង៉ុក ថាច់ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Camden រដ្ឋ New Jersey មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​រំលឹក​ដល់​គុណ​របស់​វៀតណាម​នោះ គេ​គួរ​រំលឹក​គុណ​ដល់​កង​ទ័ព​ខ្មែរ​ក្រោម​រាប់​ម៉ឺន​នាក់ ដែល​ដឹក​នាំ​ដោយ​កង​ពល «K» វាយ​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​មុន​គេ នៅ​ចុង​ឆ្នាំ​១៩៧៨។
លោក​បន្ត​ថា នៅ​ក្នុង​កំឡុង​ឆ្នាំ​១៩៧៥ រដ្ឋាភិបាល​ទីក្រុង​ហាណូយ បាន​ចាប់​ផ្ដើម​ហ្វឹកហ្វឺន​កង​ទ័ព​ខ្មែរ​ក្រោម​នៅ​តាម​ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បី​វាយ​សម្រុក​ចូល​ទឹក​ដី​កម្ពុជា​នៅ​ពេល​មាន​ឱកាស។ លោក​ថ្លែង​ថា វៀតណាម​បាន​ប្រើ​យុទ្ធ​សាស្ត្រ​យក​ខ្មែរ​សម្លាប់​ខ្មែរ​ជា​មុន ទើប​កង​ទ័ព​វៀតណាម​ចូល​តាម​ក្រោយ។
ពល​រដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ដែល​ថ្លែង​ក្នុង​លក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កង​ទ័ព​វៀតណាម​ដក​ចេញ​ពី​កម្ពុជា នៅ​ឆ្នាំ​១៩៨៩ បាន​បន្សល់​ទុក​នៅ​មន្ត្រី​ខ្មែរ​ក្រោម​មួយ​ចំនួន ដែល​កំពុង​កាន់​កាប់​កិច្ច​ការ​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល​រហូត​មក​ទល់​សព្វ​ថ្ងៃ រួម​មាន​លោក ឃឹម ប៉ុន មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា លោក ដៀង សារ៉ុន ឧត្ដមសេនីយ៍​ផ្កាយ​ពីរ​នៃ​កង​អង្គរក្ស​របស់​លោក ហ៊ុន សែន លោក ថាច់ ផែន នៅ​ក្រសួង​ឃោសនាការ លោក ដាវ សាវី លោក ដួង រតនា ក៏​ដូច​ជា​លោក សេរី ថុន សុទ្ធ​សឹង​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។
លោក ថាច់ ង៉ុក ថាច់ មាន​ប្រសាសន៍​បន្ត​ថា ប្រសិន​បើ​វៀតណាម​មាន​គោល​បំណង​ជួយ​កម្ពុជា​ដោយ​ស្មោះ​មែន​នោះ វៀតណាម​មិន​ត្រូវ​ប្រើ​វិធី​កេង​យក​ទឹក​ដី​របស់​ខ្មែរ​តាម​រូបភាព​ចុះ​ សន្ធិសញ្ញា អនុសញ្ញា ឬ​កិច្ច​ព្រមព្រៀង​នានា នៅ​ឆ្នាំ​១៩៨២ ១៩៨៣ និង​ឆ្នាំ​១៩៨៥ នោះ​ឡើយ។
សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ផ្ទុយ​ពី​លោក ថាច់ ង៉ុក ថាច់ ថា​កង​ទ័ព​ដែល​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ដំបូង គឺ​ជា​កង​ទ័ព​វៀតណាម​សុទ្ធ​សាធ ដែល​វាយ​សម្រុក​ពី​តាម​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ​កង​ពល ០៩។
លោក​មាន​ប្រសាសន៍​បន្ត​ថា ក្រុម​អ្នក​តស៊ូ​វាយ​ចូល​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង​ដើម្បី​ផ្ដួល​ រំលំ​របប​ខ្មែរ​ក្រហម​នោះ ចែក​ចេញ​ជា​៤ ទី​មួយ​គឺ​ក្រុម​មក​ពី​ហាណូយ ដឹក​នាំ​ដោយ​លោក ប៉ែន សុវណ្ណ ចាន់ ស៊ី រស់ សម័យ និង ជា សុទ្ធ ក្រុម​ទី​២ មាន​លោក ហេង សំរិន លោក ជា ស៊ីម និង លោក ហ៊ុន សែន ក្រុម​ទី​៣ គឺ​ជា​ក្រុម​ដែល​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ មាន លោក សាយ ផូថង ទៀ បាញ់ ចំណែក​ក្រុម​ទី​៤ គឺ​ក្រុម​ជន​ភាគ​តិច មាន​លោក ប៊ូ ថង និង មាត់ លី។ លោក​បន្ត​ថា ក្រុម​ទាំង​នេះ​បាន​ចុះ​ចូល​ជា​មួយ​វៀតណាម ដែល​អាច​ធ្វើ​ឲ្យ​កង​ទ័ព​វៀតណាម​ងាយ​ស្រួល​ក្នុង​ការ​វាយ​ចូល​ប្រទេស​ កម្ពុជា ដោយ​សារ​ក្រុម​ទាំង​នេះ​ស្គាល់​ពី​ទីតាំង​ភូមិ​សាស្ត្រ​របស់​កម្ពុជា​ ច្បាស់។
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ លោក ទ្រឹង មាណារិន នាយក​ផែនការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភព​លោក មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​វៀតណាម​បាន​កែន​យុវជន​ខ្មែរ​ក្រោម​ជា​ច្រើន​ឲ្យ​ទៅ​ធ្វើ​ជា​ ទាហាន តាម​រយៈ​ការ​គំរាម​កំហែង​ចាប់​ឪពុក​ម្ដាយ​ដាក់​គុក ឬ​កាត់​របប​អាហារ​ប្រចាំ​ថ្ងៃ​ជា​ដើម។
លោក​មាន​ប្រសាសន៍​បន្ត​ថា វត្តមាន​របស់​កង​ទ័ព​វៀតណាម​នៅ​កម្ពុជា គឺ​ជា​រូបភាព​ដាក់​អាណានិគម​សុទ្ធសាធ តាម​រយៈ​ការ​រៀបចំ​រដ្ឋបាល​មួយ​ពេញ​ទៅ​ដោយ​ជន​ជាតិ​វៀតណាម និង​មន្ត្រី​ខ្មែរ​ដែល​មាន​ភក្ដីភាព​ជា​មួយ​វៀតណាម។
ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្ត្រ​ចាស់​វស្សា​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា មាន​ប្រសាសន៍​ថា ចំពោះ​វត្តមាន​របស់​វៀតណាម​នៅ​លើ​ទឹក​កម្ពុជា​យូរ​នោះ មិន​មែន​ជា​កំហុស​របស់​វៀតណាម​នោះ​ទេ ពី​ព្រោះ​ពេល​នោះ កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​វៀតណាម​ជួយ​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល​របស់​ កម្ពុជា។
ផ្ទុយ​ទៅ​វិញ ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​បាន​រិះគន់​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម​នា​សម័យ​នោះ​ជួយ​ពង្រឹង​ដល់​រដ្ឋាភិបាល​ កម្ពុជា​មែន ចុះ​ហេតុ​អ្វី​បាន​ជា​វៀតណាម​ចុះ​សន្ធិសញ្ញា​លេប​យក​ព្រំដែន​គោក និង​ព្រំដែន​ទឹក ព្រម​ទាំង​កិច្ច​ព្រមព្រៀង​ឲ្យ​ពល​រដ្ឋ​វៀតណាម​ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ កម្ពុជា​ទៅ​វិញ?
ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ បាន​អំពាវនាវ​យ៉ាង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ហើយ លប់​ចោល​នូវ​សន្ធិសញ្ញា​ខុស​ច្បាប់​ទាំង​ឡាយ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ កាល​ពេល​វៀតណាម​កំពុង​ត្រួត​ត្រា​កម្ពុជា នា​ទសវត្ស​ឆ្នាំ​១៩៨០ នោះ។
កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​ទោះ​បី​ជា​មាន​ក្រុម​អ្នក​រិះគន់ និង​មិន​ទទួល​ស្គាល់​ថ្ងៃ​៧ មករា ក៏​ដោយ ក៏​លោក​នៅ​តែ​អរគុណ​ថ្ងៃ​នេះ​ដដែល ដែល​បាន​ជួយ​ពល​រដ្ឋ​ខ្មែរ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៍។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Norway លោក មែន ណាត មាន​ប្រសាសន៍​ថា ក្រៅ​ពី​កម្ពុជា​បាន​បាត់​ព្រំប្រទល់​របស់​ខ្លួន​តាម​រយៈ​សន្ធិសញ្ញា​ក្នុង​ ទសវត្សរ៍​ឆ្នាំ​១៩៨០ កម្ពុជា​ក៏​កំពុង​បាត់​ទឹក​ដី​របស់​ខ្លួន​ជា​បណ្ដើរ​ៗ ទៅ​ក្រុមហ៊ុន​សម្បទាន​ជា​ច្រើន និង​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ពល​រដ្ឋ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ៗ ដែល​លោក​ព្រួយ​បារម្ភ​ថា ជន​ជាតិ​ខ្មែរ​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​គេ​បាន​ធ្វើ​មក​លើ​កម្ពុជា​ក្រោម​នោះ​ដែរ។
លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ជំទាស់​ដែល​កំពុង​រស់​នៅ​និរទេស​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ទី​៦ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អំពាវនាវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ទាំង​អស់ ចង​ចាំ​ថា កង​ទ័ព​កុម្មុយនិស្ត​វៀតណាម​បាន​ចូល​ឈ្លាន​ពាន​ប្រទេស​កម្ពុជា ដោយ​យក​លេស​ថា មក​រំដោះ​ប្រជា​ជន​កម្ពុជា​ពី​របប​ខ្មែរ​ក្រហម។
សេចក្ដី​ថ្លែង​ការណ៍​នោះ​ក៏​បាន​សរសេរ​ផង​ដែរ​ថា យុទ្ធ​សាស្ត្រ​របស់​វៀតណាម គឺ​ខ្ចី​ដៃ​ខ្មែរ​សម្លាប់​ខ្មែរ​តាម​គ្រប់​រូបភាព ជា​ពិសេស​ក្នុង​ពេល​ថ្មី​ៗ នេះ តាម​រូបភាព​សេដ្ឋកិច្ច និង​សម្បទាន​ដីធ្លី ដោយ​លួច​ប្លន់ និង​រឹបអូស​ដី​របស់​ប្រជារាស្ត្រ​ខ្មែរ យក​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស​ជា​ដើម។
ប៉ុន្តែ​លោក ជាម យៀប មាន​ប្រសាសន៍​ថា អ្នក​ដែល​រិះគន់​ថ្ងៃ​៧ មករា គឺ​សុទ្ធ​សឹង​តែ​ជា​ក្រុម​មនុស្ស​ដែល​មាន​និន្នាការ​កាន់​ជើង​របប​ខ្មែរ​ ក្រហម​ប៉ុណ្ណោះ៕
ប្រភពព័ត៌មាន៖ វិទ្យុអាស៊ីសេរី

Post Bottom Ad

Responsive Ads Here

Pages