ការពិតជុំវិញការទម្លាក់គ្រាប់បែកបរមាណូទៅលើHiroshima
ប្រមុខដឹកនាំរុស្ស៊ី Staline និង លោកប្រធានាធិបតីអាមេរិក Truman
©RFI
ថ្ងៃទី៦សីហាខានស្អែកនេះជាខួបគម្រប់៦៥ឆ្នាំនៃការទម្លាក់ គ្រាប់បែកបរមាណូទៅលើទីក្រុង Hiroshima។ កាលណោះ គឺនៅវេលាម៉ោង៨និង១៥នាទី ម៉ោងនៅប្រទេសជប៉ុនសហរដ្ឋអាមេរិកបានប្រើបា្រស់ជាលើកទី មួយបង្អស់ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គ្រាប់បែកបរមាណូ។ គ្រាប់បែកបរមាណូទីពីរ ត្រូវបានទម្លាក់ទៅលើទីក្រុងNagasaki បីថ្ងៃក្រោយមក។ ប្រជាជនជប៉ុន ២០០ ០០០នាក់បានស្លាប់ ភាគច្រើនបានស្លាប់ភា្លម រីឯមួយចំនួនទៀតបានស្លាប់ ជាច្រើនថ្ងៃ ជាច្រើនខែ ឬជាច្រើនឆ្នាំក្រោយមក។ ៦៥ឆ្នាំក្រោយមក សំណួរនៅតែបន្តចោទឡើង។ សំណួរនោះគឺ តើកាលសម័យនោះ នាពេលដែលសង្គ្រាមលោកលើកទី២ជិតចប់ទៅហើយ គេអាចចៀសវាងមិនទម្លាក់គ្រាប់បែកបរមាណូទៅលើHiroshima និងNagasaki បានដែរឬទេ?
រូបភាពជនរងគ្រោះ ជនរងគ្រោះរាប់សិបម៉ឺននាក់ ខ្លួនប្រាណដុតរោលដោយភ្លើងនិងកំដៅគ្រាប់បែកបរមាណូ នៅក្នុងទីក្រុងHiroshima ដែលខ្ទេចខ្ទីនិងរាបធេងដូចត្រូវគេឈូសចោល នៅបន្តលងអារម្មណ៍របស់មនុស្សជាតិ ៦៥ឆ្នាំក្រោយមក។
ព្រឹត្តិការណ៍បានចូលទៅក្នុងទំព័រប្រវត្តិសាស្រ្តបាត់ទៅហើយ។ ក៏ប៉ុន្តែ សំណួរនៅតែជាបច្ចុប្បន្នភាពតទៅទៀត នោះគឺ តើកាលពី៦៥ឆ្នាំមុន នៅថ្ងៃទី៦សីហា ឆ្នាំ១៩៤៥ គេអាចចៀសវាងមិនទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងHiroshima និងបីថ្ងៃក្រោយមក ទៅលើទីក្រុងNagasakiបានដែរឬទេ?
ឆ្លើយតបនឹងសំណួរនេះ ប្រវត្តិវិទូច្រើនឡើងៗ ដែលបានសិក្សាស្រាវជ្រាវ ឯកសារជប៉ុន ឯកសារអាមេរិក និងឯកសាររុស្ស៊ី អះអាងថា បុរសបីនាក់ដែលកាលជំនាន់នោះជាអ្នកមានអំណាចខ្លាំងក្លា គឺប្រធានាធិបតីអាមេរិកTruman អគ្គមគ្គទេសក៍សូវៀតStaline និងអធិរាជជប៉ុនHirohito មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីសង្គ្រោះHiroshima និងNagasaki។ ក៏ប៉ុន្តែពួកគេមិនព្រមនិងមិនបានធ្វើ។ យោងទៅតាមប្រវត្តិវិទូទាំងនោះ នៅខែកក្កដាឆ្នាំ១៩៤៥ អាមេរិកបានឈ្នះសង្គ្រាមនៅប៉ាស៊ីហ្វិករួចស្រេចទៅហើយ ក្រោយពីបានច្បាំងឈ្នះកងទ័ពជប៉ុននៅលើកោះ Okinawaរួចមក។ ម្ល៉ោះហើយ ប្រធានាធីបតីTruman មិនចាំបាច់ប្រញិបប្រញាប់ប្រើប្រាស់គ្រាប់បែកបរមាណូ ដើម្បីតម្រូវឲ្យជប៉ុនសុំចុះចាញ់ទេ។ មិនតែប៉ុណ្ណោះ កាលណោះStaline បានសន្យាថានឹងប្រកាសសង្គ្រាមប្រឆាំងនឹងជប៉ុននៅថ្ងៃទី១៥សីហាទៅ ទៀត ដើម្បីជួយអាមេរិកបញ្ចប់សង្គ្រាមនៅប៉ាស៊ីហ្វិក។
យោងទៅតាមប្រវត្តិវិទូទាំងនោះដដែល នៅខែកក្កដាឆ្នាំ១៩៤៥ អធិរាជជប៉ុនHirohito ដែលបានយល់ដឹងជាស្រេចថាជប៉ុននឹងច្បាស់ជាចាញ់សង្គ្រាម នៅមិនទាន់ព្រមសុំចុះចាញ់ តាមឱសានវាទរបស់អាមេរិកដែលត្រូវបញ្ចប់នៅថ្ងៃទី២៦កក្កដា។ មូលហេតុគឺមកពីHirohito ចង់ឲ្យStaline ជួយនិយាយអាមេរិក ដើម្បីទុករូបព្រះអង្គឲ្យនៅបន្តសោយរាជ្យតទៅទៀត ក្រោយពីសង្គ្រាមចប់ហើយ។
ក៏ប៉ុន្តែ Staline ចេះតែពន្យារពេលមិនព្រមជួយធ្វើអន្តរាគមន៍ ដោយចង់យកពេលរៀបចំនិងបញ្ជូនទ័ពពីអឺរ៉ុបទៅកាន់ប៉ាស៊ីហ្វិក ដើម្បីវាយយកតំបន់អាស៊ីមួយចំនួនមកគ្រប់គ្រងឲ្យបានមុនពេលដែល សង្គ្រាមត្រូវចប់ ដូចដែលកងទ័ពសូវៀតបានធ្វើ នៅអឺរ៉ុប។ Staline ចង់បានជាអាទិ៍កោះHokkaido ដែលជាកោះដ៏ធំជាងគេបង្អស់មួយរបស់ជប៉ុន។
គឺនៅក្នុងបរិបទនៃការដណ្តើមប្រយោជន៍គ្នា និងដណ្តើមគ្នាកាន់កាប់អាស៊ីរវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតនេះ ហើយ ដែលប្រធានាធិបតីអាមេរិកTruman បានសម្រេចបញ្ជាឲ្យទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុងHiroshima នៅថ្ងៃទី៦សីហា ឆ្នាំ១៩៤៥ និងបីថ្ងៃក្រោយមកទៅលើទីក្រុងNagasaki។ គោលដៅធំនោះ គឺបង្ខំប្រទេសជប៉ុនឲ្យសុំចុះចាញ់ មុនពេលដែលកងទ័ពសូវៀតទៅចូលប្រលូកក្នុងសង្គ្រាម នៅប៉ាស៊ីហ្វិក។
ពួកប្រវត្តិវិទូដែលបានស្រាវជ្រាវសិក្សាឯកសារជប៉ុន ឯកសារអាមេរិក និងឯកសាររុស្ស៊ី អះអាងបន្ថែមទៀតថា ក្រោយមកប្រធានាធិបតីអាមេរិកTruman បានប្រឌិតលេសមួយឡើង ដែលមកទល់ឥឡូវក្លាយជាមូលហេតុផ្លូវការ។ លេសនោះគឺ អាមេរិកកាលសម័យនោះ គ្មានជំរើសអ្វី ក្រៅពីប្រើប្រាស់គ្រាប់បែកបរមាណូ ពីព្រោះបើពុំនោះសោតទេ កងទ័ពអាមេរិកយ៉ាងតិច៥០០ ០០០នាក់នឹងត្រូវបាត់បង់ជីវិត មុននឹងយកជ័យជំនះបានទៅលើប្រទេសជប៉ុន នៅក្នុងសង្គ្រាមប៉ាស៊ីហ្វិក៕