ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា រួមជាមួយតំណាងអង្គការយូណេស្កូ បានប្រារព្ធទិវារម្លឹកខួប ២ឆ្នាំ នៃការដាក់បញ្ចូលឯកសារបណ្ណសារនៃសារៈមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោក ថ្ងៃ៣១កក្កដា ឆ្នាំ២០០៩។ ពិធីនេះ ត្រូវបានប្រារព្ធឡើងនៅសារមន្ទីរទួលស្លែង នាព្រឹកថ្ងៃ២៩កក្កដា ដោយមានអតីតអ្នកទោសទួលស្លែងចូលរួមផងដែរ។
លោកជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ បានលើកឡើងក្នុងពិធីជួបជុំនៅព្រឹកមិញថា ក្រោយពីចុះការដាក់បញ្ចូលឯកសារបណ្ណសារនៃសារៈមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំពិភពលោក ក្នុងអង្គការយូណេស្កូ កាលពីថ្ងៃ៣០កក្កដា ឆ្នាំ២០០៩ ឯកសារគុកទួលស្លែងរាប់លាន ត្រូវបានរក្សាទុកតាមបច្ចេកវិទ្យាថ្មីទំនើប ដោយមិនប៉ះពាល់នឹងខ្លឹមសារដើម តាមរយៈការរក្សាក្នុងមីក្រូហ្វីល បញ្ចូលក្នុងប្រព័ន្ធកុំព្យួរទ័រ និងបង្ហោះក្នុងប្រព័ន្ធអ៊ិនថឺណេត ជាដើម។ តាមមន្ត្រីរដ្ឋាភិបាល ឥឡូវនេះ ឯកសារក្នុងរបបប្រល័យពូជសាសន៍ នៅគុកទួលស្លែង នឹងមិនខូចខាតទៀតឡើយ។
ជាមួយនឹងការលើកឡើងដូច្នេះ លោក ជុច ភឿន បានឲ្យដឹងថា មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់ការអនុញ្ញាតរួចហើយ ដើម្បីឲ្យក្រុមហ៊ុនចំរុះមួយ ដោយសហការជាមួយក្រសួងវប្បធម៌ ដើម្បីបង្កើតឧបករណ៍ស្តាប់សម្លេង ដែលមាននិយាយពីឯកសារប្រវត្តិសាស្ត្រទាំងឡាយនៅគុកទួលស្លែង ជាភាសាអង់គ្លេស បារាំង ចិន ជប៉ុន និងកូរ៉េ ជាដើម សម្រាប់ភ្ញៀវទេសចរបរទេស ស្វែងយល់ពីទារុណកម្មនៅគុកទួលស្លែង។
បើន័យនេះ ឧបករណ៍ស្តាប់សម្លេង ដែលរដ្ឋាភិបាលអនុញ្ញាតឲ្យមាននៅទួលស្លែង ជើងឯក និងនៅសារមន្ទីរជាតិ គឺអាចនិយាយមួយបែបបានថា មិនចាំបាច់មានមគ្គុទេសក៍ទេសចរ អ្នកនាំភ្ញៀវរៀបរាប់ពីតំបន់ទេសចរណ៍ប្រវត្តិទាំងនោះ ដល់ភ្ញៀវបរទេសទៀតទេ។ តាមលោក ជុច ភឿន គម្រោងរៀបចំឧបករណ៍ស្តាប់សម្លេងរៀបចំពីរមណីយដ្ឋានប្រវត្តិទាំងនោះ នឹងត្រូវដាក់ឲ្យដំណើរការឆាប់ៗនេះ៕