ដោយ ម៉ម មុនីរតន៍
2013-02-02
នៅថ្ងៃទី២ កុម្ភៈ ដែលជាថ្ងៃតម្កល់ព្រះបរមរតនកោដ្ឋនៅលើបញ្ចា ៩ជាន់ នៃវាលព្រះបរមមេរុ គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធី មានកម្មវិធីតាមបែបព្រះរាជបវេណីនៃព្រះមហាក្សត្រ និងជាថ្ងៃដែលអនុញ្ញាតឲ្យពលរដ្ឋចូលថ្វាយបង្គំ ដើម្បីឧទ្ទិសកុសលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ជាលើកចុងក្រោយ។
១-កុម្ភៈ-២០១៣៖ ព្រះបរមមេរុតម្កល់ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
កម្មវិធីបន្តថា ចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៧:០០ អនុញ្ញាតឲ្យពលរដ្ឋបានចូលថ្វាយបង្គំព្រះបរមសព ព្រះបរមរតនកោដ្ឋ។ នៅម៉ោង ១៧:០០ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ យាងមកដល់ព្រះបរមមេរុ ថ្វាយបង្គំព្រះបរមសពតាមទ្វារទិសខាងត្បូង។
ពលរដ្ឋប្រតិកម្មនឹងការរឹតបន្តឹងសន្តិសុខនៅថ្ងៃហែព្រះបរមសព
ទាក់ទងនឹងថ្ងៃទី១ នៃការដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋ ដើម្បីយាងមកតម្កល់នៅលើព្រះបរមបញ្ចា ៩ជាន់ នៃវាលព្រះបរមមេរុនោះ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរមកពីតាមបណ្ដាខេត្ត ប្រតិកម្មទៅនឹងការរឹតបន្តឹងផ្នែកសន្តិសុខរបស់រដ្ឋាភិបាល ដែលពុំឲ្យអនុញ្ញាតពួកគាត់បានចូលថ្វាយបង្គំព្រះបរមសព។
ពួកគាត់បានបញ្ចេញទស្សនថា ទង្វើនេះហាក់ធ្វើឲ្យរបបរាជានិយមត្រូវចុះខ្សោយ និងថា ជាចំណាត់ការដែលបង្ហាញពីឥទ្ធិពលនៃអំណាចរបស់រដ្ឋាភិបាលលើសលប់។
មន្ត្រីបម្រើការ សម្រាប់ពិធីបុណ្យជាតិ និង អន្តរជាតិ ដែលខកខាន ព្រោះការហាមឃាត របស់មន្ត្រីប៉ូលិស យាមសន្តិសុខ ថ្លែងថា ការរឹតបន្តឹងផ្នែកសន្តិសុខនេះ មិនចំពោះតែពលរដ្ឋសាមញ្ញប៉ុណ្ណោះទេ ចំណែកឯមន្ត្រីដែលបម្រើការ និងអ្នកសារព័ត៌មានដែលមានប័ណ្ណសំគាល់ខ្លួនជាផ្លូវការខ្លះ ក៏ត្រូវបានហាមប្រាមដែរ។ប្រភពពី RFA