ដោយ កែវពេជ្រ មេត្តា
2013-02-06
ព្រះរាជពិធីកាន់ព្រះមរណទុក្ខព្រះបរមរតនកោដ្ឋ នឹងបញ្ចប់នៅថ្ងៃទី៧ កុម្ភៈ ហើយក៏ជាថ្ងៃដង្ហែព្រះអដ្ឋិ ឬឆ្អឹងរបស់ព្រះអង្គទៅតម្កល់ទុកនៅក្នុងព្រះវិហារ ព្រះកែវមរកត ក្នុងព្រះបរមរាជវាំងដែរ។ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានចាត់ទុកថា ព្រះរាជពិធីនោះ គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិខ្មែរមួយ ដែលគេមិនអាចបំភ្លេចបាន។ ប៉ុន្តែទន្ទឹមគ្នានោះ មានប្រជាពលរដ្ឋមួយចំនួន ក៏បានសម្ដែងក្តីងឿងឆ្ងល់ផងដែរថា តើហេតុអ្វីក៏មានប្រគំភ្លេងច្រើនមុខខុសៗគ្នា នៅក្នុងពេលដែលដង្ហែព្រះបរមសពទៅតម្កល់នៅវាលព្រះមេរុ ?
ការប្រគំភ្លេងចម្រុះគ្នានៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១ កុម្ភៈ បានធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរមួយ ចំនួន ដែលបានទៅចូលរួមក្នុងព្រះរាជពិធីនោះ។ ដោយអ្នកខ្លះលើកឡើងថា ជាភ្លេងដែលមិនទាក់ទងនឹងប្រពៃណីជាតិ ហើយអ្នកខ្លះទៀតថា គេពុំឃើញមានប្រគំភ្លេងក្លងខែកជាដើម។
ក្នុងចំណោមប្រជាពលរដ្ឋទាំងនោះ បុរសមួយរូបសុំមិនប្រាប់ឈ្មោះ នៅខេត្តកណ្ដាល បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃព្រះមហាវីរក្សត្រសម្ដេចឪ ទ្រង់យាងចូលព្រះទិវង្គតមក គាត់បានមកចូលរួមក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ហើយបានឃើញថា ការរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព គឺមានភាពអធិកអធមយ៉ាងក្រៃលែង។
បុរសដដែលបានបន្តថា ប៉ុន្តែប្រការមួយដែលគាត់ចាប់អារម្មណ៍ ហើយនិងងឿងឆ្ងល់ផង គឺការប្រគំបទភ្លេងកំដរព្រះរាជពិធីដង្ហែព្រះបរមសព ចេញពីព្រះបរមរាជវាំង ទៅកាន់ទីវាលព្រះមេរុនោះ គឺឃើញមានប្រគំបទភ្លេងប្លែកៗចម្រុះគ្នា ដោយមិនឃើញមានប្រគំភ្លេងក្លងខែកតែមួយមុខដូចដែលប្រជាពលរដ្ឋ សាមញ្ញធ្លាប់បានធ្វើបុណ្យសពកន្លងមក។
សំឡេង៖ «ក៏ប៉ុន្តែ ក្រែងលោយើងរាស្ត្រ ហើយលោកជាស្ដេចផែនដីអីចឹង ក្រែងលោគេប្រើភ្លេងខុសគ្នាណា។ ប្រជានុរាស្ត្រធម្មតាយកភ្លេងក្លងខែកយកមកប្រើ ហើយដល់ពេលព្រះមហាវីរក្សត្រមូលហេតុអីបានជាគេអត់ប្រើភ្លេង ក្លងខែក ខ្ញុំឆ្ងល់ប៉ុណ្ណឹង»។
ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ ស្រី ចាន់ នៅខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គាត់មិនបានទៅសម្ដែងព្រះមរណទុក្ខដល់ភ្នំពេញទេ ប៉ុន្តែគាត់បានសម្ដែងព្រះមរណទុក្ខតាមរយៈទូរទស្សន៍ដែលគេបញ្ចាំង ផ្សព្វផ្សាយ ឬបន្តផ្ទាល់ព្រះរាជពិធីបុណ្យព្រះបរមសពសម្ដេចឪ។ ប្រជាពលរដ្ឋរូបនោះបានបន្តថា តាមរយៈមើលទូរទស្សន៍ ធ្វើឲ្យគាត់បានដឹងពីព្រឹត្តិការណ៍នោះ ជាពិសេសភាពអធិកអធមនៃក្បួនដង្ហែព្រះបរមសពទៅថ្វាយព្រះភ្លើង ប៉ុន្តែអ្វីដែលចម្លែក គឺគាត់មិនឃើញមានគេប្រគំភ្លេងបទក្លងខែកក្នុងពេលដង្ហែនោះ។
លោកស្រី ស្រី ចាន់៖ «ប្រជារាស្ត្រធម្មតា ពេលដែលដង្ហែអីចឹង មានភ្លេងក្លងខែកអីចឹង ដល់ពេលព្រះអង្គអត់មានមានតែភ្លេងក្នុងព្រះរាជវាំង។ តែឃើញគេដង្ហែព្រះអង្គហ្នឹងនិយាយរួមថាអស្ចារ្យ និយាយថាប្រវត្តិសាស្ត្រ ហើយក្នុងកម្ពុជា យើង ដោយអត់មានអ្នកណាដូចព្រះអង្គបានក្នុងកម្ពុជា យើង មានអារម្មណ៍សោកស្ដាយព្រះអង្គ»។
នូវរាល់ការលើកឡើងនេះ មន្ត្រីគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិមួយរូប បានបញ្ជាក់ថា ការប្រគំភ្លេងទាំងប៉ុន្មានក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រ ដែលដង្ហែទៅកាន់វាលព្រះមេរុ កន្លែងថ្វាយព្រះភ្លើងនោះ គឺធ្វើទៅតាមព្រះរាជប្បវេណី (ប្រពៃណី) របស់ព្រះមហាក្សត្រខ្មែរជំនាន់មុនៗ ពិសេសនៅក្នុងសម័យព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សុរាម្រិត។
មានប្រសាសន៍ប្រាប់ពីបញ្ហានេះដែរ លោកសាស្ត្រាចារ្យ យន់ ខៀន អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា តាមពិតទៅនៅពេលដែលគេដង្ហែព្រះបរមសព ព្រះមហាវីរក្សត្រទៅតម្កល់នៅវាលព្រះមេរុ កន្លែងថ្វាយព្រះភ្លើងនោះ គឺមានប្រគំភ្លេងក្លងខែកដែរ ដោយប្រគំលាយឡំគ្នានឹងបទភ្លេងជាច្រើនទៀតរបស់ជាតិសាសន៍ផ្សេងៗ ដែលរស់នៅលើទឹកដីខ្មែរ ដូចជាជនជាតិចិន វៀតណាម ជាដើម។
លោកបានបន្តថា ប្រការដែលមានក្រុមភ្លេងរបស់សាសន៍ដទៃចូលរួមក្នុងក្បួនដង្ហែ ព្រះបរមសពនោះ គឺដោយសារគេចង់ចូលរួមព្រះមរណទុក្ខព្រះបរមសព ព្រះមហាវីរក្សត្រ៖ «មានទាំងពិណពាទ្យ ទាំងកន្ទ្រាំមីង ទាំងក្លងខែកស្គរឈ្នះហ្នឹង ទាំងស្គរចាម ស្គរវៀតណាម ចិនអី មានចម្រុះទាំងអស់ហ្នឹង។ តាមពិត អត់ខុសគ្នាទេ គ្រាន់តែថាបុណ្យព្រះករុណា គឺមានសម្បូរបែបច្រើនជាង»។
ទាក់ទងនឹងការប្រគំបទភ្លេងនៅក្នុងព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ កាលពីថ្ងៃទី១ កុម្ភៈ នោះ អ្នកស្រី កែវ ណារ៉ុំ ដែលជាបណ្ឌិតផ្នែកទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ បានមានប្រសាសន៍ថា ចំពោះភ្លេងក្លងខែកដែលគេប្រគំក្នុងពេលនោះ បើនិយាយឲ្យត្រូវទៅតាមភាសាខ្មែរ គឺហៅថា ភ្លេង "ស្គរឈ្នះ"។ រីឯពាក្យហៅថាភ្លេងក្លងខែកនោះ គឺជាពាក្យដែលហៅតាមភាសាថៃ ដែលមានន័យថា "ស្គរឥណ្ឌា" គឺក្លងប្រែថា "ស្គរ" ខែកប្រែថា "ឥណ្ឌា"។
អ្នកស្រីបណ្ឌិតបញ្ជាក់ទៀតថា បុព្វបុរសខ្មែរបានបង្កើតឧបករណ៍ស្គរឈ្នះនេះឡើង តាំងពីក្នុងសតវត្សរ៍ទី១១ ទី១២ ដែលគេឃើញមានតឹកតាងឆ្លាក់នៅជាប់ជញ្ជាំងប្រាសាទបុរាណខ្មែរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបាយ័នសព្វថ្ងៃនេះ។
ចំពោះស្គរឈ្នះនេះ គឺសម្រាប់ប្រគំនៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ឬបុណ្យសពប្រជារាស្ត្រធម្មតា ហើយនិងសម្រាប់ប្រគំនៅក្នុងពេលចេញច្បាំង ឬត្រឡប់មកពីច្បាំង ហើយនិងប្រគំនៅក្នុងពិធីកីឡាប្រដាល់ផងដែរ។ ប៉ុន្តែ ការប្រគំស្គរឈ្នះនៅក្នុងពិធីបុណ្យសព គឺប្រគំទៅតាមឋានៈរបស់សព ដោយប្រើស្គរមានចំនួនតិច ឬច្រើន។
អ្នកស្រី កែវ ណារ៉ុំ៖ «បើជាសពរាស្ត្រសាមញ្ញអីចឹង គឺគេវាយតែមួយគូទេ ស្គរហ្នឹងប្រើពណ៌ខ្មៅ ហើយនៅលើស្គរហ្នឹង ឃើញមានក្បាច់ផ្កាចន្ទន៍។ ប៉ុន្តែ បើអ្នកមានបណ្ដាស័ក្ដិវិញ អាចប្រើស្គរហ្នឹងពី ៤-៦-៨។ ដល់ក្នុងព្រះករុណាហ្នឹង ខ្ញុំឃើញគេប្រើត្រូវ គឺស្គរហ្នឹងមាន៨។ ស្គរហ្នឹងលាបពណ៌ស ហើយលនលាបផ្កាចន្ទន៍ដែរ គឺពណ៌ទឹកមាសហ្នឹងទៅតាមព្រះរាជតួនាទីដែលព្រះអង្គជាព្រះករុណា អីចឹង»។
អ្នកស្រីបណ្ឌិត កែវ ណារុំ បានបញ្ជាក់ទៀតថា ក្រៅពីស្គរឈ្នះ ឬដែលគេហៅតាមភាសាថៃ ថាក្លងខែក គឺបុព្វបុរសខ្មែរក៏បានបង្កើតឧបករណ៍តន្ត្រីមួយទៀតសម្រាប់ប្រគំនៅ ក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ឬពិធីបុណ្យសព ពិសេសគឺនៅពេលបូជា ឬថ្វាយព្រះភ្លើង និងរើសព្រះអដ្ឋិ ឬឆ្អឹង គឺ "តន្ត្រីត្រៃលក្ខណ៍"។
តន្ត្រីនេះសម្រាប់ភាសាអ្នកស្រុកធម្មតាគេហៅថា ភ្លេងកន្ទ្រាំមីង ឬកន្ទាំមីង ឬមួយទៀតហៅថា ទាំមីង ឬធម្មមីង ដោយហេតុថាភ្លេងនេះនៅពេលដែលប្រគំ គឺមានសំឡេងតាមបែបព្រះធម៌ដ៏គួរឲ្យសង្វេគ។
ដោយផ្អែកលើប្រពៃណីពីទំនៀមទម្លាប់បុរាណខ្មែរនោះហើយ ទើបគេឃើញនៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង និងរើសព្រះអដ្ឋិរបស់ព្រះបរមសព ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក៏មានប្រគំភ្លេងត្រៃលក្ខណ៍ ឬធម្មមីង នេះដែរ។ នៅក្នុងពេលប្រគំភ្លេងនោះ ហើយនិងទិដ្ឋភាពថ្វាយព្រះភ្លើងព្រះបរមសព បានធ្វើឲ្យអ្នកចូលរួមក្នុងព្រះរាជពិធីមានក្ដីអាឡោះអាល័យដោយ អ្នកខ្លះទង្គឹះខ្សឹកខ្សួលជាពន់ពេក៕ប្រភពពី RFA