ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, November 17, 2012

ជីវប្រវត្តិ​តស៊ូ និង​ការ​ចូល​រួម​ក្នុង​ផ្នែក​នយោបាយ​របស់​លោក បារ៉ាក់ អូបាម៉ា




2012-11-17
លោក បារ៉ាក់ អូបាម៉ា (Barack Obama) គឺ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ស្បែក​ខ្មៅ​លើក​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក។

លោក​ទើប​បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​មួយ​អាណត្តិ​ទៀត​ក្នុង​ការ​បោះ​ ឆ្នោត​កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១២ ដោយ​បាន​ឈ្នះ​លើ​គូ​ប្រជែង​បេក្ខជន​ប្រធានាធិបតី​លោក មីត រ៉មនី (Mitt Romney) ពី​ខាង​គណបក្ស​សាធារណរដ្ឋ។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បច្ចុប្បន្ន មាន​ឈ្មោះ​កំណើត បារ៉ាក់ ហូសេន អូបាម៉ា (Barack Hussein Obama) កើត​នៅ​ថ្ងៃ​ទី៤ ខែ​សីហា ឆ្នាំ​១៩៦១ ក្នុង​រដ្ឋ​ហាវ៉ៃ (Hawaii) ដែល​មាន​ម្តាយ​ជា​ជន​ជាតិ​ស្បែក​ស និង​ឪពុក​ជា​ជន​ជាតិ​អាហ្វ្រិក មក​ពី​ប្រទេស​កេនយ៉ា (Kenya)។ បិតា​ឈ្មោះ បារ៉ាក់ អូបាម៉ា ស៊ីន័រ (Barack Obama Senior) និង​មាតា​ឈ្មោះ អាន ដាន់ហាម (Ann Dunham) ហើយ​អ្នក​ទាំង​ពីរ​បាន​ទទួល​អនិច្ចកម្ម​មុន​ពេល​លោក បារ៉ាក់ អូបាម៉ា បាន​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លើក​ទី៤៤ កាល​ពី​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០៨ កន្លង​មក។
នេះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ធំ​ធេង​មួយ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​ប្រធានាធិបតី​លើក​ដំបូង​បំផុត​ជា​កូន​កាត់​អាហ្វ្រិក​ស្បែក​ខ្មៅ។
ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក លើក​នេះ កាល​ពី​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ បាន​ទទួល​សន្លឹក​ឆ្នោត​គាំទ្រ​លើស​លប់​ពី​ពលរដ្ឋ​អាមេរិកាំង​ចម្រុះ មក​ពី​គ្រប់​ជាតិ​សាសន៍ រួម​មាន​ជន​ជាតិ​ស្បែក​ខ្មៅ​បោះ​ឆ្នោត​ឲ្យ​មាន ៩៣% ជន​ជាតិ​ដែល​និយាយ​ភាសា​អេស្ប៉ាញ មាន​៧២% ជន​ជាតិ​អាស៊ី​ភាគ​ច្រើន និង​ក្រុម​ដែល​មាន​វ័យ​ក្មេង​អាយុ​ក្រោម ៣០ឆ្នាំ ជាដើម។
ពួក​គេ​បាន​ឲ្យ​ហេតុផល​ថា លោក បារ៉ាក់ អូបាម៉ា ជា​មនុស្ស​សាមញ្ញ មាន​អត្តចរិត​ទន់ភ្លន់ ចេះ​ដឹង​ទុក្ខ​ធុរៈ​អ្នក​ទន់​ខ្សោយ និង​មាន​ទេព​កោសល្យ​ក្នុង​ការ​និយាយ​ស្តី ដែល​ចេះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភាគ​ច្រើន​ស្រឡាញ់ និង​ពេញ​ចិត្ត​លោក។ ចំពោះ​គោល​នយោបាយ​ក្រៅ​ប្រទេស​វិញ គណបក្ស​របស់​លោក​មាន​វិធី​ដោះស្រាយ​ទំនាស់​នានា​ដោយ​សន្តិវិធី ជា​ជាង​ការ​ធ្វើ​សង្គ្រាម។ បន្ថែម​ពី​នេះ ក្នុង​រឿង​កិច្ច​ការ​ប្រទេស​ជាតិ​វិញ លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​យក​ចិត្ត​ទុក​ដាក់​ច្រើន​លើ​ការ​អភិវឌ្ឍ​សង្គម ដូច​ជា​លើក​ស្ទួយ​វិស័យ​អប់រំ សុខាភិបាល និង​សង្គម​កិច្ច ជាដើម តាំង​ពី​លោក​បាន​ជាប់​ឆ្នោត​អាណត្តិ​ទី១ កាល​ពី​ឆ្នាំ​២០០៨ មក។
ពលរដ្ឋ​ខ្មែរ​អាមេរិកាំង មួយ​រូប​ឈ្មោះ​លោក តាន់ វិបុល ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ពីរ​អាណត្តិ​រួច​មក​ហើយ បាន​ថ្លែង​ថា លោក​ពេញ​ចិត្ត​គោល​នយោបាយ​ដឹកនាំ​នៃ​គណបក្ស​ប្រជាធិបតេយ្យ ដែល​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ក្រីក្រ និង​មធ្យម៖ «ខ្ញុំ​រស់​នៅ​ស្រុក​អាមេរិក នេះ ៣​ទសវត្សរ៍​ហើយ ហើយ​ខ្ញុំ​ឃើញ​ថា ចំពោះ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​ពេញ​ចិត្ត​នយោបាយ​របស់​គាត់។ គាត់​មាន​ការ​ទាក់​ទង ស្និទ្ធស្នាល ជាមួយ​ពលរដ្ឋ​នៅ​ថ្នាក់​ក្រោម។ គាត់​មិន​គិត​តែ​ពី​ពួក​អ្នក​មានៗ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ ប្រធានាធិបតី​អាមេរិក នេះ គេ​គិតគូរ​ពី​ប្រទេស​ជាតិ​របស់​គេ ហើយ​ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ​អាមេរិកាំង ដូច្នេះ ខ្ញុំ​មាន​មោទនភាព។ ជម្រាប​ផង​ដែរ ខ្ញុំ​បោះ​ឆ្នោត​ជូន​គាត់»
ប៉ុន្តែ អ្នកស្រី នូវ សារឹម ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ម្នាក់​ទៀត ដែល​គាំទ្រ​គណបក្ស​សាធារណរដ្ឋ បាន​ឲ្យ​ហេតុផល​ថា អ្នកស្រី​មិន​គាំទ្រ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ទេ ពីព្រោះ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ក្នុង​អំឡុង​ពេល ៤​ឆ្នាំ​កន្លង​មក បាន​ចាយ​វាយ​ថវិកា​ជាតិ​លើស​ចំណុះ ដែល​បណ្ដាល​ឲ្យ​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន​ឡើងៗ។ អ្នកស្រី​បន្ត​ថា អត្រា​អ្នក​អត់​ការងារ​ធ្វើ​ក៏​នៅ​មាន​កម្រិត​ខ្ពស់ ប្រមាណ​ជិត ៩% នៃ​ចំនួន​ពលរដ្ឋ​សរុប​ជាង ៣០០​លាន​នាក់៖ «ខ្ញុំ​គិត​ថា នេះ​អ្នក​ខ្លះ​គេ​យល់​ថា ឥឡូវ​នេះ​យើង​ឃើញ​ថា ប្រធានាធិបតី អូបាម៉ា ពេល​គាត់​ឡើង​កាន់​អំណាច​នេះ ដូច​ថា​ជំពាក់​បំណុល​កាន់​តែ​ច្រើន បំណុល​កាន់​តែ​ធំ ប៉ុន្តែ​មិន​ដឹង​ថា តើ​របៀប​គាត់​ដោះស្រាយ ដើម្បី​បង្រួញ​បំណុល​នេះ​យ៉ាង​ម៉េច​ទេ យើង​ចាំ​មើល​តទៅ​ទៀត។ អ្នក​ខ្លះ​គិត​ថា គាត់​ទើប​តែ​បាន ៤ឆ្នាំ ធ្វើ​មិន​ទាន់ ប៉ុន្តែ​បំណុល​កាន់​តែ​កើន ឥឡូវ​គាត់ គេ​បោះ​ឲ្យ ៤ឆ្នាំ​ទៀត។ ខ្ញុំ​ដូច​ជា​មិន​សូវ​មាន​សុទិដ្ឋិនិយម​ទេ»
ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បាន​រៀបការ​ជាមួយ​លោក​ជំទាវ​ទី១ (First Lady) ម៉ីស្សែល អូបាម៉ា កាល​ពី​ថ្ងៃ​ទី៣ ខែ​តុលា ឆ្នាំ​១៩៩២ ហើយ​មាន​កូន​ស្រី ២នាក់ ឈ្មោះ ម៉ាលីយា (Malia) អាយុ ១៤ឆ្នាំ និង​កូន​ស្រី​ពៅ ឈ្មោះ សាហ្សា (Sasha) អាយុ ១១ឆ្នាំ។
មុន​ចូល​រួម​ប្រឡូក​ក្នុង​ឆាក​នយោបាយ នៅ​ឆ្នាំ​១៩៩៦ លោក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស និង​ឆ្លៀត​ពេល​បង្រៀន​ក្រៅ​ម៉ោង​អំពី​មាត្រា​ច្បាប់​នៃ​រដ្ឋធម្មនុញ្ញ នៅ​សាកលវិទ្យាល័យ​ឈីកាហ្គូ (Chicago) ក្នុង​រដ្ឋ​អ៊ីលីណយ (Illinois) ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០០៤។ លោក​ក៏​បាន​ជាប់​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នៅ​ប្រចាំ​រដ្ឋ​នោះ ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៤ ផង​ដែរ។ លោក​បាន​បញ្ចប់​ថ្នាក់​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់ នៅ​សាកលវិទ្យាល័យ​ហាវ៉ាដ (Harvard University)។
លោក បារ៉ាក់ អូបាម៉ា កាល​ពី​យុវវ័យ មាន​ជីវប្រវត្តិ​តស៊ូ​មោះមុត និង​ប្រឹងប្រែង​រៀន​សូត្រ ក្រោម​ការ​ជួយ​ទំនុក​បម្រុង និង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ពី​ជីដូន​ជីតា​ខាង​ម្តាយ​នៅ​ក្នុង​រដ្ឋ​ ហាវ៉ៃ។ ឪពុក​ម្តាយ​របស់​លោក បាន​លែង​លះ​គ្នា​នៅ​ពេល​ដែល​លោក​មាន​អាយុ​បាន ២ឆ្នាំ។ មាតា និង​បិតា​លោក បាន​ជួប​ស្រឡាញ់​គ្នា​ជា​លើក​ដំបូង​នៅ​សាកលវិទ្យាល័យ​ហាវ៉ៃ ក្រោយ​ដែល​ឪពុក​បាន​ទទួល​អាហារូបករណ៍​មក​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ពី​ប្រទេស​កេនយ៉ា។
កុមារ បារ៉ាក់ អូបាម៉ា មិន​ដែល​ស្គាល់​មុខ និង​ទាក់​ទង​ជាមួយ​បិតា​បង្កើត​ឡើយ បន្ទាប់​ពី​ឪពុក​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កេនយ៉ា វិញ នៅ​ឆ្នាំ​១៩៦៥។ នៅ​ឆ្នាំ​១៩៦៥ ដដែល​នោះ ម្តាយ​របស់​កុមារ អូបាម៉ា ក៏​បាន​រៀបការ​ជាមួយ​បុរស​ផ្សេង​ទៀត ដែល​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី។ មួយ​ឆ្នាំ​ក្រោយ​មក ម្តាយ និង​ឪពុក​ចុង ព្រម​ទាំង​កុមារ អូបាម៉ា និង​ប្អូន​ស្រី​ចុង ដែល​ទើប​កើត បាន​ទៅ​រស់នៅ​ក្រុង​ហ្សាកាតា (Jakarta) នៃ​ប្រទេស​ឥណ្ឌូនេស៊ី។
ដោយ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព និង​អនាគត​របស់​កូន​ប្រុស ម្តាយ​ក៏​បាន​បញ្ជូន​កុមារ អូបាម៉ា ដែល​ពេល​នោះ​មាន​អាយុ​បាន ១០ឆ្នាំ ឲ្យ​មក​រស់នៅ​ជាមួយ​ជីដូន​ជីតា​ខាង​ម្តាយ នៅ​រដ្ឋ​ហាវ៉ៃ។ នៅ​ពេល​នោះ​ហើយ ដែល​កុមារ បារ៉ាក់ អូបាម៉ា បាន​ជួប​ជាមួយ​ឪពុក​បង្កើត​លើក​ដំបូង​បំផុត និង​តែ​ម្តង​នោះ​គត់ ក្រោយ​ពី​ឪពុក​បាន​មក​លេង​សួរ​សុខ​ទុក្ខ​កូន នៅ​រដ្ឋ​ហាវ៉ៃ នៅ​ឆ្នាំ​១៩៧១។
១០​ឆ្នាំ​ក្រោយ​មក ឪពុក​របស់​លោក អូបាម៉ា បាន​ទទួល​អនិច្ចកម្ម ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​១៩៨២ នៅ​ប្រទេស​កេនយ៉ា។ ចំណែក​ម្តាយ​វិញ ក៏​បាន​ទទួល​មរណភាព​ដោយ​សារ​ជំងឺ​មហា​រីក​ស្បូន នៅ​ឆ្នាំ​១៩៩៥ នៅ​ក្នុង​រដ្ឋ​ហាវ៉ៃ។
លោក បារ៉ាក់ អូបាម៉ា បាន​ទទួល​ជ័យ​លាភី​សន្តិភាព​ណូបែល (Nobel Peace Prize) ពាក់ព័ន្ធ​នឹង​កិច្ច​ប្រឹងប្រែង​របស់​លោក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ ការទូត​អន្តរជាតិ និង​សហប្រតិបត្តិការ​ជាមួយ​ពលរដ្ឋ​ដែល​មាន​ជាតិ​សាសន៍​ខុសៗ​គ្នា ក្នុង​ពិភពលោក គឺ ៩ខែ​ក្រោយ​ពី​បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក កាល​ពី​អាណត្តិ​មុន។
លោក​ប្រធានាធិបតី អូបាម៉ា មាន​គម្រោង​មក​ទស្សនកិច្ច​ប្រទេស​មួយ​ចំនួន នៅ​តំបន់​អាស៊ី និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន (ASEAN) នៅ​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី១៩ ដល់​ទី២០ វិច្ឆិកា ឆ្នាំ​២០១២៕
​ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages