- Thursday, 18 October 2012
- ភ្នំពេញ ប៉ុស្តិ៍
ពេលយន្ត ហោះ ដឹកព្រះបរមសពសម្តេច ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃពុធ មនុស្សម្នាមកកាន់រាជធានី បានកើនដល់ជាង ១លាននាក់ តាមការប៉ាន់ប្រមាណរបស់ក្រសួងព័ត៌មាន បើទោះជាសាលារាជធានីភ្នំពេញ ព្យាករថាមានជិត១សែននាក់ក៏ដោយ។
ពី ព្រលានយន្តហោះ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មកដល់មុខព្រះបរមរាជវាំង ទាំងផ្លូវធំ ទាំងតូច តាមដងវិថីមានមនុស្សម្នាមីរដេរដាស មកប្រមូលផ្តុំគ្នាដើម្បីធ្វើគារវកិច្ចដល់ព្រះបរមសព ព្រះអង្គ ទោះជាមានជីវភាពលំបាកក្តី ក៏ពួកគាត់នៅតែបង្ហាញក្តីស្រឡាញ់ចំពោះអតីតព្រះមហាក្សត្រ ដែលសោយទិវង្គតអង្គនេះដែរ។ នៅថ្ងៃក្តៅខ្លាំង សិស្ស មនុស្សចាស់ ក្មេង ព្រះសង្ឃ និងជនបរទេស បានជ្រកម្លប់តិចណាស់ ដើម្បីរង់ចាំមើលក្បួនដង្ហែព្រះបរមសព។
លោក សេង វ៉ាឡាត់ អនុរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ ដែលកំពុងមើលក្បួនដង្ហែព្រះបរមសពពីខាងក្រៅអាកាសយានដ្ឋាន មានប្រសាសន៍ថា ៖ «ប្រជាជន បានបង្ហាញក្តីស្រឡាញ់ចំពោះព្រះមហាវីរក្សត្រ ថ្ងៃនេះ។ មនុស្សជាច្រើនគិតថា ជាឱកាសលាគ្នាចុងក្រោយ»។
នៅអែប អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្មេងប្រុសរាប់រយនាក់ឈរលើជញ្ជាំង ខំទប់ខ្លួនលើរបងប្រឹងសម្លឹងមើលដោយសង្ឃឹមថា បានឃើញយន្តហោះ។ ពេលយន្តហោះ អ៊ែរឆាយណាចុះចត ចំនួនមនុស្សបានកើនឡើងដោយស្ងប់ស្ងាត់។ នៅម៉ោង ៣ រសៀល ព្រះមហាក្សត្រ នរោត្តម សីហមុនី កាន់ព្រះហស្តព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ ដែលកំពុងព្រះកន្សែង បានយាងទៅកាន់ក្រុមប្រតិភូកំពុងរង់ចាំ មានព្រះសង្ឃ រដ្ឋមន្រ្តី និងអ្នកការទូតរាប់រយនាក់។ លោកនាយករដ្ឋមន្រ្តី និងព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ បានតាមពីក្រោយ និងមានការស្វាគមន៍ពីមន្ត្រីអ្នកមុខ អ្នកការដែលមកចូលរួមរំលែកទុក្ខ។
លើកចេញពីយន្តហោះដោយទាហាន ព្រះបរមរាជវាំងដប់នាក់ ព្រះបរមសពត្រូវបានតម្កល់លើព្រះទីនាំង ដែលរចនាជាហង្សមាស ហែហមដោយប្រតិភូរាប់រយនាក់ឆ្ពោះមកកាន់ព្រះបរមរាជវាំង។ ខណៈដែលក្បួនដង្ហែបានឆ្លងកាត់រាជធានី អ្នកកាន់ទុក្ខបានលុតជង្គង់គោរពព្រះបរមសព។
លោក មុំ ឧត្តម វ័យ២០ ឆ្នាំ និសិ្សតមហាវិទ្យាល័យ បានថ្លែងថា៖ «ខ្ញុំមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង។ នេះជាអតីតព្រះមហាក្សត្រកម្ពុជា ហើយខ្ញុំមិនអាចគិតតែពីការសិក្សាបានទេ។ ខ្ញុំត្រូវតែមកចូលរួមគោរពព្រះអង្គ»។
មនុស្សកើនឡើងនៅពេល រសៀល ក្រុម មនុស្សបានប្រមូលផ្តុំគ្នានៅព្រះបរមរាជវាំង និងវិមានឯករាជ្យ បានកើនឡើងដល់រាប់ម៉ឺននាក់ ខណៈដែលអ្នកកាន់ទុក្ខ ភាគច្រើនស្លៀកពាក់ពណ៌ស ខ្មៅដើរជាបន្តគ្នាឆ្លងកាត់វិថីក្នុងទីក្រុង ដែលផ្អាកចរាចរណ៍។
នៅ វត្តបទុមវតី លោក សេង អឿន អាយុ៧១ ឆ្នាំ និងអ្នកភូមិ ១៩ នាក់ទៀត រួមនឹងព្រះសង្ឃ៥ អង្គ និងដូនជីផង ធ្វើដំណើរមកពីខេត្តកំពង់ស្ពឺ បានថ្លែងថា ៖ «ខ្ញុំមកកាន់ទុក្ខព្រះមហាវីរក្សត្រ។ យើងទាំងអស់គ្នាសោកស្តាយ និងភ្ញាក់ផ្អើល នៅពេលបានដឹងពីការសោយទិវង្គត។ ព្រះអង្គបានបូជាជូនប្រទេស ... ហើយបានដើរតួជាអ្នកសម្របសម្រួល ដើម្បីបង្រួបបង្រួមជាតិ»។
ជាមួយ នឹងអ្នករួមស្រុក លោក អឿន ប្រមូលបាន ១០០ ដុល្លារដើម្បីទិញព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ កម្រងផ្កា និងថ្លៃធ្វើដំណើរមក។ លោក ថា សម័យសង្គមរាស្រ្តនិយមពីឆ្នាំ១៩៥៣ ដល់ឆ្នាំ១៩៧០ជារជ្ជកាលមាស របស់ព្រះមហាវីរក្សត្រ។
នៅខាងក្រៅ ព្រះបរមរាជវាំង ក្រុមមនុស្សម្នាបានសរសេរសារចូលរួមមរណទុក្ខនៅលើសៀវភៅលើតុ នៅមុខព្រះបរមរាជវាំង ហើយអ្នកថតរូបបានឲ្យឱបព្រះឆាយាល័ក្ខណ៍តូចរបស់ ព្រះអង្គដើម្បីថតរូបជាអនុស្សាវរីយ៍។
ខណៈអ្នកកាន់ ទុក្ខព្យាយាមរកកន្លែងថត តាមជញ្ជាំងព្រះបរមរាជវាំង បុរសវ័យក្មេងម្នាក់បានលុតជង្គង់លើដី រួចចាក់ទឹកលើក្បាល ហើយឱនសំពះព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្សត្រ។ គាត់បិទភ្នែក សំពះបួងសួងស្ងាត់ៗ ខណៈព្រះសង្ឃកោរសក់ឲ្យ។
ដូនជីអាយុ ៦៨ឆ្នាំ មកពីវត្តអដ្ឋរស្ស ក្នុងខេត្តកណ្តាល ជូតទឹកភ្នែក និយាយថា៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ ដែលបាត់បង់ព្រះអង្គ។ ព្រះអង្គគួរគង់នៅជួយដល់ប្រជារាស្រ្តព្រះអង្គ។ បើគ្មានព្រះអង្គ ប្រជារាស្រ្តនឹងមិនបានរស់នៅស្ងប់ឡើយ ប៉ុន្តែ ខ្ញុំសូមបួងសួងវិញ្ញាណក្ខន្ធព្រះអង្គឲ្យនៅ បន្តការពារប្រជារាស្រ្ត»។
ការស្វាគមន៍ព្រះបរមសព មុនពេលរសៀលកន្លងទៅ ស្រ្តីចំណាស់ម្នាក់បានទៅជ្រកក្រោមឆត្រគេចពីកំដៅព្រះ អាទិត្យ ខណៈអង្គុយកាន់ព្រះឆាយាល័ក្ខណ៍អតីតប្រមុខរដ្ឋជាទីសក្ការៈ ចំណែកសិស្សស្រីប្រុសឈរកាន់ដៃគ្នាទប់ក្រុមមនុស្ស នៅឯម្ខាងមហាវិថីសុធារស។
ការអស់កម្លាំង និងក្តៅខ្លាំង ធ្វើឲ្យស្រ្តី ២នាក់ យ៉ាងហោចត្រូវនាំទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។
ប៉ុន្តែ សូម្បីចំនួនប្រជាជនកើនច្រើនឡើងៗ ហើយកំដៅថ្ងៃកាន់តែក្តៅក៏ដោយ ក៏ទិដ្ឋភាពទូទៅក្នុងរាជធានី មើលទៅដូចគ្នានឹងពិធីបុណ្យធំមួយ ហើយប្រជាជនទាំងនោះ ខ្លះបាននាំគ្នានិយាយអំពីស្នាដៃរបស់ព្រះអង្គ។
អ្នក ស្រី ជា វណ្ណាត អតីតប្រធានប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍសង្គម ថ្លែងចាប់អារម្មណ៍ថា ៖ «ខ្ញុំសុខចិត្តមកអង្គុយនៅទីនេះ ជាជាងនៅផ្ទះមើលទូរទស្សន៍»។
អ្នកស្រីបន្តថា ខ្ញុំធ្លាប់ឈរគោរពដំណើរព្រះអង្គ តាំងពីខ្ញុំនៅវ័យក្មេង ជាសិស្ស ដូច្នេះខ្ញុំចង់ជូនដំណើរព្រះអង្គជាចុងក្រោយ»។
នៅវិមានឯករាជ្យមានការចាក់ភ្លេងកាន់ទុក្ខតាមប្រពៃណី ខណៈប្រជាជនកំពុងរង់ចាំការមកដល់នៃក្បួនដង្ហែព្រះបរមសព។
អម ដោយម៉ូតូស និងការការពារពីកងអង្គរក្ស និងកងប្រដាប់អាវុធនៅតាមផ្លូវ ក្បួនដង្ហែព្រះបរមសព ដោយមឈូសពណ៌មាសរបស់ព្រះអង្គបានរំកិលឆ្ពោះមកវិមានឯករាជ្យ។ ប្រជាជនខ្លះបានប្រជ្រៀតគ្នាមើលក្បួនដង្ហែ។ ក្បួនដង្ហែបានឈប់បន្តិចនៅមុខក្រុមព្រះសង្ឃដែលសូត្រធម៌ថ្វាយ ព្រះអង្គមុនបន្តទៅព្រះបរមរាជវាំង។
រថយន្តឥស្សរជនជាច្រើន បានចូលរួមក្បួនដង្ហែនេះ ក្នុងនោះរួមមានទាំងបុត្រី គឺព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម បុប្ផាទេវី ប្រធានសភា លោក ហេង សំរិន ឧបនាយករដ្ឋមន្រ្តីលោក សុខ អាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង និងលោក ញឹក ប៊ុនឆៃ ក្នុងនោះ ក៏មានគណៈប្រតិភូចិនចូលរួមផងដែរ។
រដ្ឋ មន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែងថា ៖ «យប់នេះ គណៈប្រតិភូចិននឹងធ្វើការគោរពចំពោះព្រះបរមសពរបស់ព្រះអង្គ នៅក្នុងព្រះបរមរាជវាំង នៅថ្ងៃស្អែក នឹងមានការគោរពពីនាយករដ្ឋមន្រ្តីវៀតណាម»។
លោកបន្តថា នៅថ្ងៃបន្តទៀតនឹងមានការចូលមកគោរពដោយឥស្សរជនបរទេសនានា ហើយព្រះបរមសពព្រះអង្គ នឹងតម្កល់កាន់ទុក្ខក្នុងរយៈពេលបីខែ ហើយក្នុងរយៈពេលនេះសាធារណជនក៏អាចចូលធ្វើការគោរពព្រះបរម សពព្រះអង្គបានដែរ។
ព្រះរាជក្រឹត្យមួយដែលចេញកាលពី ម្សិលមិញ នែនាំឲ្យបង្កើតគណៈកម្មាធិការជាតិសម្រាប់ការរៀបចំពិធី បុណ្យសពរបស់ព្រះអង្គ។ គណៈកម្មាធិការនេះដឹកនាំដោយប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ប្រធានរដ្ឋសភាលោក ហេង សំរិន ជាអនុប្រធាន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអនុប្រធានប្រចាំការ និងរដ្ឋមន្រ្តីព្រះបរមរាជវាំងលោក គង់ សំអុល ជាអនុប្រធានអចិន្រៃ្តយ៍។
ការកាន់ទុក្ខទូទាំងប្រទេស
ខាងក្រៅ រាជធានីភ្នំពេញ អាជ្ញាធរបានបង្កើតកម្លាំង សម្រាប់ការពារក្នុងអំឡុងពេលកាន់ទុក្ខមួយសប្តាហ៍ ដែលបានចាប់ផ្តើមតាំងពីម្សិលមិញ។ នៅខេត្តសៀមរាប ប្រជាជនចូលរួមហែក្បួនកាន់ទុក្ខដឹកនាំដោយព្រះសង្ឃដែលហែចេញពី វត្តពោធិ៍លង្កា ទៅកាន់អាស្រមព្រះអង្គចេក ព្រះអង្គចម។
នៅ ខេត្តកំពង់ធំ អភិបាលរងខេត្ត លោក អ៊ុច សំអូន បានថ្លែងថា លោកកំពុងរៀបចំពិធីធំមួយនៅថ្ងៃនេះ នៅវត្តកំពង់ធំ ហើយប្រជាជនជាង១ពាន់នាក់ត្រូវរំពឹងថា នឹងចូលរួមពិធីនេះ។ លោកបន្តថា៖ «យើងធ្វើដូចនេះ ដើម្បីឲ្យប្រជាជនមកគោរពវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ យើង »។
ថ្លែង តាមទូរស័ព្ទ អភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ច័ន្ទ ថាស្ថាប័ននានានៅក្នុងខេត្ត រួមទាំងសាលារៀន ទីកន្លែងសាធារណៈត្រូវបញ្ជាឲ្យដាក់តាំងព្រះឆាយាល័ក្ខ ណ៍សម្តេចឪ ហើយប្រជាជនទាំងអស់ត្រូវឲ្យស្លៀកពាក់សខ្មៅគោរពវិញ្ញាណក្ខន្ធ សម្តេចឪ។
លោកបានបន្តថា៖ «ប្រសិនបើព្រះសង្ឃចង់ធ្វើការសូត្រធម៌ និងឧទ្ទិសកុសលរហូតដល់៩០ថ្ងៃ នោះគឺអាស្រ័យលើព្រះអង្គ»។
ការបញ្ចប់
ខណៈ ព្រះអាទិត្យចាប់លិច ហ្វូងប្រជាជនក៏ចាប់ផ្តើមបំបែកគ្នាអ្នកខ្លះនិយាយពីការអាឡោះ អាល័យរបស់ខ្លួន អ្នកខ្លះត្រឡប់ទៅស្រុកកំណើតវិញ។
លោក សឺន សូប៊ែរិ៍ ទីប្រឹក្សាព្រះមហាក្សត្រ ថ្លែងថា ៖ «[ព្រះមហាក្សត្រ]មានសេចក្តីក្រៀមក្រំយ៉ាងពន់ពេក ហើយព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ មានព្រះកន្សែងគ្រប់ពេល។ នេះជាការក្រៀមក្រំយ៉ាងខ្លាំង»។
លោក ថ្លែងថា៖ «ខ្ញុំមិនដែលឃើញមនុស្សច្រើនបែបនេះទេ ការស្ម័គ្រស្មោះយ៉ាងខ្លាំងបែបនេះចំពោះសម្តេចឪ... ខ្ញុំមិននឹកស្មានថាមានចំនួនប្រជាជនច្រើនដូចនេះទេ»។ TK/PS
រាយការណ៍ បន្ថែមៈ ជាង សុខា វង្ស សុខេង សែន ដាវីត ម៉ៃ ទិត្យថារ៉ា ផាក ស៊ាងលី Joe Freeman, Shane Worrell, Stuart White, David Boyle, Justine Drennan និងAbby Seiff ភ្នំពេញ ប៉ុស្តិ៍