ប្រជារាស្ត្រ​សោកសៅ​ពេល​ទទួល​ព្រះបរមសព​សម្តេច​ឪ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 18, 2012

ប្រជារាស្ត្រ​សោកសៅ​ពេល​ទទួល​ព្រះបរមសព​សម្តេច​ឪ

គង់ សុឋានរិទ្ធ
18 តុលា 2012

http://gdb.voanews.eu/9E681D95-28F7-4E19-A5E6-E0E3B19239F2_w640_r1_s.jpg
ភ្នំពេញ៖ «មក​វិញ​ឃើញ​តែ​សាកសព ព្រះអង្គ​យាង​ទៅ​បាត់​ហើយ»។ នេះ​ជា​សម្តី​របស់​អ្នកស្រី​សែ ម៉ុន អម​ដោយ​ការ​យំអណ្តឺតអណ្តក​នៅពេល​ដែល​ក្បួន​ដង្ហែរ​ព្រះ​សព​សម្តេចឪ​នរោត្តម សីហនុ ឆ្លង​កាត់​មុខ​របស់​គាត់​ឆ្ពោះ​ទៅ​កាន់​ព្រះ​បរមរាជវាំង​នា​ទីក្រុង​ភ្នំពេញ។

​ពាក់អាវ​ស សំពត់​ខ្មៅ​ ដៃ​កាន់​ផ្កាឈូក​មួយទង​ភ្ជាប់​ជាមួយ​ធូប​មួយ​បាច់​តូច អ្នក​ស្រី​សែ ម៉ុន មកពី​ឃុំ​បែក​ចាន ខេត្ត​កណ្តាល។

«ធ្លាប់​លោក​និយាយ​ប៉ប៉ាច់ប៉ប៉ោច​នៅតាម​ទូរទស្សន៍​មើល​តាម​ចិត្ត។ ឥឡូវ​អស់​ហើយ អស់​ពេល​មើល​ទៀត​ហើយ។ ខ្ញុំ​អស់​ពេល​មើល​គាត់​ទៀត​ហើយ។ ឃើញ​តែ​រូបថត។ ខ្ញុំ​សោកស្តាយ​ជាទីបំផុត»។

ប្រជាពលរដ្ឋ​ជាច្រើន​ម៉ឺន​នាក់​មក​ពី​ខេត្ត​នានា នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​អ្នក​ក្រុង​ភ្នំពេញ​បាន​ឈរ​នៅ​អម​សង​ខាង​ផ្លូវ​ចាប់តាំងពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ​រហូត​ទៅ​ដល់​ព្រះបរមរាជ​វាំង។ ភាគ​ច្រើន​មាន​ទឹកមុខ​ស្រពាប់​ស្រពោន និង​ពាក់​បូណ៌​ពណ៌​ខ្មៅ​ជាប់​នឹង​អាវ នៅ​លើ​ទ្រូង​ខាង​ឆ្វេង។

ព្រះសង្ឃ​និមន្ត​មក​ពី​វត្ត​នានា​ដែល​ស្ថិតនៅ​ជាប់​នឹង​ដងផ្លូវ​បាន​គង់​ជា​ជួរ និង​បាន​សូត្រធម៌​សម្រាប់​ឧទ្ទិស​ដល់​វិញ្ញាណ​ខន្ធ​នៃ​ព្រះមហាវីរក្សត្រ​ទៀតផង។​

អ្នកស្រី​តេង ណារី មក​ពី​សង្កាត់​ចោមចៅ​ជាយ​ទីក្រុង​ភ្នំពេញ។

«ខ្ញុំ​ឃើញ​គេ​ដង្ហែរ​ព្រះ​សព​ខ្ញុំ​ស្លុត​ណាស់។ ខ្ញុំ​បាន​ឃើញ​ព្រះទ័យ​ព្រះអង្គ​ល្អ។ ឥឡូវនេះ​លែង​បាន​ឃើញ​ព្រះភក្ត្រ​ព្រះ​អង្គ​ទៀត​ហើយ។ ដង្ហែរ​មក​ឃើញ​តែ​ព្រះ​សព​និង​ក្តាមឈូស​ព្រះអង្គ​តែ​ប៉ុណ្ណឹង»។​

ដោយ​ឡែក​ក្រុម​យុវជន​មិន​សូវ​មាន​អារម្មណ៍​ក្តុកក្តួល​នោះទេ ក៏​ប៉ុន្តែ​ពួកគេ​ភាគ​ច្រើន​អះអាង​ដូចគ្នា​អំពី​ការសោកស្តាយ​សម្តេច​ឪ​នរោត្តម សីហនុ​។​

ឌុច ភុំ​ចន្ទវាសនា និស្សិត​ឆ្នាំ​ទី​៣​នៃ​សកល​វិទ្យាល័យ​ធនធានមនុស្ស​ន​មិន​លាក់​អារម្មណ៍​របស់​ខ្លួន​ទេ។​

​«ជា​ការសោកស្តាយ​មួយ​ដែល​ប្រទេស​កម្ពុជា​បាត់បង់​ព្រះមហាក្សត្រ​ដ៏​ឆ្នើម​ពីព្រោះ​ព្រះអង្គ​បាន​ជួយ​ប្រទេស​យើង​ឲ្យ​រួច​ផុត​ពី​កុ​ម្មុយនីស្ត ទាមទារ​ឯករាជ្យ​ជាតិ និង​ទាមទារ​​ទឹកដី​ជាច្រើន​ដែល​ប្រទេស​កម្ពុជា​បាន​បាត់បង់»។​

ព្រះមហាវីរក្សត្រ​បាន​យាង​ចូល​ទីវង្គត​នៅ​ព្រះជន្ម​៩០​ព្រះវស្សា កាលពី​ព្រឹក​ថ្ងៃ​ចន្ទទី​១៥​តុលា​ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

កម្ពុជា​ទាំងមូល​កាន់​មរណ​ទុក្ខ​ចំពោះ​ព្រះ​សព​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី​១៧​តុលា​នេះ​តទៅ។

ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ភាគច្រើន​អះអាង​ថា ពួកគាត់​មក​បដិសណ្ឋារកិច្ច​ព្រះ​សព​សម្តេច​ឪ​នរោត្តម សីហនុ ដោយ​ស្ម័គ្រ​ចិត្ត​ហើយ​អ្នកខ្លះ​បាន​ស្រែក​បួងសួង​ជូនពរ​ព្រះអង្គ​ឮៗ​ទៀតផង​។​

«សូម​វិញ្ញាណខន្ធ​របស់​សម្តេច​តា​ស្តេច​យាង​ទៅ​ឋាន​លើ​ហើយ​ស្តេច​បើក​ឲ្យ​ត្រជាក់ត្រជុំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​ម្លប់ដ៏​ត្រជាក់។ យើងខ្ញុំ​អស់​សង្ឃឹម យើង​ខ្ញុំ​សោកស្តាយ​សម្តេច​ឪ​ណាស់។ កើត​មួយ​ជីវិត​នេះ​ខ្ញុំ​ម្ចាស់​បាន​ជួប​ព្រះអង្គ​ផ្ទាល់​បាន​ម្តង​គត់​អាយុ​១១​ឆ្នាំ​រហូត​ដល់​ចំណាស់​នេះ»។​

ក្រុម​ប្រជាពល​រដ្ឋ​បាន​មក​អុជ​ធូប​បួង​សួង​ឧទ្ទិស​ដល់​វិញ្ញាណ​ខន្ធ​ព្រះមហាក្សត្រ​ចាប់តាំងពី​ថ្ងៃ​អង្គារ ទី​១៦ ខែតុលា រៀងមក។ គាត់​មាន​ចំនួន​កាន់​តែ​ច្រើន​ថែមទៀត​នៅ​មុខ​ព្រះបរមរាជវាំង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​រហូតមក​ទល់​នឹង​យប់​នេះ។​

រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​តម្កល់​ព្រះ​សព​របស់​សម្តេចឪ​នរោត្តម សីហនុ យ៉ាងតិច​ចំនួន​បី​ខែ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​និង​ភ្ញៀវ​បរទេស​ចូលរួម​រំលែក​ទុក្ខ​និង​គោរព​វិញ្ញាណខន្ធ៕ប្រភពពី VOA

Post Bottom Ad

Responsive Ads Here

Pages