អ្នក​នយោបាយ៖ ព្រះ​មហា​វីរក្សត្រ​បន្សល់​ស្នា​ព្រះហស្ត​នយោបាយ​ជាច្រើន - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Thursday, October 18, 2012

អ្នក​នយោបាយ៖ ព្រះ​មហា​វីរក្សត្រ​បន្សល់​ស្នា​ព្រះហស្ត​នយោបាយ​ជាច្រើន


ដោយ កែវ និមល
2012-10-18

អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះបាទ សម្ដេច នរោត្តម សីហនុ បាន​ចូល​ទិវង្គត​កាល​ពី​ថ្ងៃ​ទី១៥ តុលា នៅ​ប្រទេស​ចិន ដោយ​រោគ​គាំង​បេះ​ដូង ក្នុង​ព្រះជន្ម ៩០​ព្រះវស្សា។
http://www.rfa.org/khmer/indepth/57th_independent_day-11092010042708.html/independent_305.jpg
RFA/Sek Bandith



ក្បួន​ព្យុហយាត្រា​របស់​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​ទី​៥៧ នៅ​វិមាន​ឯករាជ្យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០។





ព្រះបាទ នរោត្តម សីហនុ ជា​ព្រះមហាក្សត្រ​ដែល​បាន​ដឹកនាំ​គ្រប់គ្រង​ប្រទេស​កម្ពុជា ឲ្យ​បាន​ទទួល​ឯករាជ្យ​ពេញ​លេញ​ពី​ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៥៣ និង​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​ឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក ថា​ជា​ប្រទេស​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​រហូត​ដល់​ប្រជាពលរដ្ឋ​បាន​ហៅ​ព្រះអង្គ​ថា ជា​សម្ដេច​ឳ ទៀត​ផង។

តើ​ការ​ចូល​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ នេះ បាន​បន្សល់​មេ​រៀន​នយោបាយ​អ្វី​ខ្លះ ចំពោះ​អ្នក​នយោបាយ​ខ្មែរ?

អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​លើក​ឡើង​ថា ស្នា​ព្រះហស្ត​សំខាន់ៗ​ដែល​អតីត​ព្រះមហាក្សត្រ​កម្ពុជា លោក​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​រៀន​សូត្រ​មាន​ច្រើន​ណាស់ ដូច​ជា គោល​នយោបាយ​ឯករាជ្យ​មិន​ចូល​បក្សសម្ព័ន្ធ ឆន្ទៈ​បម្រើ​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ​ច្បាស់​លាស់ ការ​បង្កើត​ឲ្យ​មាន​សាមគ្គី​ជាតិ ការ​ពង្រឹង​សេដ្ឋកិច្ច កសិកម្ម និង​វិស័យ​អប់រំ​ជាដើម។

លោក សុន ឆ័យ ប្រធាន​ក្រុម​សមាជិក​សភា មក​ពី​គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១៧ តុលា ថា ការ​សោយ​ទិវង្គត​របស់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ របស់​ប្រទេស​កម្ពុជា ជាពិសេស លើ​វិស័យ​នយោបាយ​ដឹកនាំ​គ្រប់គ្រង​ប្រទេស ដោយ​សារ​រូប​ព្រះអង្គ​មាន​ពិសោធន៍ និង​មាន​វិធីសាស្ត្រ​ក្នុង​ការ​ដឹកនាំ​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​ជាតិ បាន​សុខ​សន្តិភាព៖ «ព្រះករុណា លោក​មាន​លក្ខណៈ​សម្បត្តិ​ដឹកនាំ​ប្រទេស​ជាតិ លោក​ជា​អ្នក​ឯករាជ្យ​មិន​យក​បរទេស​ជា​សំអាង។ ទី២ លោក​ស្រឡាញ់​ប្រទេស​ជាតិ​របស់​លោក​យ៉ាង​មុតមាំ ហើយ​សេចក្តី​ស្រឡាញ់​នោះ បាន​ឲ្យ​ព្រះអង្គ​ការពារ​ប្រទេស​យ៉ាង​ប្ដូរ​ផ្តាច់។ នេះ​ជា​លក្ខណៈ​សំខាន់​មួយ​ដែល​អ្នក​ដឹកនាំ​ខ្មែរ​ខ្លះ​មិន​ច្បាស់​លាស់​ទេ»។

លោក សុន ឆ័យ បន្ត​ថា ពិត​មែន​តែ​ព្រះមហាក្សត្រ នរោត្តម សីហនុ លោក​បាន​ចូល​ទិវង្គត​មែន តែ​មាន​គំរូ និង​មេរៀន​នយោបាយ​ជាច្រើន បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ​រៀន​សូត្រ​តាម ជាពិសេស​លើ​វិស័យ​នយោបាយ ឯករាជ្យ​ជាតិ និង​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំនឿ​មក​លើ​ព្រះអង្គ​សាមគ្គី ជុំវិញ​ការ​ដឹកនាំ​របស់​ព្រះអង្គ។

លោក សុន ឆ័យ បាន​លើក​ឡើង​ថា សម័យ​ព្រះមហាក្សត្រ​គ្រប់គ្រង​ប្រទេស ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន ហើយ​មាន​ផលិត​ជា​ទំនិញ​ប្រើប្រាស់​បាន​មួយ​ចំនួន ដោយ​មាន​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ៖ «បញ្ហា​សេដ្ឋកិច្ច​ប្រទេស​នោះ គឺ​យើង​ឃើញ​ថា សម័យ​ព្រះករុណា លោក​ការពារ​ទឹកដី​របស់​លោក មិន​ដូច​សព្វថ្ងៃ​ទេ។ មិន​មាន​ឲ្យ​ដី​សម្បទាន​ទៅ​បរទេស​រាប់​សិប​លាន​ហិកតារ​ទេ គឺ​មាន​ការ​គ្រប់គ្រង​ច្បាស់​លាស់​ណាស់ ទាំង​ព្រៃឈើ និង​ដីធ្លី។ ក្នុង​សម័យ​លោក មាន​ការ​ផលិត​ទំនិញ មាន​រោងចក្រ​ផលិត​ទំនិញ​ខ្លួន​ឯង។ មិន​មែន​ដូច​សព្វ​ថ្ងៃ ចេះ​តែ​ទិញ​ពី​បរទេស តាំង​ពី កែវ ក្រដាស អី​ជា​ដើម។ ព្រះករុណា លោក​ធ្វើ​នយោបាយ​ផលិត​ទំនិញ​ដោយ​ខ្លួន​ឯង»។

លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ការ​បាត់​បង់​អតីត​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ដូច​ជា​ការ​បាត់​បង់​បង្គោល​ធានា​រ៉ាប់រង​ខាង​នយោបាយ​មួយ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ដែរ ពីព្រោះ​ព្រះអង្គ​ជា​អ្នក​សម្រប​សម្រួល​ទំនាស់​រវាង​អ្នក​នយោបាយ​មួយ​រូប​ដ៏​ប៉ិន​ប្រសប់ ដែល​អាច​ធ្វើ​ឲ្យ​ភាគី​នយោបាយ​មាន​ទំនាស់ អាច​បញ្ចប់​ជម្លោះ​ហើយ​ជានា​ធ្វើ​ការ​ជាមួយ​គ្នា​បាន៖ «ដូច្នេះ វា​ជា​ការ​បាត់​បង់​បង្គោល​ធានា​រ៉ាប់រង​ដ៏​សំខាន់​មួយ។ ធានា​ឯកភាព​ជាតិ និង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​នោះ សំខាន់​ណាស់»។

ចំណែក លោក លឺ ឡាយស្រេង ជា​ព្រឹទ្ធាចារ្យ​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​ថា ការ​បាត់​បង់​ព្រះមហាក្សត្រ នរោត្តម សីហនុ គឺ​ជា​ការ​បាត់​បង់​ម្លប់​សម្រាប់​ជ្រក​មួយ ដែល​ទីស្ថាន​មាន​សុខ​សន្តិភាព​របស់​ជាតិ៖ «លោក​មាន​ខន្តី​ខ្លាំង​ណាស់។ ខ្ញុំ​បម្រើ​ព្រះអង្គ​តាំង​ពី​ហាត់​កាំភ្លើង​ឈើ រហូត​ដល់​នៅ​ទល់​ដែន ដង្ហែ​ព្រះអង្គ​រហូត​មក គឺ​បាន​រៀនសូត្រ​ពី​ព្រះអង្គ​ច្រើន​ណាស់។ ខ្ញុំ​មាន​ការ​សោកស្ដាយ​ណាស់។ យើង​បាត់​បង់​ព្រះ​មហា​វីរក្សត្រ​យើង​ហើយ ដូច្នេះ យើង​គួរ​តែ​រួប​រួម​គ្នា ឈប់​ឈ្លោះ​គ្នា អត់​ឱន​ឲ្យ​គ្នា ដើម្បី​ជា​កិច្ច​តប​ស្នង​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ ឲ្យ​បាន​ទៅ​សុគតិភព បាន​សុខ»។

ចំពោះ​ចំណុច​ថា ព្រះបាទ នរោត្តម សីហនុ ជា​អ្នក​ពូកែ​សម្រប​សម្រួល​ទំនាស់​រវាង​អ្នក​នយោបាយ​នោះ លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​បច្ចុប្បន្ន ព្រះបាទ បរមនាថ នរោត្តម សីហមុនី ក៏​លោក​មាន​វិធី និង​ការ​ដោះស្រាយ​របស់​លោក សម្រប​សម្រួល​ចំពោះ​អ្នក​នយោបាយ​ខ្មែរ​បាន​ដែរ។

ចំពោះ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ វិញ ដែល​ជា​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ និង​ជា​អតីត​លេខាធិការ​ផ្ទាល់​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា បាន​មាន​បន្ទូល​ថា កេរមរតក​នយោបាយ​បន្សល់​ទុក​សំខាន់​របស់​អតីត​ព្រះមហាក្សត្រ​កម្ពុជា ចំពោះ​ប្រជារាស្ត្រ គឺ​ប្រទេស​មាន​ឯករាជ្យ មាន​អធិបតេយ្យភាព មាន​សេរីភាព ដែល​ជា​ទ្រព្យ​មរតក​មិន​អាច​កាត់​ថ្លៃ​បាន៖ «ការ​ពិត ឯករាជ្យ​ភាព អធិបតេយ្យភាព ប្រទេស​ខ្មែរ​យើង​សព្វថ្ងៃ បាន​មក​ដោយ​សារ​លោក។ ដូច្នេះ យើង​ត្រូវ​តែ​សាមគ្គី​គ្នា ឯកភាព​គ្នា ដើម្បី​រក្សា​ស្នា​ព្រះហស្ត​របស់​លោក»។

កេរ្តិ៍​ឈ្មោះ​អតីត​ព្រះមហាក្សត្រ​កម្ពុជា ព្រះមហាក្សត្រ នរោត្តម សីហនុ មិន​មែន​ល្បីល្បាញ​តែ​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ គឺ​មាន​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ ដោយ​សារ​មាន​ភាព​ល្បីល្បាញ​នេះ មាន​អ្នក​កាសែត​បរទេស និង​អ្នក​និពន្ធ​បរទេស​មួយ​ចំនួន បាន​សរសេរ​អំពី​ព្រះរាជ​សកម្មភាព​របស់​ព្រះអង្គ។ ប៉ុន្តែ ក្រៅ​ពី​ការ​សរសេរ​សសើរ ក៏​មាន​ការ​សរសេរ​រិះគន់​ខ្លះ​ដែរ។ មាន​អ្នក​ខ្លះ បាន​សរសេរ​ថា ព្រះបាទ នរោត្តម សីហនុ ជា​អ្នក​នយោបាយ​មាន​ការ​ដូរ​ផ្លាស់​ចិត្ត​លឿន និង​នយោបាយ​ការ​បរទេស​របស់​ព្រះអង្គ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៧០ មាន​ភាព​លំអៀង ទើប​បាន​មាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គ​ពី​អំណាច​ដឹកនាំ​ប្រទេស ធ្វើ​ឡើង​ដោយ​លោក លន់ នល់ ដែល​ជា​នាយក​រដ្ឋមន្ត្រី និង​ជា​មេ​បញ្ជាការ​យោធា​របស់​ព្រះអង្គ។

លោក សុន ឆ័យ បាន​រំលឹក​អំពី​ការ​ចោទ​ប្រកាន់​របស់​បណ្ដាញ​ឃោសនា​បរទេស​ទៅ​លើ​ព្រះអង្គ​ថា មាន​រឿង​ខ្លះ​ត្រូវ តែ​មាន​រឿង​ខ្លះ​មិន​ត្រឹមត្រូវ​ឡើយ។

ប៉ុន្តែ ការ​ចោទ​ប្រកាន់​ទាំង​អស់​នោះ ត្រូវ​អតីត​ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បដិសេធ កាល​ពី​ពេល​ព្រះអង្គ​មាន​ព្រះជន្ម​គង់​នៅ​ឡើយ។ ការ​បដិសេធ​នោះ មាន​តាម​បទ​សម្ភាសន៍​តាម​ព្រះរាជសារ និង​តាម​សៀវភៅ​មួយ​ចំនួន ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ព្រះអង្គ​ផ្ទាល់ និង​អ្នក​តាម​ហែហម​ព្រះអង្គ ដែល​បាន​កត់ត្រា។

សៀវភៅ​ទាំង​នោះ មាន​ចំណង​ជើង​ជាអាទិ៍ "អ្នក​ទោស​ខ្មែរ​ក្រហម" "សង្គ្រាម​របស់​ខ្ញុំ​ជាមួយ​ពួក សេ.អ៊ី.អា (C.I. A)" "អនុស្សាវរីយ៍​ផ្អែម​ល្ហែម និង​ជូរចត់" "ព្រះរាជ​សកម្មភាព​ដើម្បី​ឯករាជ្យ​បរិបូណ៌​នៃ​កម្ពុជា" ជាដើម៕


ប្រភពពី RFA

Post Bottom Ad

Responsive Ads Here

Pages