គ្រូពេទ្យ​និង​អ្នក​ជំនាញ​វាយ​តម្លៃ​ខុស​គ្នា​ពី​បញ្ហា​សុខ​ភាព​អ្នក​ស្រី​អៀង ធីរិទ្ធ - CAMBODIA YOUTH

CAMBODIA YOUTH

Life for Learning

test banner

Breaking

Home Top Ad

Responsive Ads Here

Post Top Ad

Responsive Ads Here

Saturday, September 1, 2012

គ្រូពេទ្យ​និង​អ្នក​ជំនាញ​វាយ​តម្លៃ​ខុស​គ្នា​ពី​បញ្ហា​សុខ​ភាព​អ្នក​ស្រី​អៀង ធីរិទ្ធ

 លោកស្រី អៀង ធីរិទ្ធ អង្គុយក្នុង​ក្រ​ចក​សេះ​នៅ​​ក្នុង​អង្គជំនុំ​ជម្រះ​ អ.វ.ត.ក ។ 
រូបថត អ វ ត ​ក
Friday, 31 August 2012
 ភ្នំពេញៈ ផ្ទុយ​ពី​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញ គ្រូពេទ្យ​វិកល​ចរិត​ផ្ទាល់ របស់​អ្នកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​សង្គម​កិច្ច​នៃ​របប​ខ្មែរ​ក្រហម បានផ្តល់​ចម្លើយ​កសិណ កាល​ពី​ម្សិល​មិញ​ថា អ្នក​ជំងឺ​របស់​លោក​ស្រី​វេជ្ជ​បណ្ឌិត​ពុំ​បង្ហាញ​សញ្ញា​នៃ​ជំងឺ​ផ្លូវ ចិត្តឬ​បញ្ហា​ខូច​ខួរ​ក្បាល​ឡើយ។ លោកស្រី ចាក ធីតា គ្រូ​ពេទ្យ​វិកល​ចរិត ដែល​ព្យាបាល​អ្នកស្រី អៀង ធីរិទ្ធ ស្រ្តី​ថ្នាក់​ទី ១ នៃ​របប​ខ្មែរ​ក្រហម មាន​គំនិត​យោបល់​ផ្ទុយ​ពី​សេចក្តី​សន្និដ្ឋាន របស់​ក្រុម​អ្នក​ជំនាញ តែង​តាំង​ដោយ​តុលាការ ដែល​បាន​សន្និដ្ឋាន​ថា​អ្នក​ស្រី អៀង ធីរិទ្ធ មាន​ជំងឺ​វិកល​ចរិត ពី​កម្រិត​មធ្យម ដល់​ធ្ងន់ធ្ងរ ដែល​អាច​ជា​ជំងឺ​បាត់​ការ​ចង​ចាំ។ លោកស្រីវេជ្ជ បណ្ឌិត ចាក ធីតា បាន​ផ្តល់​ចម្លើយ​កសិណ​ថា អ្នក​ជំងឺ​របស់​លោក​ស្រី​ជា​ស្រ្តី​«គួរ​សម និង​រៀប​រយ» ដែល​និយាយ និង​អាន​ភាសា​បារាំង​បាន​ល្អ​ឥត​ខ្ចោះ ហើយ​ធ្វើ​ទំនាក់​ទំនង​ក្នុង​សង្គម​បាន​ល្អ និង​ជា​ធម្មតា។ លោកស្រី បាន​ប្រាប់​តុលា​ការ​ថា៖ «ខ្ញុំ​ពុំ​រក​ឃើញ​សញ្ញា​នៃ​ជំងឺ​ផ្លូវ​ចិត្ត ក្នុង​ខ្លួន​អ្នកស្រី អៀង ធីរិទ្ធ នោះ​ទេ» ដោយ​លោកស្រី​បញ្ជាក់​ពី​ជំនឿ​របស់​លោកស្រី លើ​សុខ​ភាព​ផ្លូវ​ចិត្ត របស់​ប្អូន​ថ្លៃ ប៉ុល ពត រូប​នេះ តែ​ជាមួយ​នឹង​ពាក្យ «បើ​ទោះ​បី​ជា​គាត់​បាត់​បង់​ការ​ចង​ចាំ​ខ្លះៗ​ក៏​ដោយ» ប៉ុណ្ណោះ។ ក្រុមអ្នកជំនាញ​បី​នាក់ ដែល​តែង​តាំង ដោយ​សាលា​ក្តី បាន​ថ្លែង​ថា ពួកគេ​រក​ឃើញ​ថា សុខ​ភាព​ផ្លូវ​ចិត្ត​របស់​ជន​សង្ស័យ នៃ​បទ​ឧក្រិដ្ឋ​កម្ម ប្រឆាំង​មនុស្ស​ជាតិ ពុំ​ល្អ​ប្រសើរ​ឡើយ ហើយ​ជំងឺ​វិកល​ចរិត ដែល​អាច​ជា​ជំងឺ​បាត់​បង់​ការ​ចង​ចាំ បាន​បង្ហាញ​សញ្ញា​ធ្ងន់ធ្ងរ​ទៅៗ ចាប់​តាំង​ពីឆ្នាំ​មុន នៅ​ពេល​តុលាការ បាន​បង្គាប់​ឲ្យ​បន្ត​ព្យាបាល​ដើម្បី​បង្កើន​សមត្ថភាព​ខួរ​ក្បាល របស់​អ្នកស្រី​មក។ នាយករង​នៃ​ផ្នែក​ជំងឺ​វិកល​ចរិត​ទូទៅ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​កម្ពុជា​សូវៀត​រូប​នេះ ជា​សំឡេង​ជំទាស់​ខ្លាំង ហើយ​បាន​ប្រាប់​តុលា​ការ​ថា ក្នុង​ឋានៈ​ជា​ស្រ្តី​កម្ពុជា​ម្នាក់ លោកស្រី បាន​ធ្វើ​ការ​បង្កើន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ផ្ទាល់​ជាមួយ​នឹង​អ្នក​ស្រី អៀង ធីរិទ្ធ ដើម្បី​បង្កើន​ភាព​ឆ្លើយ​តប​របស់​អ្នកស្រី អៀង ធីរិទ្ធ ដែល​តែង​តែ​កាចទៅ​នឹង​តេស្ត​សាក​ល្បង។ លោកស្រី ធីតា បាន​លើក​ឧទាហរណ៍ អំពី​ប្រសិទ្ធភាព​នៃ​យុទ្ធ​សាស្រ្ត​របស់​អ្នកស្រី ធីរិទ្ធ នៅ​ពេល​គាត់​ស្ថិត​ក្នុង​ស្ថាន​ការណ៍​ធ្វើ​តេស្ត​សាក​ល្បង​រួម កាល​ពី​ដើម​ឆ្នាំ​នេះ ជាមួយ​នឹង​លោក John Campbell គ្រូ​ពេទ្យ​ជំងឺ​មនុស្ស​ចាស់ មក​ពី​ប្រទេស​នូវែល​សេ​ឡង់ ជា​អ្នក​ជំនាញ ម្នាក់​នៃ​ក្រុម​អ្នក​ជំនាញ ដែល​តែង​តាំង​ឡើង​ដោយ​តុលាការ និង​ដែល​បាន​ចូល​រួម​ស្តាប់​សវនាការ កាល​ពីថ្ងៃ​ម្សិល​មិញ។ លោកស្រី ធីតា បាន​រៀបរាប់​ឡើង​វិញ អំពី​ការ​ខិត​ខំ​របស់​លោក Campbell ក្នុង​ការ​ពិនិត្យ​អ្នក​ស្រី អៀង ធីរិទ្ធ ប្រពន្ធ​សហជន​ជាប់​ចោទ លោក អៀង សារី ​ក្រោម​ការ​ពិនិត្យ​សុខ​ភាព​ផ្លូវ​ចិត្ត ទំហំ​តូច (Mini-Mental State Examination) ជា​ការ​ពិនិត្យ​ពេញ​និយម​មួយ ដើម្បី​កំណត់​ទំនោរ នៃ​ជំងឺ​វិកល​ចរិត។ លោកស្រី​ថា៖«លោក Campbell បាន​ហុច​ប៊ិក​ទៅ​ឲ្យ​អ្នកស្រី អៀង ធីរិទ្ធ ​ហើយ​សួរ​គាត់​ថា តើ​គាត់​ចំណាំ​ប៊ិក​បាន​ទេ ហើយ​ដឹង​ពី​របៀប​ប្រើ​វា​ដែរ​ឬទេ? ហើយ​អ្នក​ស្រី អៀង ធីរិទ្ធ ថា​គាត់​មិន​ដឹង​ថា វា​ជា​អ្វី​ទេ»។ លោក​ស្រី ធីតា ​បន្ត​ថា៖ «​ប្រាំ​នាទី​ក្រោយ​មក ខ្ញុំ​កាន់​ប៊ិក​ដដែល​នោះ ហើយ​ប្រាប់​គាត់​ថា ខ្ញុំ​ឃើញ​គាត់​ប្រើ​ប៊ិក​សរសេរ​ភាសា​បារាំង​ពីមុន ហើយ​ខ្ញុំ​សួរ​ថា តើ​គាត់​ធ្លាប់​សរសេរ​ភាសា​អង់​គ្លេស​ទេ បន្ទាប់​មក គាត់​បាន​យក​ប៊ិក​សរសេរ​ថា I go to school»។ កាលពីខែ វិច្ឆិកា ឆ្នាំ​មុន ចៅ​ក្រម​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​រក​ឃើញ​ថា ជន​សង្ស័យ​ក្នុង​សំណុំ​រឿង ០០២ នេះ ពុំ​មាន​សុខ​ភាព​ល្អ ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​ទេ ផ្អែកលើ​ការ​សន្និ​ដ្ឋាន​របស់​អ្នក​ជំនាញ ដែល​ថា អ្នកស្រី​មាន​ជំងឺ​វិកល​ចរិត ហើយ​បង្គាប់​ឲ្យ​ដោះ​លែង​ដោយ​គ្មាន​លក្ខ​ខណ្ឌ។ លើ​បណ្តឹង​សារ​ទុក្ខ អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល​បាន​ច្រាន​ចោល សេចក្តី​សម្រេច​នេះ ហើយ​បង្គាប់​ឲ្យ​ចៅ​ក្រម​សាលា​ដំបូង ស្នើ​សុំ​ការ​ព្យាបាល​បន្ថែម ក្នុង​កិច្ច​ប្រឹង​ប្រែង ដើម្បី​ធ្វើ​ឲ្យ​សុខ​ភាព​ស្រ្តីវ័យ ៨០ ឆ្នាំ​រូប​នេះ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​អាច​ទទួល​ការ​ជំនុំ​ជម្រះ ពី​បទឧក្រិដ្ឋ​កម្ម ប្រឆាំង​មនុស្ស​ជាតិ អំពើ​ប្រល័យ​ពូជ​សាសន៍ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម។ រោគវិនិច្ឆ័យ​ដោយ​លោក​ស្រី ធីតា ផ្ទុយ​ពី​មតិ​រួម​របស់​អ្នក​ជំនាញ ដោយ​សាស្រ្ត​ចារ្យ​កម្ពុជា​រូបនេះ​ប្រកាន់​ខ្ជាប់ ក្នុង​សេចក្តី​សន្និដ្ឋាន​ខ្លួន​ថា អ្នក​ជំងឺ​របស់​គាត់​ពុំ​មាន​ខូច​ខួរ​ក្បាល ឬ​មាន​បញ្ហា​ខួរ​ក្បាល​តិច​តួច​បំផុត ហើយ​ថា សកម្មភាព​គាត់ ធ្វើ​ឡើង​គឺ​ដោយសារ​ការ​មិន​ពេញ​ចិត្ត ចំពោះ​ការ​ឃុំ​ឃាំង និង​សវនា​ការ​ប្រឆាំង​នឹង​រូប​គាត់។ លោកចៅក្រម Cartwright បាន​សួរ​ជាច្រើន​ទាក់​ទង​នឹង​ចំណុច​ខ្លាំង នៃ​សេចក្តី​សន្និដ្ឋាន របស់​លោក​ស្រី ធីតា។ លោក Cartwright បាន​សួរ​គ្រូ​ពេទ្យ​នៅ​កម្ពុជា​នេះ​ថា៖ «អ្នក​និយាយ​ថា គាត់​មាន​សុភ​វិនិច្ឆ័យ និង​ការ​យល់​ដឹង​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​និយាយ​ខ្លាំងៗ ដាក់​បុគ្គលិក [នៃ​មណ្ឌល​ឃុំ​ឃាំង] ហើយ​យក​ឈើ​ច្រត់​វាយ​ទ្វារ​បន្ទប់​ឃុំ​ឃាំង តើ​អ្នក​ចាត់​ទុក​ថា វា​ជា​សុភ​វិនិច្ឆ័យ និង​ការ​យល់​ដឹង​ល្អ​របស់​អ្នកស្រី អៀង ធីរិទ្ធឬ?»។ លោក​ស្រី ធីតា បាន​ឆ្លើយ​ថា៖ «​ការ​យក​ឈើ​ច្រត់ វាយ​ទ្វារ​មិន​មែន​ជា​ទម្លាប់​ទេ។ វា​ចាប់​ផ្តើម​កើត​ឡើង តែ​នៅ​ពេល​គាត់​ដឹង​ថា គាត់​នឹង​ត្រូវ​បាន​ដោះ​លែង។ ខ្ញុំ​បាន​ដឹង​ថា គាត់​ចង់​ចេញ​ពី​កន្លែង​ឃុំ​ឃាំង​នេះ។ គាត់​រីក​រាយ នៅ​ពេល​គាត់​គិត​ថា គាត់​នឹង​ចាក​ចេញ»។ ឥរិយាបថ​កាច និង​មានៈ របស់​អ្នកស្រី អៀង ធីរិទ្ធ បានធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​គាត់ នៅ​ពេល​គាត់​សម្តែង​កំហឹង​នៅ​ឆ្នាំ ២០០៩ ដែល​គាត់​«បាន​ដាក់​បណ្តាសា ដល់​នរក​ប្រាំ​ពីរ​ជាន់» ចំពោះ​អ្នក​ទាំង​ឡាយ ដែល​ចោទ​ប្រកាន់​គាត់​ថា បាន​សម្លាប់​មនុស្ស។ ដោយលើកឡើងអំពីភាព អយុត្តិធម៌ អ្នកស្រី អៀង ធីរិទ្ធ បាន​ថ្លែង​នៅ​ពេល​នោះ​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ខឹង​ខ្លាំង ព្រោះ​ខ្ញុំ​បាន​ធ្វើ​ល្អ​បំផុត សម្រាប់​ប្រទេស​ជាតិ»។ អ្នកស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ​ថា តើ​មូល​ហេតុ​អ្វី មនុស្ស​ល្អ​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​ឧក្រិដ្ឋ​នោះ ហើយ​ខ្ញុំ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ខ្ញុំ​មិន​អាច​អត់​ធ្មត់​បាន​ទេ ព្រោះ​ខ្ញុំ​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​ខុស​ឆ្គង»។ ក្រោយ​មក​អ្នកស្រី​បាន​សុំ​ទោស​តុលាការ ចំពោះ​អាកប្បករិយា​«ជ្រុល​ហួស​ហេតុ»​របស់​ខ្លួន។ ក្នុង​សវនា​ការ ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​ឃុំ​ឃាំង​គាត់ ​ជា​បណ្តោះ​អាសន្ន ព្រះ​រាជ​អាជ្ញា​បាន​ហៅ​អ្នកស្រី​ថា«កាច»។ លោកស្រី ធីតា អះអាង​ថា ព្រោះ​លោកស្រី​បង្កើន​ទំនាក់​ទំនង​ជា​វិជ្ជមាន ជាមួយ​នឹង​អ្នកស្រី អៀង ធីរិទ្ធ អ្នក​ជំងឺ​មានស​ភាព​ធូរ​ស្រាល​ក្នុង​ចិត្ត បើក​ចំហ និង​ស្ងប់​ស្ងាត់ នៅ​ពេល​អ្នកស្រី​នៅ​ជិត។ មេធាវីរបស់​អ្នកស្រី អៀង ធីរិទ្ធ ហាក់​បីដូច​ជា​មិន​ជឿ​ជាក់ លើ​ការ​អះ​អាង​គ្មាន​កែប្រែ​របស់​លោក​ស្រី ធីតា ស្តីពី​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​អ្នកស្រី អៀង ធីរិទ្ធ ទេ។ លោក ផាត់ ពៅ​សៀង មេធាវី​ការ​ពារ​អ្នកស្រី អៀង ធីរិទ្ធ បាន​ថ្លែង​ថា៖ «​កូន​ក្តី​ខ្ញុំ​មិន​ចាំ​សូម្បីតែ​ស្វាមី​របស់​ខ្លួន។ ខ្ញុំ​បាន​ជួប​គាត់​ជា​ញឹក​ញាប់ ហើយ​ពេល​ខ្លះ គាត់​មិន​ចង់​ជួប​ខ្ញុំ ឬ​​មិន​ស្គាល់​ខ្ញុំ​ទេ។ ​គាត់​មិន​ចាំ​ឈ្មោះ​ខ្ញុំ​។ ប៉ុន្តែ​ គាត់​ចាំ​ឈ្មោះ​លោក​ស្រី (ធីតា )ដូច្នេះ ​វា​ពិត​ជា​ចម្លែក»។ ចៅក្រម Cartwright និង​ក្រុម​មេធាវី​ការពារ​អ្នកស្រី អៀង ធីរិទ្ធ ​ដែល​សម្អាង​ជា​យូរ​មក​ហើយ​ថា កូន​ក្តី​ខ្លួន​មិន​មាន​សុខ​ភាព​ល្អ ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​នោះក៏​បាន​ចោទ​សួរ​ពី​ការ​បណ្តុះ​បណ្តាល និង​លក្ខណ​សម្បតិ្ត​របស់​លោក​ស្រី ធីតា ផង​ដែរ។ ក្រុមអ្នក​ជំនាញ​បី នាក់ ដែល​តែង​តាំង ដោយ​តុលា​ការ បាន​ប្រាប់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​ថា អ្នកស្រី អៀង ធីរិទ្ធ ដែល​អវត្ត​មាន​ក្នុង​សាល​សវនា​ការក្នុង​ការ​ជំនុំ​ជម្រះ​សំណុំ​រឿង ០០២ នោះ មិន​បាន​ឆ្លើយ​តប​ចំពោះ​ការ​ព្យាបាល​សាក​ល្បង ក្នុង​អំឡុង​ឆ្នាំ ២០១២ នោះ​ទេ។ លោក Fazel បាន​បន្ត​ថា៖ «​យើង​ពិត​ជា​យល់​ថា សុខ​ភាព​គាត់​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ក្នុង​អំឡុង​ពេល​នេះ»។ លោក​ថា អ្នក​ជំនាញ​ទាំង​បី ដែល​តែង​តាំង​ដោយ​តុលាការ បាន​ឈាន​ដល់​សេច​ក្តី​សន្និដ្ឋាន​ជា​ឯកច្ឆន្ទ ហើយ​យល់​ថា ពួកគេ បាន​ប្រើ​មធ្យោ​បាយ​ព្យាបាល​គ្រប់​យ៉ាង​រួច​ហើយ។ សវនាការនឹង​បន្ត នៅ​ថ្ងៃនេះ៕ TK

ប្រភពពី POST KHMER

Post Bottom Ad

Responsive Ads Here

Pages