ដោយ ខែ សុណង
2012-08-22
សាលារាជធានីភ្នំពេញ នឹងធ្វើនីត្យានុកូលកម្ម ឬបញ្ជាក់ភាពស្របច្បាប់លើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា ទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិជូនដល់សិស្សានុសិស្សដែលទើបតែ ប្រឡងជាប់ក្នុងឆ្នាំសិក្សា២០១១ ឆ្នាំ២០១២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឥតគិតថ្លៃ។នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ លោក ឡុង ឌឺម៉ង់ បានឲ្យដឹងនៅថ្ងៃទី២២ សីហា ថា សាលារាជធានីភ្នំពេញ នឹងបើកយុទ្ធនាការធ្វើនីត្យានុកូលកម្ម ឬបញ្ជាក់ភាពស្របច្បាប់លើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា ទុតិយភូមិ ឬបាក់ឌុប និងវិញ្ញាបនបត្របណ្ដោះអាសន្នបឋមភូមិ ឬឌីប្លូម ដល់សិស្សានុសិស្សដោយឥតគិតថ្លៃ ក្នុងរយៈពេលដែលពួកគេកំពុងបំពេញសំណុំបែបបទសម្រាប់ដាក់ពាក្យសុំ ចូលរៀននៅតាមវិទ្យាល័យ និងប្រឡងចូលសិក្សានៅតាមសាកលវិទ្យាល័យ ឬមហាវិទ្យាល័យនានានៅឆ្នាំសិក្សា២០១២ ២០១៣ ខាងមុខនេះ។
លោកបន្តថា កិច្ចការនេះសាលារាជធានីនឹងធ្វើបន្ទាប់ពីចេញលទ្ធផលបាក់ឌុបដើម្បី ជួយសម្រួលដល់សិស្សានុសិស្សយកទៅប្រើប្រាស់ឲ្យបានទាន់ពេល៖ «យើង ចាប់ផ្ដើមពីពេលដែលយុទ្ធនាការ ឥឡូវនេះនៅពេលដែលចេញលទ្ធផលប្រឡងសញ្ញាប័ត្រទុតិយភូមិប្រឡងបាក់ឌុប ហ្នឹងហើយ ពីពេលហ្នឹង គឺរាល់លើករាល់លិខិតស្នាមទាំងអស់គាត់ប្រឡងជាប់ហើយគាត់នាំគ្នា មកធ្វើ នីត្យានុកូលកម្ម គឺបញ្ជាក់ច្បាប់ដើមហ្នឹងដើម្បីគាត់យកទៅប្រើប្រាស់ ទៅដាក់ពាក្យប្រឡងចូលមហាវិទ្យាល័យ ឬក៏យកទៅប្រើប្រាស់អ្វីផ្សេងទៀត»។
សាលារាជធានីភ្នំពេញធ្វើដូច្នេះ ដើម្បីបញ្ចៀសការកកស្ទះ និងជាការជួយសម្រួលដល់សិស្សានុសិស្សក្នុងការយកវិញ្ញាបនបត្រទៅ ប្រើប្រាស់ឲ្យបានទាន់ពេល។
យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានផ្ដល់អនុសាសន៍ថា នេះជាវិធានការមួយល្អម៉្យាងរបស់សាលារាជធានីភ្នំពេញ។ ប៉ុន្តែលោកបានបញ្ជាក់ថា ប្រសិនជាសាលារាជធានីភ្នំពេញ ផ្ទេរភារកិច្ចនេះទៅឲ្យមន្ត្រីថ្នាក់ក្រោមជាតិ វានឹងផ្ដល់ភាពងាយស្រួល និងមានភាពរហ័សជាង។ លើសពីនេះទៅទៀត លោកថាវិធានការនេះក៏នឹងមិនអាចកាត់បន្ថយការទារប្រាក់បានដែរ។
លោក កែម ឡី៖ «សាលារាជធានីភ្នំពេញ គាត់មានវិធានការដើម្បីលើកលែងថ្លៃក៏ដោយ ប៉ុន្តែអ្នកប្រតិបត្តិការគាត់ធ្វើឲ្យមានការរាំងស្ទះគឺចង់មិនចង់ គឺសុទ្ធតែចង់រៀននៅមហាវិទ្យាល័យចង់ដាក់ពាក្យឲ្យបានមុនគេ ដើម្បីគេលើកលែងថ្លៃឲ្យនោះ គាត់ត្រូវសូកគេហើយ គាត់ត្រូវតែឲ្យអ្នករត់ការ ឲ្យអ្នកយាមរបង ឲ្យអ្នកមុខអ្នកកាលជាអង្គរក្សអង្គអីរត់ការហើយម្នាក់ៗបីបួន ប្រាំគ្រប់ច្រកអ៊ីចឹង។ ក៏ប៉ុន្តែបើគាត់ចង់ធ្វើអ៊ីចឹងណា គាត់ត្រូវផ្ទេរហើយ ខ្ញុំយូរហើយនៅស្រុកខ្មែរយើងមានក្មេង ៣០% ក្មេងត្រូវបញ្ជាក់ប្រឡងម្ដងៗនោះ។ អ៊ីចឹងខ្ញុំគិតថា ប្រសិនបើគាត់ធ្វើវិមជ្ឈការផ្ទេរប្រតិភូកម្មទៅឲ្យស្រុកវិញ ទៅឲ្យខណ្ឌវិញ មានន័យថា កូនសិស្សហ្នឹងអាចបញ្ជាក់សញ្ញាបត្ររបស់ខ្លួនបណ្ដោះអាសន្ននៅខណ្ឌណា ខ្ញុំគិតថា ជួយបានច្រើន»។
សិស្សានុសិស្សប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប កាលពីថ្ងៃ៦ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ មានចំនួនជាង ១១ម៉ឺននាក់។ រីឯលទ្ធផលឬប្រឡងបាក់ឌុប ឆ្នាំ២០១២ សម្រាប់រាជធានីភ្នំពេញ អាចចេញនៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ កញ្ញា សម្រាប់អ្នកនៅតាមបណ្ដាខេត្ត៕