ដោយ វណ្ណ វិចារ
2012-08-22
អភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២២ សីហា ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយចំណាយពេលវេលាជាង១ម៉ោង ពិភាក្សាអំពីអ្នកសារព័ត៌មានធ្វើការមិនគោរពវិជ្ជាជីវៈរបស់ខ្លួន។ មន្ត្រីអាជ្ញាធរទាំងនោះលើកឡើងថា អ្នកសារព័ត៌មានជាច្រើន ដើរទារលុយពីពលរដ្ឋ និងឈ្មួញរកស៊ីខុសច្បាប់។អភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត មានប្រសាសន៍ថា នៅខេត្តស្ទឹងត្រែង អ្នកកាសែតមានម៉ាស៊ីនថត ដើរគម្រាមយកលុយពីពលរដ្ឋ។ លោកដាក់សំណួរទៅបណ្ដាមន្ត្រីជំនាញថា តើត្រូវទុកឲ្យអ្នកកាសែតគម្រាមពលរដ្ឋទៀត ឬយ៉ាងណា? ហេតុអ្វី អស់លោកមិនការពារពលរដ្ឋខ្លួន ឲ្យគេធ្វើបាប? លោក ឡូយ សុផាត បញ្ជាក់ថា សុំឲ្យមន្ត្រីទាំងអស់ជួយចាត់វិធានការចំពោះអ្នកកាសែត ដែលទារលុយបទល្មើសផ្សេងៗ ដោយយកច្បាប់ធ្វើជាគោល៖ «អ្នក សារព័ត៌មាននេះហើយ ជាអ្នកបានលុយរាល់ថ្ងៃ។ អ៊ីចឹង បទល្មើសហ្នឹងមិនមែនខេត្តស្ទឹងត្រែង ជាអ្នកបង្កើតទេ អ្នកមកពីក្រៅ គេឲ្យលុយមកបង្កើត អ៊ីចឹងសួរថា តើការផ្សាយអ៊ីចឹងចប់ទេបទល្មើស»។
ទន្ទឹមនឹងនេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឱ បូរិន្ទ បានសម្ដែងការមិនពេញចិត្តចំពោះករណីសារព័ត៌មាន ទូរទស្សន៍អប្សរា ដែលផ្សាយពីបទល្មើសព្រៃឈើ។ លោកលើកឡើងថា ការផ្សាយពីបទល្មើសព្រៃឈើ ជារឿងមិនពិត ដោយភ្នាក់ងារព័ត៌មានយករូបចាស់ៗដាក់ ជាហេតុធ្វើឲ្យគេច្រឡំថាខេត្តស្ទឹងត្រែង មានបទល្មើសព្រៃឈើ។
ចំណែកឯស្នងការនគរបាលខេត្ត លោក រាជ សុខុន បានថ្លែងថា អ្នកកាសែតមានច្រើន ទាំងអ្នកដើរយកលុយ និងអ្នកគោរពវិជ្ជាជីវៈ។ លោកអះអាងថា នគរបាលធ្លាប់ចាប់ខ្លួនអ្នកកាសែតមួយចំនួន បញ្ជូនទៅតុលាការរួចហើយ ព្រោះតែពួកគេហ៊ានឃាត់ឡានសមត្ថកិច្ចដឹកអ្នកជួញគ្រឿងញៀន ដោយស្មានថាជាឡានដឹកឈើ។
ការលើកឡើងពីចំណុចអសកម្មរបស់អ្នកកាសែតនេះ ធ្វើឡើងបន្ទាប់ពីទូរទស្សន៍ ស៊ីអិនស៊ី (CNC) និងទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ នៅថ្ងៃទី២០ និង២១ សីហា បានផ្សាយព័ត៌មានពីការរឹបអូសឈើនៅឃុំតាឡាត ស្រុកសេសាន ពីសំណាក់ស្នងការរងម្នាក់ ដោយមិនមានការចូលរួមពីស្ថាប័នតុលាការ និងរដ្ឋបាលព្រៃឈើ។ ក្នុងការផ្សាយពេលនោះ បានលើកឡើងថា ឈើមួយចំនួនត្រូវបានគេសង្ស័យថា អាជ្ញាធរលាក់ទុកប្រើប្រាស់សម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។
ទោះជាយ៉ាងនេះក្តី លោក ឡូយ សុផាត កាលពីថ្ងៃទី២១ សីហា ក្នុងការប្រជុំជាមួយមេឃុំ ចៅសង្កាត់ទូទាំងខេត្ត លោកចាត់ទុកថា ការផ្សាយព័ត៌មានពីករណីរឹបអូសឈើនៅតាឡាត នេះ ជាការហែកកេរ្តិ៍អាជ្ញាធរខេត្តស្ទឹងត្រែង។ លោកបន្តថា គ្រប់សារព័ត៌មានទាំងអស់ ផ្សព្វផ្សាយតែរឿងអសកម្មដដែលៗ ដោយមិនដែលឃើញផ្សាយព័ត៌មានអភិវឌ្ឍពីខេត្តស្ទឹងត្រែង ឡើយ។
លោកបញ្ជាក់ថា ឈើដែលចាប់នៅឃុំតាឡាត អាជ្ញាធរខេត្តយកទុកបម្រើការងារសាងសង់ក្នុងសាលាខេត្តស្ទឹងត្រែង។
ភ្នាក់ងារយកព័ត៌មានទូរទស្សន៍ ស៊ីអិនស៊ី ប្រចាំខេត្តស្ទឹងត្រែង លោក ឡន វណ្ណា មានប្រសាសន៍ថា ស្ថាប័នលោកផ្សាយព័ត៌មានពិតតាមវិជ្ជាជីវៈ។ លោកបន្តថា ចំពោះឯព័ត៌មានបទល្មើសនៅតាឡាត វិញ គឺផ្សាយតាមសភាពការណ៍ជាក់ស្តែង តាមអ្វីដែលប្រភពផ្តល់ឲ្យ មិនមានការលំអៀងឡើយ។
ទាក់ទងនឹងការឃ្លាំមើលវិជ្ជាជីវៈអ្នកសារព័ត៌មានរបស់អាជ្ញាធរ ខេត្តស្ទឹងត្រែង នេះ មន្ត្រីបណ្ដុះបណ្ដាលក្លឹបអ្នកកាសែតកម្ពុជា និងជាអគ្គនាយកសារព័ត៌មានខេមបូឌា ញ៉ូវ (Cambodia news) លោក ឆាយ សុផល មានប្រសាសន៍ថា លោកគាំទ្រការពិនិត្យមើលការអនុវត្តការងាររបស់អ្នកកាសែត តែលោកស្នើឲ្យក្រុមអាជ្ញាធរគោរពតួនាទីរបស់ខ្លួនជាមុនសិន មុននឹងពិនិត្យមើលវិជ្ជាជីវៈសារព័ត៌មាន។ លោកបន្តថា សារព័ត៌មានមានតួនាទីផ្សព្វផ្សាយព័ត៌មានបម្រើឲ្យទស្សនិកជន មានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន។ លោក ឆាយ សុផល បញ្ជាក់ថា បើចំណុចអវិជ្ជមានកើតឡើងដដែលៗ គួរណាស់តែអាជ្ញាធរប្រឹងអនុវត្តឲ្យបានល្អ ទើបសង្គមមានការរីកចម្រើន៕