ដោយ ហង្ស សាវយុត
2012-07-18
ក្រុមសេនានុព័ន្ធយោធាអមស្ថានទូតបរទេសប្រចាំកម្ពុជា ចំនួន ១១ប្រទេស បានចូលរួមពិនិត្យ និងធ្វើជាសាក្សីក្នុងការដកកងទ័ពកម្ពុជា ចេញពីតំបន់ដែលហាមឃាត់មិនឱ្យមានកងទ័ពនៅជុំវិញប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា។កម្ពុជាបានដកកងទ័ពប្រមាណជិត ៥០០នាក់ ចេញពីតំបន់ដែលតុលាការអន្តរជាតិក្រុងឡាអេ បានហាមឃាត់មិនឱ្យមានកងទ័ពនៅជុំវិញប្រាសាទព្រះវិហារហើយ កាលពីវេលាម៉ោងប្រមាណ ១០ព្រឹក ថ្ងៃពុធ បន្ទាប់ពីកងទាហានជាច្រើនរយនាក់ បានបញ្ជូនទៅកាន់ទីនោះដើម្បីការពារបូរណភាពទឹកដី ជាង ៤ឆ្នាំ ចាប់តាំងពីមានជម្លោះព្រំដែនជាមួយប្រទេសថៃមក។
លោក ទៀ បាញ់ ជារដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសកម្ពុជា គឺជាអធិបតីនៅក្នុងពិធីដកកម្លាំងកងទ័ពទាំងនោះ។
លោកបានថ្លែងថា កងយោធពលខេមរភូមិន្ទពិតជាបានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងអង់អាច ក្លាហានក្នុងការការពារទឹកដី ក្នុងការបោះទីតាំងឈរជើងនៅក្នុងបូរណភាពទឹកដីរបស់ខ្លួន ដោយយោងទៅតាមសាលដីការបស់តុលាការយុត្តិធម៌ឆ្នាំ១៩៦២ និងផែនទីឧបសម្ពន្ធ ដែលបានបញ្ជាក់ថា ប្រាសាទព្រះវិហារ និងបរិវេណជុំវិញស្ថិតនៅក្នុងបូរណភាពទឹកដីកម្ពុជា ពិតប្រាកដ។
លោក ទៀ បាញ់ បានមានប្រសាសន៍ថា កម្ពុជាដកកងទ័ពពេលនេះ ជាការបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា ប្រទេសកម្ពុជា គោរពករណីកិច្ចជារដ្ឋភាគីសមាជិកអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៖ «ជាពិសេស គោរពបាននូវសិទ្ធិជាម្ចាស់ផ្ទះ ដែលមានកាតព្វកិច្ចថែរក្សាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ហើយបានចាប់ផ្ដើមអនុវត្តដីកាបង្គាប់តុលាការយុត្តិធម៌អន្តរជាតិ លេខ១៥១ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១»។
ពលទាហានខ្មែរខ្លះបានសំដែងការត្រេកអរនៅពេលដែលមានបញ្ជាឱ្យ ពួកគេដកចេញពីតំបន់ដែលហាមឃាត់មិនឱ្យមានកងទ័ពជុំវិញប្រាសាទ ព្រះវិហារនោះ។
ទាហានម្នាក់ដែលក្នុងដៃកាន់អាវុធដើម្បីត្រៀមខ្លួនចាកចេញទៅ កាន់ទីបញ្ជាការរបស់ខ្លួនវិញ បានប្រាប់ថា គាត់មិនចង់ឃើញមានការបង្ហូរឈាមរវាងកម្ពុជា និងថៃ នៅជុំវិញប្រាសាទព្រះវិហារទៀតទេ៖ «រាជរដ្ឋាភិបាលឱ្យដកកងទ័ពចេញ ពីតំបន់ប្រាសាទព្រះវិហារ តំបន់ជម្លោះរវាងខ្មែរ និងថៃ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដោយបានជួបជុំបងប្អូន ប្រពន្ធកូន។ មិនចង់ឱ្យមានសង្គ្រាម ចង់ឱ្យសុខទាំងអស់គ្នា។ ធ្លាប់ថ្វាយចេក ថ្វាយមាន់អីថា មិនចង់ឱ្យកើតសង្គ្រាមបន្តទៅទៀត»។
កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាជាមួយអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រីថៃ ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាដកកងទ័ពទាំងសងខាងចេញពីតំបន់ គ្មានកងទ័ពជុំវិញប្រាសាទព្រះវិហារនោះ។
ចំណែកប្រទេសថៃ គេមិនទាន់បានទទួលព័ត៌មានច្បាស់លាស់ថា នឹងដកកងទ័ពរបស់ខ្លួនចេញពីតំបន់ជុំវិញប្រាសាទព្រះវិហារ នៅពេលណានៅឡើយទេ។
កាសែតបាងកកប៉ុស្តិ៍ ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា គ្រាន់តែបាននិយាយថា បានត្រៀមកងកម្លាំងនគរបាលព្រំដែនចំនួន ៤អនុសេនាធំ បញ្ជូនមកស្រុកកាន់ថារ៉ាឡាក់ នៃខេត្តស៊ីសាកេត ដើម្បីជំនួសកងទ័ពដែលត្រៀមខ្លួនដកចេញពីតំបន់ជិតប្រាសាទ ព្រះវិហារ។
លោក សួស យ៉ារ៉ា ជាអនុប្រធាននៃអគ្គលេខាធិការដ្ឋានត្រួតពិនិត្យបទឈប់បាញ់ បានឱ្យដឹងថា កងទ័ពកម្ពុជា ចំនួន ៤៨៥នាក់ គឺបានដកចេញពីតាមកន្លែង ៤ចំណុច នៅជុំវិញប្រាសាទព្រះវិហារ គឺពីទីវត្តកែវសិក្ខាគិរីស្វារៈ ពីជណ្ដើរបូរាណភាគខាងកើត ពីជណ្ដើរបូរាណភាគខាងជើង និងពីចំណុចជណ្ដើរនាគ ហើយកម្លាំងសន្តិសុខអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ ចំនួន ១០០នាក់ និងកម្លាំងនគរបាលជាតិប្រមាណជាង ២៥០នាក់ ត្រូវបញ្ជូនទៅដាក់ការពារជំនួសវិញ៕ ប្រភពពី RFA