ដោយ អ៊ួន ឈិន RFA
2012-06-24
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន តាន់យ៉ុង
ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ នៅខេត្តកំពត នៅថ្ងៃទី ២៤
មិថុនា ឆ្នាំ ២០១២។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ នៅឃុំព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី ២៤ ខែមិថុនាថា បញ្ហាព្រំដែនជាចំណុចរសើប ដែលងាយក្លាយជាកម្មវត្ថុប្រជែងផ្នែកនយោបាយ ហើយដែលធ្វើឲ្យភាពសុខសាន្ត និងការអភិវឌ្ឍនៅតាមព្រំដែនមិនអាចកើតមានឡើង។
លោកនាយករដ្ឋមន្ត្រីថ្លែងដូច្នេះ ខណៈដែលលោក និងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក ង្វៀន តាន់យ៉ុង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបង្គោលព្រំដែន ដែលមានការចូលរួមដោយមន្ត្រីរដ្ឋាភិបាល សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ១ ពាន់នាក់ មកពីខេត្តកំពត និងខេត្តគៀងយ៉ាងនៃប្រទេសវៀតណាមផង។
នាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម លោក ង្វៀន តាន់ យ៉ុង ក៏បានថ្លែងសុន្ទរកថាស្ដីអំពីសារសំខាន់នៃការបោះបង្គោលកំណត់ ព្រំដែនរវាងប្រទេសទាំងពីរដែរ។
ទោះយ៉ាងណាក្ដី ប្រធានគណបក្សសិទ្ធិមនុស្ស ជាគណបក្សប្រឆាំងមួយ ដែលកំពុងតែកើនប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា លោក កឹម សុខា មិនគាំទ្រចំពោះការបោះបង្គោលព្រំដែនជាលក្ខណទ្វេភាគីរវាងប្រទេស កម្ពុជា និងប្រទេសវៀតណាមនេះឡើយ។
បង្គោលព្រំដែនលេខ ៣១៤ គ្រាន់តែជាបង្គោលចុងក្រោយនៃការចែកខណ្ឌសីមាដែនគោករវាងប្រទេស កម្ពុជា និងវៀតណាមប៉ុណ្ណោះ។ ប្រទេសទាំងពីរនៅបន្តការកំណត់ព្រំដែនទឹកជាមួយគ្នាតទៅទៀត ដែលមិនទាន់បញ្ចប់នៅឡើយទេ។
ពិធីសម្ពោធបង្គោលព្រំដែនលេខ ៣១៤ គឺធ្វើឡើងចំពេលនៃខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
មុនពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញមកដល់ សិល្បករសិល្បការិនីនៃប្រទេសកម្ពុជា និងប្រទេសវៀតណាម បានសម្ដែងរបាំប្រជាប្រិយ និងរបាំប្រពៃណីរបស់ជាតិរៀងៗ ខ្លួន។ ដោយឡែក សិល្បករសិល្បការិនីនៃប្រទេសវៀតណាម បានសម្ដែងរបាំរបស់ខ្លួនមួយប្រភេទ ដែលពួកសិល្បកររាំដោយកាន់ដើមឫស្សីផង៕ ប្រភពពី RFA