ដោយ វណ្ណ វិចារ RFA
2012-06-24
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៤ មិថុនា ឆ្នាំ ២០១២ បានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៣។ គណបក្សចំនួន ៧ ក្នុងចំណោមគណបក្សចំនួន ១០ បានទទួលអាសនៈក្នុងការបោះឆ្នោតនេះ។ប៉ុន្តែ គណបក្សដែលទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំសង្កាត់នោះ មានតែ ៤ គណបក្សទេ គឺគណបក្ស ប្រជាជន គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និងគណបក្ស ហ៊្វុនស៊ិនប៉ិច។
លទ្ធផលបោះឆ្នោតជាផ្លូវការបង្ហាញថា មានគណបក្សចំនួន ៧ បានទទួលអាសនៈ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បានទទួល ៨,២៩២ អាសនៈ គណបក្ស សម រង្ស៊ី ២,១៥៥ អាសនៈ គណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ១៥១ អាសនៈ គណបក្ស នរោត្តម រណឫទ្ធិ ៥២ អាសនៈ គណបក្ស សិទ្ធិមនុស្ស ៨០០ គណបក្ស សម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ ៨ អាសនៈ និងគណបក្ស សញ្ជាតិកម្ពុជា ១ អាសនៈ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លោក ទេព នីថា នៅថ្ងៃទី ២៤ មិថុនា មានប្រសាសន៍ថា លទ្ធផលបោះឆ្នោត បានប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយជាតិ មានទូរទស្សន៍ជាតិ និងវិទ្យុជាតិ។
លោកបន្តថា គណបក្សកាន់អំណាចមានជោគជ័យច្រើនក្នុងការបោះឆ្នោតនេះ៖ «គណបក្ស ប្រជាជនកម្ពុជា ទទួលបាន ១.៥៩២ មេឃុំ -ចៅសង្កាត់ គណបក្ស សម រង្ស៊ី ២២ មេឃុំ -ចៅសង្កាត់ គណបក្ស ហ៊្វុនស៊ិនប៉ិច ១ មេឃុំ -ចៅសង្កាត់ និងគណបក្ស សិទ្ធិមនុស្ស ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ១៨ មេឃុំ -ចៅសង្កាត់។ លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានការប្រែប្រួលខ្លះ តែមិនបានធ្វើឲ្យប៉ះពាល់ដល់ការបែងចែកអាសនៈនោះទេ បើប្រៀបធៀបទៅនឹងលទ្ធផលបណ្ដោះអាសន្ន »។
លទ្ធផលបោះឆ្នោតបង្ហាញថា បក្សប្រឆាំង សម រង្ស៊ី នឹងបានដំណែងមេឃុំ ២២ សង្កាត់ទូទាំងប្រទេស នៅខេត្តស្ទឹងត្រែង ១ ឃុំ សៀមរាប ២ ឃុំ នៅរតនៈគីរី ១ ឃុំ ព្រៃវែង ២ ឃុំ ព្រះវិហារ ៧ ឃុំ នៅកំពង់ធំ ២ ឃុំ កំពង់ស្ពឺ ១ ឃុំ កំពង់ឆ្នាំង ១ ឃុំ និងកំពង់ចាម ៥ ឃុំ។
គណបក្ស ហ្វ៊ុនស៊ុនប៉ិច បានដំណែង ១ ឃុំ។ គណបក្ស សិទ្ធិមនុស្ស ទទួលបានដំណែងមេឃុំ ចំនួន ១៨ នៅទូទាំងប្រទេស ដូចជា នៅខេត្តព្រៃវែងទទួលបាន ១០ ឃុំ កំពង់ចាម ៧ ឃុំ និងខេត្តកំពត ១ ឃុំ។
ដោយឡែក គណបក្ស ប្រជាជនកម្ពុជា ជាបក្សកាន់អំណាច ទទួលបានតំណែងជាមេឃុំ និងចៅសង្កាត់ នៅគ្រប់ខេត្តក្រុងនៅទូទាំងប្រទេស គឺមានចំនួន ១.៥៩២ ឃុំសង្កាត់។
ទន្ទឹមគ្នានេះដែរ ប្រធានគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្សទទួលស្គាល់នូវលទ្ធផលផ្លូវការនៃការបោះឆ្នោត ដែលគណបក្សលោកទទួលបាននេះ។ តែទោះជាយ៉ាងណាក្ដី គណបក្ស សិទ្ធិមនុស្ស នៅតែស្នើឲ្យដូរសមាសភាពគណកម្មាជាតិរៀបចំការបោះឆ្នោត។
លោក កឹម សុខា៖ «យើងប្រកាសទទួលយកលទ្ធផលដែលរាស្ត្របោះឲ្យយើង។ លទ្ធផលដែលគណបក្សកាន់អំណាចទទួលបាន ដោយការបោះឆ្នោតមួយមិនថ្លៃថ្នូរ និងទាមទារសម្រាប់ការបោះឆ្នោតទៅមុខទៀត»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីអ្នកនាំពាក្យគណបក្ស សម រង្សី គឺលោក យឹម សុវណ្ណ បានទេ នៅថ្ងៃទី ២៤ មិថុនា ទាក់ទងនឹងការប្រកាសលទ្ធផលឆ្នោតជាផ្លូវការ ដែលគណបក្ស សម រង្ស៊ី ទទួលបាន ២២ មេឃុំ -ចៅសង្កាត់នោះ។ ប៉ុន្តែ កន្លងមកបក្សប្រឆាំង សម រង្ស៊ី ធ្លាប់បានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ដែលចេញដោយ គ.ជ.ប នោះឡើយ។
គណៈកម្មការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការ ខុមហ្រ្វែល (Comfrel) បានចេញរបាយការណ៍សង្កេតដំណើរការបោះឆ្នោត នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០១២។ខុមហ្វ្រែល បង្ហាញថា ការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន។ ប៉ុន្តែ មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួន មានបញ្ហាបច្ចេកទេសខ្លះៗ ដែលរាំងស្ទះដល់ដំណើរការបោះឆ្នោតនៅតាមការិយាល័យទាំងនោះ។
ច្បាប់បោះឆ្នោតបង្ហាញថា បេក្ខជនដែលជាប់ជាក្រុមប្រឹក្សាឃុំ សង្កាត់មកពីគ្រប់គណបក្សនឹងចូលកាន់ការងារថ្មីរបស់ខ្លួន នៅក្នុងអំឡុងពេល ១៥ ថ្ងៃ ក្រោយពីការប្រកាសលទ្ធផលជាផ្លូវការរបស់ គ.ជ.ប។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣ កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ ២០១២ កន្លងទៅ មានគណបក្សនយោបាយចំនួន ១០ បានដាក់បេក្ខភាពចូលរួមប្រកួតប្រជែង មានគណបក្ស ប្រជាជនកម្ពុជា គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស គណបក្ស ហ៊្វុនស៊ុនប៉ិច គណបក្ស នរោត្តម រណឫទ្ធិ គណបក្ស សញ្ជាតិកម្ពុជា គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ គណបក្ស ខ្មែរឈប់ក្រ គណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្ស ចលនាប្រជាធិបតេយ្យ៕
ប្រភពពី RFA