នៅថ្ងៃចន្ទ ទី១៨ ខែមិថុនា ឆ្នាំ២០១២ គឺជាថ្ងៃព្រះរាជពិធីចម្រើនព្រះជន្ម របស់ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ សម្ដេចម៉ែ ក្នុងព្រះជន្មគម្រប់ ៧៦ យាងចូល ៧៧ព្រះវស្សា។
AFP Photo
អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ (ខាងស្ដាំ) ព្រះអគ្គមហេសី នរោត្តម មុនីនាថ សីហនុ (កណ្ដាល) និងព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី នៅមុនពេលយាងចេញដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃ ២៨ វិច្ឆិកា ២០០៧ ។
ទោះបីក្នុងអំឡុងពេលនេះ ទ្រង់មិនគង់នៅក្នុងមាតុប្រទេសក្តី ក៏គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តជាតិ និងមន្ត្រីព្រះបរមរាជវាំង ញាតិវង្សានុវង្សនៃរាជានិយម បានរៀបចំអបអរសាទរពិធីនេះ ដោយបានតាំងព្រះឆាយាល័ក្ខណ៍ ផ្កាភ្ញីលម្អ នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជននានា។ ក្នុងឱកាសនេះដែរ មន្ត្រីរាជការបានឈប់សម្រាកពីការងារ ដើម្បីអបអរព្រះរាជពិធី និងថ្វាយព្រះពរ សូមឲ្យព្រះអង្គមានព្រះជន្មយឺនយូរតរៀងទៅ។ ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលប្រជាពលរដ្ឋភាគច្រើន និយមហៅថា សម្ដេចម៉ែ នៅឆ្នាំ២០១២ នេះ ទ្រង់មានព្រះជន្ម ៧៦ព្រះវស្សាហើយ។ លោក កែវ ពុធ រស្មី មគ្គុទ្ទេសក៍ នៃគណបក្ស ហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ថា សព្វថ្ងៃនេះព្រះអង្គមានព្រះរាជសុខភាពល្អធម្មតាទេ ហើយកំពុងដង្ហែតាមសម្ដេចឪ ព្រះមហាវីរក្សត្រ ដែលយាងទៅព្យាបាលព្រះរោគ នៅក្រុងប៉េកាំង ប្រទេសចិន នៅលើកចុងក្រោយនេះ អស់រយៈពេលជិត១ឆ្នាំមកហើយ។ លោក កែវ ពុធ រស្មី៖ «ដូចយើងបានដឹងទាំងអស់គ្នាហើយ កាលពីលោកប្រធានាធិបតីចិន ហូជិនតាវ មកដល់កម្ពុជាយើងនេះភ្លាម គាត់ក៏បានទូរស័ព្ទទៅថ្វាយបង្គំ ហើយផ្តល់នូវព័ត៌មាន ដូច្នេះយើងឃើញលោកមានព្រះសុវណ្ណីក្នុងទូរស័ព្ទនោះ ឃើញថា ព្រះអង្គមានកាយពលមាំមួន ហើយសព្វថ្ងៃនេះលោកនៅដង្ហែព្រះករុណាព្រះមហាវីរក្សត្រ»។ លោកបន្តថា សម្ដេចម៉ែតែងតែមានព្រះទ័យស្រលាញ់ពលរដ្ឋទូទៅ និងរាជវង្សានុវង្សស្មើៗគ្នា ដោយមិនប្រកាន់និន្នាការនយោបាយណាមួយនោះទេ។ បច្ចុប្បន្នទ្រង់ជា ព្រះប្រធានកិត្តិយស នៃកាកបាទក្រហមកម្ពុជា ក្រៅពីនេះ ព្រះអង្គពុំមានតួនាទីពាក់ព័ន្ធនឹងកិច្ចការនយោបាយនោះទេ។ ប៉ុន្តែទោះបីព្រះអង្គមិនមានព្រះរាជតួនាទីជាផ្លូវការ ធ្វើការដោយផ្ទាល់ក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក្តី ប៉ុន្តែព្រះអង្គបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសុខទុក្ខរបស់ប្រជារាស្ត្រ និងបានជួយជាទីប្រឹក្សាយ៉ាងពិសេសដល់ព្រះករុណា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះមហាក្សត្រ និងជាព្រះរាជបុត្រារបស់ព្រះអង្គ។ លោក កែវ ពុធ រស្មី៖ «គឺថា ព្រះអង្គដាក់ព្រះរាជកាយពលរបស់ព្រះអង្គ មិនដែលឃើញសម្ដេចអគ្គមហេសីសុំច្បាប់ព្រះករុណាយាងទៅ ក្រសាលនៅមាត់សមុទ្រ ឬទៅក្រុងប៉ារីស ឬស៊បភីង អីទេ និយាយតាមត្រង់តែម្តង តាមដែលខ្ញុំស្គាល់លោកមកណា ហើយដែលខ្ញុំធ្លាប់បម្រើលោកនៅក្នុងព្រះបរមរាជវាំង នៅប៉េកាំង តាំងពីឆ្នាំ១៩៨៦ មក រហូតមកដល់ពេលនេះ គឺថា លោកគង់នៅជាប់រហូតជាមួយព្រះករុណា ហើយកិច្ចការរដ្ឋទាំងអស់ហ្នឹង គឺថា លោកជួយសឹងតែទាំងអស់ ថ្វីត្បិតតែលោកមិនមានតួនាទីជាផ្លូវការជាស្អីយ៉ាងណាក៏ដោយ គឺថា លោកធ្វើពលិកម្មកិច្ចការ លោកទ្រង់កិច្ចការប្រទេសជាតិហ្នឹង ជាងអ្នកដែលមានតួនាទីផ្លូវការនោះទៅទៀត»។ លោក សឺន ស៊ូបែរ ជាឧត្តមប្រឹក្សាផ្ទាល់ នៃព្រះមហាក្សត្រ មានប្រសាសន៍ថា សម្ដេចឪ សម្ដេចម៉ែ តាំងពីដើមរៀងមក ព្រះអង្គមានតួនាទីសំខាន់ណាស់ ក្នុងការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ជានិម្មិតរូបឯកភាពជាតិខ្មែរ និងមានព្រះរាជតួនាទីសំខាន់មួយផ្នែកទៀត គឺខាងកិច្ចមនុស្សធម៌។ លោក សឺន ស៊ូបែរ៖ «ជាព្រះវររាជមាតាជាតិខ្មែរតាមខ្ញុំដឹង ទោះយ៉ាងម៉េចក៏លោកជួយផ្តល់យោបល់ដល់ព្រះមហាក្សត្រយើងឥឡូវ ពីព្រោះលោកមានការពិសោធតាំងពីជាមួយសម្ដេចឪហ្នឹង លោកមានការពិសោធច្រើន លោកបានជួយផ្តល់យោបល់ ហើយរាល់ពេលលោកមានសង់សាលា ក្រៅពីផ្ទះសម្បែងដល់ប្រជាពលរដ្ឋខ្មែរដែលក្រីក្រជាងគេ»។ លោក កែវ ពុធ រស្មី បានឲ្យដឹងដែរថា សម្ដេចម៉ែជាទូទៅទោះបីព្រះអង្គគង់នៅក្នុងស្រុកក៏ដោយ ក៏ព្រះអង្គមិននិយមប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មនោះ ជាលក្ខណៈធំដុំឡើយ។ លោក កែវ ពុធ រស្មី៖ «ច្រើនធ្វើជាលក្ខណៈគ្រួសារ បន្តិចបន្តួច មិនបញ្ចេញជាពិធីការធំដុំអ្វីៗទេ...»។ លោក សឺន ស៊ូបែរ បានឲ្យដឹងដែរថា ក្នុងមួយជីវិតរបស់សម្ដេចម៉ែ ចាប់តាំងពីរៀបអភិសេករួចមក គឺព្រះអង្គបានបំពេញភារកិច្ច ដោយដង្ហែតាមព្រះករុណាសម្ដេចឪ រៀងដរាបមកដល់សព្វថ្ងៃនេះ។ ទោះបីក្នុងរបបខ្មែរក្រហម នៅចន្លោះឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩ ព្រះករុណា សម្ដេចឪ ត្រូវគេឃុំនៅក្នុងព្រះបរមរាជវាំង។ បន្ទាប់មក ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ ប្រទេសកម្ពុជាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលបន្តទៀត ដែលកាលនោះ មានជម្លោះគ្នារវាងភាគីរដ្ឋកម្ពុជា រដ្ឋាភិបាលចម្រុះត្រីភាគី ដែលដឹកនាំដោយសម្ដេច សីហនុ។ ក្នុងកាលៈទេសៈទាំងពីរនោះ សម្ដេចម៉ែក៏បានដង្ហែព្រះករុណា សម្ដេចឪ ជារៀងដរាបរហូតមក។ ឯកសារនៅលើគេហទំព័ររាជរដ្ឋាភិបាល និងឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបានពីព្រះបរមរាជវាំង បានបង្ហាញដូចគ្នាថា ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ មានព្រះនាមដើមថា ប៉ូល ម៉ូនិក អ៊ីស៊ី (Paule Monique Izzi) ជាបុត្រីរបស់លោកស្រី ប៉ុម ពាង និងលោក ហ្សង់ ហ្វ្រង់ស័រ អ៊ីស៊ី (Jean-Francois Izzi) ជនជាតិអ៊ីតាលី កាត់បារាំង ដែលជាប្រធាននាយកដ្ឋានមូលនិធិផ្តល់ប្រាក់កម្ចី ប៉ុន្តែឯកសារមិនបានបញ្ជាក់ថា នៅក្នុងប្រទេសណានោះទេ។ ទ្រង់បានប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ និងមានបងប្អូនស្រីបង្កើត ១នាក់ គឺ អានិ៍ ម៉ារី អ៊ីស៊ី (Anne-Marie Izzi)។ កាលពីនៅវ័យកុមារភាព បានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តម និងមធ្យមសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងនៅវិទ្យាល័យដេកាត ក្រុងភ្នំពេញ។ ទាក់ទងនឹងការបំពេញការងារវិញ នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរ ហើយមកដល់បច្ចុប្បន្ន ជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ក្រៅពីចេះភាសាខ្មែរ ព្រះអង្គក៏ចេះភាសាបារាំង និងភាសាអង់គ្លេសដែរ។ កញ្ញា ប៉ូល ម៉ូនិក អ៊ីស៊ី បានរៀបអភិសេកជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ នៅខែមេសា ឆ្នាំ១៩៥២ ហើយបានទទួលបរមងារជាអ្នកម្នាង។ ក្រោយពីបានរៀបអភិសេករួចមក ព្រះមហាក្សត្រ និងអ្នកម្នាង មានព្រះរាជបុត្រា ២ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី ដែលបច្ចុប្បន្នជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយព្រះរាជបុត្រមួយអង្គទៀត គឺព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស។ លុះមកដល់ឆ្នាំ១៩៩២ ព្រះករុណាសម្ដេច នរោត្តម សីហនុ បានប្រទានគោរមងារដល់អ្នកម្នាង ប៉ូល ម៉ូនិក អ៊ីស៊ី ជាសម្ដេចព្រះជាយា។ ក្រោយមកទៀត ក្នុងឆ្នាំ១៩៩៣ សម្ដេចព្រះជាយា ទ្រង់បានទទួលគោរមងារជាសម្ដេចព្រះមហេសី នរោត្តម មុនីនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ហើយនៅឆ្នាំ១៩៩៦ ព្រះមហេសីបានទទួលបរមងារជាសម្ដេចព្រះរាជអគ្គមហេសី។ ឯកសារដដែលបានបញ្ជាក់ទៀតថា សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ត្រូវបានព្រះមហាក្សត្របច្ចុប្បន្ន ថ្វាយព្រះបរមងារថា ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល៕ កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។ ប្រភពពី RFA